មន្ទីរសន្តិសុខស្រុកមេមត់

នៅក្នុងឆ្នាំ១៩៧៨ កងទ័ពកងពលលេខ៤ចំណុះឲ្យភូមិភាគបូព៌ារាប់រយនាក់ត្រូវបានកងទ័ពមជ្ឈិមខ្មែរក្រហមចាប់ខ្លួន និងដឹកតាមរថយន្តធំៗពីព្រំដែនកម្ពុជា-វៀតណាមមកដាក់នៅមន្ទីរសន្តិសុខស្រុកមេមត់។ បន្ទាប់មកកងទ័ពភូមិភាគបូព៌ាទាំងនោះត្រូវបានកងទ័ពមជ្ឈិមខ្មែរក្រហមសម្លាប់ទម្លាក់ក្នុងរណ្តៅគ្រាប់បែកបេ-៥២ ក្នុងព្រៃដុសនៃបរិវេណមន្ទីរសន្តិសុខត្រពាំងសង្កែ ឃុំរំចេក ស្រុកមេមត់ តំបន់២១។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានឃើញហេតុការណ៍នៃការសម្លាប់កងទ័ពភូមិភាគបូព៌ាបានរៀបរាប់បទពិសោធន៍ជីវិតរបស់ខ្លួនដូចខាងក្រោម៖
ខ្ញុំឈ្មោះ កូវ យ៉ែម[1] អាយុ ៦៩ឆ្នាំ (ឆ្នាំ២០២១) មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានប្រពន្ធឈ្មោះ សោម សុខុន អាយុ៦៣ឆ្នាំ និងមានកូនចំនួន៦នាក់ (ស្រី៣នាក់)។ ខ្ញុំមានឪពុកឈ្មោះ កូវ អ៊ូ (ស្លាប់ឆ្នាំ១៩៨២ ដោយសារជំងឺ) និងម្តាយឈ្មោះ ខិម អោច (ស្លាប់១៩៦៨)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៣នាក់ (ស្រី១) ខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។
កាលពីក្មេង ខ្ញុំចូលរៀននៅសាលាបឋមសិក្សាភូមិលោ។ បន្ទាប់ពីរៀនចប់នៅសាលាបឋមសិក្សាភូមិលោខ្ញុំត្រូវបន្តការសិក្សានៅទីរួមស្រុកមេមត់ទៀត ប៉ុន្តែក្រុមគ្រួសារខ្ញុំមានជីវភាពក្រីក្រគ្មានលទ្ធភាពឲ្យខ្ញុំរៀនបន្តនៅស្រុកមេមត់ទៀត ខ្ញុំក៏សម្រេចចិត្តឈប់រៀន។ ខ្ញុំរស់នៅជាមួយឪពុកម្តាយ និងជួយធ្វើការងារស្រែចម្ការរហូតដល់មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។
នៅក្នុងឆ្នាំ១៩៧០ដដែលនោះ ចលនាខ្មែរក្រហមបានចូលមកក្នុងភូមិលោ និងបានធ្វើការងារឃោសនាឲ្យប្រជាជនចូលរួមក្នុងចលនារបស់ខ្លួន។ នៅឆ្នាំ១៩៧១ ខ្ញុំបានចូលជាមួយចលនាខ្មែរក្រហម ខ្ញុំធ្វើការងារក្នុងអង្គភាពគមនាគមន៍ចំណុះឲ្យស្រុកមេមត់ ដែលមានទីតាំងនៅក្នុងឃុំកំពាន់។ នៅពេលនោះចលនាខ្មែរក្រហមបានរៀបចំរចនាសម្ព័ន្ធស្រុកមេមត់មានដូចជា មន្ទីរស្រុកមេមត់ មន្ទីរសង្កាត់ (មន្ទីរឃុំ) អង្គភាពយោធាស្រុក អង្គភាពគមនាគមន៍ស្រុក អង្គភាពពាណិជ្ជកម្មស្រុកជាដើម។ ទីតាំងមន្ទីរស្រុកមេមត់របស់ខ្មែរក្រហមដំបូងស្ថិតក្នុងភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា។
ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ សោម ហេង ជាប្រធានអង្គភាពគមនាគមន៍ស្រុកមេមត់។ បន្ទាប់មក សោម ហេង បានផ្លាស់ពីប្រធានអង្គភាពគមនាគមន៍ មកកាន់ជាប្រធានអង្គភាពពាណិជ្ជកម្មស្រុកមេមត់វិញ ហើយ សោម ហេង ក៏បានយកខ្ញុំមកធ្វើការនៅក្នុងអង្គភាពពាណិជ្ជកម្មជាមួយដែរ។ ចាប់ពីឆ្នាំ១៩៧៣ រហូតដល់របបខ្មែរក្រហម (១៩៧៥-១៩៧៩) មន្ទីរស្រុកមេមត់ អង្គភាពពាណិជ្ជកម្មស្រុកមេមត់ អង្គភាពចំណុះឲ្យស្រុកមេមត់ផ្សេងៗទៀត មានទីតាំងស្ថិតនៅក្នុងភូមិក្ងោក ឃុំគគី ស្រុកមេមត់ តំបន់២១។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅ១៩៧៥ មានប្រជាជន១៧មេសាជាច្រើនរយនាក់ ត្រូវបានខ្មែរក្រហមជម្លៀសពីភ្នំពេញមករស់នៅក្នុងភូមិស្រែសោមថ្មី និងភូមិព្រៃដាស់ ឃុំកំពាន់ ស្រុកមេមត់។ នៅក្នុងរបបខ្មែរក្រហមប្រជាជន១៧មេសា ភាគច្រើនបានស្លាប់ដោយសារឈឺជំងឺគ្រុនចាញ់ អត់អាហារ និងត្រូវខ្មែរក្រហមយកទៅសម្លាប់នៅតាមព្រៃក្នុងភូមិសាស្ត្រភូមិស្រែសោម និងភូមិព្រៃដាស់នៃកំពាន់។ ខ្ញុំបានធ្វើការនៅអង្គភាពពាណិជ្ជកម្មស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា។ អង្គភាពពាណិជ្ជកម្មមានយុវជន យុវនារី និងកម្មាភិបាលសរុបប្រហែល១០នាក់។ ចំណែកការងារស្នូលនៅអង្គភាពពាណិជ្ជកម្ម គឺធ្វើការដោះដូរទំនិញរវាងស្រុកមេមត់ជាមួយស្រុកផ្សេងៗទៀតនៅក្នុងតំបន់២១ ភូមិភាគបូព៌ាដូចគ្នា។ ការដោះដូរទំនិញនេះ គឺយកមកផ្គត់ផ្គង់ប្រជាជននៅតាមសហករណ៍នានានៅក្នុងស្រុកមេមត់។ អង្គភាពពាណិជ្ជកម្មរបស់ខ្ញុំជាទូទៅបានដឹកផ្តៅ ជ័រទឹក ជ័រចុង និងអនុផលព្រៃឈើមួយចំនួនទៀតទៅដោះដូរយក ប្រហុក ត្រីងៀត ត្រីឆ្អើរ ស្កត្នោត អំបិលពីតាមស្រុកមួយចំនួនដែលស្ថិតនៅតាមជួរមាត់ទន្លេមេគង្គក្នុងតំបន់២១ មកចែកចាយតាមសហករណ៍នានាស្រុកមេមត់។
នៅក្នុងរបបខ្មែរក្រហមគណៈស្រុកមេមត់មានឈ្មោះ តាគង្គារ តាឈុំ និងតារាម។ នៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) ស្រុកមេមត់ត្រូវបានបែងចែកជាពីរស្រុក គឺស្រុកមេមត់ និងស្រុកត្រមូងនៃតំបន់២១។ ក្នុងអំឡុងពេលខ្ញុំធ្វើការងារនៅអង្គភាពពាណិជ្ចកម្ម ខ្ញុំមានរបបបាយហូបក្នុងមួយថ្ងៃពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។
នៅពាក់កណ្តាល ឆ្នាំ១៩៧៨ សភាពការណ៍នៅក្នុងភូមិភាគបូព៌ាមានការច្របូលច្របល់ និងមានកងទ័ពមជ្ឈិមខ្មែរក្រហមចុះមកចាប់កម្មាភិបាល យុវជន យុវនារី ដែលធ្វើការងារនៅតាមមន្ទីរ អង្គភាពនានានៅតាមភូមិ ឃុំ ស្រុក តំបន់ និងភូមិភាគបូព៌ាបានមួយចំនួន។ កម្មាភិបាល យុវជន យុវនារីមួយចំនួនទៀតបានរត់គេចខ្លួនចូលក្នុងព្រៃ ដើម្បីងើបឡើងតស៊ូប្រឆាំងនឹងខ្មែរក្រហមវិញ។ ចំណែកកម្មាភិបាល យុវជនយុវនារី មានតួនាទីតូចៗមួយចំនួនទៀតបានរំសាយចេញពីអង្គភាពធ្វើការ និងរត់ត្រឡប់មករស់នៅលាក់ខ្លួននៅតាមភូមិកំណើតរបស់ខ្លួនវិញ។
ពេលនោះខ្ញុំបានរត់ត្រឡប់មកស្រុកកំណើត និងរស់នៅជាមួយឪពុកម្តាយក្នុងភូមិលោ ឃុំកំពាន់វិញ។ ចំណែកប្រធានអង្គភាពពាណិជ្ជកម្មឈ្មោះ សោម ហេង បានរត់ចូលក្នុងព្រៃដើម្បីតស៊ូប្រឆាំងនឹងខ្មែរក្រហមវិញ។ បន្ទាប់មកកងទ័ពមជ្ឈិមរបស់ខ្មែរក្រហមបានស្រាវជ្រាវចាប់ប្រពន្ធ និងកូនមួយរបស់ សោម ហេង យកទៅសម្លាប់ចោលនៅមន្ទីរសុខស្រែសង្កែរ។ នៅខណៈពេលនោះ ខ្ញុំក៏បានឃើញកងទ័ពមជ្ឈិមខ្មែរក្រហមដឹកកងទ័ពកងពលលេខ៤នៃភូមិភាគបូព៌ាតាមឡានធំៗពីព្រំដែនកម្ពុជា – វៀតណាមរាប់រយនាក់មកដាក់នៅភូមិលោ ភូមិព្រៃដាស់ ឃុំកំពាន់។ បន្ទាប់មកកងទ័ពមជ្ឈិមខ្មែរក្រហមបានយកកងទ័ពនៃកងពលលេខ៤ទាំងអស់ទៅសម្លាប់ និងទម្លាក់ក្នុងរណ្តៅគ្រាប់បែកបេ៥២ ក្នុងព្រៃដាស់ស្ថិតក្នុងបរិវេណមន្ទីរសន្តិសុខស្រុកមេមត់ក្នុងភូមិស្រែសង្កែរ ឃុំរំចេក ស្រុកមេមត់ តំបន់២១។
នៅក្នុងឆ្នាំ១៩៧៨ ដដែលនោះ ក្រុមគ្រួសារខ្ញុំ និងអ្នកភូមិលោទាំងអស់ ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិលោទៅរស់នៅស្រុកអូររាំងឪ តំបន់២២។ គ្រួសារខ្ញុំបានរស់នៅភូមិថ្មីលើ ឃុំប្រធាតុ ស្រុកអូររាំងឪ តំបន់២២។ ពេលនោះកម្មាភិបាលនិរតីបានរករឿងខ្ញុំ និងចោទប្រកាន់ខ្ញុំថា កងទ័ពបូព៌ា ដោយសារខ្ញុំមានខោអាវគគីរស្លៀកពាក់។ សំណាងល្អបានប្រធានភូមិថ្មីលើជួយការពារ ដោយប្រាប់ទៅកម្មាភិបាលនិរតីនោះថា ខ្ញុំជាប្រជាជនធម្មតា មិនមែនកងទ័ពបូព៌ាទេ។ បន្ទាប់មកប្រធានភូមិបានប្រាប់ខ្ញុំឲ្យផ្លាស់ប្តូរខោអាវគគីចេញ ទើបខ្ញុំបានរួចខ្លួន។ ពេលរស់នៅស្រុកអូររាំងឪ គ្រួសារខ្ញុំបានផ្សំផ្គុំ ខ្ញុំជាមួយកូនស្រីរបស់ សោម ហេង ធ្វើជាប្តីប្រពន្ធ។ ខ្ញុំ និងគ្រួសារបានធ្វើសែ្រមួយវស្សានៅភូមិថ្មីលើ ទើបខ្មែរក្រហមជម្លៀសបន្តទៅខេត្តកំពង់ចាមសម្រាកបានរយៈពេល២យប់ ក៏បន្តដឹកតាមឡានទៅខេត្តកំពង់ធំ និងសម្រាកនៅកំពង់ស្វាយ រយៈពេលមួយយប់ ទើបបែងចែកគ្រួសារខ្ញុំឲ្យទៅរស់នៅភូមិម្ហរ ក្នុងស្រុកប្រាសាទបល្ល័ង្គ។ ពេលនៅទីនោះ ប្រពន្ធខ្ញុំ និងស្រ្តីផ្សេងៗទៀតទៅធ្វើស្រែ។ ចំណែកខ្ញុំទៅកាប់កូនឈើនៅក្នុងព្រៃយកមកសង់កូនផ្ទះស្នាក់នៅ។ បើតាមការនិយាយតៗគ្នា កម្មាភិបាលភូមិភាគនិរតីមានគម្រោងសម្លាប់ប្រជាជនមកពីភូមិភាគបូព៌ាទាំងអស់ ប៉ុន្តែសំណាងល្អកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៧៩ ខ្ញុំ និងក្រុមគ្រួសារបានធ្វើដំណើរថ្មើរជើងរយៈពេល៣យប់៣ថ្ងៃពីភូមិម្ហមកទីរួមខេត្តកំពង់ធំ និងបន្តដំណើរមកស្គន់ ទើបបានឡានវៀតណាមជិះមកស្រុកមេមត់។ ចំណែកខ្ញុំបានឈប់នៅស្រុកអូររាំងឪ ដើម្បីដឹកក្របីរបស់គ្រួសារខ្ញុំយកទៅស្រុកមេមត់វិញ។ នៅ១៩៧៩ ដដែលនោះ ខ្ញុំបានផ្លាស់មករស់នៅទីរួមស្រុកមេមត់ និងធ្វើការងារនៅការិយាល័យពាណិជ្ចកម្មស្រុកមេមត់។ នៅឆ្នាំ១៩៨២ ធ្វើជាប្រធានចាត់តាំងស្រុកមេមត់ រហូតដល់ឆ្នាំ១៩៩៣ ទើបលាឈប់ត្រឡប់មករស់នៅ និងធ្វើចម្ការភូមិលោវិញ។ នៅឆ្នាំ១៩៩៨ បក្សប្រជាជនកម្ពុជាបានហៅខ្ញុំមកធ្វើការនៅសាលាឃុំកំពាន់។ បន្ទាប់មកខ្ញុំបានជាប់ធ្វើជាមេឃុំកំពាន់តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល៥អាណត្តិហើយ៕
ឡុង ដានី៖ មជ្ឈមណ្ឌលឯកសារកោះថ្ម
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី បានសម្ភាសជាមួយ កូវ យ៉ែម អាយុ៦៩ឆ្នាំ នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សម្ភានស៍នៅសាលាឃុំកំពាន់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។