ល្ខោនខោល មិនត្រឹមតែជាសិល្បៈផ្ទាំងទស្សនីយភាពបុរាណខ្មែរនោះទេ តែជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ

ល្ខោនខោល គឺជាសិល្បៈផ្ទាំងទស្សនីយភាពបុរាណបែបខ្មែរ ដែលសម្តែងដោយមនុស្សមួយក្រុម មានការពាក់របាំងមុខបញ្ជាក់ពីតួអង្គសំខាន់ៗនៃដំណើររឿងទេពកថា រាមកេរ្តិ៍ បែបអក្សរសិល្ប៍ខ្មែរ ដែលទាក់ទងនឹងព្រះពុទ្ធសាសនាផង និងព្រាហ្មសាសនាផង។ ល្ខោននេះសម្តែងអមទៅដោយភ្លេងពិណពាទ្យ និងមានការពោលរៀបរាប់អំពីដំណើរសាច់រឿង ជាបទពាក្យកាព្យ ឬពាក្យកម្រងកែវ មានការលើកដាក់សម្លេងយ៉ាងពិរោះ បង្ហាញពីអារម្មណ៍នៃតួអង្គរួមមាន កំហឹង កំសត់ និងការស្រែកជាដើម។ អ្នកពោល គឺជាអ្នកដែលចេះចាំស្ទាត់ជំនាញនៃដំណើរសាច់រឿង គាត់ក៏ជាអ្នកបង្ហាត់បង្រៀននៃការរាំរបាំ ដែលមានតួអង្គសំខាន់ចំនួនបួន រួមមាន តួនាយរោង, តួនាង, តួយក្ស និង តួស្វាជាដើម។ ល្ខោនខោល មានឃើញតាំងពីសម័យអង្គរ (សតវត្សរ៍ទី ៩ -១៤)។

តួអង្គទាំងអស់ត្រូវធ្វើកាយវិការប្រកបដោយភាពស្វាហាប់ ភាពអង់អាច និងភាពមោះមុត ទៅតាមការពោលនៃដំណើរសាច់រឿងទេពកថា រាមកេរ្តិ៍ ជាពិសេសឈុតឆាកប្រយុទ្ធតតាំងរវាងកងទ័ពស្វា និងកងទ័ពយក្ស ដើម្បីឲ្យទស្សនិកជនបានយល់អំពីសាច់រឿង។ ដោយឡែកក្រុមល្ខោនខ្លះ មិនបានពាក់មុខខ្មុកនោះទេ ចំពោះតួអង្គដែលមានរូបរាងជាមនុស្ស ប៉ុន្តែមានការតុបតែង លាបម្សៅ និងពាក់មកុដ ជាតំណាងដូចជាតួអង្គព្រះរាម និងព្រះលក្ស្មណ៍។

ប្រវត្តិសង្ខេបនៃល្ខោនខោល

ខ្មែរបានទទួលឥទ្ធិពលនៃលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាពីឥណ្ឌា ក្នុងចន្លោះសតវត្សរ៍ទី ៥ ដល់ ៦ ក្នុងនោះមានរឿង រាមកេរ្តិ៍ ដែលមានដើមកំណើតមកពីឥណ្ឌា ត្រូវបានផ្សព្វផ្សាយក្នុងសង្គមខ្មែរ ហើយបានក្លាយជាជំនឿ ទំនៀមទម្លាប់ ប្រពៃណី សាសនា នឹងបានបង្កើតជាសិល្បៈដ៏រស់រវើក ដែលមានភស្តុតាងលើសិលាចារឹក និង រូបចម្លាក់តាមតំបន់ប្រាសាទ ក្នុងទឹកដីដ៏ធំនាសម័យនោះ ជាពិសេសចម្លាក់នៅលើប្រាសាទអង្គរវត្ត ដែលបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននេះ។ ល្ខោនខោល ឬភាណី ជាផ្ទាំងទស្សនីយភាពខ្មែរ តាំងពីសតវត្សរ៍ទី ១០ នេះបើតាមរយៈការសិក្សាស្រាវជ្រាវស្តីពីល្ខោនខោល ដោយលោក ព្រាប ចាន់ម៉ារ៉ា។

