កងដឹកជញ្ជូនខេត្តតាកែវ

ឡេង អឿក ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តតាកែវ។ ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិទទឹងថ្ងៃ ទៅរស់នៅឃុំកៀនស្វាយ ដើម្បីធ្វើការងារនៅក្នុងកងដឹកជញ្ជូនស្រូវ និងពោត។

ឡេង អឿក[1] ភេទប្រុសអាយុ ៩១ឆ្នាំ បច្ចុប្បន្ននេះរស់នៅភូមិនមោ ឃុំជាងទោង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ឡេង ផៃ(ស្លាប់) ម្ដាយឈ្មោះ ជាវ ស៊ីវ(ស្លាប់) ។  ខ្ញុំមានបងប្អូនចំនួន១១នាក់ នៅក្នុងនោះមានប្រុសចំនួន៦នាក់ និងស្រីចំនួន៣នាក់ មកដល់បច្ចុប្បន្ននេះស្លាប់អស់ហើយនៅសល់តែ២នាក់ប៉ុណ្ណោះខ្ញុំ និងប្អូនស្រីទី៩(ឈ្មោះ ឡេង មុំ)។ ចំណែកឯ ឡេង អាន់ និង ឡេង ប៉ក ត្រូវបានសនិ្នដ្ឋានថាស្លាប់ពីព្រោះបានបែកគ្នាតាំងពីកងទ័ពវៀតណាមចូលមករំដោះរហូតមិនឃើញត្រឡប់មករកបងប្អូនវិញទេ។ ខ្ញុំមានប្រពន្ធឈ្មោះ រៀម ហ៊ឺន(ហៅក្រៅទ្រុល) អាយុ៩៨ឆ្នាំ មិនប្រកបរបរអ្វីទេចាស់ជរាហើយ។ ខ្ញុំមានកូនចំនួន២នាក់នៅក្នុងនោះមានស្រីម្នាក់ និងប្រុសម្នាក់។

នៅវ័យកុមារខ្ញុំរស់នៅជាឪពុកម្ដាយនៅក្នុងភូមិទទឹងថ្ងៃដោយប្រកបរបរធ្វើស្រែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅអាយុ១៥ឆ្នាំខ្ញុំបានបួសជាសង្ឃដើម្បីបានសិក្សារៀនសូត្រមានចំណេះដឹងនៅក្នុងខ្លួន។ ខ្ញុំបានបួសរៀននៅវត្តឈ្មោះមឿងចា បានរយៈពេល៨វស្សា សម្រេចចិត្តលាចាកសិក្ខាបទ។ ក្រោយពេលផ្សឹករួចបានរយៈ៣ឆ្នាំ ឪពុកម្ដាយបានផ្សំផ្គុំឲ្យមានគ្រួសារ មុននឹងរៀបការបងប្អូនខាងស្រីបានបង្កាប់ផ្ទះមួយខ្នង ពេលធ្វើផ្ទះរួចទើបបានរៀបការទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។ ខ្ញុំរៀបការនៅអាយុ២៨ឆ្នាំ ចំណែកប្រពន្ធមានអាយុ៣៥ឆ្នាំ។ ប្អូនប្រុសរបស់ខ្ញុំម្នាក់ឈ្មោះ ឡេង អាន់ គាត់មានតួនាទីជាអ្នកសារព័ត៌មាន ហើយថែមទាំងបានសិក្សារៀនសូត្រនៅសាលាបារាំងថែមទៀតផង។ ពួកយើងទាំងពីរនាក់មិនសូវបានជួបគ្នានោះទេពីព្រោះ ដោយម្នាក់ៗមានការងាររវល់រៀងៗខ្លួន។ នៅក្នុងឆ្នាំ១៩៥៥ -១៩៧០ នៅក្នុងសម័យកាលសង្គមរាស្រ្ដនិយមដែលដឹកនាំដោយ សម្ដេចព្រះ នរោត្ដម សីហនុ ប្រទេសជាតិទាំងមូលមានភាពរុងរឿងសម្បូរសប្បាយ និងរុងរឿងស្ទើរតែគ្រប់វិស័យ។ ខ្ញុំ និងប្រពន្ធរស់នៅក្នុង ភូមិទទឹងថ្ងៃ ប្រកបរបរធ្វើស្រែតាមធម្មតា។ ប្រជាជនដែលរស់នៅក្នុង ភូមិទទឹងថ្ងៃ​ មានជីវភាពធូរធារច្រើន មិនសូវមានប្រជាជនដែលខ្វះខាតប៉ុន្មានទេមានតិចតួចគ្រួសារណាស់ដែលខ្វះខាត។

នៅក្នុងឆ្នាំ១៩៧០-១៩៧៥ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហាទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ នៅក្នុងភូមិទទឹងថ្ងៃ បានរៀបចំជាចលនាកុម្មុយនីស្តខ្មែរក្រហម។ ក្រោយមកខ្មែរក្រហមបានយកគ្រាប់មកលាក់នៅក្នុងភូមិទទឹងថ្ងៃ ដើម្បីត្រៀមទុកតទល់ជាមួយទាហាន លន់ នល់។ លោក ជួន ជឿន ខៀវ សំផន បានយកគ្រាប់មកលាក់នៅក្នុងភូមិរបស់ខ្ញុំជាប្រចាំ មកដោយសម្ងាត់មិនឲ្យនរណាម្នាក់ដឹងឡើយ។ ពេលថ្ងៃក្រុមរបស់គាត់បានធ្វើការលាក់ខ្លួននៅតាមស្ទឹង ព្រំប្រទល់ជាមួយកំពង់ស្ពឺ ស្រុកបរសេដ្ឋ។ នៅក្នុងឆ្នាំ១៩៧១ ប្អូនប្រុសខ្ញុំ ឈ្មោះ ឡេង អាន់ ត្រូវបានទាហាន លន់ នល់ ចាប់យកទៅដាក់គុកដោយសាតែនេសាទត្រី ដោយចាប់ចងដៃនឹងខ្សែពួរយកទៅឃុំឃាំង។ នៅក្នុងក្រោយមកចាប់ផ្ដើមមានការទម្លាក់គ្រាប់បែកដោយទាហានរបស់សហរដ្ឋអាមេរិក មកកាន់ក្នុងស្រុកភូមិខ្ញុំ។ ការទម្លាក់គ្រាប់បែកនេះធ្វើឲ្យខូចខាតនូវទ្រព្យសម្បត្ដិរបស់ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ផ្ទះសម្បែង ផលដំណាំរបស់ប្រជាជន ខូចផ្លូវថ្នល់ សាលារៀន ស្ពាន មន្ទីរពេទ្យ និងសម្ភារជាច្រើនទៀត ជាពិសេសការបាត់បង់នូវធនធានមនុស្សជាច្រើននាក់។ ខ្ញុំ និងគ្រួសារបាននាំគ្នាជីកត្រង់សេដើម្បីលាក់ខ្លួនពីយន្តហោះរបស់អាមេរិក។

នៅក្នុងឆ្នាំ១៩៧៥-១៩៧៩ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញបានដោយជោគជ័យ ។ បានប្រមែប្រមូលទ្រព្យសម្បត្ដិរបស់ប្រជាជនទាំងអស់ដាក់នៅក្នុងរោងសហករណ៍ដើម្បីទុកប្រើប្រាស់រួមគ្នា ព្រមទាំងបែងចែកការងារដល់ប្រជាជនគ្រប់វ័យឲ្យធ្វើការងារ។ ខ្ញុំត្រូវបានអង្គការបញ្ជូនទៅធ្វើការងារនៅកៀនស្វាយដោយគ្មានមូលហេតុអ្វីទាំងអស់ ពេលនោះខ្ញុំមិនហ៊ានប្រឆាំងតវ៉ានឹងអង្គការនោះទេ។ ខ្ញុំត្រូវបែកចេញពីប្រពន្ធទៅធ្វើការនៅកន្លែងផ្សេងគ្នា។ ទៅដល់កៀនស្វាយដំបូងអង្គការបានចាត់ឲ្យធ្វើការងារនៅឃុំ ប៉ុន្តែខ្ញុំបដិសេធ ហើយអង្គការបានចាត់ឲ្យធ្វើខាងផ្នែកដឹកជញ្ចូនវិញ។ គណៈស្រុកកៀនស្វាយស្រុកមានឈ្មោះ យាយ បូ  តា ហាក់ ហឿន(ខ្វាក់ភ្នែកម្ខាង)។ សម្រាប់ការងារដែលខ្ញុំត្រូវធ្វើដំបូងគឺត្រូវ ដឹកជញ្ជូនស្រូវ ពោត សម្រាប់ខែវស្សាគឺត្រូវដឹកជញ្ជូនតាមកាណូត សម្រាប់ខែប្រាំងត្រូវដឹកជញ្ជូនតាមឡាន យកទៅចែកចាយនៅតាមបណ្ដាភូមិដោយដាក់នៅតាមរោងសហករណ៍ៗ ក្នុងឃុំតែមួយ ដោយប្រមូលនៅក្នុងឃុំណាទុកនៅក្នុងភូមិ ឬឃុំនោះ។ នៅក្នុង១ឃុំខ្ញុំអាចលើកស្រូវឬពោតចំនួន១០០បាវ ស្មារបស់ខ្ញុំទាំងពីរស្ទើរតែក្រិនអស់ហើយពីមួយថ្ងៃទៅមួយថ្ងៃ។ រាល់ពេលលើកចប់មួយកន្លែងមួយទៀត ខ្ញុំត្រូវទៅលើកនៅក្នុងឃុំផ្សេងមួយកន្លែងទៀត។ ថ្ងៃបន្ទាប់អង្គការបានសរសេរសំបុត្រមួយដោយបញ្ជាឲ្យខ្ញុំបើកឡានទៅយកកូនជ្រូកប្រហែល១០០ក្បាលនៅស្រុកអង្គរជ័យ មានយាយ ចែម ជាគណៈតំបន់ ដឹកយកមកស្រុកកៀនស្វាយ។  ខ្ញុំតែងតែដឹកជញ្ជូនតាមតែអង្គការកំណត់ឲ្យ។ ក្រោយមកអង្គការបានចល័តខ្ញុំឲ្យមកលើកតាមទន្លេបាសាក់ កំពង់ស្វាយ ស្វាយប្រទាល ត្រើយស្លាវិញម្ដង ដើម្បីដឹកជញ្ជូនខ្សាច់ និងដឹកថ្ម ។  ​​​​​​​​​​​​​​​​​​​​​​ខ្ញុំធ្វើការនៅទីនោះរហូតដល់កងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជា ទើបខ្ញុំលួចរត់ចេញពីកងដឹកជញ្ជូនដើម្បីជួបប្រពន្ធនៅភូមិទទឹងថ្ងៃវិញ។ ក្រោយពេលកងទ័ពរបស់វៀតណាមចូលរំដោះរួចខ្ញុំបាននាំប្រពន្ធកូនទៅរស់នៅភូមិនមោ ឃុំជាទង ស្រុកត្រាំកក់ ខេត្តតាកែវ រហូតមកដល់បច្ចុប្បន្ននេះ៕

អត្ថបទដោយ៖ ឡាំ ស្រីនីត

[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយលោកតា ឡេង អឿក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin