លី អ៊ីសា រៀបរាប់ពីជីវិតដែលបានឆ្លងកាត់ក្នុងសម័យសង្គ្រាម

ខ្ញុំមានឈ្មោះលី អ៊ីសា[1] កើតនៅក្នុងឆ្នាំ១៩៣៦ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងឆ្នាំ១៩៥៨ ខ្ញុំបានផ្លាស់ប្តូរមករស់នៅភូមិសោយ១ ឃុំបើស១ ស្រុកក្រូចឆ្មារ។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឃើញប្រជាជនជាច្រើនបានធ្វើបាតុកម្មទាមទារយកអំណាចឲ្យសម្តេចនរោត្តម សីហនុវិញ។ នៅក្នុងអំឡុងឆ្នាំ ១៩៧១-១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ និងរំដោះតំបន់មួយចំនួននៅតាមជនបទប្រទេសកម្ពុជា។[2] នៅពេលដែលបានកងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ក្នុងភូមិឆ្នាំ១៩៧៣ ខ្មែរក្រហមបានឲ្យប្រជាជននៅក្នុងភូមិបង្កើតជាក្រុម «ប្រវាស់ដៃ»។
នៅក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិល ពីឆ្នាំ១៩៧០-១៩៧៥ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហមត្រូវបានរៀបចំឲ្យទៅជា «ក្រុមប្រវាស់ដៃ» ដែលមានសមាជិកពី ១០ទៅ២០ គ្រួសារ។ ទោះជាយ៉ាងនេះក៏ដោយចាប់ពីឆ្នាំ១៩៧៣ និងជាពិសេសបន្ទាប់ពីជ័យជម្នះឆ្នាំ១៩៧៥ ក៏ក្រុមប្រវាស់ដៃត្រូវបានរៀបចំឲ្យទៅជា «សហករណ៍កម្រិតទាប» ដែលមានសមាជិកពី៣០០ទៅ៤០០នាក់ ឬក៏ភូមិមួយទាំងមូល។ រហូតដល់ឆ្នាំ១៩៧៧ សហករណ៍កម្រិតទាប ត្រូវរៀបចំឡើងវិញឲ្យក្លាយទៅជា «សហករណ៍កម្រិតខ្ពស់» ដែលរួមមាន១ពាន់គ្រួសារក្នុងសហករណ៍នីមួយៗ ឫក៏ឃុំមួយទាំងមូល។[3] នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានជ្រើសរើសជាមេភូមិបានមួយឆ្នាំផងដែរ ទាំងខ្ញុំមិនចេះអក្សរ ក៏ខ្ញុំត្រូវបានគេជ្រើសរើសធ្វើជាមេភូមិផងដែរ ខ្ញុំមិនយល់ថាហេតុអ្វីបានជាមេភូមិចាស់ឈ្មោះ ជាងរូន បានលើកឈ្មោះខ្ញុំឲ្យធ្វើជាមេភូមិនោះទេ ព្រោះខ្ញុំមិនមែនជាប្រជាជនដែលកើតនៅក្នុងភូមិនេះនៅពេលនោះខ្ញុំ ស៊ីឈ្នួលច្រូតស្រូវ នៅម្តុំគីឡូលេខ១៣ ខាងបឹងកេត។ នៅពេលដែលខ្មែរក្រហមបានចាប់ផ្តើមបង្កើតសហករណ៍ ជំនួយក្រុមប្រវាស់នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំ និងប្រជាជនដទៃទៀតត្រូវបានខ្មែរក្រហមបញ្ជូនចូលធ្វើការនៅកងចល័ត។ នៅពេលនោះ ខ្ញុំត្រូវបានខ្មែរក្រហមចាប់តាំងឲ្យទៅដំាកប្បាស។ នៅពេលនោះដែរ ខ្មែរក្រហមបានបង្ខំឲ្យបងប្អូនខ្មែរ-ឥស្លាមចិញ្ចឹមជ្រូកទៀតផង។ ខ្មែរក្រហមមិនមែនត្រឹមតែបង្ខំឲ្យប្រជាជនអ៊ីស្លាមចិញ្ចឹមជ្រូកនោះទេ ថែមទៀតឲ្យយើងដែលជាខ្មែរ-អ៊ីស្លាម ហូបសាច់ជ្រូកផងដែរ។
នៅក្នុងចន្លោះ ឆ្នាំ១៩៧៥-១៩៧៦ ការបះបោរបានកើតឡើងនៅកោះផល ពេលនោះកម្មាភិបាលខ្មែរក្រហមបានហៅប្រជាជនខ្មែរ-អ៊ីស្លាមនៅក្នុងភូមិទាំងអស់មកប្រជុំ ទាំងចាស់ទាំងក្មេង ហើយទោះបីកូនក្មេងខ្លះឈឺ ក៏ត្រូវម្តាយពរយកទៅចូលរួមការប្រជុំផងដែរ។ តាមខ្ញុំចាំ ពេលប្រជុំនោះគឺមានគណៈតំបន់បានចូលរួមផងដែរ ប៉ុន្តែខ្ញុំមិនបានស្គាល់ថាជាគណៈតំបន់ណា ហើយមានឈ្មោះអ្វីនោះទេ។ ក្នុងពេលប្រជុំប្រជាជនទាំងអស់ត្រូវបានគណៈតំបន់ជេរ និងស្ដីបន្ទោសយ៉ាងខ្លាំង ដោយសារការបះបោរនៅតំបន់កោះផលនោះ ខ្ញុំចាំពាក្យមួយផងដែរ ដែលគណៈតំបន់បានជេរ ខ្មែរ-អ៊ីស្លាមគឺពាក្យ “អាចាមក្បាលស និង ចលនាក្បាលស” ពេលនោះទោះបីទទួលរងនូវពាក្យជេរស្តី យ៉ាងណាក៏ដោយ ក៏មិនមានសិទ្ធិតបត ទៅកាន់គណៈតំបន់នោះវិញទេ។ ក្រោយមកខ្មែរក្រហមបានជម្លៀសទៅកាន់ខេត្តបាត់ដំបង ដោយពេលនោះបងប្អូនយើងនៅទីនេះទាំងអស់គិតថា ទៅខេត្តបាត់ដំបងអាចនឹងមានភាពងាយស្រួលជាងការរស់នៅក្នុងតំបន់ស្រុកក្រូចឆ្មា ប៉ុន្តែវាមិនដូចទៅនឹងអ្វីដែលយើងបានគិតនោះទេ ពេលដែលទៅដល់ទីនោះ ខ្ញុំមិនប្រជាជនផ្សេងទៀត មិនថាខ្មែរ ខ្មែរ-អ៊ីស្លាមត្រូវបានបង្ខំឲ្យធ្វើការងារហួសកម្លាំង ការហូបចុកក៏មានបានគ្រប់គ្រាន់ ឯខាងសាសនាវិញមិនថា ខ្មែរ-អ៊ីស្លាម ឬខ្មែរ ទាំងអស់មិនត្រូវបានទទួលសិទ្ធិធ្វើក្នុងការគោរពប្រណិប័តន៍ជំនឿសាសនាអ្វីឡើយ។ សមាជិកក្រុមគ្រួសាររបស់ខ្ញុំជាច្រើនត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់នៅក្នុងសម័យខ្មែរក្រហម។ ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរំលំ ខ្ញុំបានត្រឡប់មករស់នៅភូមិសោយនេះវិញ៕
អត្ថបទដោយ លី ដេវីត
[1] ឯកសារ D24750 បទសម្ភាសន៍ លី អ៊ីសា សម្ភាសន៍ដោយអ៊ីសា ឧស្មាន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០១, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១០
[3] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ៣៩