លីម ចាន់៖ «កូនអើយ! សង្គ្រាមជារឿងមិនល្អទេ»

(កំពត)៖ លីម ចាន់ ភេទប្រុស មានអាយុ ៦៤ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ចាន់ មានស្រុកកំណើតនៅភូមិអន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចាន់ មានឪពុកឈ្មោះ ម៉ិន, ម្ដាយឈ្មោះ ស្រេង, ប្រពន្ធឈ្មោះ យឹម ងីម និងមានកូនប្រាំពីរនាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ចាន់ បានឈប់រៀនត្រឹមថ្នាក់ទី១២ (របប លន់ នល់) ដោយសារសង្គ្រាម និងធ្វើជាកូនសិស្សព្រះសង្ឃ។ នៅពេលនោះ ចាន់ ថាមានកងទ័ពយៀកកុងវាយប្រហារមកលើកងទ័ព លន់ នល់ ដោយមានការទម្លាក់គ្រាប់បែក និងបាញ់គ្រាប់ផ្លោងនៅស្រុកព្រៃកប្បាស។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងឲ្យ ចាន់ ធ្វើជាយុវជនឃុំ ដោយត្រូវរែកដី។ ឪពុករបស់គាត់ និងពូ ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជន១៧មេសា នៅសហករណ៍ ដោយសារធ្លាប់ធ្វើជាមន្ត្រីគយពីជំនាន់សង្គម។ ចំណែក បងប្រុសរបស់ ចាន់ ធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ នៅស្រុកអង្គរបូរី។ ជួនកាល ឪពុក និងបងប្រុសរបស់គាត់ ត្រូវបានខ្មែរក្រហមធ្វើបាប និងមិនឲ្យហូបចុក។ នៅឆ្នាំ១៩៧៧ ចាន់ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើជាកងទ័ពនៅតាមព្រំដែនជាមួយប្រទេសវៀតណាម ដូចជានៅភ្នំដា, ភ្នំឌិន ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។
ក្រោយមក ចាន់ បានឡើងធ្វើជាប្រធានក្រុម។ ចាន់ និយាយថា កងទ័ពមានការហូបចុកគ្រប់គ្រាន់ និងមានពេទ្យនៅតាមសមរភូមិ ហើយនៅមន្ទីរពេទ្យ គឺមានថ្នាំចាក់ដែលនាំចូលពីប្រទេសចិនសម្រាប់ព្យាបាលកងទ័ពដែលរងរបួស។ នៅឆ្នាំនោះ ខ្មែរក្រហមបានដាក់ខ្នោះកងទ័ពវៀតណាមដែលចាប់បាន និងយកទៅសម្លាប់នៅប្រហែលម៉ោង៦ល្ងាច។
នៅរបបខ្មែរក្រហម ចាន់ ថាព្រះសង្ឃត្រូវផ្សឹកទាំងអស់, បដិមាត្រូវបានបំផ្លិចបំផ្លាញ, និងព្រះវិហារក្លាយជាឃ្លាំងដាក់ស្រូវ។ នៅរបបនោះ ចាន់ ថាគាត់បានឃើញអ្នកកាសែត ជនជាតិចិន មួយក្រុម ចុះមកថតនៅតាមសហករណ៍។
នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានបើកការវាយចូលមកប្រទេសកម្ពុជា។ ចាន់ និងសមាជិក បានរត់ទៅកាន់ព្រំដែនប្រទេសថៃ។ នៅឆ្នាំ១៩៨២ ចាន់ បានរៀបការជាមួយប្រពន្ធ ដែលជាធ្វើការក្នុងកងនារីដឹកជញ្ជូននៅគីឡូលេខ១២ ដោយមានពិធីសែន ដោយមានសាច់ជ្រូក និងស្រាស។
អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ចាន់ ថាគាត់ធ្វើការក្នុងកងឯករាជ្យ (កងកាំភ្លើងធំ), កងអន្តរាគមន៍ ដែលមានសមាជិករហូតដល់៥០០នាក់នៅខេត្តប៉ៃលិន, កងពិសេសវាយដណ្តើមកាំភ្លើងធំ និងកងទ័ពជើងទឹក នៅទន្លេសាប។ កងទ័ពខ្មែរក្រហមទទួលបានជំនួយពីប្រទេសចិន។ ចាន់ ថា កងទ័ពវៀតណាម ដែលខ្មែរក្រហមចាប់បាននៅជំនាន់នោះ គឺត្រូវបានឃុំឃាំង និងប្រើឲ្យដាំបន្លែ នៅគីឡូលេខ១៣ ដែលមានឈ្មោះ តាចាន់ ជាប្រធានមន្ទីរ។ ចាន់ ថាកងទ័ពវៀតណាមទាំងនោះ មានខ្លះជាកងទ័ពរត់ចោលជួរ។
ជាចុងក្រោយ ចាន់ មិនចង់ឃើញមានសង្គ្រាមកើតមានឡើងសាជាថ្មីទៀតនោះទេ។ ចាន់ និយាយថា៖ “កូនអើយ! សង្គ្រាមជារឿងមិនល្អនោះទេ”៕
សម្ភាសដោយ កេង នាង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

