គូម គឿន៖ ត្នោតទុំពីរផ្លែត្រូវខ្មែរក្រហមហៅទៅកសាង និងគំរាមសម្លាប់

ខ្ញុំឈ្មោះ គូម គឿន[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តឹក ទុំ (ស្លាប់) ម្ដាយឈ្មោះ គូម ឃួន (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ ប្រុស៣នាក់)។ សព្វថ្ងៃខ្ញុំ គឺជាស្ត្រីម៉េម៉ាយ។ ខ្ញុំមានកូន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់)។ ខ្ញុំមានមុខរបរដាំដំណាំខ្ទឹម ដើម្បីបានប្រាក់បន្តិចបន្តួចទុកសម្រាប់ធ្វើបុណ្យទានផង និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផង។
ក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ១៩ឆ្នាំ។ ខ្ញុំ គឺជាប្រជាជនមូលដ្ឋាន។ ខ្មែរក្រហម បានចាត់តាំងឱ្យខ្ញុំទៅធ្វើការក្នុងកងចល័ត នៅតំបន់ធុងលិច នៅស្រុកកោះអណ្ដែត ខេត្តតាកែវ។ ក្រុមខ្ញុំមានគ្នា១២នាក់ សុទ្ធតែនារីៗទាំងអស់។ ខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំទៅរែកដីនៅតាមប្រឡាយ ដោយកំណត់មួយថ្ងៃរែកឱ្យបាន២ម៉ែត្រ ទទឹង២ម៉ែត្រ និងបាតក្រោមជម្រៅ២ម៉ែត្រ។ ការងារធ្វើគ្មានពេលឈប់សម្រាកឡើយ។ ខ្ញុំធ្វើបន្តរហូតដល់ម៉ោង១០យប់ ទើបបានឈប់សម្រាក។
ក្រោយមក ខ្មែរក្រហមបានស្រាវជ្រាវដឹងថា ខ្ញុំមានការជាប់ពាក់ព័ន្ធជាមួយពូ ដែលធ្លាប់ធ្វើទាហាន លន់ នល់។ ខ្មែរក្រហមចាត់ទុកខ្ញុំ ជាប្រជាជនមិនស្អាតស្អំ ហើយបង្ខំឱ្យដកស្ទូង និងជីកប្រឡាយគ្រប់ទីកន្លែងទាំងអស់ នៅស្រុកអង្គរបុរី និងស្រុកកោះអណ្ដែត។ មួយសប្ដាហ៍ម្ដង ខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅលាយលាមកធ្វើជីធម្មជាតិ។ ទាំងនេះ គឺជាការងារបន្ទាប់ពីការរែកដី។ នៅថ្ងៃមួយ ម្ដាយរបស់ខ្ញុំបានផ្ញើត្នោតទុំពីរផ្លែមកឱ្យខ្ញុំ។ ខ្ញុំបានហូបត្នោតទុំនោះ ប៉ុន្តែត្រូវខ្មែរក្រហមចាប់បាន ហើយហៅទៅកសាងនៅក្នុងចំណោមមនុស្សជាច្រើន។ ខ្មែរក្រហមបង្ខំឱ្យខ្ញុំនិយាយ «មិត្តទាំងអស់គ្នាមិនត្រូវយកតម្រាប់តាមខ្ញុំឡើយ»។ ខ្មែរក្រហមបានគំរាមខ្ញុំទៀតថា «កុំឱ្យមានកំហុសជាលើកទី២,ទី៣ទៀតឱ្យសោះ»។ សំណាងល្អរបស់ខ្ញុំដែរ ខ្មែរក្រហមមិនបានបញ្ជូនយកទៅសម្លាប់។ នៅក្នុងរបបខ្មែរក្រហម អ្វីដែលខ្ញុំឈឺចាប់បំផុត និងមិនអាចបំភ្លេចបាននោះ គឺនៅពេលឮម្ដាយខ្ញុំប្រាប់ថា បងប្រុសរបស់គាត់ម្នាក់ឈ្មោះ អ៊ុំ។ គាត់ធ្វើជាប្រធានសហករណ៍ ហើយគ្រប់គ្រងប្រជាជន១៧ភូមិ។ គាត់ជាមនុស្សគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ សូម្បីតែបងប្អូនបង្កើតហ៊ានកាត់កាល ដោយសារតែមុខដំណែងផ្ទាល់ខ្លួន។
កាលនោះ ម្ដាយរបស់ខ្ញុំ បានត្រឡប់មកពីកន្លែងធ្វើការវិញ។ នៅតាមផ្លូវម្ដាយរបស់ខ្ញុំបានជួបជាមួយតាម្នាក់ គាត់បានឱ្យដំឡូងជ្វាមកម្ដាយរបស់ខ្ញុំ។ ប៉ុន្តែត្រូវបងប្រុសចោទថា«ចោរ»។ ម្ដាយរបស់ខ្ញុំត្រូវបងប្រុសហៅទៅស្ដីបន្ទោសឱ្យខ្លាំងៗ ហើយកាត់កាលបងប្អូនតាំងពីពេលនោះមក។ លុះបែករបបខ្មែរក្រហម បងប្រុសរបស់ម្ដាយខ្ញុំ គាត់មិនហ៊ានរស់នៅស្រុកកំណើតទៀតឡើយ ព្រោះខ្លាចប្រជាជន មានគំនុំសងសឹកមកលើគ្រួសាររបស់គាត់។ ក្រោយមក ម្ដាយរបស់ខ្ញុំទទួលបានដំណឹងថា «បងប្រុសបានស្លាប់» ម្ដាយរបស់ខ្ញុំ មិនបានទៅចូលរួមបុណ្យសពបងប្រុសគាត់ឡើយ។ ដោយសារតែនឹកឃើញនូវទង្វើមិនគប្បីដែលគាត់បានប្រព្រឹត្ត។
អំឡុងពេលបែកឆ្នាំ១៩៧៩ ខ្ញុំបានរត់ទៅដល់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្ញុំរត់ទៅតែម្នាក់ឯងមិនមានសាច់ញាតិណាម្នាក់ឡើយ។ ខ្ញុំរត់ទៅទាំងអារម្មណ៍ភ័យខ្លាច។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងរហូត។ នៅតាមផ្លូវ ខ្ញុំបានឃើញប្រជាជនស្លាប់ច្រើនណាស់។ អ្នកទាំងនោះ ភាគច្រើនស្លាប់ដោយសារ ដាច់បាយ និងស្លាប់ដោយសារធ្វើការហួសកម្លាំង។ ការធ្វើដំណើរជួបការលំបាកណាស់។ សំណាងល្អ ខ្ញុំបានឃើញគ្រលុកទឹកមួយកន្លែងប្រៀបដូចទឹកនោមគោ ហើយនាំគ្នាហូបឱ្យរស់បានមួយថ្ងៃៗ។ នៅក្នុងព្រៃគ្មានអ្វីហូបឡើយ។ ខ្ញុំបានស្លស្លឹកព្រិចជាមួយខ្ចៅដែលរើសនៅតាមជើងភ្នំយកមកហូប។ ខ្ញុំរស់នៅភ្នំឱរ៉ាល់បានប្រហែល២ខែ វៀតណាមចូលមកដល់ ខ្ញុំ និងនារីម្នាក់ បានសម្រេចចិត្តនាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញ។ ក្នុងចិត្តគិតថា «បើនៅបន្តទៀត ខ្លួននឹងស្លាប់ដោយសារដាច់បាយជាមិនខាន»។ មកដល់ស្រុកកំណើតវិញ ខ្ញុំមានអារម្មណ៍ត្រេកអរផង លាយលំជាមួយទឹកភ្នែកផង មិននឹកស្មានថា ខ្ញុំអាចមានជីវិតបានមកជួបជាមួយឪពុកម្ដាយវិញឡើយ៕
អត្ថបទដោយ ជីម សុខគា
[1] បទសម្ភាសន៍ ជាមួយឈ្មោះ គូម គឿន អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយ៖ ជីម សុខគា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។