ជាប់គុកកន្លះខែនៅខេត្តក្រចេះ

(ក្រចេះ)៖ លេង ស្រេង អាយុ៧២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ ស្រេង ឧស្សាហ៍វិលមុខ, ចុកក, ស្រវាំងភ្នែក និងឈឺចង្កេះ។
នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, លន់ នល់ បានឡើងដឹកនាំប្រទេសបន្ត។ នៅពេលនោះមានជ្រើសរើសយុវជនធ្វើជាទាហាន ដើម្បីគេចពីការធ្វើទាហាន ស្រេង បានរត់ចូលទៅរស់នៅក្នុងព្រៃ។ នៅឆ្នាំ១៩៧២ សម្ដេចព្រះ នរោត្ដម សីហនុ បានបង្កើតកម្លាំងរណសិរ្ស ស្រេង បានស្ម័គ្រចិត្តចូលធ្វើជាកងទ័ព និងប្រចាំការនៅតំបន់យាវ រយៈពេល៣ខែ តួនាទីជាប្រធានក្រុម ហើយក្រោយមក គាត់បានទទួលតួនាទីជាប្រធានកងវរសេនាតូចលេខ៩។ រយៈពេល៣ខែក្រោយ ស្រេង បានចូលប្រយុទ្ធនៅសមរភូមិជាប់ជានិច្ច រហូតដល់ខ្មែរក្រហមវាយរំដោះបានទីក្រុងភ្នំពេញពីក្រោមការគ្រប់គ្រងរបស់ លន់ នល់។
ស្រេង បាននិយាយថា នៅពេលដែលយោធាខ្មែរក្រហមវាយរំដោះទីក្រុងភ្នំពេញ មានអ្នករងរបួស និងបាត់បង់ជីវិតអស់ជាច្រើននាក់ មិនថាជាប្រជាជនធម្មតា ឬជាយោធានោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែល ស្រេង ប្រយុទ្ធនៅក្នុងសមរភូមិ គាត់មានរបួស និងជំងឺប្រចាំកាយ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ស្រេង បានសម្រាកព្យាបាលជំងឺចំនួន៦ខែ នៅមន្ទីរពេទ្យ ព-១៧ (បច្ចុប្បន្នហៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ឬមន្ទីរពេទ្យរុស្សី)។
ក្រោយមកខ្មែរក្រហមបានជម្លៀស ស្រេង ទៅខេត្តបាត់ដំបងចំនួន៣ខែ បន្ទាប់មកបានបញ្ជូនបន្តទៅខេត្តសៀមរាបរយៈពេល៦ខែ ទើបគាត់ត្រឡប់មកភ្នំពេញវិញ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហម បានចាប់ផ្ដើមស្រាវជ្រាវរកប្រវត្តិរូបអ្នកដែលធ្លាប់ធ្វើជាកងទ័ព ដើម្បីដឹងអំពីខ្សែបណ្ដាញ។ ស្រេង បានភៀសខ្លួនចេញពីទីក្រុងភ្នំពេញ ទៅខេត្តក្រចេះ ដើម្បីគេចពីការស្រាវជ្រាវប្រវត្តិរូប។ នៅពេលនោះទោះបីជា ស្រេង ព្យាយាមរត់គេចយ៉ាងណាក្ដី ប៉ុន្តែនៅតែមិនអាចគេចផុតពីការតាមចាប់របស់ខ្មែរក្រហមនោះទេ, ខ្មែរក្រហម បានឃុំខ្លួន ហើយបញ្ជាឱ្យ ស្រេង ធ្វើការដូចជាអ្នកទោសចំនួន១៥ថ្ងៃ។
បន្ទាប់ពីរួចផុតពីការឃុំខ្លួន ខ្មែរក្រហម បានចាត់តាំងឱ្យ ស្រេង ធ្វើការងារដូចជា ជីកប្រឡាយ។ ស្រេង ជីកប្រឡាយបានរយៈពេលប្រហែលជាមួយឆ្នាំ ខ្មែរក្រហម បានផ្លាស់ប្ដូរឱ្យគាត់ទៅធ្វើការងារនៅក្នុងកងនេសាទវិញ។ ស្រេង បានចែករំលែកថា គាត់ជួបប្រទះទុក្ខលំបាកជាច្រើន ដូចជាការធ្វើការងារ, ការរស់នៅ និងការបរិភោគអាហារ។ ស្រេង ទទួលរងការគាបសង្កត់ពីសំណាក់ខ្មែរក្រហម ឱ្យគាត់ធ្វើការងារទាំងយប់ទាំងថ្ងៃ។
ស្រេង បានប្រាប់ថានៅអំឡុងពេលនោះ ខ្មែរក្រហមបញ្ជាឱ្យវាយកម្ទេចវត្តអារាម រូបព្រះពុទ្ធប្បដិមាទម្លាក់ចូលទឹកស្រះ ឬទឹកទន្លេ។ វត្តមួយចំនួនត្រូវវាយកម្ទេចចោល ហើយមួយចំនួនទៀត ប្ដូរទៅជាឃ្លាំង, កន្លែងប្រជុំ, កន្លែងស្នាក់នៅរបស់ប្រជាជន ឬជាកន្លែងចិញ្ចឹមសត្វ។
របបខ្មែរក្រហមបានបញ្ចប់ ស្រេង និងគ្រួសាររបស់គាត់ បានវិលត្រឡប់ទៅស្រុកកំណើត និងបានប្រកបរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គងជីវភាពរស់នៅ៕
សម្ភាសន៍ដោយ៖ អេង សុខជា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

