ពីកុមារម្នាក់ក្លាយជាយោធាខ្មែរក្រហមនៅតំបន់ភូមិភាគពិសេស
មុនពេលមានដែលមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គី ស៊ាំងហេង[1] ហៅ ហេង មានអាយុ៨ឆ្នាំ។ នៅពេលដែល ហេង កំពុងសិក្សាថ្នាក់ទី៧ នៅឯសាលាបឋមសិក្សារំលក ឃុំបាស្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាឆ្នាំដែលស្ថានភាពនយោបាយនិងសង្គ្រាមស៊ីវិលកាន់តែអាក្រក់ឡើង។ យោធាខ្មែរក្រហមចាប់ផ្តើមធ្វើការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយ លន់ នល់ នៅទូទាំងប្រទេស។ មិនយូរប៉ុន្មានអនាគតរបស់ ហេង និងប្រជាជនទូទៅ ត្រូវបានកែប្រែ និងរស់នៅក្រោមឥទ្ធិពលនិងផលវិបាកនៃសង្គ្រាមជាង៣ទសវត្សរ៍។[2]
នៅឆ្នាំ១៩៧០ គឺជាឆ្នាំដែលខ្មែរក្រហមចាប់ផ្តើមជ្រើសរើសកងទ័ពសម្រាប់ប្រយុទ្ធជាមួយកងទ័ពរបស់សេនាប្រមុខ លន់ នល់ ក្រោមជំនួយពីប្រទេសវៀតណាម។[3] នៅតាមជនបទមានកុមារជាច្រើនរួមទាំង ហេង បានបោះបង់ចោលការសិក្សា និងមួយចំនួនបានស្ម័គ្រចិត្តចូលធ្វើជាកងសិល្បៈ។ ហេង បានស្ម័គ្រចិត្តចូលធ្វើកងសិល្បៈនៅឃុំព្រៃល្វា ស្រុកពៃ្រកប្បាស ខេត្តតាកែវ ដោយសារឃើញកុមារដទៃទៀត។ ប្រធានកងសិល្បៈខ្មែរក្រហមឈ្មោះ ឡា បានជ្រើសរើសកុមារនៅក្នុងភូមិរួមទាំងហេង ឲ្យច្រៀង និងរាំបទចំរៀងបដិវត្តន៍នៅតាមទីវត្តអារាម ដែលមានឈ្មោះ ខន និង ឈ្មោះ នោ (ស្រី) ជាសមាជិកកងសិល្បៈ ក្នុងចំណោមយុវជនមកពីខេត្តតាកែវជាង៣០នាក់។
នៅឆ្នាំ១៩៧២ គណៈស្រុកព្រៃកប្បាសឈ្មោះ សំ បានជ្រើសរើស ហេង និងកងសិល្បៈឯទៀតឲ្យចូលធ្វើជាយោធានៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នកទាំងអស់ត្រូវធ្វើដំណើរដោយថ្មើរជើងអស់រយៈពេល៥ថ្ងៃទើបទៅដល់ទីរួមខេត្តកំពង់ស្ពឺ។ នៅទីនោះ ខ្មែរក្រហមបានរៀបចំឲ្យអ្នកដែលមកថ្មីចូលធ្វើការក្នុងកងអនុសេនាធំឬហៅថាកងរយ ដែលចំនួនសរុប១០០នាក់។ កងរយភាគច្រើនគឺគ្មានបទពិសោធន៍ និងការហ្វឹកហាត់ក្នុងការប្រើប្រាស់កាំភ្លើង។ នៅក្នុងកង ថ្នាក់លើបានចាត់តាំង ហេង ឲ្យធ្វើជានីរសារអស់រយៈពេលជិត៣ឆ្នាំនៅមន្ទីរមួយកន្លែងជាមួយសមាជិកពីរនាក់ទៀត។ អ្នកទាំងបីត្រូវនាំសំបុត្រពីមួយកន្លែងទៅមួយកន្លែងទៀតឲ្យប្រធានកងអនុសេនាធំឈ្មោះ ផល។ ក្រៅពីនោះ ហេង ត្រូវស្ពាយអង្រឹង ទឹកសម្រាប់ប្រើប្រាស់ និងរៀបចំកន្លែងសម្រាកជាដើមនៅពេលធ្វើដំណើរក្នុងព្រៃ។
នៅថ្ងៃទី១ មករា ឆ្នាំ១៩៧៥ មេទ័ពខ្មែរក្រហមឈ្មោះ កែវ សាវឿន បានរៀបចំយោធាភូមិភាគពិសេសសម្រាប់គម្រោងចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅអាយុប្រហែល១៦ឆ្នាំ ហេង ត្រូវបានបញ្ជូនឲ្យធ្វើជាយោធាភូមិភាគពិសេស នៃកងវរសេនាធំមួយ ដែលមានយោធាប្រមាណជាង១០០០នាក់។ បន្ទាប់មកនៅឆ្នាំ១៩៧៤ ស្ថិតក្រោមកងវរសេនាធំដដែល ហេង ត្រូវបានជ្រើសរើសចូលក្នុងកងចល័តដែលមានសមាជិកចំនួន៥០នាក់។
នៅដើមឆ្នាំ១៩៧៥ កងវរសេនាធំដឹកនាំដោយ ឈ្មោះ ផល ប្រធានវរសេនាធំ បានធ្វើការប្រយុទ្ធធ្ពោះមកកាន់ទីក្រុងភ្នំពេញដើម្បីដណ្ដើមស្ថានីយ៍វិទ្យុមួយកន្លែងនៅឯតំបន់បឹងបាយ៉ាប ដោយចេញពីចំណុចផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣៨ ធ្ពោះទៅកាន់តំបន់កប់ស្រូវ។ ពេលក្រុមរបស់ ហេង ធ្វើដំណើរមកដល់ត្រង់ចំណុច តំបន់ពោធិ៍ចិនតុង ហេង និងសមាជិក៣នាក់ទៀត ត្រូវបានរងរបួសដោយសារគ្រាប់បែកដៃដែលគប់ដោយទាហាន លន់ នល់ ពីដំបូលអាគារ។ ក្នុងនោះឈ្មោះ ហឿន រងរបួសនិងពិការភ្នែក ចំណែកម្នាក់ទៀតស្លាប់នៅនឹងកន្លែង។ ហេង ត្រូវបានសមាជិកក្រុមបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព-៥ ឬមន្ទីរពេទ្យភូមិភាគ នៅម្តុំវត្តអង្គព្រលឹង ដែលគ្រប់គ្រងដោយ តាប៉ែន ហៅ ជន់ ជឿន គឺមួយថ្ងៃមុនថ្ងៃដែលយោធាខ្មែរក្រហមប្រកាសតាមវិទ្យុថាបដិវត្តន៍បានរំដោះទីក្រុងភ្នំពេញ។
នៅពេលទទួលដំណឹង យោធាដែលមានរបួសត្រូវបានខ្មែរក្រហមបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរលោកសង្ឃ។ ហេងបានស្នាក់នៅទីនោះអស់រយៈពេលជិតពីរខែ។ នៅពេលទៅដល់មន្ទីរពេទ្យ ហេងបានឃើញអ្នកជំងឺទូទៅ និងក្រុមគ្រូពេទ្យ[4] រួមទាំងប្រជាជននៅក្នុងទីក្រុងត្រូវបានជម្លៀសចេញ ក្រោមហេតុផលបោសសម្អាតទីក្រុង ដោយទុកតែយោធាខ្មែរក្រហមនិងថ្នាក់ដឹកនាំប៉ុណ្ណោះ។ នៅពេលនោះខ្មែរក្រហមមានគម្រោងផែនការបួនឆ្នាំលើកទី១ ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨០ ដែលជាគោលនយោបាយចម្បងរបស់ខ្លួន។[5] មន្ទីរពេទ្យទូទៅគឺសម្រាប់តែយោធាដែលរងរបួសប៉ុណ្ណោះ។ ក្រោយពីសម្រាកព្យាបាល ហេង ត្រូវបានបញ្ជូនឲ្យយាមនៅទីតាំងច្រកផ្លូវជាតិលេខ២។ នៅទីនោះ ហេង បានឃើញ អៀង សារី ណែនាំក្រុមអ្នកយាមទាក់ទងនឹងការចេញចូល ដូចជាមិនត្រូវហាមឃាត់រថយន្តរបស់ថ្នាក់ដឹកនាំជាដើម។ ដោយឡែកទាក់ទងនឹងថ្នាក់ដឹកនាំសម័យនោះដទៃទៀត ហេង បានបញ្ជាក់ថា គាត់មិនដែលបានឃើញមុខ ប៉ុល ពត នោះទេដោយគ្រាន់ឮតែឈ្មោះ ចំណែក នួន ជា និងខៀវ សំផន ធ្លាប់ជួបនៅពេលប្រជុំ។ ក្រៅពីយាម ក្រុមរបស់គាត់ត្រូវដើរប្រមូលសម្ភារតាមផ្ទះដែលគេបោះបង់ចោលយកទៅដាក់មួយកន្លែង។
បន្ទាប់ពីស្នាក់នៅទីក្រុងភ្នំពេញអស់រយៈពេលជិត៥ខែ កងពលភូមិភាគពិសេសទាំងអស់រួមទាំងហេងត្រូវថ្នាក់ដឹកនាំរបស់អង្គការខ្មែរក្រហមបញ្ជាឲ្យប្រមូលផ្ដុំនៅតំបន់បឹងបាយ៉ាប ដើម្បីរៀបចំដំណើរចាកចេញទៅការពារព្រំដែននៅខេត្តរតនគិរី។ នៅពេលយប់ គេបានរៀបចំកប៉ាល់ និងកាណូត ជាច្រើនសម្រាប់ដឹកយោធាទាំងកងពលចេញពីតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់ខេត្តកំពង់ចាម។ ព្រឹកឡើង នៅពេលយោធាបានមកដល់ទីរួមខេត្តកំពង់ចាម យោធាទាំងអស់ត្រូវធ្វើដំណើរបន្តដោយជិះឡានយោធាឆ្លងកាត់តាមព្រែកកាំពីរ ខេត្តក្រចេះ ដោយប្រើប្រាស់អស់រយៈពេល៥ថ្ងៃទើបទៅដល់គោលដៅនៅខេត្តរតនគិរី។
ពេលទៅដល់នៅទីនោះ ដែលខ្មែរក្រហមហៅថាកងពល៨០១ យោធាត្រូវកាប់ព្រៃដើម្បីធ្វើស្រែចម្ការអស់មួយរយៈ ទើបនៅឆ្នាំ១៩៧៧ មានការប៉ះទង្គិចជាមួយកងទ័ពវៀតណាម និងនៅតំបន់មួយចំនួនទៀតនៅតាមព្រំដែន។[6] នៅពេលនោះ ហេង ត្រូវបានចាត់តាំងឲ្យធ្វើនីរសារម្តងទៀតនៅឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលកំពុងបំពេញបេសកកម្ម ក្រោមបញ្ជាវរសេនាតូចឈ្មោះ តាឃន ហេង ត្រូវរបួសជើងដោយសារអំបែងគ្រាប់បែកខ្ទាតនៅក្នុងព្រៃដែលគាត់បានធ្វើដំណើរឆ្លងកាត់។ សមាជិកពីរនាក់ទៀតត្រូវបាត់បង់ជីវិត ចំណែកគាត់ត្រូវបន្តដំណើរទៅមុខដើម្បីយកសំបុត្រនិងរាយការណ៍ប្រាប់ប្រធានកងម្នាក់ទៀតឈ្មោះ តាអែម។ ត្រឡប់មកវិញ ហេង ត្រូវបានសម្រាកព្យាបាល និងធ្វើការបន្តប្រយុទ្ធជាមួយកងទ័ពវៀតណាមរហូតដល់ការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៧៩ ក្រោយការប្រយុទ្ធនៅខេត្តរតនគិរី ក្រុមរបស់គាត់បានបន្តសំងំខ្លួននៅក្នុងព្រៃរហូតដល់ឆ្នាំ១៩៨១ ទើបចាកចេញពីខេត្តរតនគិរី ដោយឆ្លងកាត់តាមទន្លមេគង្គ។ យោធាខ្មែរក្រហមបាននាំគ្នាធ្វើក្បូនឫស្សីបណ្តែតទឹក ឆ្ពោះមកកាន់ខេត្តព្រះវិហារ ដោយសារគ្មានស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ នៅពេលដែលកងទ័ពបរិភោគតែមើមក្តួច។ កាលនោះ ហេង ត្រូវបានចាត់តាំងជាប្រធានកងវរសេនាតូចដែលមានសមាជិកជាង៥០នាក់។ នៅពេលធ្វើដំណើរចាកចេញពីខេត្តរតនគិរី យោធាខ្មែរក្រហមជាច្រើនក្នុងវរសេនាធំ ត្រូវបានកងទ័ពវៀតណាមដេញតាម។ អ្នកដែលរួចផុតពីគ្រោះថ្នាក់ត្រូវបន្តដំណើរទៅអន្លង់វែង។ បន្ទាប់មក ហេង ត្រូវបានចាត់តាំងឲ្យធ្វើពេទ្យ ដោយរៀនពីរបៀបព្យាបាលរបួសនៅទីនោះក្រោមបញ្ជាតាឃន និងមានជំនួយពីប្រទេសចិន។
នៅអំឡុងឆ្នាំ១៩៨៦-១៩៨៧ ហេង បានរៀបរាប់អំពីអ្នកការទូតជនជាតិចិនមួយក្រុមដែលបានចុះមកផ្តិតរូបភាពនិងផ្តល់ជំនួយជាសម្ភារប្រើប្រាស់ ស្បៀង កាំភ្លើង និងឡានតាមច្រកព្រំដែនជាមួយប្រទេសថៃ។ ជំនួយប្រហែលជាពាក់កណ្ដាលដែលប្រទេសចិនបានផ្ដល់ឲ្យខ្មែរក្រហមនៅអំឡុងពេលនោះត្រូវបានកងទ័ពប្រទេសថៃដកទុក។ អតីតយោធាខ្មែរក្រហមរូបនេះបានបញ្ជាក់ថា ជំនួយទាំងនោះអាចផ្គត់ផ្គង់កងទ័ពបានប្រហែលជាបីខែ។
នៅឆ្នាំ១៩៨៧ ដល់ ១៩៩២ ហេង បាននាំប្រពន្ធកូនទៅរស់នៅជំរុំអូរត្រាវ ដោយសារកូនរបស់គាត់ម្នាក់ គ្រុនក្តៅ និងគ្មានថ្នាំសម្រាប់ព្យាបាលដែលបណ្ដាលឲ្យស្វិតដៃ។ នៅទីនោះ អង្គការបរទេសបានបើកអង្ករក្រហម ត្រីខកំប៉ុង ទឹកដោះគោ និងមីសម្រាប់គ្រួសាររបស់គាត់។ នៅឆ្នាំ១៩៩២ មេដឹកនាំខ្មែរក្រហមឈ្មោះ សុន សេន អតីតឧបនាយរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ[7] បានដឹកនាំកងពលរបស់គាត់រួមទាំងក្រុមពេទ្យចេញពីអន្លង់វែងមកកំពីងពួយ ដោយថ្មើរជើង។ នៅទីនោះ សុខ គង់ ដែលហៅថាបង១៤ បានបញ្ជាកងពលរបស់គាត់ទៅដឹកជញ្ជូនគ្រាប់និងធ្វើជាខ្សែត្រៀមប្រយុទ្ធ។
រហូតឆ្នាំ១៩៩៦ ដោយសារហេងជាពេទ្យម្នាក់ គាត់ត្រូវបានចាត់តាំងឲ្យទៅតាមជាមួយថ្នាក់ដឹកនាំខ្មែរក្រហមដើម្បីចូលរួមចរចារនៅភ្នំកំពីងពួយ។ ក្រោយពីការចរចារទើបមានការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល និងមានការចែកដីព្រៃដោយមួយគ្រួសារទទួលបានដីមួយហិចតា។ តាំងពីពេលនោះមកគាត់ចាប់ផ្តើមជីវិតសាជាថ្មីដោយធ្វើស្រែចម្ការ និងបន្ទាប់មកធ្វើពេទ្យស្ម័គ្រចិត្តជាមួយអង្គការក្រៅរដ្ឋាភិបាល ដោយព្យាបាលអ្នកជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០០៤ មក។[8]
គី ស៊ាំងហេង ភេទប្រុស មានអាយុ៥៦ឆ្នាំ[9] មានស្រុកកំណើតនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃហេងមានទីលំនៅនៅភូមិគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ គី ស្រេង ម្ដាយឈ្មោះ ឡាក់ ព្រឹម និងបងប្អូនបង្កើត៤នាក់ ស្រី៣នាក់។ នៅឆ្នាំ១៩៨៧ ប្រធានកងពល១០៥ ឈ្មោះ តាវៀង ដែលជាជនជាតិខ្មែរ-ឡាវ បានរៀបចំឲ្យគាត់រៀបការជាមួយប្រពន្ធឈ្មោះ សន វី ដែលសព្វថ្ងៃមានអាយុ៤៦ឆ្នាំ[10] និងមានកូន៥នាក់ ប្រុស៤នាក់ ស្រី១ ដែលមានឈ្មោះ គី សាវ៉ន, គី សាវុន, គី សាវឿន និង គី សាវីន។
អតីតយោធាខ្មែរក្រហមរូបនេះបានរំឭកថា ដោយសារគាត់ធ្លាប់ធ្វើជាយោធាខ្មែរក្រហម ក្រោយមកជាយុទ្ធជន១២មេសា ទើបមិនហ៊ានត្រឡប់ចូលមករស់នៅក្នុងភូមិវិញនៅអំឡុងឆ្នាំ១៩៨០ ដោយសារខ្លាចមានការកាប់សម្លាប់។ រហូតដល់ពេលត្រឡប់មកស្រុកកំណើតនៅឆ្នាំ១៩៩៦ ទើបដឹងថាបងប្អូននិងឪពុកបានស្លាប់នៅសម័យខ្មែរក្រហម និងអំឡុងឆ្នាំ១៩៨០។ បងស្រីទាំងបីរបស់គាត់បានស្លាប់នៅសម័យខ្មែរក្រហម ដែលបងស្រីទី១ ឈ្មោះ គី គឹមអេង, ទី២ គី គឹមស្រ៊ និងទី៣ គី គឹមស្រាង។[11] បងស្រីទាំងបីរបស់គាត់ត្រូវបានសម្លាប់ដោយសារខ្មែរក្រហមចោទថាជាប់ខ្សែចិនឬខ្សែយួន រួមទាំងកូនទាំងចៅរបស់អ្នកទាំងបីត្រូវបានចាប់ចងខ្សែអង្រឹង និងស្អែកឡើងត្រូវបានខ្មែរក្រហមវ៉ៃសម្លាប់ចោលដាក់ក្នុងរណ្ដៅទាំងគ្រួសារ។ ចំណែកម្ដាយរបស់គាត់បានរស់រានមានជីវិត ប៉ុន្តែក៏ត្រូវបានខ្មែរក្រហមរៀបនឹងសម្លាប់ប៉ុន្មានថ្ងៃមុនកងទ័ពវៀតណាមចូលមកដល់នៅចុងឆ្នាំ១៩៧៨ នេះបើឮតាមអ្នកស្រុកដែលរស់នៅជាមួយគ្រួសាររបស់គាត់។
កុមារនៅតាមជនបទបានក្លាយជាយោធាសម័យខ្មែរក្រហមដោយសារឥទ្ធិពលក្នុងសង្គម និងមនោគមវិជ្ជានយោបាយរបស់ខ្មែរក្រហមនាអំឡុងឆ្នាំ១៩៧០។ តាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រវិទូឈ្មោះ ប៊ែន ឃៀនិន ជនជាតិអូស្ត្រាលី បានលើកឡើងថា «កុមារត្រូវបានគេជួលឲ្យធ្វើជាកងជីវពល ដើម្បីឈ្លបយកការណ៍លើគ្រួសាររបស់ខ្លួន ដោយធ្វើជាយោធា និងធ្វើជាឃាតករ។ ខ្មែរក្រហមសង្ឃឹមថានឹងប្រើប្រាស់កុមារជាមូលដ្ឋាននៃសង្គមថ្មីដែលគ្មានការចងចាំ។»[12] រឿងរ៉ាវរបស់ ហេង ក៏ដូចជារឿងរ៉ាវរបស់កុមារនៅក្នុងភូមិឯទៀតដែលកាន់កាប់ដោយខ្មែរក្រហមនៅមុនឆ្នាំ១៩៧៥ នៅសម័យនោះកុមារមួយចំនួនបានស្ម័គ្រចិត្តនិងកុមារមួយចំនួនទៀតត្រូវបានបង្ខំឬនិយាយបញ្ឆោតដោយខ្មែរក្រហមឲ្យចូលធ្វើកងទ័ពនិងកាន់កាំភ្លើង។ កុមារទាំងនោះត្រូវបានខ្មែរក្រហមបញ្ឆោតដោយមិនឲ្យស្តាប់តាមការណែនាំរបស់ក្រុមគ្រួសារ និងធ្វើតាមកុមារឯទៀតដោយសារសម្ពាធពីមិត្តភក្តិដែលខ្លួនបានស្គាល់។ ខ្មែរក្រហមបានបណ្ដុះឲ្យមានគំនិតថាមានកាំភ្លើង គឺមានអំណាចដល់កុមារទាំងនោះ ជាក់ស្តែងបានធ្វើឲ្យប្រជាជននៅក្នុងភូមិមានការខ្លាចរអាចំពោះកុមារទាំងនោះ។[13]
ប្រវត្តិនៃអតីតយោធាខ្មែរក្រហមឈ្មោះ គី ស៊ាំងហេង បានបង្ហាញពីព្រឹត្តិការណ៍នៅមុននិងក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។ របបខ្មែរក្រហមបានធ្វើឲ្យមនុស្សជាងពីរលាននាក់បានបាត់បង់ជីវិតដោយសារការអត់ឃ្លាន ការធ្វើការហួសកម្លាំង ការកាប់សម្លាប់ក្រោមហេតុផលមនោគមវិជ្ជា និងគោលនយោបាយផ្សេងទៀតរបស់អង្គការខ្មែរក្រហម។ រឿងរ៉ាវទាំងនេះជាផ្នែកមួយនៃការគាំទ្រដល់ការចងចាំដល់អ្នកដែលបានបាត់បង់ជីវិតនិងការចងក្រងរឿងរ៉ាវរបស់អ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលផ្ទុយពីរបបខ្មែរក្រហមដែលចង់បានសង្គមមួយដោយគ្មានការចងចាំអំពីប្រវត្តិសាស្ត្ររបស់ខ្លួន៕[14]
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ
[1] ដកស្រង់ចេញពីឯកសារលេខ BBI0078 នៃបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសដោយ ស សេងគា ជាមួយ គី ស៊ាំងហេង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១។
[2] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រទី ២៧ រៀបរៀងដោយ ដេវីដ ឆេនដល័រ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[3] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រទី ១១ រៀបរៀងដោយ ដេវីដ ឆេនដល័រ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[4] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រទី ២៣ រៀបរៀងដោយ ដេវីដ ឆេនដល័រ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[5] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រទី ៣៦ រៀបរៀងដោយ ដេវីដ ឆេនដល័រ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[6] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រទី ៧១ រៀបរៀងដោយ ដេវីដ ឆេនដល័រ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[7] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទំព័រទី ៤៦ រៀបរៀងដោយ ដេវីដ ឆេនដល័រ បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០២០។
[8] គិតត្រឹមឆ្នាំ២០១១ នៅពេលសម្ភាស។
[9] គិតត្រឹមឆ្នាំ២០១១ នៅពេលសម្ភាស មានអាយុ ៥៦ឆ្នាំ។
[10] គិតត្រឹមឆ្នាំ២០១១ នៅពេលសម្ភាស មានអាយុ ៤៦ឆ្នាំ។
[11] អ្នកទាំងបីត្រូវបានយោធាខ្មែរក្រហមសម្លាប់នៅចុងឆ្នាំ១៩៧៨។
[12] Meng-Try Ea & Sorya Sim. (2001). Victims and Perpetrators? Testimony of Young Khmer Rouge Comrades. Documentation Series No. 1. Documentation Center of Cambodia. Page 11.
[13] Meng-Try Ea & Sorya Sim. (2001). Victims and Perpetrators? Testimony of Young Khmer Rouge Comrades. Documentation Series No. 1. Documentation Center of Cambodia. Page 14.
[14] Meng-Try Ea & Sorya Sim. (2001). Victims and Perpetrators? Testimony of Young Khmer Rouge Comrades. Documentation Series No. 1. Documentation Center of Cambodia. Page 11.