ឡាយ ប៊ុនហាក់៖ ជំនួយការវរសេនាធំ១៤០

ឡាយ ប៊ុនហាក់[1] ភេទប្រុស អាយុ ៥៥ឆ្នាំ (ឆ្នាំ២០០៧) រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៊ុនហាក់ មានឪពុកឈ្មោះ ឡាយ ហ៊ាង (ស្លាប់ក្នុងឆ្នាំ១៩៨៦), ម្ដាយឈ្មោះ អ៊ំ ង៉ែត (ស្លាប់ក្នុងឆ្នាំ១៩៧៤) និងជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅរបបខ្មែរក្រហម ប៊ុនហាក់ មានតួនាទីជាជំនួយការវរសេនាធំ១៤០ ដែលមានភារកិច្ច រៀបចំផែនការ, ធ្វើរបាយការណ៍ខាងសម្ភារ និងស្បៀង ព្រមទាំងជាគ្រូបង្ហាត់ ផ្នែកនាវាចរ និងជាអនុប្រធាននាវាលេខ១០២ ដឹកនាំនាវិក៣៦នាក់។ ខាងក្រោមជាប្រវត្តិរូបសង្ខេបរបស់ ប៊ុនហាក់ តាមរយៈការសម្ភាសជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា៖
នៅចុងឆ្នាំ១៩៦៩ ប៊ុនហាក់ រៀនថ្នាក់ទី៣ (សង្គមចាស់) និងរៀនភាសាបារាំងនៅវិទ្យាល័យអង្គតាសោម។ បួនខែក្រោយមក ប៊ុនហាក់ ឈប់រៀនដោយសារមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅខែសីហា ឆ្នាំដដែល ប៊ុនហាក់ បានស្ម័គ្រចិត្តចូលធ្វើកងទ័ពជាមួយកងទ័ពវៀតកុង ក្រោមមូលហេតុពីរយ៉ាងគឺ ទី១) ដើម្បីគេចពីការបង្ខំរបស់មិត្ត ដែលចង់ឲ្យគាត់ទៅធ្វើជាប៉េអឹមនៅភ្នំពេញ និងទី២) ការគាំទ្រចលនាខ្មែរក្រហមរបស់ប៊ុនហាក់ ចំពោះគោលនយោបាយចូលព្រៃម៉ាគី ដើម្បីរំដោះជាតិ។ ប៊ុនហាក់, អ៊ុក សារី និងអើ សន ដែលជាបងប្អូនជីដូនមួយ បានចូលចលនាជាមួយកងទ័ពវៀតកុង និងទៅប្រយុទ្ធនៅសមរភូមិផ្លូវជាតិលេខ៤ ម្តុំពេជ្រនិល។ អស់រយៈពេលជិតមួយខែ ប៊ុនហាក់ បានចាកចេញពីអង្គភាព និងត្រលប់មកស្រុកវិញ ដោយសារមិនអាចទ្រាំនឹងជំងឺគ្រុនចាញ់ និងភាពអត់ឃ្លាន។
នៅឆ្នាំ១៩៧២ ចលនាប្រយុទ្ធប្រឆាំងរបប លន់ នល់ កាន់តែខ្លាំងឡើងៗ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧២ ប៊ុន ហាក់ ចូលរួមចលនាតស៊ូជាមួយកងទ័ពខ្មែរក្រហមម្តងទៀត តាមការឃោសនាអប់រំរបស់ចលនាខ្មែរក្រហម។ នៅតំបន់គ្រប់គ្រងដោយចលនាខ្មែរក្រហម ខ្មែរក្រហមបានបង្ខំយុវជន-យុវនារី ឲ្យចូលរួមក្នុងចលនារបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរត្រលប់ទៅផ្ទះ ឬបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាកជាដើម ឃើញដូច្នេះ ប៊ុនហាក់ ក៏ចូលធ្វើឈ្លបឃុំបឹងស្រង៉ែ ស្រុកឈូក អស់រយៈពេលបីខែ។
នៅខែកក្កដា ឆ្នាំ១៩៧២ ប៊ុនហាក់ ធ្វើជាយោធាឃុំ និងនៅខែសីហា ឆ្នាំដដែល ធ្វើជាយោធា នៅតំបន់១៣, វរសេនាតូចត-២ (តំបន់២ ក្នុងខេត្តតាកែវ), នៃកងអនុសេនាធំលេខ២៥ ដែលមានឈ្មោះ ទន ជាប្រធាន។ យោធាតំបន់១៣ មានមេបញ្ជាការឈ្មោះ តាសោម និងឈ្មោះ មាស មុត[2] ជាប្រធានខាងកិច្ចការរដ្ឋបាល។
នៅខែសីហា ឆ្នាំ១៩៧៣ ប៊ុនហាក់ ប្តូរទៅអង្គភាពភូមិភាគនិរតី[3] កងពលទី២ ដឹកនាំដោយឈ្មោះ សំ ប៊ិត។[4] ប៊ុនហាក់ ត្រូវបញ្ជូនទៅសមរភូមិនៅផ្លូវលេខ៤ ម្តុំត្រពាំងក្រឡឹង, ផ្លូវលេខ៣ ម្តុំត្រាំខ្នារ, កំពង់ទួល, និងវត្តស្លែង, និងនៅផ្លូវលេខ២ ពីតាខ្មៅទៅផ្សារដើមថ្កូវ។ នៅពេលនោះ ប៊ុនហាក់ ឃើញមានការទម្លាក់គ្រាប់បែក ដោយយន្តហោះប្រភេទបេ-៥២ (B-52)។
នៅខែកញ្ញា ឆ្នាំ១៩៧៤ វរសេនាធំលេខ២០ទាំងអស់ ដែលជាកម្លាំងពិសេស ត្រូវផ្លាស់ទៅធ្វើជាអង្គភាពស្នូលនៃកងពលលេខ៣ ដឹកនាំដោយ មាស មុត។ កងពលលេខ៣ ត្រូវទៅប្រយុទ្ធពីម្តុំសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ទៅភូមិដាំផ្កា រហូតដល់អាកាសយានដ្ឋានរាំងតាមុំ ខេត្តក្រចេះ។ នៅខែតុលា ឆ្នាំដដែល កងពលលេខ៣ ចាប់ផ្តើមរៀបចំកម្លាំងបន្ថែម នៅខេត្តក្រចេះ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៤ កងពលលេខ៣ បានផ្លាស់ប្តូរមកយោធាភូមិភាគភ្នំពេញវិញ ដើម្បីត្រៀមវាយនៅក្រុងភ្នំពេញ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ នៅគោលដៅថ្នល់ទទឹង និងបែកចាន។ នៅខែមីនា ឆ្នាំ១៩៧៤ ប៊ុនហាក់ ត្រូវរបួសនៅសមរភូមិ និងបញ្ជូនទៅសម្រាកព្យាបាលនៅខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីជាសះស្បើយ នៅខែមេសា ឆ្នាំ១៩៧៥ ប៊ុនហាក់ ត្រលប់មកវាយនៅទីក្រុងភ្នំពេញ រហូតដល់ពេលកងទ័ពខ្មែរក្រហមទទួលជ័យជម្នះនៅទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី២៣ ខែមេសា យោធាកងពលលេខ៣ ត្រូវបញ្ជូនទៅកំពង់សោម ដោយធ្វើដំណើរតាមឡានដឹកកាំភ្លើងធំពីថ្នល់ទទឹងទៅទីបញ្ជាការវរសេនាតូច អូរឈើទាល (ជិតស្ពានភូមិថ្មីអូរត្រាក់ និងទំនប់ទឹកមួយ) ក្រុងកំពង់សោម។ ដំបូង ប៊ុនហាក់ មានភារកិច្ចសម្អាតទីក្រុង, ប្រមូលសម្ភារមានតម្លៃ, អាវុធទៅដាក់ឃ្លាំង និងដើរយាមល្បាត។ នៅកំពង់សោម គឺគ្មានប្រជាជនរស់នៅនោះទេ ដោយមានតែយោធា និងគ្រួសារយោធាខ្មែរក្រហមប៉ុណ្ណោះ។
នៅខែឧសភា ឆ្នាំ១៩៧៥ អំឡុងព្រឹត្តិការណ៍ម៉ាយ៉ាហ្គេស[5] យោធាខ្មែរក្រហមបានឃាត់កប៉ាល់ម៉ាយ៉ាហេ្គស និងនាវិកអាមេរិកនៅលើកប៉ាល់។ ប៉ុន្មានម៉ោងក្រោយ មានយន្តហោះអាមេរិកមកទម្លាក់គ្រាប់បែកនៅកំពង់សោម។ បន្ទាប់មក ខ្មែរក្រហមអនុញ្ញាតឲ្យកប៉ាល់ម៉ាយ៉ាហ្គេសត្រលប់ទៅវិញ។ នៅពេលនោះ ប៊ុនហាក់ ធ្វើការនៅទីបញ្ជាការ បានឮតាមវិទ្យុទាក់ទង និងជួយទាក់ទងជាមួយភាគីអាមេរិក ដោយសារខ្លួនចេះភាសាបរទេស។ នៅពេលនោះខ្មែរក្រហមចាត់តាំង ប៊ុនហាក់ ធ្វើជាជំនួយការទីបញ្ជាការវរសេនាតូច និងកាន់វិទ្យុទាក់ទងប្រភេទសេ-២៥ (C-25) និងប្រភេទសេ-៤៦ (C-46) សម្រាប់ទាក់ទងជាមួយយោធាខ្មែរក្រហមនៅកោះតាង។ នៅខាងវរសេនាធំ១៤០ មានអ្នកកាន់វិទ្យុទាក់ទងពីរនាក់ ឈ្មោះ ចំរើន និងឈ្មោះ សារី។ ប៊ុនហាក់ និយាយថា គាត់បានឮព័ត៌មាននៅពេលកំពុងកើតហេតុ និងថាមានកងទ័ពខ្មែរក្រហមប្រាំបីនាក់ស្លាប់។
នៅខែតុលា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមស្រាវជ្រាវ, ជ្រើសរើសយោធាណាដែលមាននិន្នាការល្អ ឬគ្មានប្រវត្តិជាប់ពាក់ព័ន្ធនឹងរបប លន់ នល់ និងមានកាយសម្បទារឹងមាំ ឲ្យត្រៀមទៅរៀននៅកងទ័ពជើងទឹក ដើម្បីការពារដែនសមុទ្រ។ ខ្មែរក្រហមក៏ជ្រើសរើសអ្នកចេះភាសាបរទេសទៅរៀនផងដែរ រួមទាំងប៊ុនហាក់, មិត្តរបស់ប៊ុនហាក់ ឈ្មោះ ស៊ី មៀន ដែលរៀនថ្នាក់ទី២ (សង្គមចាស់) និងទាំងមិត្តម្នាក់ទៀតឈ្មោះ កុល។ ខ្មែរក្រហមចាត់តាំងឲ្យប៊ុនហាក់, ស៊ី មៀន និងកុល ធ្វើជាអ្នកបកប្រែសម្រាប់ទាក់ទងជាមួយនាវាបរទេសនៅកំពង់ផែ និងធ្វើការនៅកន្លែងបោះពុម្ព និងរៀបចំឯកសារ។
ពីខែមករា ដល់ខែមិថុនា ឆ្នាំ១៩៧៦ ប៊ុនហាក់ រៀនបានមួយវគ្គនៅកងទ័ពជើងទឹក។ នៅខែកញ្ញា ប៊ុនហាក់ មានជំងឺគ្រុនចាញ់ និងនៅខែតុលា ឆ្នាំ១៩៧៦ គាត់ចូលរៀនបន្ត អំពីឯកទេសនាវាចរ, ផែនទី, ការបើកបរកប៉ាល់ធន់១២៥តោន ឬនាវាការពារ ជាមួយគ្រូជនជាតិចិន ដោយរៀនជាភាសាចិន និងមានអ្នកបកប្រែឈ្មោះ លីលី ជាគ្រូសកលវិទ្យាល័យ មកពីខេត្តកំពង់ចាម (ស្លាប់ក្នុងឆ្នាំ១៩៧៩)។ នៅពេលរៀន គឺមានបញ្ចាំងកុនឲ្យមើល ប្រសិនបើមិនយល់ នោះនឹងបញ្ចាំងកុនម្តងទៀត។ បន្ទាប់ពីរៀនអស់រយៈពេលជិតមួយឆ្នាំ ប៊ុនហាក់ ធ្វើជាគ្រូបង្ហាត់ខាងសេនាធិការផ្នែកនាវាចរ នៃវរសេនាធំ១៤០ នៅដំណាក់ស្ដេចអូរឈើទាល ជិតផែឈើ។ មួយវរសេនាធំលេខ១៤០ មានសមាជិក៣៩០នាក់។ នៅពេល សុន សេន ដើរពិនិត្យតាមទីបញ្ជាការ និងតាមនាវា សុន សេន បញ្ជាឲ្យកងទ័ពឈរលើគោលជំហរ លើបច័្ចយបី ទី១) ក្ដាប់ព្រឹត្តិការណ៍, ទី២) វិភាគសភាពការណ៍ និងទី៣) វិធានការណ៍។
ប៊ុនហាក់ និយាយថាមួយវរសេនាធំ គឺគ្រប់គ្រងផែមួយ មានដូចជាផែអូរឈើទាល, ផែស្ទឹងហាវ និងផែកោះរ៉ុង។ នាវា ៥ផ្នែក គឺនាវាការពារលេខ១២៥, នាវាបណ្តែតលេខ០២៦, នាវាដោះមីន, នាវាប្រឆាំង និងនាវាដឹកប្រេង។ នាវាទាំងអស់ គឺបានមកពីប្រទេសចិន។ នាវាប្រឆាំង មាននាវិក៧៣នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គសេនាធិការ។ ដោយឡែក នាវាការពារ មាននាវិក ៣២នាក់, នាវាបណ្តែត មាននាវិក ១២នាក់, និងនាវាដោះមីន មាននាវិក ៦នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់វរសេនាធំ១៤០។ ចំណែក នាវាប៉េសេហ្វេស (PCF)[6] មាននាវិក៨-១០នាក់ គឺ យាមល្បាតនៅដែនសមុទ្រកម្ពុជា ដោយប្រព័ន្ធរ៉ាដាមាននៅភ្នំបូកគោ,[7] កោះតាង, និងកោះកុង។
ក្រៅពី ប៊ុនហាក់ បង្រៀនយោធាជើងទឹកដែលជ្រើសរើសថ្មី និងចេញទៅប្រតិបត្តិការយាមល្បាតពេលយប់ នៅចុងឆ្នាំ១៩៧៦ ប៊ុនហាក់ បានបើកនាវាការពារលេខ១០២ ទៅការពារដែនទឹក ដោយសារមានទូកនេសាទពីប្រទេសជិតខាងចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកកម្ពុជា។ ទូក, កាណូត ឬកប៉ាល់ដែលចាប់បាន ត្រូវបញ្ជូនទៅកំពង់ផែរាម។ មនុស្សនៅលើទូកដែលចាប់ខ្លួនមួយចំនួនត្រូវបានកងតម្រួត ឬកងសន្តិសុខនាំយកទៅភ្នំពេញ ដោយធ្វើដំណើរតាមឡានកងទ័ពជើងទឹក ប្រភេទកូស្តុប។ នៅថ្ងៃមួយ នៅកំពង់ផែរាម ប៊ុនហាក់ បានជួបកងតម្រួតនេះដោយចៃដន្យ។ គាត់និយាយថា កងតម្រួតមកពីភ្នំពេញ នេះហៅថាក្រុមដៃក្រហម ដែលមានពាក់សញ្ញាក្រហមនឹងដៃ, ស្លៀកពាក់ខោអាវស៊ីម៉ាលីរបស់ចិន និងពាក់មួកពណ៌ស្លឹកឈើ។
នៅខែតុលា ឆ្នាំ១៩៧៨ គ្រូជនជាតិចិន បានបញ្ជប់បេសកម្ម និងឲ្យ ប៊ុនហាក់ បន្តធ្វើគ្រូបង្ហាត់។ គាត់បន្តធ្វើជាគ្រូបង្ហាត់រហូតដល់របបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨២ ប៊ុនហាក់ រៀបការប្រពន្ធឈ្មោះ សុខ ខន មានអាយុ ៤២ឆ្នាំ (អតីតពេទ្យកងពលក្នុងរបបខ្មែរក្រហម) និងមានកូនបីនាក់ ក្នុងនោះស្រីម្នាក់។ បច្ចុប្បន្ន ប៊ុនហាក់ ជាទាហានកងពលតូចលេខ៥២ និងប្រកបរបរធ្វើស្រែចម្ការ៕
អត្ថបទដោយ ស្រ៊ាង លីហួរ
[1] ឯកសារលេខ BBI០០៥១. (២០០៧). សម្ភាសជាមួយ ឡាយ ប៊ុនហាក់ ដោយ ឡុង ដានី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] “មាស មុត គឺជាសមាជិកគណៈមជ្ឈិមបក្ស, ជាលេខាធិការរង ប្រធានកងពល១៦៤ (រួមបញ្ជូលទាំងកងទ័ពជើងទឹក) និងជាលេខាតំបន់ស្វយ័តកំពង់សោម ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ មាស មុត គឺជា “ជនជាប់ចោទ” ម្នាក់ក្នុងសំណុំរឿង០០៣ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា។” ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ ៨៨.
[3] “ភូមិភាគនិរតីចែកជា៤តំបន់៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។” ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ ៣៤.
[4] ប៊ុនហាក់ ត្រូវផ្លាស់ពីវរសេនាតូចត-២ ទៅវរសេនាតូចលេខ៣៧០ មានមេបញ្ជាការឈ្មោះ ម៉ៅ សុន, និងវរសេនាធំលេខ២០ មានមេបញ្ជាការឈ្មោះ ង៉ែត។
[5] ស៊ិន ណារិន. (២០២០). ការប៉ះទង្គិចរវាងទាហានខ្មែរក្រហមនិងអាមេរិកនៅកោះតាងកាលពី៤៥ឆ្នាំមុន «មិនគួរកើតមានឡើង អាចជាការយល់ច្រឡំ.» VOA Khmer. ថ្ងៃទី១៤ ឧសភា ២០២០. https://khmer.voanews.com/a/forty-five-year-mayaguez-incident-at-koh-tang-confusion-and-should-not-happened/5419512.html
[6] ស្ទួន, (២០២០). Patrol Craft Fast-PCF.
[7] ប្រព័ន្ធរ៉ាដាធំ គឺនៅភ្នំបូកគោ ដោយមានឈ្មោះ អ៊ុក ណម ប្រធានខាងវិស្វកម្ម។