កុយ ដឹក៖ ប្តីស្លាប់ និងបាត់បង់កូន៤នាក់ក្នុងរបបខ្មែរក្រហមម្តាយខ្ញុំមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ថ្ងៃស្លាប់

លលាដ៏ក្បាលជនរងគ្រោះនៃរបបខ្មែរក្រហម ដែលបានប្រមែប្រមូលនៅក្នុងឆ្នាំ១៩៨២ ត្រូវបានដាក់តម្កល់នៅក្នុងអគារធ្វើពីឈើនៃអតីតមន្ទីរសន្តិសុខក្រាំងតាចាន់របស់ខ្មែរក្រហម នៅក្នុងត្រាំកក់ ខេត្តតាកែវ។ មន្ទីរសន្តិសុខនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហមសំណុំរឿង ០០២។

សមាជិកគ្រួសារខ្ញុំ ៤នាក់ត្រូវខ្មែរក្រហមសម្លាប់ (ឪពុក បង២នាក់ និងប្អូន១នាក់) ដោយឡែកប្អូនប្រុសពៅខ្ញុំម្នាក់ទៀតស្លាប់ពេលបែកខ្មែរក្រហម ដោយសារវកងទ័ពវៀតណាមយកទៅសម្លាប់ចោល។ ម្តាយខ្ញុំរស់នៅបន្សល់ទុកដោយភាពឈឺចាប់ និងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ (ឆ្កួត) អស់រយៈពេល៤ឆ្នាំរហូតដល់ថ្ងៃស្លាប់។ ដោយឡែកខ្ញុំតែងតែនឹកឃើញពីបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមដូចជានៅថ្មីៗរាល់ពេលដែលរំឭកម្តងៗ។ ខ្ញុំយកធម៌មកដាក់ក្នុងចិត្តដើម្បីរំងាប់អារម្មណ៍ឈឺចាប់ ដោយគិតថា នេះជាកម្ម ជាវាសនា ជានិស្ស័យ មានតែតស៊ូអត់ទ្រាំ ខិតខំរកស៊ីចិញ្ចឹមជីវិតបន្តទៀត។ ខ្ញុំចងចាំមិនអាចបំភ្លេចបាន នូវរាល់សកម្មភាពដែលខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការធ្ងន់ហួសកម្លាំង។ ដោយសារគ្រួសារខ្ញុំមានជាប់និន្នាការនយោបាយធ្ងន់ធ្ងរ ខ្ញុំ និងសមាជិកគ្រួសារ ត្រៀមចិត្តត្រៀមកាយធ្វើការដូចជា «សត្វគោ» ក្នុងរបបខ្មែរក្រហមរយៈពេលជាង៣ឆ្នាំ នេះ។ មានយប់មួយ ខ្ញុំ និងប្រពន្ធ ពិភាក្សាគ្នា ឲ្យប្រពន្ធត្រលប់ទៅផ្ទះវិញ ព្រោះខ្ញុំមិនដឹងថាពេលណាត្រូវឈ្លបខ្មែរក្រហមចាប់ខ្លួនទេ។ ដូច្នេះបើខ្ញុំជាប់គុក កុំឲ្យប្រពន្ធនៅជាប់ជាមួយគ្នា ប៉ុន្តែប្រពន្ធខ្ញុំមិនព្រមទៅចោលខ្ញុំទេ។ ខ្ញុំមានជំងឺជាប់ខ្លួនដល់សព្វថ្ងៃ (ជំងឺរបេង តែកំពុងទទួលការព្យាបាលរយៈ៨ខែហើយ) ដោយសារធ្វើការហួសកម្លាំងក្នុងរបបខ្មែរក្រហម។ ទង្វើអ្វី ក៏អាចក្លាយជាកំហុសចំពោះអ្នកជាប់និន្នាការនយោបាយដូចខ្ញុំជាដើម ពេលខ្ញុំភ្ជួរស្រែ ហើយខ្ញុំស្រែកថា «ហ៊ឺស.. ដើរឲ្យលឿន» វាយផងស្រែកផង ក៏មេកងចាត់ថាជាកំហុសមួយ។ ពេលខ្ញុំភ្ជួរលេងៗ ខ្ញុំស្រែកដេញគោ ហើយត្រណោតកង្កែបលឺប្រឺសៗ ខ្ញុំគ្រាន់តែនិយាយថា «មើលទៅដូចជាពិរោះ និងត្រណោតកង្កែបណាស់ មើលទៅស្លឹកត្រចៀកគោឡើងខ្ទឺត» មេកង (តាឃុន) លឺហើយ ដកខ្ញុំទៅកសាងទាំងថ្ងៃត្រង់ ថាខ្ញុំឌឺដង ឡកឡឺយឲ្យគេ។ ពេលខ្ញុំភ្ជួរគិតថាកន្លែងនេះមានដីរាចន្លកទន្សាយ ខ្ញុំចងគោដាក់ឲ្យនង្គ័លជំទើតឡើងបន្តិច ស្រាប់តែមេកងថាខ្ញុំចិត្តមិនចង់ធ្វើការ ខ្ទាស់ភ្ជួរផងវាយគោផង ថាឲ្យគោសុទ្ធតែច្រៀងផងពិរោះផង ដកខ្ញុំទាំងថ្ងៃត្រង់ទៅធ្វើដីនៅគ្រួច​រយៈពេល៦ខែ និងដកហូតនង្គ័លខ្ញុំទៀត។

ខ្ញុំឈ្មោះ កុយ ដឹក[1] មានអាយុ ៥៣ឆ្នាំ កើតឆ្នាំរោង រស់នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំរៀបការឆ្នាំ១៩៧១ ជាមួយប្រពន្ធឈ្មោះ ស្វាយ ម៉ាត់ សព្វថ្ងៃមានអាយុ ៥៦ឆ្នាំ។ ប្រពន្ធខ្ញុំធ្វើស្រែ ចំណែកខ្ញុំជាគ្រូបង្រៀនផង និងជួយធ្វើស្រែប្រពន្ធផង។ ខ្ញុំមានកូន ៥នាក់ (ប្រុស៣នាក់ និងស្រី ២នាក់)។ កូនស្រីច្បងឈ្មោះ ង៉ែត ណឹក មានអាយុ ៣៨ឆ្នាំ កើតឆ្នាំខាលមុនរបបខ្មែរក្រហមឡើងកាន់អំណាចមួយឆ្នាំ គឺឆ្នាំ១៩៧៤។ ខ្ញុំមានបងប្អូន ៦នាក់ (ស្រី១នាក់) ប៉ុន្តែស្លាប់ ៤នាក់៖

  1. បងទី១ រៀនចប់វិស្វករ ស្លាប់នៅគុកក្រាំងតាចាន់ ចុងឆ្នាំ១៩៧៦ ចៅហ្វាយខេត្តតាកែវ តាមរក និងចាប់ខ្លួនបងខ្ញុំពីភូមិកែកង្វែរ ឃុំតានី ស្រុកអង្គរជ័យ ខេត្តតាកែវ។
  2. បងទី៣ រៀនចប់បាក់ឌុប (សញ្ញាប័ត្រទុតិយភូមិ) ជាទាហានរបប លន់ នល់ ពាក់ស័ក្តិ២ ត្រូវខ្មែរក្រហមបាញ់សម្លាប់ចោលពេលជម្លៀសឆ្នាំ១៩៧៥ភ្លាម។
  3. ប្អូនប្រុស ទី៥ មុនរបបខ្មែរក្រហម ធ្វើការនៅក្នុងក្រុមសិល្បៈជាមួយ ឈិន ឈាង រហូតដល់ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមស្រាវជ្រាវប្រវត្តិ ទើបដឹងជាប់និន្នាការនយោបាយ និងត្រូវចាប់ខ្លួនបញ្ជូនទៅគុកសន្លុង ដំថ្ម បានរយៈ៣ខែ ខ្មែរក្រហមយកទៅសម្លាប់នៅខាងជើងភ្នំក្នុងឆ្នាំ១៩៧៧។
  4. ប្អូនប្រុសពៅទី៦ ឈ្មោះ សៅ ក្នុងឆ្នាំ១៩៧៦-៧៧ ធ្វើការនៅកងចល័តមិនដែលបានត្រលប់មកផ្ទះឡើយ មេកងបញ្ជូនទៅធ្វើការនៅតាមតំបន់ដែលពិបាកស្មុគស្មាញជានិច្ច។ លុះពេលកងទ័ពវៀតណាមវាយឆ្មក់លើកទីមួយនៅម្តុំស្លារឆ្នាំ១៩៧៨ ខ្មែរក្រហមបញ្ជូនប្អូនខ្ញុំទៅធ្វើជំនួយការកងទ័ពខ្ញុំមានម្តាយឈ្មោះ ណុប ហ៊ី ស្លាប់ឆ្នាំ១៩៨៨ អាយុ ៦១ឆ្នាំ ស្លាប់ដោយសារជំងឺវិកលចរិក និងពុំបានទទួលការព្យាបាលឡើយ។ ឪពុកឈ្មោះ កុយ ង៉ែត ស្លាប់ឆ្នាំ១៩៧៤ អាយុ ៦១ឆ្នាំ។ នៅក្នុងតំបន់រំដោះរបស់ខ្មែរក្រហម ឪពុកខ្ញុំត្រូវបានចាត់តាំងឲ្យយាមអ្នកទោសក្នុងគុក ០២២ ដែលបង្កើតតាំងពីឆ្នាំ១៩៧២ ដោយសារមានកូនជាអនុធនសិស្សនិងជាសមាជិកខ្មែរក្រហម។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅគុក ០២២មានបីនាក់៖ ឈ្មោះ ភី ជាប្រធាន និងជានគបាលស្រុកត្រាំកក់ ខេត្តតាកែវ មានជើងវៀច (មានដំណើរប៉េវប៉ែលៗ) និងឈ្មោះ ចន ជាប្រធានក្រុមសួរចម្លើយ និងជាអ្នកសម្រេចលើការសម្លាប់អ្នកទោសបន្ទាប់ពី ភី។ គុក ០២២ បែងចែកជាបីកន្លែង៖ ១) ជាកន្លែងស្នាក់នៅរបស់អ្នកទោស ២) កន្លែងសួរចម្លើយ និង៣) ជាកន្លែងសម្រេចចិត្ត មានន័យថា ក្រោយពីការសួរចម្លើយរួចហើយ អ្នកទោសដែលត្រូវប្រហារជីវិតនឹងត្រូវនាំយកទៅដាក់នៅទីនោះ មួយថ្ងៃពីរថ្ងៃមុនយកទៅសម្លាប់។ ជាគុកសម្រាប់ដាក់ ចារកម្ម ឬជនសង្ស័យថាជា ចារកម្ម។ ឧទាហរណ៍ ពេលមានយន្តហោះទម្លាក់គ្រាប់បែកធ្លាក់ហើយខ្មែរក្រហមចាប់បាន យកទៅដាក់ក្នុងគុក ០២២។ បន្ថែមលើនេះ អ្នកដែលមិនដើរតាមមាគ៌ាបក្ស ដូចជា មិនព្រមដាក់របស់របរប្រើប្រាស់ជាសម្បត្តិរួម មិនព្រម ឬមិនទាន់ចង់ដាក់ដីស្រែជារបស់រួម ក៏ត្រូវចាប់យកទៅដាក់គុគ ០២២ដែរ។ គួរបញ្ជាក់ថា នៅក្នុងតំបន់រំដោះខ្មែរក្រហម កន្លែងដែលគ្រួសារខ្ញុំរស់នៅកងទ័ពខ្មែរក្រហម និងកម្មាភិបាលខ្មែរក្រហម បានរៀបចំជាសហករណ៍, ហូបរួម, ធ្វើការរួម និង រស់នៅរួម ចាប់តាំងពីឆ្នាំ១៩៧២មកម្ល៉េះ។

