ហូបសាច់មនុស្សស្លាប់

(កំពង់ឆ្នាំង)៖ ដោយសារតែភាពអត់ឃ្លាន ប្អូនប្រុសរបស់គុន បានសម្រេចចិត្តយកសាច់របស់មនុស្សស្លាប់ហូបដើម្បីចម្អែតក្រពះ ប៉ុន្តែត្រូវអង្គការចាប់បាន ហើយនាំខ្លួនទៅសម្លាប់ចោលភ្លាមៗ។ គល់ គុន មានអាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៧ នៅឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គុន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
នៅឆ្នាំ១៩៧០ គ្រួសាររបស់គុន និងប្រជាជនដទៃទៀត ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក។ ប្រជាជននៅក្នុងភូមិ ត្រូវភៀសខ្លួនទៅតំបន់ដែលមិនមានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែក បណ្ដាលឲ្យមានផលប៉ះពាល់ដល់ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ។ ឆ្លៀតឱកាសនោះ ខ្មែរក្រហម បានផ្សព្វផ្សាយនយោបាយរបស់ខ្លួន និងជម្លៀសប្រជាជនចេញពីភូមិ។ ឈានចូលដល់របបខ្មែរក្រហម គុន មានអាយុ១៧ឆ្នាំ ត្រូវអង្គការចាត់តាំងឲ្យរែកដី, ជញ្ជូនស្រូវ, ដាំដំណាំ, កាប់ដើមរពាក់, ភ្ជួររាស់ និងធ្វើការងារមួយចំនួនទៀត។ នៅក្នុងរបបខ្មែរក្រហម ពេលខ្លះ គុន ត្រូវធ្វើការងារដូចទៅនឹងមនុស្សប្រុសដែរ។
ខ្មែរក្រហមបានកំណត់ចំនួនរបបអាហាររបស់ប្រជាជន ត្រឹមពីរពេលក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ គុន បាននិយាយថា គាត់ត្រូវចេញទៅធ្វើការដោយមិនបានហូបអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ហើយអាហារដែលទទួលបាននៅពេលថ្ងៃគឺជាបបររាវ ដូច្នេះហើយថ្ងៃខ្លះគាត់ស្ទើរតែគ្មានកម្លាំងធ្វើការងារ។ ខ្មែរក្រហម តែងតែបង្អត់អាហារប្រជាជនណា ដែលមិនទៅធ្វើការងារ សូម្បីតែអ្នកជំងឺ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវធ្វើការងារ ដើម្បីដូរនឹងបាយហូប ហើយកុមារត្រូវបោះបង់ការសិក្សា ដើម្បីធ្វើការងារ។
នៅក្នុងរបបខ្មែរក្រហម គុន បាត់បង់សមាជិកគ្រួសារចំនួនប្រាំបីនាក់ រួមមាន ឪពុកម្ដាយ និងបងប្អូនចំនួនប្រាំមួយនាក់ ដោយមិនដឹងថាអ្នកទាំងនេះនៅរស់រាន ឬបាត់បង់ជីវិតឡើយ។ គុន គ្រាន់តែដឹងថា ប្អូនម្នាក់របស់គាត់ ត្រូវខ្មែរក្រហមសម្លាប់។ ខ្មែរក្រហម បានបង្ខំឲ្យ គុន រៀបការដើម្បីបង្កើតកូនឲ្យអង្គការ។ យុវជន-យុវនារីដែលមានឈ្មោះនៅក្នុងបញ្ជី ត្រូវតែរៀបការដោយមិនអាចប្រកែកតវ៉ា។ ប្រសិនបើនរណាម្នាក់ហ៊ានប្រកែកមិនទទួលយកការរៀបចំរបស់អង្គការ បុគ្គលនោះនឹងត្រូវរាប់ថាប្រឆាំងនឹងអង្គការ ព្រមទាំងត្រូវយកទៅសម្លាប់។ នៅអំឡុងពេលនោះ អង្គការរៀបចំកម្មវិធីរួមគ្នាម្ដងសម្រាប់គូស្រករចំនួន៤៨គូ។ ពេលរៀបការ គូស្រករទាំងនោះ ត្រូវប្ដេជ្ញាចំពោះមុខអង្គការថា នឹងត្រូវស្មោះត្រង់ ថែរក្សា និងរួមរស់ជាមួយគ្នាមួយជីវិត។
គុន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម គាត់ធ្លាប់បានឃើញកងឈ្លបចាប់ប្រជាជនចងដៃទៅក្រោយ ហើយវាយទម្លាក់ចូលទៅក្នុងរណ្ដៅ។ ប្រជាជនមួយចំនួន មិនទាន់ដាច់ខ្យល់ស្លាប់ភ្លាមៗនោះទេ ប៉ុន្តែខ្មែរក្រហមបានទម្លាក់ប្រជាជនទាំងនោះទៅក្នុងរណ្ដៅរួចយកដីកប់ទាំងមនុស្សនៅមានដង្ហើម។
បច្ចុប្បន្ននេះ គុន មានជំងឺសរសៃប្រសាទ ដោយសារប្ដីរបស់គាត់បានវាយធ្វើបាប បង្កជារបួសស្នាម និងបណ្ដាលឲ្យកូនម្នាក់ស្លាប់នៅក្នុងពោះ។ គាត់មានអាការឆាប់តក់ស្លុត និងភ័យខ្លាច៕
សម្ភាសន៍ដោយ៖ ម៉ាង ចន្រ្ទា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