លោក ព្រាប ចាន់ម៉ារ៉ា បានលើកឡើងថាល្ខោនខោលត្រូវបានដកស្រង់ចេញពីរឿងទេពកថា ដែលមានលើសិលាចារឹក និង ចម្លាក់ តាំងពីគ.ស. ៦១១ ដូចជានៅ អង្គរបុរី (ខេត្តតាកែវ) និង ប្រាសាទលលៃ តាំងពីគ.ស. ៨៩៣ ដែលបាននិយាយពីក្រុមរបាំនាសម័យនោះ។ ចំពោះមុខខ្មុកវិញ គឺជារបាំងមុខនៃតួអង្គ ព្រះរាម ព្រះលក្ស្មណ៍ ហនុមាន ព្រហ្ម យក្ស ឥសី និងតួអង្គផ្សេងទៀតដូចជា សេនាស្វា កងទ័ពយក្ស សេះ គ្រុឌ ដំរី និង ប្រើស ធ្វើពីស្មាច់ក្រដាស (ម្រ័ក្សណ៍លាយនឹងកម្លោចស្លឹកចេក) សម្រាប់ពាក់ពេលសម្តែងល្ខោនខោល និងល្ខោនផ្សេងៗ។ រូបភាពនៃមនុស្សពាក់មុខខ្មុក ត្រូវបានឃើញមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន នៃស.វ.ទី ១២ ដែលមានរូបក្បាលឈ្លូស និងប្រើស។

ល្ខោននេះ ត្រូវបានសម្តែងក្នុងពិធីដូចជា ព្រះរាជពិធីឡើងសោយរាជ្យ, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម, ព្រះរាជពិធីបុណ្យតាំងតុ, ព្រះរាជពិធីបុណ្យអុំទូក, ព្រះរាជពិធីចម្រើនព្រះកេសា(កោរជុក) ព្រះរាជបុត្រ, ព្រះរាជពិធីហែព្រះបរមសព, ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសព, និង ព្រះរាជពិធីបួងសួង។ សម្រាប់អ្នកស្រុក មានដូចជា បុណ្យបញ្ចុះសីមា, បុណ្យរំលាយព្រះសពព្រះចៅអធិការវត្ត, បុណ្យភូមិ ដើម្បីបួងសួងសុំទឹកភ្លៀង សេចក្តីសុខ និង ជៀសពីជំងឺរាតត្បាត, ពិធីថ្វាយអ្នកតា, ពិធីបួងសួង និង ពិធីសំពះគ្រូ។

ល្ខោនខោលវត្តស្វាយអណ្តែត ខេត្តកណ្តាល

សម្រាប់វត្តស្វាយអណ្ដែត នៅក្នុងខេត្តកណ្តាល មានការសម្តែងល្ខោនខោលជាប្រចាំឆ្នាំ ដោយមានការគាំទ្រពីសហគមន៍និងប្រជាពលរដ្ឋចំណុះជើងវត្ត ពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃនេះ។ វត្តនេះមានចម្ងាយ ១០ គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ ស្ថិតនៅតាមដងទន្លេមេគង្គ។ ល្ខោននេះត្រូវបានសម្តែងដោយមនុស្សមួយក្រុម ដែលត្រូវបានបង្ហាត់បង្រៀនដោយព្រះចៅអធិការ និងគ្រូបាអាចារ្យ ទៅតាមសាច់រឿងដែលគាត់ចងចាំ។ គោលបំណងនៃការសម្តែងនេះ គឺដើម្បីបួងសួងដល់វិញ្ញាណអ្នកតា ដើម្បីថែរក្សា នឹងផ្តល់សេចក្តីសុខ សម្បូរសប្បាយដល់សហគមន៍របស់គាត់ ដូចជាមានភ្លៀងគ្រប់គ្រាន់សម្រាប់បង្ករបង្កើនកសិផលឲ្យបានទិន្នផលខ្ពស់ និងដីសម្បូរទៅដោយជីវជាតិ។ ល្ខោនខោល នាវត្តស្វាយអណ្តែតត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃអង្គការយូណេស្កូ (UNESCO) ដែលតំណាងឲ្យល្ខោនខោលប្រទេសកម្ពុជាទាំងមូល។

លោក ព្រាប ចាន់ម៉ារ៉ា បានជំរុញឲ្យមានការបន្តនូវមរតករបស់ដូនតាខ្មែរ ជាពិសេសល្ខោនខោលវត្តស្វាយអណ្ដែត ដែលជាប្រពៃណីរបស់សហគមន៍ផ្ទាល់។ លោកបានលើកឡើងថា ប្រពៃណីរបស់សហគមន៍ គឺពឹងផ្អែកទាំងស្រុងទៅលើប្រជាពលរដ្ឋផ្ទាល់ ជាពិសេសចំពោះអ្នកជំនាន់ក្រោយនៃសហគមន៍នោះ។ ការយកចិត្តទុកដាក់ថែរក្សានៃអ្នកជំនាន់ក្រោយ មានដូចជាការចូលរួមផ្សព្វផ្សាយ ការហាត់រាំសម្ដែង ការចងក្រងទុកជាឯកសារ និង ការបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក របស់អង្គការយូណេស្កូជាដើម។ អ្វីដែលសំខាន់នោះ គឺជាគ្រូព្រឹទ្ធាចារ្យ ដែលគាត់បានខិតខំបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយ ក្នុងការសម្តែងល្ខោនមួយនេះ ដែលជាការបន្តវេន នូវសិល្បៈវប្បធម៌បុរាណខ្មែរ។

ការសិក្សាស្រាវជ្រាវរបស់លោកស្រី ពៅ សាវរស

បើតាមការសិក្សាស្រាវជ្រាវរបស់ លោកស្រី ពៅ សាវរស បានឲ្យដឹងថា រឿងរាមកេរ្តិ៍ បែបអក្សរសាស្ត្រខ្មែរ បានជះឥទិ្ធពលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ តាមរយៈជំនឿនៃព្រះពុទ្ធសាសនា ដែលមានវត្តមាននៅទឹកដីខ្មែរតាំងពីសតវត្សទី ៥ ក្នុងនោះមានការកែប្រែ សាច់រឿងខ្លះទៅតាមសង្គមខ្មែរនាសម័យនោះ។ ក្នុងដំណើររឿង រាមកេរ្តិ៍ បែបអក្សរសាស្ត្រខ្មែរ ព្រះរាម គឺប្រកបដោយព្រហ្មវិហារធម៌ ទាំង ៤ ប្រការ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែលមានព្រះលក្ខ្សណ និងសេនាស្វា ក្នុងនោះមានហនុមាន, សុគ្រីព និងកងទ័ពស្វាដទៃទៀត ស្ម័គ្រចិត្តធ្វើការប្រយុទ្ធប្រឆាំងនឹងសេចក្តីអាក្រក់ ដូចជាក្រុងរាពណ៍ ស្តេចយក្សនៃនគរលង្កា។ ក្នុងនោះមាន តួអង្គឥសី និង សេនាស្វា ដែលអ្នកនិពន្ធខ្មែរបានសរសេរជាអត្ថបទអក្សរសាស្ត្រ ការនិទានរឿងផ្ទាល់មាត់ និង មានការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកអាន នឹងស្តាប់ ដែលហៅថា “ការសម្តែងនៃស្វា” ឬក៏ល្ខោនខោល។

តួអង្គសំខាន់នៃរឿងរាមកេរ្តិ៍ខ្មែរ ដែលត្រូវបានសម្តែងរួមមាន តួអង្គមនុស្ស ព្រះរាម ដែលជាបុត្រព្រះបាទទសរថ និងជាស្វាមីរបស់នាងសីតា, ព្រះលក្ម្សណ៍ ជាប្អូនព្រះរាម, នាងសីតា, វិរុលធាតុ ស្តេចភុជង្គនាគ, តួអង្គស្វា មានដូចជា សុគ្រីព ប្អូនរបស់ពាលី, ពាលី, ហនុមាន តួអង្គយក្ស, ក្រុងរាពណ៍ ជាដើម។ រឿងរាមកេរ្តិ៍ ត្រូវបានយកមកសម្តែង ជាលក្ខណៈល្ខោន ដែលអ្នករស់នៅសហគមន៍នោះជាអ្នកសម្តែងដោយផ្ទាល់ ក្នុងពិធីសក្ការៈផ្សេងៗ ដើម្បីជាការដឹងគុណ ការគោរពសម្រាប់ព្រះពុទ្ធសាសនា និងជាការកំសាន្ត។ រឿងនេះ តម្កល់ក្នុងទីវត្តអារាម ដែលមានដូចជាស្លឹករឹត នៃគម្ពីព្រះត្រៃបិដក និងមានការចាក់គម្ពីរ ដែលព្រះសង្ឃបានប្រែ ដែលមានប្រផ្នូលផ្សេងៗដូចជា ជោគជ័យនៃព្រះរាម តំណាងឲ្យភាពជោគជ័យ ការចាប់ពង្រត់នៃនាងសីតាដោយក្រុងរាពណ៍ តំណាងឲ្យសំណាងអាក្រក់ ជាដើម។

នៅដើមសតវត្សរ៍ទី២០ ក្រុមរបាំដែលត្រូវបានយកចិត្តទុកដាក់នោះ គឺក្រុមរបាំនៃព្រះបរមរាជវាំង ដែលត្រូវបានសព្វព្រះហឫទ័យដោយព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម។ ក្រុមរបាំនៃព្រះបរមរាជវាំងក្រោយមកនាសម័យខ្មែរក្រហម ត្រូវបានរំសាយ និងលុបបំបាត់ស្ទើរទាំងស្រុង ក្នុងនោះមានតែ ១០ ភាគរយនៃអ្នករាំរបាំល្ខោននាព្រះបរមរាជវាំងបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ បណ្ណសារ និងសម្លៀកបំពាក់សម្រាប់សម្តែងផ្សេងៗ ត្រូវបានកម្ទេចចោល។ អ្នកស្រលាញ់វប្បធម៌ខ្មែរ ដែលបានរស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ គាត់ខិតខំ និងត្រូវចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការសិក្សា ដោយរលឹកអំពីការចងចាំនៃសិល្បៈ ការរចនាក្បាច់រាំ និងការសម្តែងនោះឡើងវិញ ។

លោក ព្រឿង ឈៀង អ្នករចនាក្បាច់រាំ និងតួឯកនៃការរាំ (តួអង្គហនុមាន) គាត់បានសម្តែងជាតួអង្គស្វាក្រោមការដឹកនាំនៃព្រះមហាក្សត្រិយានី កុសមៈ។ នាសម័យខ្មែរក្រហមគាត់ត្រូវបានតម្រូវឲ្យធ្វើការងារដោយប្រើកម្លាំងនៅតាមជំរុំ ជាជាងសម្តែងនូវទេពកោសល្យដែលគាត់មាន។ ក្រោយសម័យខ្មែរក្រហម គាត់បានធ្វើការលះបង់សម្រាប់ការបង្កើតក្រុមរបាំបុរាណឡើងវិញ។

ព្រឹទ្ធាចារ្យ ស៊ិន សាម៉ាដឹកឆូ ដែលសម្តែងតួអង្គស្វាចុងក្រោយ ជាស្ត្រី បានលើកឡើងថា តួអង្គស្វានៅតាមតំបន់ ឬទីវត្តអារាម បានយកក្បាច់រាំតាមតំបន់ ដែលមានភាពមោះមុត ស្វាហាប់ ក្រមិចក្រមើមដូចស្វា ប្រៀបបានទៅនឹងចម្លាក់ឈុតឆាកនៃការប្រយុទ្ធដ៏រស់រវើក ប្រកបដោយភាពប្រសប់ និងស្ទាត់ជំនាញ។ លោកស្រីបន្តថា សព្វថ្ងៃសិល្បៈករជាបុរស បានធ្វើការសម្តែងតួអង្គស្វា ដែលសិល្បៈករជាស្រ្តីមានការលំបាកក្នុងការសម្តែងដូច។ សាម៉ាដឹកឆូ ត្រូវបានទទួលអនិច្ចកម្មនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧។ ការបាត់បង់រូបគាត់ ជាការបាត់បង់នូវធនធានមនុស្សដ៏កម្រ នៃសិល្បៈបុរាណខ្មែរ ជាពិសេសក្បាច់រាំនៃតួអង្គស្វា នៃល្ខោនខោល។

ល្ខោនខោលក៏ដូចជាល្ខោនដ៏ទៃទៀត ភាគច្រើនត្រូវបានបន្សល់ទុកតាមរយៈស្នាដៃ នៃការបង្ហាត់បង្រៀនដោយផ្ទាល់នៃសិល្បៈករជើងចាស់ ជាក់ស្តែងសព្វថ្ងៃ អ្នកទាំងនោះមានវ័យចំណាស់ និងខ្លះបានបាត់បង់ជីវិតនាសម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម ដោយរោគាពាធ។ ដូច្នេះការសិក្សាស្រាវជ្រាវអំពីប្រវត្តិអ្នកទាំងនោះ ក៏អាចជាជំនួយក្នុងការថែរក្សាសិល្បៈ វប្បធម៌ខ្មែរ ឲ្យអ្នកជំនាន់ក្រោយបានដឹងពីទេពកោសល្យ របស់គាត់ នឹងក្បាច់សម្តែងរបស់គាត់។ ការចូលរួមទស្សនានូវការសម្តែងល្ខោនខោល ក៏បានរួមចំណែកក្នុងកិច្ចការពារ ថែរក្សាវប្បធម៌ និងលើកទឹកចិត្តដល់ក្រុមសិល្បៈករក្នុងការសម្តែង។ សិល្បៈករ ឬអ្នករាំរបាំ គឺជាអ្នកដែលបានលះបង់ និង អ្នកបន្តថែរក្សាល្ខោនខោលឲ្យអ្នកជំនាន់ក្រោយបានទស្សនានូវស្នាដៃខ្មែរដែលដូនតាបានបន្សល់ទុក។

ល្ខោនខោល នាពេលបច្ចុប្បន្ន គួរតែត្រូវបានសិក្សាស្រាវជ្រាវបន្ថែមឲ្យបានច្បាស់ និងចងក្រងទុកសម្រាប់អ្នកជំនាន់ក្រោយបានស្វែងយល់តាមរយៈការសិក្សាអំពីសិលាចារឹក មួយចំនួន ស្លឹករឹត គម្ពីរព្រះត្រៃបិដក ចម្លាក់តាមជញ្ជាំងប្រាសាទ ការចងចាំនៃសាស្ត្រាចារ្យ ធម្មចារ្យ ដែលយល់ដឹងពីល្ខោនខោល ការធ្វើមុខខ្មុក កាយវិការក្នុងការសម្តែង ការពាលពាក្យលើកដាក់សម្លេង និង ការប្រកបពាក្យ។ នៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិសង្គ្រាម ល្ខោនខោល មិនត្រូវបានសម្តែង ឬក៏មានការបង្ហាត់បង្រៀន ការបាត់បង់ជីវិតនូវអ្នកដែលមានបទពិសោធន៍នៃល្ខោន ការលុបបំបាត់នូវសាសនា និងវប្បធម៌ខ្មែរ ការបាត់បង់ធនធានមនុស្សដោយការកាប់សម្លាប់នាសម័យខ្មែរក្រហម ក៏ជាចំនុចមួយដែលត្រូវការយកចិត្តដាក់ក្នុងការស្វែងយល់បន្ថែម ដូចការចងក្រងទុកនូវជីវប្រវត្តិរបស់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលពីមុនមកអ្នកទាំងនោះជាអ្នករាំរបាំ។

ដោយបរិបទសង្គម សកលភារូបនីយកម្ម ការផ្លាស់ប្តូរទីលំនៅ កត្តាសេដ្ឋកិច្ច និងកត្តាសុខភាពនៃគ្រូព្រឹទ្ធាចារ្យ និងការជះឥទ្ធិពលបរទេស ទៅលើការរស់នៅរបស់ប្រជាជនខ្មែរនាសម័យបច្ចុប្បន្ន នេះជាចំណុច ដែលអាចធ្វើឲ្យមានការយល់ឃើញផ្សេងពីអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយជុំវិញទៅលើការជឿនៃការសែនព្រេន និង ការសម្តែងល្ខោនខោលនេះ សម្រាប់សុំសេចក្តីសុខ។ ទោះបីជាយ៉ាងក្តី ល្ខោនខោលនៅតែជាសម្បត្តិវប្បធម៌នៃប្រជាជាតិខ្មែរ ដែលគួរត្រូវបានថែរក្សាដោយយុវជនជំនាន់ក្រោយ ជាពិសេសការហាត់រៀន នូវការសម្ដែងនៃល្ខោនដ៏បុរាណ រស់រវើក និងល្អផូរផង់នេះ៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin