ឡៃ ខេង រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើពេទ្យនៅខ្មែរក្រហម

ខ្ញុំឈ្មោះ ឡៃ ខេង [1]អាយុ៤៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ចេង ស៊ីម និងម្ដាយឈ្មោះ មាន ហេង។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៧នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅក្មេងជំទង់ នៅពេលដែលប្រទេសកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗ រត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះតែសង្រ្គាមដែលមិនអាចឲ្យយើងរស់នៅក្នុងស្រុកបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបាន ភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាព នៅភូមិចំបក់ ស្រុកព្រៃឈរ ពីព្រោះខ្ញុំមានសាច់ញាតិរស់នៅទីនោះ។ ខ្ញុំរៀនសូត្រ រហូតដល់ថ្នាក់ទី១២ (សង្គមចាស់)។ នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។
នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិភាគច្រើនចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣ ខ្ញុំ ចូលបដិវត្តន៍ និងត្រូវបាន ណែនាំឲ្យទៅធ្វើស្រែ និងដើរតាមត្រួតពិនិត្យមើល ដល់ពេលធ្វើបានមួយឆ្នាំ ត្រូវបានបញ្ជូនខ្ញុំទៅធ្វើយោធា។ នៅ ពេលនោះ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហានលន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំត្រូវបញ្ជូនទៅភ្នំកន្ធាយ និងភ្នំបាសិទ្ធ ដើម្បីសែងអ្នកត្រូវរបួសនៅក្នុងសមរភូមិដែលមានការគ្រប់គ្រងពីមិត្តនារីឈ្មោះ ជាតិ។ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនមកខាងមុខបន្តទៀត រហូតមកដល់ម្ដុំស្ពានព្រែកតាមាក់ ខ្ញុំលីគ្រាប់មីនដែលមានអ្នកគ្រប់គ្រងឈ្មោះ មិត្ត ផល (ស្រី)។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។[2] បន្ទាប់មក ខ្ញុំត្រូវបានខ្មែរក្រហមឲ្យធ្វើយោធានៅភ្នំពេញម្ដុំទួលគោក ដែលមានប្រធានកងពលឈ្មោះអឿន។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ប្រធានៗ ដែលធ្លាប់កាន់កាប់ពីមុនមក ដោយធ្វើការចោទប្រកាន់ថា «ក្បត់, ចូលដៃជាមួយវៀតណាម»។ អ្នកទោសត្រូវបានចាប់យកទៅដាក់គុក ដោយដៃជើងជាប់ច្រវ៉ាក់ និងទទួលរងការធ្វើទារុណកម្មសួរចម្លើយ ដោយការវាយជាមួយខ្សែភ្លើង។ ក្រោយមកទៀត ខ្ញុំបានធ្វើការនៅកន្លែងលាយថ្នាំពេទ្យ លាយទឹកសេរ៉ូមដែលមានគ្នាចំនួន៤នាក់ ប៉ុន្តែម្នាក់ឈ្មោះ ណាត នៅជាមួយខ្ញុំហ្នឹង។ ខ្ញុំបានដឹងនិងឃើញកន្លែងខ្មែរក្រហមឃុំឃាំង ធ្វើទារុណកម្មអ្នកទោសផ្ទាល់ភ្នែកខ្ញុំនៅកន្លែងលាយថ្នាំ។ ខ្មែរក្រហមបានយកអ្នកទោសប្រហែល១០០នាក់ ដែលជាកម្មាភិបាលខ្មែរក្រហម នៅក្នុងនោះជនរងគ្រោះម្នាក់ឈ្មោះ អាត ក៏ជាប់ឃុំឃាំងនៅភូមិបុសខ្នុរ ដែលមានឪពុកឈ្មោះ អៀម និងម្ដាយឈ្មោះ ស៊ីម។ រយះពេល៤ទៅ១០ថ្ងៃ ខ្មែរក្រហមបានបញ្ជួនអ្នកទោសទៅម្ដង មានឡាននៅចាំដឹកយកទៅទៀត។ ខ្ញុំឡើងទៅបោសសម្អាតនៅលើផ្ទះ ដែលដាក់អ្នកទោស ឃើញស្នាមឈាមជាប់ជាមួយច្រវ៉ាក់ នៅលើផ្ទះពេលឈប់ដាក់ដាក់អ្នកទោស។ ខ្ញុំបោសជូតលាងនៅលើផ្ទះមានគ្នាចំនួន៥នាក់ ការងារហ្នឹងពិបាកដែរ។ ប្រធានក្រុមឈ្មោះ អុល មកព្រមានខ្ញុំថា «បើសិនជាខូចខាតថ្ងៃក្រោយត្រូវចាប់យកទៅដាក់ឃុំហើយ ខ្ញុំ និង មិត្តណាត ភ័យញ័រខ្លួន។» ខ្ញុំត្រូវបានអប់រំណែនាំចំនួន៣ថ្ងៃ ប៉ុន្តែប្រធានក្រុមថាមិត្តឯងធ្វើហ្នឹងសុទ្ធតែខ្សែខ្មាំង ថ្ងៃក្រោយធ្វើខូចទៀត ដាក់ទោសហើយ។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបញ្ជូនពីភ្នំពេញមកនៅសួង ខេត្តកំពង់ចាម វិញ។ ខ្ញុំនៅធ្វើជាពេទ្យ ព្យាបាលអ្នកជំងឺ ដូចជាគ្រុនចាញ់ និងអ្នកត្រូវរបួស។ ខ្ញុំត្រូវបានអង្គការៀបចំឲ្យរៀបការ។ នៅពេលនោះ មិត្ត ផល ជារៀបចំ ហើយ ប្រាប់ថា ឲ្យទៅរៀបការ និងចាប់ដៃ ជាមួយគ្នា។ ការរៀបការពេលនោះ គឺជាការបង្ខិតបង្ខំ ហើយមិនមាននរណាម្នាក់ហ៊ានប្រកែកនោះទេ ពីព្រោះតែខ្លាចអង្គការចាប់ខ្លួន។ ខ្ញុំរៀបការជាមួយប្ដីដែលជាកងទ័ព។ បន្ទាប់ពីរស់នៅជាប្ដីប្រពន្ធអស់រយៈពេលមួយសប្តាហ៍, ប្ដីរបស់ខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិត្រៀមវាយជាមួយកងទ័ពវៀតណាម។
កងទ័ពខ្មែរក្រហម ទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយប្រជាជនត្រូវបានជួយសង្រ្គោះ។[2] ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទដោយ ទូច វណ្ណេត
[1] ឯកសារលេខ KCI0086, បទសម្ភាសន៍ជាមួយ ឡៃ ខេង នៅខេត្តកំពង់ចាម នៅឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១