ជាប់ឈ្មោះនៅក្នុងបញ្ជីសម្លាប់

(ក្រចេះ)៖ ឡៃ ឈឿន ភេទស្រី មានអាយុ ៧៥ឆ្នាំ មានកូនបីនាក់ បច្ចុប្បន្នមានទីលំនៅ នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការស្ទូង ដកស្រូវ តាមបញ្ជារបស់អង្គការ។ អង្គការតែងតែកសាងប្រជាជនណាដែលមិនខិតខំធ្វើការ ដោយធ្វើការខ្ជិល និង ធ្វើការយឺត។ នៅជំនាន់នោះប្រជាជនកម្ពុជាទាំងអស់ទទួលរងទុក្ខលំបាកដោយសារតែការធ្វើការហួសកម្លាំង អាហារហូបមិនគ្រប់គ្រាន់ ទទួលរងការចោទប្រកាន់ពីអង្គការ និងការទិតៀនគ្នាទៅវិញទៅមក។ សម្រាប់របបអាហារនៅក្នុងរបបនោះមានត្រឹមតែបបរមួយចានប៉ុណ្ណោះ។

ឈឿន បានបន្ថែមថា មានប្រជាជនខ្លះទៀត ដែលមិនចេះហូបបបរ សុខចិត្តអត់ឃ្លានព្រោះមិនមានអ្វីផ្សេងក្រៅពីបបរសនោះទេ។ សម្រាប់ក្មេងតូចៗ អង្គការបានបំបែកចេញពីឪពុកម្ដាយ យកទៅដាក់មណ្ឌលដែលមានប្រជាជនចាស់ៗមើលថែ។ នៅពេលដែលខ្មែរក្រហមចូលកាន់អំណាច គ្រប់ទ្រព្យសម្បត្តិទាំងអស់ត្រូវបញ្ចូលជាសម្បត្តិរួម។ ឈឿន ត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតទៅកាន់ស្រុកមួយទៀតដែលនៅជាប់នឹងស្រុកកំណើត។

ពេលដែលជម្លៀសទៅនោះ ផ្ទះរបស់គាត់ត្រូវបានអង្គការបំផ្លាញចោល ដោយលើកហេតុផលថា យកឈើទៅសង់ឃ្លាំងសម្រាប់ផ្ទុកអីវ៉ាន់ និងសង់រោងបាយ។ អង្គការបានដាក់ឈ្មោះរបស់ ឈឿន ចូលនៅក្នុងបញ្ជីឈ្មោះដែលត្រូវយកទៅសម្លាប់ចោល ព្រោះដោយសារតែ គាត់ឈប់មើលថែកូនស្រីរបស់គាត់ ដែលមានជំងឺប្រចាំខ្លួននៅក្នុងកងទារក។ អង្គការបាននិយាយទៅកាន់គាត់ថា មិត្តឈប់ច្រើនបែបនេះ ទុកក៏មិនចំណេញ ដកចេញក៏មិនខាតអ្វីដែរ។

បន្ទាប់ពីគាត់បានឮពាក្យសម្ដីរបស់អង្គការបែបនេះហើយ គាត់មានការភ័យខ្លាចជាខ្លាំង ព្រោះគាត់មិនចង់ស្លាប់ចោលកូនរបស់គាត់ដែលនៅតូច មានអាយុត្រឹមតែមួយខែកន្លះ នោះទេ។ ឈឿន និងប្រជាជនកម្ពុជាជាច្រើននាក់ទៀត មានភាពភ័យខ្លាចជាមួយនឹងការទម្លាក់គ្រាប់បែក ពីសំណាក់កងទ័ព ដែលធ្វើការប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។

នៅពេលមានការទម្លាក់គ្រាប់បែក គ្រប់ប្រជាជនទាំងអស់បានប្រមូលកូនចៅរត់ចូលទៅពួននៅក្នុងរណ្ដៅត្រង់សេ ដែលរណ្ដៅនោះជីកឡើង ដើម្បីជាកន្លែងរក្សាសុវត្ថិភាពនៅពេលមានការទម្លាក់គ្រាប់បែក។ ឈឿន បានប្រាប់បន្ថែមថា ប្អូនប្រុសរបស់គាត់ម្នាក់ត្រូវបានខ្មែរក្រហមសម្លាប់ចោល ដោយគ្មាននរណាម្នាក់ដឹងអំពីមូលហេតុនៃការសម្លាប់នោះឡើយ។

ខ្មែរក្រហមរើសអើង និងស្អប់អ្នកណាដែលមានជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម ដូច្នេះហើយនៅពេលដែលដឹងថា នរណាជាប់សាច់ឈាមជនជាតិវៀតណាម អង្គការនឹងចាប់យកទៅសម្លាប់ភ្លាម។

មានស្រីក្រមុំបីនាក់បងប្អូន ដែលមានម្ដាយជាជនជាតិវៀតណាម និងឪពុកជាជនជាតិខ្មែរ ត្រូវបានខ្មែរក្រហមចាប់យកទៅរំលោភ និងសម្លាប់ចោលនៅតំបន់កាំពី។ មកដល់សម័យបច្ចុប្បន្ននេះ ឈឿន មានបញ្ហាសន្លាក់ ឈឺក្បាលជង្គង់ ឈឺចង្កេះ ជាប់ជាប្រចាំកាយ ដោយសារតែគាត់ធ្វើការងារ ច្រើននៅសម័យនោះ៕

សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin