សម័យខ្មែរក្រហមពុករលួយ

(រតនគិរី)៖ ឡៃ ហៀក មានអាយុ ៧៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៦៩។ ក្រោយពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ ក្នុងភូមិដែលគាត់កំពុងរស់នៅ មានកងទ័ពខ្មែរក្រហមចូលមកដល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក។
អ្នកភូមិបានជីកត្រង់សេដោយយកមែកឈើនិងស្លឹកខ្លុងបាំង ព្រមទាំងក្រាលដីនិងស្មៅបន្ថែមពីលើ។ នៅពេលរដូវច្រូតកាត់ចូលមកដល់ ប្រជាជនបាននាំគ្នាច្រូតកាត់នៅពេលយប់ ដោយសារតែនៅពេលថ្ងៃ ប្រជាជនត្រូវរត់ចូលត្រង់សេ ឬទៅក្នុងព្រៃរាល់ពេលលឺសំឡេងយន្ដហោះ។ ហៀកលើកឡើងថាមានយន្តហោះពីរប្រភេទ មួយគឺសម្រាប់ស៊ើបការណ៍ និងមួយទៀតទម្លាក់គ្រាប់បែកតែម្តង។ គាត់បន្តថានៅពេលថ្ងៃគឺមិនឲ្យមានផ្សែង ចំណែកពេលយប់មិនឲ្យមានភ្លើងនោះទេ។ គាត់បានដាំបាយទុកសម្រាប់ហូបនៅម៉ោងប្រហែល៤ភ្លឺ។
នៅពេលចូលដល់សម័យខ្មែរក្រហម ប្រជាជនត្រូវរស់នៅយ៉ាងលំបាកវេទនាដោយសារការអត់ឃ្លាន។ គាត់ហូបបាយរបបលាយជាមួយស្លឹកដំឡូង សម្លដំឡូង និងគល់ចេកប៉ុណ្ណោះ។ បន្ទាប់ពីបាយរួច គាត់បានលួចទៅបេះផ្លែអំពុកទុកសម្រាប់ហូបដោយសារឃ្លាន។ ហៀកត្រូវធ្វើការពីព្រឹករហូតដល់យប់អធ្រាត្រ ដោយការងាររបស់គាត់ រួមមាន ជីកស្រះ, ជីកប្រឡាយ, ជញ្ជូនដី, បោចជី, បង្ហាប់ដី, ច្រូតស្រូវ និងបុកស្រូវ។ បន្ទាប់ពីប្រជុំរួចនៅម៉ោង៨យប់ ហៀក ត្រូវបន្តធ្វើការរហូតដល់ម៉ោង១២យប់ ទើបគាត់បានសម្រាន្ត។
នៅពេលខ្លះ ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យទៅជីកដំឡូង ជីកក្តួច និងបុកស្រូវយកទៅដាក់នៅតាមរោងបាយទាំងមានផ្ទៃពោះជិតគ្រប់ខែ។ ពេលសម្រាកនៅមន្ទីរពេទ្យ គាត់បានបេះស្លឹកដំឡូង សុំស្លឹកគ្រៃនិងអំបិលពីពេទ្យសម្រាប់ហូប។ សម្រាលកូនរួចបានមួយសប្តាហ៍ គាត់ត្រូវត្រលប់ទៅធ្វើការនិងទុកកូនតូចឲ្យមេដោះឬអ្នកសម្រាលកូនរួចដូចគ្នាជាអ្នកមើលថែ។ មេដោះម្នាក់ត្រូវមើលថែទារកយ៉ាងតិច១០នាក់ក្នុងពេលតែមួយ។
ចំណែកកូនបងរបស់គាត់ ត្រូវទៅធ្វើការក្នុងកងកុមារនិងទទួលបានបាយរបបនិងសម្លដំឡូងមួយចានសម្រាប់ហូបគ្នា៤នាក់។ បន្ទាប់ពីទៅរៀននិងធ្វើការរួច កូនរបស់គាត់បានទៅលួចដំឡូង។ ខ្មែរក្រហមចាប់បាន ព្រមទាំងវាយដំធ្វើបាបកូនរបស់គាត់។ ឃើញដូច្នេះគាត់តែងតែទុកបាយរបបខ្លះរបស់គាត់ឲ្យកូនហូប។ ចំណែកប្តីគាត់ ត្រូវទៅធ្វើការនៅភូមិផ្សេង។
នៅពេលគាត់មានជំងឺគ្រុន ឬឈប់សម្រាក ខ្មែរក្រហមតែងតែចោទគាត់ថាធ្វើការមិនតាមការកំណត់ និងខ្ជិលជាដើម។ ពេលម្ដាយរបស់គាត់ឈឺ ខ្មែរក្រហមឲ្យអង្ករមួយកំប៉ុងនិងថ្នាំអាចម៍ទន្សាយដល់គាត់តែប៉ុណ្ណោះ។ គាត់បានព្យាយាមទៅសុំអ្នកយាមឃ្លាំងដែលស្គាល់គ្នា តែគេមិនហ៊ានឲ្យអង្ករគាត់នោះទេ។ គាត់បន្តថា «អង្ករពេញឃ្លាំងតែមិនឲ្យប្រជាជនហូប សម័យខ្មែរក្រហមពុករលួយ» ហើយរបបខ្មែរក្រហមតែងតែជំរុញឲ្យប្រជាជនកែប្រែនិងធ្វើការជូនរដ្ឋ។
បងប្រុសរបស់គាត់ម្នាក់ ត្រូវបានខ្មែរក្រហមហៅយកទៅធ្វើផ្ទះនៅស្រែពក ដែលផ្ទះនៅសម័យនោះប្រវែងឃ្លាតពីគ្នាប្រាំម៉ែត្រមួយខ្នង។ មួយសប្តាហ៍ក្រោយមក ខ្មែរក្រហមប្រកាសនៅពេលប្រជុំថា បងប្រុសគាត់ត្រូវបានសម្លាប់ដោយសារក្បត់អង្គការ។
បច្ចុប្បន្ន ក្នុងនាមជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម គាត់មិនបានដឹងអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ តែសង្ឃឹមថានឹងមានការចងក្រងឯកសារ និងអប់រំមនុស្សជំនាន់ក្រោយឲ្យបានដឹងពីប្រវត្តិសាស្រ្តនាសម័យខ្មែរក្រហម។ ឡៃ ហៀក សព្វមានបញ្ហាភ្នែកនិងទទួលបានការមើលថែពីកូនៗ។ គាត់ពុំបានទទួលការឧបត្ថម្ភអ្វីច្រើននោះទេ មានតែនៅរដូវទឹកជំនន់ប៉ុណ្ណោះ ទើបឃើញគេចុះចែកអំណោយ៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