គាំ ថេត ជានិស្សិតស្ថាបត្យករ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះសិក្សាស្រាវជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះគាំ ថេត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ នៅក្នុងប្រវត្តិរូបបានបង្ហាញថា ខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរ-ស២១ឬហៅថា គុកទួលស្លែង[1])។ ថេត មានឪពុកឈ្មោះគាំ ចេង ធ្វើការងារនៅស្ថានីយរថភ្លើងភ្នំពេញ (ស្លាប់ក្រោយរបបខ្មែរក្រហម)ម្តាយឈ្មោះគង់ ណាំ(ស្លាប់ក្រោយរបបខ្មែរក្រហម) និងមានបងប្អូនចំនួន៧នាក់(ស្លាប់៤នាក់) មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ក្រុមការងារ បានចុះជួបសម្ភាសន៍ផ្ទាល់ ជាមួយឈ្មោះសោម ថាច[2] អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះគាំ ថេត។ ថាច បានរៀបរាប់ថា ប្តីរបស់ខ្ញុំស្រឡាញ់ប្រពន្ធ និងកូនទាំងពីរណាស់ ដោយប្រាប់ថា បងទៅសិក្សារៀនសូត្រមុខវិជ្ជាស្ថាបត្យករនៅប្រទេសបារាំងរយៈពេលបីឆ្នាំប៉ុណ្ណោះ នៅពេលបញ្ចប់ការសិក្សាឆ្នាំ១៩៧៧ បង និងប្រញាប់វិលត្រឡប់ចូលមាតុភូមិយើងវិញ។
ថាច បានរៀបអាពាហ៍ពិពាហ៍ ជាមួយឈ្មោះ ថេត នៅឆ្នាំ១៩៦៩ បន្សល់ទុកជាចំណងដៃកូនពីរនាក់ មួយឈ្មោះ គាំ ច័ន្ទទិត្យា (ប្រុស) បច្ចុប្បន្នរស់នៅភ្នំពេញ មួយទៀតឈ្មោះគាំ ពុធតិកា(ស្រី)បច្ចុប្បន្នរស់នៅភ្នំពេញ។ ថេត កាលពីសម័យសង្គមរាស្រ្តនិយម ជាគ្រួសារអ្នកមានទ្រព្យសម្បត្តិសមរម្យ និងបានសិក្សារៀនសូត្រក្លាយជានិស្សិតពូកែផ្នែកស្ថាបត្យករនៅសាលាតិចណូភ្នំពេញ(បច្ចុប្បន្នជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) នៅខែតុលា ឆ្នាំ១៩៧៤ ថេត បានបន្តការសិក្សារៀនសូត្រនៅប្រទេសបារាំង នៅពេលនោះ ថាច និងឪពុកម្តាយក្មេក រួមទាំងបងប្អូន បានជូនដំណើរឡើងយន្តហោះនៅព្រលានអន្តរជាតិពោធិ៍ចិនតុង ។ នៅអំឡុងឆ្នាំ១៩៧៤ ប្រទេសជាតិកំពង់កើតមានសង្រ្គាមរវាងទាហានឧត្តមសេនីយ លន់ នល់ និងកម្លាំងចលនាយោធាខ្មែរក្រហម។ នៅពេល ថេត ចាកចេញពីប្រទេសកម្ពុជា បានទៅដល់ប្រទេសបារាំងភ្លាម បានសរសេរសំបុត្រទាក់ទងមករកប្រពន្ធកូនជាញឹកញាប់ក្នុងមួយសប្តាហ៍ផ្ញើមកម្តង រួមទាំងផ្ញើរូបថតកំពង់សិក្សារៀនសូត្រនៅប្រទេសបារាំងឲ្យមើលថែមទៀតផង (រូបថតបានលាក់ទុករហូតដល់បច្ចុប្បន្ននេះ ) បន្ទាប់មកទៀតក៏បាត់ដំណឹងតែម្តង។ នៅក្រោយឆ្នាំ១៩៧៩ នៅប្រទេសយើង អាចចេញចូលទៅក្រៅប្រទេសបាន និងមានទំនាក់ទំនងគ្នាឡើងវិញ ថាច ទទួលដំណឹងពីប្អូនប្រុសឈ្មោះគាំ សុផាន ដែលបានទៅសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក រស់នៅទីក្រុងឡង់ប៊ិច បានរៀបរាប់ថា ថេត មុនសម្រេចចិត្តធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៧៦ បានពិភាក្សាគ្នាជាមួយប្អូនប្រុស ដែលរស់នៅសហរដ្ឋអាមេរិក ប្អូនប្រុសឈ្មោះ សុផាន បានឲ្យយោបល់ថា បងមិនត្រូវត្រឡប់ទៅប្រទេសកម្ពុជាវិញទេ ខ្ញុំមើលទៅសភាពការណ៍មិនល្អទេ ដោយសារគ្មានព័ត៌មានច្បាស់លាស់ណាមួយដែលអាចទុកចិត្តបាន តែបងប្រុសឈ្មោះ ថេត មិនស្តាប់ការពន្យល់ទេ និងបានឆ្លើយទៅវិញថា យើងជាកូនខ្មែរ រៀនសូត្របានចេះដឹងត្រូវតែត្រឡប់ទៅជួយកសាងប្រទេសជាតិវិញ។ សុផាន ដឹងថា បងប្រុសចេញពីព្រលានយន្តហោះប្រទេសបារាំង សំដៅទីក្រុងប៉េកាំង ប្រទេសប្រជាមានិតចិន ក៏បាត់ដំណឹងរហូត។
ចលនាផ្លាស់ទីចេញទីក្រុងភ្នំពេញ នាថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ប្រព្រឹត្តទៅក្នុងស្ថានភាពចលា ចលគួរឲ្យភ័យខ្លាច និងបង្ខំ។ ប្រជាជនត្រូវបានប្រាប់ឲ្យធ្វើដំណើរចេញពីផ្ទះសម្បែងរបស់ខ្លួនដោយគ្មានការលើកលែង[3]។ នៅពេលរបបខ្មែរក្រហម ឡើងកាន់អំណាច បានបង្ខំប្រជាជនឲ្យចាកចេញពីទីក្រុងភ្នំពេញ ភ្លាមៗ។ នៅអំឡុងពេលនោះ ថាច និងក្រុមគ្រួសារឪពុកម្តាយបងប្អូន បាននាំគ្នាធ្វើដំណើរចេញពីទីក្រុងភ្នំពេញ កាត់តាមផ្លូវជាតិលេខ៥ សំដៅមកខេត្តបាត់ដំបង និងមិនហ៊ានចូលទៅរស់នៅស្រុកកំណើត ខេត្តពោធិ៍សាត់វិញទេ ដោយគិតថា ចង់លាក់ប្រវត្តិរូប។ ថាច បានទៅរស់នៅភូមិវាលទ្រា ឃុំអន្លង់រន្ធ ស្រុកសង្កែ ខេត្តបាត់ដំបង (នៅក្នុងតំបន់៣ ភូមិភាគពាយ័ព្យ)។ ថាច ត្រូវខ្មែរក្រហម បញ្ជូនទៅធ្វើការងារតាមការរដ្ឋានកងចល័ត ដូចជា ដកស្ទូង លើកភ្លឺស្រែ លើកទំនប់ជីកប្រឡាយ និងបែកពីក្រុមគ្រួសារ ជាពិសេសចោលកូនតូចៗទាំងពីរឲ្យរស់នៅតាមមូលដ្ឋានជាមួយយាយៗជាអ្នកមើលថែ។ នៅក្នុងរបបខ្មែរក្រហម អង្គការចាត់តាំងឲ្យធ្វើការងារគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ ថាច មានម្តាយឈ្មោះ ស៊ីវ ឡាត់ ឪពុកឈ្មោះសោម ណយ នៅឆ្នាំ១៩៧៦ ខ្មែរក្រហម បានចាប់យកទៅសម្លាប់ចោលដោយសារខ្មែរក្រហម ស៊ើបដឹងថា ឪពុកខ្ញុំ ជាមន្រ្តីប៉ូលីស នៅក្នុងរបបសាធារដ្ឋខ្មែរ ដឹកនាំប្រទេសជាតិ ដោយឧត្តមសេនីយ លន់ នល់។
កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះក្លាយជាថ្ងៃប្រវត្តិសាស្រ្តនៃការរំដោះជាតិ។ រណសិរ្សនេះបានបង្កើតរបបថ្មីឈ្មោះថា (សាធារណរដ្ឋប្រជាមានិតកម្ពុជា)[4]។ ថាច បានរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយបន្សល់ការឈឺចាប់គ្រប់បែបយ៉ាង ទី១ ស្លាប់ឪពុក និងបាត់បង់ប្តីជាទីស្រឡាញ់ សព្វថ្ងៃក្លាយជាស្រ្តីមេម៉ាយ ចិញ្ចឹមកូនពីរនាក់ និងរស់នៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ថាច កាលពីកុមារភាពសិក្សារៀនសូត្រនៅវិទ្យាល័យខេត្តពោធិ៍សាត់ បានត្រឹមឌីប្លូម(ចាស់)។ នៅក្រោយឆ្នាំ១៩៧៩ ថាច បានស្ម័គ្រចូលធ្វើជាគ្រូបង្រៀន នៅអនុវិទ្យាល័យខេត្តពោធិ៍សាត់ ដោយសារការស្រឡាញ់ ចូលចិត្ត និងយល់ថា បានរួមចំណែកជួយកសាងប្រទេសជាតិឡើងវិញ។
នៅឆ្នាំ១៩៨៣ ថាច មានការនឹករឭកឪពុកម្តាយក្មេក ក៏សម្រេចចិត្តនាំកូនពីរនាក់មកលេងទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមរថភ្លើង ចេញពីខេត្តពោធិ៍សាត់។ នៅពេលមកដល់ទីក្រុងភ្នំពេញបានដើររកជួបឪពុកម្តាយក្មេកហើយ ក៏សម្រាកបានរយៈពេលបីថ្ងៃ ក៏ជម្រាបលាលោកទាំងពីរត្រឡប់ទៅស្រុកកំណើតវិញ ដោយជិះរថភ្លើងដដែល កំពង់ធ្វើដំណើរតាមផ្លូវជិតដល់ខេត្តពោធិ៍សាត់ ត្រូវយោធាខ្មែរក្រហម ពួនវាយស្ទាក់បាញ់គ្រាប់(បេ៤០) និងកាំភ្លើងតូចៗជាច្រើនទៀត បាញ់ស្រោចមកលើរថភ្លើង ដើម្បីប្លន់យកទ្រព្យសម្បត្តិអ្នកដំណើរ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ថែមទៀត។ ថាច ត្រូវយោធាខ្មែរក្រហម បាញ់ឲ្យរបួសនៅក្នុងព្រឹត្តិការណ៍នោះដែរ បន្ទាប់មកក៏មានកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលជួយអន្តរាគមន៍ ជួយសង្រ្គោះ ថាច និងកូនពីរនាក់ បានរស់រានមានជីវិតម្តងទៀត។
អត្ថបទដោយ សុខ វណ្ណៈ
[1] ឯកសារលេខ(I10717) អ្នកទោស ជានិស្សិតស្ថាបត្យករ ដែលបានទៅសិក្សារៀនសូត្រប្រទេសបារាំង បានត្រឡប់ចូលប្រទេសវិញ ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរឃុំឃាំងទួលស្លែង។
[2] ឯកសារលេខ(PTI0008) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៥ (សារិន វីរៈ បានជួបសម្ភាសន៍ជាមួយឈ្មោះ សោម ថាច អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធម្ចាស់ប្រវត្តិរូបឈ្មោះ គាំ ថេត។ ថាច មានស្រុកកំណើតរស់នៅភូមិប្រឡាយ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិសាត់។ មជ្ឈមណ្ឌលឯកសារកម្ពុជា
[3] ផេង ពង្សរ៉ាស៊ី,ដេវីត ឆេនដល័រ,គ្រីស្តូហ្វ័រ ឌៀរីង និងសុភ័ក្រ្ត ភាណា (សៀវភៅប្រវត្តសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
បោះពុម្ពលើកទី២ (ឆ្នាំ២០២០) ជំពូកទី៣ ទំព័រទី១៥ មជ្ឈមណ្ឌលឯកសារកម្ពុជា
[4] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា
ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ព ឆ្នាំ២០២៥,ទព័រ៤១