លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»
យុវជនខ្មែរកាត់ចិន-វៀតណាម លាង តុង[1] ត្រូវបានអប់រំឲ្យចូលធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហម និងខិតខំប្រមែប្រមូលកម្លាំងយុវជនអនិកជនចិន។ យុវជនអនិកជនចិនភាគច្រើន បាននិងកំពុងធ្វើការនៅតាមបណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំពេញ។ តុង ត្រូវបានបំពាក់បំប៉នឲ្យជឿថា ជ័យជម្នះរបស់ខ្មែរក្រហម មិនមែនបានមកដោយសារកម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេដែលអាចធ្វើឲ្យខ្មែរក្រហមវាយឈ្នះលើរបប លន់ នល់។ តុង ក៏បានស្តាប់ការប្រមើមើលអំពីអនាគតរបស់កម្ពុជា ដែលថាបក្សពលកររបស់វៀតណាមនឹងក្លាយបក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេសឥណ្ឌូចិន រួមមាន៖ កម្ពុជា វៀតណាម និង ឡាវ។ តែទោះយ៉ាងណាក៏ដោយ អង្គការខ្មែរក្រហមបានចាប់ខ្លួន តុង នៅក្នុងឆ្នាំ១៩៧៦ ដែលចម្លើយសារភាពនេះបានឆ្លើយដាក់យុវជនអនិកជនជាច្រើននាក់ដែរ។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃចម្លើយសារភាពរបស់ លាង តុង។
លាង តុង គឺជាយុវជនខ្មែរកាត់ចិន-វៀតណាម និងមានប្រពន្ធឈ្មោះ ខាត់ លន។ តុង ដែលមានអាយុ២៥ឆ្នាំ ធ្វើការនៅរោងចក្រក្រឡឹងដែកភូមិភាគនិរតី ចំណែក លន ដែលមានអាយុ២០ឆ្នាំ គឺជាកម្មកររោងចក្រតម្បាញតំបន់១៣ នៅក្នុងក្រុងតាកែវជាមួយគ្នា។
ឪពុករបស់តុង មានឈ្មោះ លាង កាច់ (ស្លាប់) ដែលជាអនិកជនចិននិងមានទីកន្លែងកំណើតនៅភ្នំពេញ ហើយម្តាយឈ្មោះ ហ្វុង ឡាន ដែលជាជនជាតិវៀតណាម និងបានត្រឡប់ទៅរស់នៅក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ១៩៧២ មកម្ល៉េះ។ លាង តុង មានបងប្អូនបង្កើតចំនួន៥នាក់(ប្រុស៣នាក់ ស្រី២នាក់) រួមមាន៖ (១) លាង អ៊ាវម៉េង (ឡាវ លាង) ដែលត្រូវអង្គការចាប់, (២) លាង អាយហ័រ (កម្មករជាប្រជាជន១៧មេសា), (៣) លាង តុង (ផ្ទាល់), (៤) លាង ឈុន (ប្រុស), និង (៥) លាង ឆាយម៉េង (ស្រី)។ ប្អូនទី៤ និងទី៥ របស់តុង គឺ លាង ឈុន និង លាង ឆាយម៉េង បានចេញទៅរស់នៅជាមួយម្តាយ នៅក្នុងប្រទេសវៀតណាម។
នៅចន្លោះឆ្នាំ១៩៦១និង១៩៦៦ តុង បានរៀនអក្សរខ្មែរខ្លះៗ និងរៀនភាសា ចិន នៅសាលាទួនហ្វារ សាលាហ៊័រខៀវ និងលានយ៉ូ នៅក្នុងទីក្រុងភ្នំពេញ។ បន្ទាប់ពីការរៀនសូត្រអស់រយៈពេល៥ឆ្នាំ តុង បានចាប់ផ្តើមធ្វើការងារនៅតាមទីកន្លែងផ្សេងៗ ដូចជារោងចក្រក្រឡឹងដែក វល្លិ៍ អាន និងវេង ហួត ជាដើម។
នៅក្នុងឆ្នាំ១៩៧៣ តុង បានទទួលការអប់រំពី ឡាវ ម៉ក់ ដើម្បីបម្រើយួន ហើយប្រឆាំងនឹងបដិវត្តន៍កម្ពុជា។ តុង បានបញ្ជាក់ថា ម៉ក់ បាននិយាយយ៉ាងច្រើន និងដដែលៗ អំពីជោគជ័យនៃការពង្រីកតំបន់រំដោះរបស់ខ្មែរក្រហម ហើយសង្ឃឹមថាចក្រពត្តិនិងបរិវារនឹងចាញ់សង្គ្រាមជាក់ជាពុំខាន។ ប៉ុន្តែ តុង បានកត់សម្គាល់ថា ម៉ក់ បានសង្កត់ធ្ងន់ពីកម្លាំង និងឥទ្ធិពលរបស់វៀតណាម នៅក្នុងភាពជោគជ័យជាបន្តបន្ទាប់នេះ ហើយថាកម្លាំងបដិវត្តន៍របស់ខ្មែរក្រហមគឺជាកម្លាំងបន្ទាប់បន្សំ ដែលមិនអាចមានលទ្ធភាពវាយឈ្នះចក្រពត្តិទេ។ តុង បានចងចាំ ម៉ក់ ដែលនិយាយថា៖ «…មានតែវៀតណាមទេ ដែលយកជ័យជម្នះលើចក្រពត្តិអាមេរិកនិងបរិវាក្បត់បាន ព្រោះគេធ្វើសង្គ្រាមយូរហើយ គេមានពិសោធន៍ច្រើន មានកម្លាំងខ្លាំង ថ្ងៃខាងមុខគេនឹងរំដោះប្រទេសយើងបានទាំងមូល»។
តុង បានបន្តទទួលការណែនាំពី ឡាវ ម៉ក់ អំពីរបៀបនៃការធ្វើបដិវត្តន៍តាមបែបវៀតណាម ដើម្បីរំដោះនិងកសាងប្រទេសជាតិ ហើយបដិវត្តន៍កម្ពុជាចៀសមិនផុតទេ ដែលត្រូវវៀតណាមគ្រប់គ្រងពីលើដដែល។ ភាពខុសគ្នារវាងបដិវត្តន៍ទាំងពីរបានបង្ហាញឲ្យឃើញថា បដិវត្តន៍កម្ពុជាមិនផ្តល់បុណ្យសក្តិ ប្រាក់ខែ និងការរស់នៅឲ្យបានសមរម្យឡើយ ចំណែកឯបដិវត្តន៍វៀតណាមមានទម្រង់ជាបដិវត្តន៍សង្គមនិយម ដែលផ្តល់ប្រាក់ខែដល់កម្មាភិបាល កម្មករ កងទ័ព និងជីវភាពរស់នៅល្អ។ ឡាវ ម៉ក់ បានប្រាប់ តុង ទៀតថា៖ «…ថ្ងៃអនាគតទៅ ប្រទេសទាំងបីក្នុងឥណ្ឌូចិន គេកសាងទៅជាប្រទេសតែមួយ ក្រោមការគ្រប់គ្រងរបស់បក្សពលករវៀតណាម ក្នុងការកសាងរបៀបរបបរស់នៅប្រទេសទាំងបី ធ្វើតាមវៀតណាម»។ អាស្រ័យហេតុនេះហើយ តុង ត្រូវបានលើកទឹកចិត្តឲ្យគាំទ្រ និងធ្វើបដិវត្តន៍ជាមួយវៀតណាម ដែលនឹងផ្តល់ពន្លឺសម្រាប់អនាគត និងរុងរឿង។
ដើម្បីសម្រេចគោលបំណងនេះ តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា» បំផុសអប់រំប្រមែប្រមូលកម្លាំងប្រឆាំងបដិវត្តន៍កម្ពុជាឲ្យបានច្រើន និងឃោសនាអប់រំឲ្យមានជំនឿលើបដិវត្តន៍វៀតណាម។ តុង បាននិយាយទៀតថា ខ្សែបណ្តាញត្រូវចេះសាមគ្គីគ្នា និងធ្វើការឲ្យសកម្មដើម្បីកុំឲ្យមានការចាប់អារម្មណ៍ ប៉ុន្តែមិនត្រូវធ្វើចេះជាងគេពេកទេ។ តុង បានចង្អុលទៅកាន់ក្រុមគោលដៅអនិកជនចិន ដែលត្រូវឃោសនាអូសទាញឲ្យបានខ្លាំងជាងគេ។
តុង ត្រូវបានចាត់បញ្ជូនទៅកាន់តំបន់រំដោះ ដើម្បីទំនាក់ទំនងជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ«ហួ» ដែលមានតួនាទីជាប្រធានមន្ទីរបច្ចេកទេស ភូមិភាគពិសេស។ តុង ក៏បានរៀបរាប់ឈ្មោះអនិកជនចិនចំនួន៥នាក់ផ្សេងទៀត ដែលជិតស្និទ្ធិជាមួយ «ហួ» រួមមាន៖ លូ, លី វិន, ឆុង, ម៉េង, និងកង។ បើទោះបីជា តុង ត្រូវបាន«ហួ»ណែនាំឲ្យគោរពវិន័យរបស់អង្គការ តុងនៅតែទទួលបាននូវការក្រើនរំឭកឲ្យប្រយ័ត្នប្រយែង និងលាក់ការណ៍។
«ហួ» បានប្រាប់ តុង ថា៖ «យើងមកដំបូងគ្មានស្គាល់គេអញ្ចឹង មិនបាច់ធ្វើសកម្មភាពអ្វីទាំងអស់។ បើមានការណែនាំ សឹមធ្វើ»។ តុង បាននិយាយថា «បងហួ»បានអនុញ្ញាតច្បាប់ចំនួនកន្លះខែ ដើម្បីមកសួរសុខទុក្ខបងបង្កើតឈ្មោះ លាង ដែលធ្វើការនៅមន្ទីរបច្ចេកទេស ម២១១។ នៅទីនោះ តុង បានស្គាល់យុវជនអនិកជនចិនចំនួន៥នាក់ទៀត ដែលសុទ្ធសឹងតែជាខ្សែ រយៈរបស់ ឡាវ ម៉ក់។ យុវជនអនិកជនចិនទាំងនោះរួមមាន៖ សឹង, ទើ, ឈន, ផៃ, និងឈាន ដែលពីរនាក់ (សឹង និងទើ)ធ្វើការនៅមន្ទីរបច្ចេកទេសភូមិភាគពិសេស និងបីនាក់ទៀត(ឈន, ផៃ, និងឈាន)ធ្វើការផ្នែកបកប្រែភាសា នៅមន្ទីរម២១១។ តុង ត្រូវបានចាប់ខ្លួន នៅក្នុឆ្នាំ១៩៧៦៕
សរសេរដោយ លី សុខឃាង
ឯកសារយោង
[1] ឯកសារលេខ J00256 ស្តីពីចម្លើយសារភាពរបស់ លាង តុង(ភ្នាក់ងារបម្រើយួន) (បច្ចុប្បន្នជាកម្មកររោងចក្រក្រឡឹងដែក ភូមិភាគនិរតី) មានរក្សាទុកនៅក្នុងការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ចម្លើយសារភាពភាគច្រើនត្រូវបានសរសេរឡើង ដោយសារតែការបង្ខិតបង្ខំ និងអំពើទារុណកម្ម។