នៅក្នុងគុក ០២២ មានទ្រុងដាក់អ្នកទោស ហៅថា ទ្រុងសារិកាកែវ មានទទឹង ១ម៉ែត្រ បណ្តោយ២ម៉ែត្រ និងកំពង់ 0,6ម៉ែត្រ ដែលមានរែងបន្លាលួសជុំវិញ (និយាយរួម គឺដូចជាអង្គប់ ចាប់កណ្តុរ)។ ទ្រុងស្រកាកែវនេះ ធ្វើឡើងដើម្បីទុកសួរចម្លើយអ្នកទោស ដែលនៅខាងលើ និងខាងក្រោមមានរែងបន្លាលួសគម្លាតពីគ្នា 0,0៥ម៉ែត្រ ភ្ជាប់បង្គោលចប៤។ មុនពេលសួរចម្លើយ អ្នកយាមគុក បញ្ជា ឲ្យអ្នកទោសលូនចូលទៅក្នុងទ្រុង ហើយមានស្លៀកតែខោកៅស៊ូប៉ុណ្ណោះ។ ចាប់ផ្តើមសួរចម្លើយ មានពេលខ្លះអ្នកសួរចម្លើយយកគល់ឈើ អង្រែ បុកពីក្រៅ ធ្វើឲ្យអ្នកទោសរើមុតបន្លា បើអ្នកទោសនៅតែមិនព្រមឆ្លើយ នឹងត្រូវចាក់រហូតទាល់តែស្លាប់តែម្តង។ ដោយឡែក អ្នកទោសដែលមានជាប់និន្នាការនយោបាយពីរបបចាស់ (សង្គមរាស្ត្រនិយម និង លន់ នល់) ដូចជា ទាហាន មេភូមិ និងមេឃុំ  ត្រូវបញ្ជូនបន្តពីគុគ០២២ ទៅគុក២០៤ (អ្នកទោសកម្រិតល្មម) និងទៅមន្ទីរតាពិល (អ្នកទោសកម្រិតស្រាល)។ គុក២០៤ ស្ថិតនៅខេត្តកំពត នៅព្រៃក្តួច ឃុំអូរសារ៉ាវ ខាងលិចឃុំត្រពាំងអណ្តើក និងមានអ្នកទោសរាប់ម៉ឺននាក់ដែលជាប់នៅក្នុងគុក។ រីឯមន្ទីរតាពិល ស្ថិតនៅកណ្តាលព្រៃ ខាងកើតភ្នំ ហៅថា ដុកសាប ក្នុងឃុំសំរោង ដែលជាកន្លែងដាក់អ្នកទោសឲ្យដាំដំណាំ រយៈពេល ២-៣ឆ្នាំ ទើបដោះលែងវិញ តែមានអ្នកទោសខ្លះបានស្លាប់មុនពេលកំណត់។

ឪពុកខ្ញុំធ្វើការជាអ្នកយាមគុករហូតដល់ចុងឆ្នាំ១៩៧៤ មានថ្ងៃមួយអ្នកទោសរត់គេចខ្លួន ថ្នាក់លើបានចាប់ឪពុកខ្ញុំ និងក្រុមការងារសរុប ៤នាក់ ឲ្យទៅធ្វើការសាងសង់គុកថ្មី នៅក្រាំងតាចាន់ដំបូងគេបង្អស់។ សុខ ចេង
ជាប្រធាន ដែលមានអំណាចធំបំផុតនៅពេលដែលគុកក្រាំងតាចាន់បង្កើតភ្លាម (កងទ័ពវៀតណាមសម្លាប់ឆ្នាំ១៩៧៩) ប៉ុន្តែក្រោយមក អាន់ ឡើងជាប្រធានគុកជំនួសវិញ និង សុខ ចេង ជាអនុប្រធាន។ ការសម្លាប់អ្នកទោសក្នុងឆ្នាំ១៩៧៣-៧៤-៧៥ និងពាក់កណ្តាលឆ្នាំ១៩៧៦ នៅខេត្តតាកែវ មិនមែនសម្លាប់តែនៅគុកក្រាំងតាចាន់ទេ។ ខ្មែរក្រហមបានយកប្រជាជន អ្នកទោសមួយចំនួន (មានទាំងជនបរទេសក៏មានច្រើនដែរ) ទៅសម្លាប់ព្រៃខាងលិចភូមិ ដែលរណ្តៅសាកសពមានទទឹងមួយម៉ែត្រកន្លះ បណ្តោយពីរម៉ែត្រ ដែលមានទំហំផ្ទៃក្រឡាប្រហែល ៥០០ម៉ែត្របួនជ្រុង និងគម្លាតពីរណ្តៅមួយទៅរណ្តៅមួយទៀតប្រវែង ពីរម៉ែត្រពីគ្នា។ ប្រសិនបើជីកគាស់នឹងឃើញមានសាកសពច្រើនជាងនៅគុកក្រាំងតាចាន់ទៀត ប៉ុន្តែសព្វថ្ងៃប្រជាជនបានយកដីនៅរណ្តៅសាកសពធ្វើស្រែអស់ហើយ។ ដោយសារខ្ញុំរស់នៅក្នុងតំបន់រំដោះតាំងពីឆ្នាំ១៩៧០រហូតមក ទើបខ្ញុំបានដឹងច្បាស់ពីការសម្លាប់រង្គាលនៅតំបន់ព្រៃខាងលិច និងពេលដែលខ្ញុំដើររកក្តាមខ្យង។

ពេលដែលឪពុកខ្ញុំជាប់នៅគុកក្រាំងតាចាន់ រយៈពេល ៦ខែ ខ្ញុំបានទៅលបមើលនៅ​ឯព្រៃខាងលិចភូមិរយៈពេល ១៥ថ្ងៃ ក្រែងលោឃើញឪពុកខ្ញុំ ប៉ុន្តែខ្ញុំបែរជាបានឃើញខ្មែរក្រហមចងមនុស្សស្លាបសេកបីចំណង (ចងនៅគន្លាក់ដៃមួយ គុំឃ្លៀកមួយ និងកដៃមួយ) បណ្តើរបន្តគ្នាដោយប្រើតែខ្សែពីធាងត្នោតស្តើងចងអ្នកទោសឲ្យដើរបន្តគ្នា ១៤-១៥នាក់ និងមានឈ្លបខ្មែរក្រហមតែពីរនាក់បណ្ណោះ ប៉ុន្តែមានកាន់កាំភ្លើង ម្នាក់ដើរពីមុខកាន់ខ្សែ និងម្នាក់ទៀតដើរពីក្រោយ។ ខ្ញុំទៅលបមើលពីមួយថ្ងៃទៅមួយថ្ងៃមិនឃើញឪពុកខ្ញុំទាល់តែសោះ ប៉ុន្តែបើឃើញ ក៏ខ្ញុំមិនអាចជួយរំដោះគាត់បានដែរ បានត្រឹមតែដឹងថា ឪពុកខ្ញុំស្លាប់នៅកន្លែងណា រួចនាំយកពត៌មាននេះទៅប្រាប់ឲ្យម្តាយខ្ញុំតែប៉ុណ្ណោះ។ សៀវ មួក អ្នកជាប់គុកនៅក្រាំងតាចាន់ជាមួយឪពុកខ្ញុំ បានរៀបរាប់ថា ឪពុកខ្ញុំស្លាប់វេទនាណាស់ គឺស្លាប់ដោយអត់អាហារ។ បងខ្ញុំធ្លាប់ប្រាប់ខ្ញុំថា នៅក្នុងគុក របបអាហារសម្រាប់អ្នកទោស៤នាក់ មានតែអង្ករ ៣កំប៉ុងដាំបបរក្នុងឆ្នាំងខ្ទះរាវកក្លូកកូរចែកគ្នាហូប ពេលខ្លះមានស្លឹកដំឡូងមី (ស្លឹកចាស់) កំផ្លោក និងព្រលិត ច្របាច់ហូបបន្ថែម។ កម្លាំងឪពុកខ្ញុំចុះខ្សោយបន្តិចម្តងៗ ពេលគាត់អង្គុយសម្លឹងទៅលើដោយសារគ្មានសង្ឃឹម និងដាច់ខ្សល់ស្លាប់ពេលនោះតែម្តង។

ថ្ងៃដែលឪពុកខ្ញុំស្លាប់ មានយោធាខ្មែរក្រហមម្នាក់មកប្រាប់ម្តាយខ្ញុំថា ឪពុកខ្ញុំឃ្លានអន្សម និងមាន់ស្ងោរ។ ម្តាយខ្ញុំ និងខ្ញុំ ឮដូច្នេះ ខំរត់ទៅដោះដូរបានអង្ករដំណើប សណ្តែក ចេក និងមាន់ រៀបចំធ្វើទាំងយប់ តែអន្សម និងមាន់ស្ងោរ ផ្ញើ ទៅឲ្យឪពុកខ្ញុំភ្លាមៗ។ លុះព្រឹកថ្ងៃបន្ទាប់ នាម៉ោង ១១ មានសំបុត្រសរសេរដោយដៃពីចៅហ្វាយខេត្ត (យាយខុម មានប្តីឈ្មោះ តាមុត ត្រូវជាកូនតាម៉ុក) មួយ ផ្ញើមកផ្ទះ ដើម្បីឲ្យកូនចៅទៅយកសពឈ្មោះ កុយ ង៉ែត។ ខ្ញុំ បងថ្លៃខ្ញុំឈ្មោះ ណែម និងបងជីដូមួយខ្ញុំឈ្មោះ ម៉េង នាំគ្នាទៅទទួលយកសពឪពុកខ្ញុំ ដែលត្រូវបានយកទៅដាក់ចោលចម្ងាយប្រហែល១គីឡូម៉ែត្រពីគុកក្រាំងតាចាន់ (ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនទៅក្បែរគុកក្រាំងតាចាន់ឡើយ)។ ពេលខ្ញុំដើរទៅដល់វាលស្រែមួយខាងត្បូងផ្ទះ តាកិល ចម្ងាយប្រហែល ២០០ម៉ែត្រ ខ្ញុំដើរហួសសាកសពឪពុកខ្ញុំជាង១០ម៉ែត្រ បងម៉េង បានស្រែកហៅខ្ញុំឲ្យបកក្រោយវិញ ពេលឃើញសាកសពមួយគ្របស្លឹកឈើនៅវាលស្រែ។ អ្នកសែងសាកសពចេញពីគុកក្រាំងតាចាន់ បានទុកសាកសពឪពុកខ្ញុំចោល ដោយយកស្លឹកឈើគ្របលើសាកសព រួចកាត់មែកឈើសង្កត់មុខ និងពោះតែប៉ុណ្ណោះ ចំណែកដៃជើងនៅកណ្តាលវាលតែម្តង។ ខ្ញុំទៅបើកស្លឹកឈើមើលចំណាំមុខសាកសព ស្រាប់តែអារម្មណ៍ អួរដើមកភ្លាមៗ ពេលឃើញសពឪពុកខ្ញុំសល់តែស្បែកដណ្តប់ឆ្អឹងតែម្តង ពុកមាត់ ពុកចង្កាជុំវិញមាត់ ខ្ញុំមើលសឹងតែមិនស្គាល់ ហើយមានដុំអាចម៍រុយដូចលម្អងចេក (លម្អងផ្ការំចេកមានក្លិនក្រអូប មានទំហំប៉ុនកដៃ) នៅលើខោចែវ លើរន្ធភ្នែក រន្ធច្រមុះ និងមាត់។ ឃើញសាកសពឪពុកខ្ញុំមានស្នាមរបួសបែកត្រង់ថ្ងាស់ (មិនដឹងថាត្រូវគេសម្លាប់ឬយ៉ាងទេ តែអ្នកជាប់គុកជាមួយគាត់ប្រាប់ថា គាត់ស្លាប់ដោយដាច់បាយ)។

ខ្ញុំបានជូតសម្អាតអាចម៍ចេញពីមាត់ឪពុកខ្ញុំ រួចត្រកងបីសពឪពុកដាក់លើអង្រឹង ពេលខ្ញុំបីសាកសពឪពុកខ្ញុំ ស្រាប់តែមានខ្យល់ហូរចេញពីសាកសពឈូតែម្តង (ហូរទាល់តែអស់ទើបដាក់លើអង្រឹង) តែមិនមានក្លិនស្អុយទេ ពោះឡើងខៀវបំព្រងដូចពោះស្វា បញ្ជាក់ថា ឪពុកខ្ញុំមិនមានអាហារហូបច្រើនខែមកហើយមុនពេលស្លាប់។ មានបងម៉េង និងបងណែម ជួយកាន់ចុងអង្រឹងសងខាងលើកសែងទៅដល់ចងអង្រឹងនឹងជណ្តើរ។ ម្តាយខ្ញុំទ្រហោយំជាខ្លាំងមួយសន្ទុះ គាត់រត់ទៅសុំចែកក្រណាត់ស ប្រវែង ៤ហត្ថ ពីផ្ទះប្រធានភូមិ ដើម្បីមកគ្របមុខសពឪពុកខ្ញុំ។ ប៉ុន្តែប្រធានភូមិមិនបានឲ្យក្រណាត់ទេ ថែមទាំងនិយាយថា «មិនបាច់ទេ គ្មាននរណាចេះប្រោសទេ កុំថាឡើយដាក់ប៉ុណ្ណឹង ដាក់អីប៉ុណ្ណឹងទៀតក៏គ្មានប្រយោជន៍អីដែរ»។ ម្តាយខ្ញុំយំដើរត្រលប់មកវិញ នឹកតូចចិត្តថា ខំធ្វើការប៉ុណ្ណឹងដែរ គ្រាន់តែសុំក្រណាត់ដែលខំត្បាញពេលសម្រាកពេលថ្ងៃ តែ ៤ហត្ថសោះក៏មិនឲ្យដែរ។ ញាតិមិត្ត អ្នកស្រុកភូមិ មិនហ៊ានមកជួយ ឬធ្វើបុណ្យអ្វីទេ (ខ្លាចជាប់ពាក់ព័ន្ធ) មានតែខ្ញុំ និងបងប្អូន សែងសពឪពុកខ្ញុំយកទៅកប់នៅដំបូកខាងកើតមួយ ទុករហូតទាល់តែ ឆ្នាំ១៩៧៩ទើបគាស់ធ្វើបុណ្យតាមប្រពៃណី។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែលខ្មែរក្រហមចុះពីភ្នំមកដុតសាលាឃុំ ធ្វើបាតុកម្មនៅអង្គតាសោមពេលព្រឹក ប៉ុន្មានថ្ងៃក្រោយពីបាតុកម្ម ខ្មែរក្រហមបានកាន់កាប់តំបន់អង្គតាសោមតែម្តង។ ខ្ញុំមិនបានចូលបាតុកម្មនេះទេ ព្រឹកឡើងខ្ញុំនៅឯតាលឿរហូតដល់ល្ងាច ខ្ញុំជិះកង់ដឹកហិបមួយធ្វើដំណើរត្រលប់មកផ្ទះវិញជាមួយសិស្សដទៃទៀតប្រមាណ ២០-៣០នាក់។ មកដល់ខាងលិចអង្គតាសោម ហ៊ិន នឹម ស័ក្តិ៤កន្លះ បញ្ជាការភូមិភាគខេត្តតាកែវ មានទាហាន៤-៥នាក់ កាន់កាំភ្លើង ជិះម៉ូតូប៉ូលីស ៣គ្រឿង ឈប់ម៉ូតូពីមុខ ខ្ញុំ និងអ្នកដំណើរផ្សេងទៀត។ នឹម ស្រែកថា «មកធ្វើបាតុកម្មទៀតមែនទេ? ចង់ស្លាប់មែនទេ?» ខ្ញុំភ័យពេករហូតដួលកង់។ បងប្រុសខ្ញុំឃើញសភាពបែបនេះ រត់ទៅបត់ជើងសំពះអង្វរម្តងហើយម្តងទៀត ប្រាប់ថា ជាសិស្សធ្វើដំណើរទៅផ្ទះទេ ទើប នឹម អនុញ្ញាតឲ្យបន្តដំណើរទៅផ្ទះវិញទាំងអស់គ្នា។ ចាប់ពីពេលនោះមក ខ្ញុំនៅក្រៅរហូត (នៅតំបន់រំដោះរបស់ខ្មែរក្រហម)។ ក្រោយមកទៀត មានកងទ័ពខ្មែរក្រហម​ ៥-៦នាក់ ចូលមកក្នុងភូមិវាយដុតសាលាឃុំ ប្រកាស និងឃោសនាពីរណសិរ្សថា «ផ្លាស់ប្តូររបបសក្តិភូមិចេញ កសាងរបបមួយថ្មីដែលមានសិទ្ធិសេរីភាពបរិបូរណ៍ក្នុងការរស់នៅ ជាម្ចាស់ទឹកម្ចាស់ដី ស្រែចម្ការជារបស់យើង មិនមែនជារបស់នរណាមួយទេ» ដែលនាំឲ្យមានការចូលរួមយ៉ាងផុសផុលពីសំណាក់យុវជនយុវនារីក្នុងភូមិ។ លុះដល់ឆ្នាំ១៩៧៣ ខ្មែរក្រហមបានសាកល្បងរៀបចំឲ្យហូបអាហាររួម លើក្រុមស្នេហាជាតិ មាន៥-៦គ្រួសារ ប៉ុន្តែអាហារគ្រប់គ្រាន់ មានបាយ មានម្ហូបធម្មតា។ តែប្រជាជនមិនពេញចិត្តនឹងការដាក់ហូបរួមនេះទេ ទើបខ្មែរក្រហមផ្អាកផែនការនេះវិញ ព្រោះខ្លាចប្រជាជនប៉ះបោលរត់ទៅចូលរួមជាមួយខ្មាំង (ឬរដ្ឋការ លន់ នល់)។

ពេលខ្មែរក្រហមឡើងកាន់អំណាចពេញលេញក្នុងប្រទេសកម្ពុជា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅស្រុកភូមិរបស់ខ្ញុំគ្មានការជម្លៀសប្រជាជននៅឡើយទេ។ ខ្មែរក្រហមមិនបានស្រង់ប្រវត្តិរូបអ្នកនៅក្នុងតំបន់រំដោះ ក៏ដូចជាប្រវត្តិរូបគ្រួសារខ្ញុំឡើយ  ដោយសារតែមេភូមិ មេឃុំ ក្តាប់បានយ៉ាងច្បាស់ថា ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកខ្ញុំជាអតីតមេភូមិ ចំណែកបងៗខ្ញុំម្នាក់ជាទាហាន លន់ នល់ និងខ្ញុំជាអនុធនសិស្សក៏ដឹង។

ខ្មែរក្រហមចាប់ផ្តើមរៀបចំឲ្យហូបរួម ដែលមានសមាជិក១០គ្រួសារ ៥-៦ថ្ងៃក្រោយមក ចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់ដាក់រួមទាំងអស់ រួមទាំងដី ផ្ទះ ស្រែចម្ការ ដំណាំនៅក្នុងផ្ទះ គោ រទេះគោ។ល។ យើងចាប់ផ្តើមហូបបាយកន្លែងតែមួយ នឹងជាពេលដែលយើង «សោយអាហារទិព្វ» ជាសម្តីមេកងប្រាប់មកប្រជាជន «យើងចាំតែធ្វើការទៅ គេឲ្យហូបមួយថ្ងៃហូប៣ពេល ព្រឹកមួយពេល ថ្ងៃត្រង់មួយពេល និងល្ងាយមួយពេល ដែលមានម្ហូបពី ២ ទៅ ៣មុខ ហើយរបបក្នុងមួយអាទិត្យមានបង្អែម២ពេល បង្អែម២ថ្ងៃ របបហូបមួយអាទិត្យ គឺមាន១០ថ្ងៃ មិនមែនមួយអាទិត្យ៧ថ្ងៃទេ ហើយក្នុងថ្ងៃទី៩ យើងហូបសាច់មួយពេល»។ ពេលដែលចាប់ផ្តើមហូបរួម៣-៤ខែដំបូង ខ្មែរក្រហមចែកហូប៣ពេល ព្រឹកហូបបបរ ថ្ងៃហូបបាយជាមួយម្ហូប២-៣មុខ និងល្ងាចបាយជាមួយម្ហូប២-៣មុខដូចគ្នា មានទឹកត្រី មានសាច់មាន់ (ព្រោះមាន់នៅតាមផ្ទះរៀងខ្លួន ចាប់យកទៅឲ្យចុងភៅធ្វើម្ហូបបាននៅឡើយ) មានចេកទុំព្យួរពេញរោងបាយជាដើម។ បន្ទាប់ពីនោះមក របបអាហារមានខ្វះខាតជាខ្លាំង សម្លមួយខ្ទះត្នោតមានដាក់ពងទាតែ២គ្រាប់ សម្រាប់ហូប១២០នាក់ជាដើម។ សម្លព្រលឹតមិនដែលបកសំបកចេញទេ ហាន់ដាក់ទាំងអស់ លាយជាមួយត្រកួន បង់តែអំបិល ប៊ីចេង សម្រាប់សម្លមួយពេល គឺពុំមានត្រី ឬសាច់ឡើយ។

ខ្មែរក្រហមបានចាត់ចែងការងារតាមប្រភេទប្រជាជន ដែលបានបែងចែកជាពីរ អ្នក១៧មេសា ឬហៅថា ប្រជាជនថ្មី ទទួលការងារច្រើនជាង អ្នកមូលដ្ឋាន ឬប្រជាជនចាស់។ ចំពោះអ្នកមូលដ្ឋានដែលមានជាប់និន្នាការនយោបាយច្រើន ដូចជាគ្រួសារខ្ញុំជាដើម គឺខ្មែរក្រហមប្រើដូច សត្វគោ ទុកសម្រាប់ប្រើប៉ុណ្ណោះ គឺគ្មានន័យខ្លឹមសារអ្វីទាំងអស់។  ផ្ទះគំរូបានបង្កើតឡើងនៅតាមឃុំនីមួយៗ ធ្វើជាជួរៗ (៣ជួរ) អែបថ្នល់ សម្រាប់ជនចំរើន (ជាប្រជាជនដែលមានវណ្ណៈភាពក្រជាងគេបំផុត និងជាអ្នកដែលទទួលការអប់រំតាមជួរបក្ស)ដោយរុះយកឈើពីផ្ទះធំៗរបស់ប្រជាជនទៅសាងសង់។ ដោយឡែកគ្រួសារខ្ញុំ ក៏ដូចជាអ្នកពាក់ព័ន្ធនិន្នាការនយោបាយ គឺមិនបាននៅផ្ទះតាមភូមិទេ ត្រូវទៅចូលទៅក្នុងកងពិសេស ឬហៅថា ក្រុមលេខ១ (ចលករភូមិ)។ ខ្ញុំរស់នៅបែកពីគ្រួសារ ពេលចូលក្នុងចងចល័ត ៦ខែទើបបានសុំច្បាប់ទៅជួបម្តង។

ថ្ងៃដែលកងទ័ពវៀតណាមវាយចូលមកដល់ភូមិ ខ្ញុំរែកកូនរត់ចូលទៅព្រៃខាងលិច រស់គេចវះជាមួយខ្មែរក្រហម និងប្រជាជនជាច្រើនទៀត។ កងទ័ពវៀតណាមចាប់ខ្ញុំចងទុកមួយយប់ ព្រឹកឡើងទើបប្រាប់ពីគោលនយោបាយរបស់រណសិរ្សបង្រួបបង្រួមជាតិ ។ ពេលនោះខ្ញុំសប្បាយចិត្តជាខ្លាំង ដឹងតែថាមិនស្លាប់ទេ។ បន្ទាប់មកកងទ័ពវៀតណាមបានដោះលែងខ្ញុំមកវិញ ខ្ញុំបានទៅដល់ផ្ទះ រួចដើររែកអំបិល រែកអង្ករ រែកស្រូវ​ ទុកហូបនៅផ្ទះ។

ក្រោយពេលវៀតណាមរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមចប់ភ្លាម ខ្ញុំស្ម័គ្រចិត្តក្មេងៗកុំឲ្យល្ងិតល្ងង់នាំឲ្យមានរបបឃោឃៅវិលមកវិញម្តងទៀត។ បង្រៀនបានប្រហែល ៤ខែ ទើបប្រមុខរដ្ឋាភិបាលចាប់ផ្តើមរៀបចំសាលារៀនឡើងវិញ និងបានចាត់តាំងខ្ញុំជាគ្រូបង្រៀនពេញសិទ្ធិ។

ខ្ញុំ និងម្តាយ ស្វែងរកបងប្អូនដែលបាត់ដំណឹងស្ទើរតែគ្រប់ទីកន្លែង ដែលមានគុករបស់កងទ័ពវៀតណាម ដូចជា នៅកំពត កំពង់ស្ពឺ ទីក្រុងភ្នំពេញ និងញ៉ាងបាង (ខេត្តមួយនៅព្រំដែនវៀតណាម) នៅតែរកមិនឃើញ។ ម្តាយខ្ញុំអស់សង្ឃឹមជាខ្លាំង មុនពេលស្លាប់ ម្តាយខ្ញុំកើតជំងឺសរសៃប្រសាទធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតតែម្តង។

អត្ថបទដោយ គឹម សុវណ្ណដានី


[1] [1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ កុយ ដឹក ដោយ ជួង សុភារិទ្ធ និង ញាណ សុជាតិ» នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៤, ចម្លងចេញពីកាសែតដោយ ញាណ សុជាតិ, ឯកសារលេខ VOT០១០៨។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin