កងនេសាទខ្មែរក្រហម

លឹម អេង អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លឹម អេង រៀបការប្រពន្ធឈ្មោះ សេត ឡាង និងមានកូនចំនួន៦នាក់។ អេង កើតនៅភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ លឹម អេង គឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅវ័យកុមារ អេង ចូលរៀននៅសាលាបឋមសិក្សាវត្តចុងកោះសូទិន និងបន្តការសិក្សានៅទីរួមខេត្តកំពង់ចាម។ អេង រៀននៅសាលាឯកជនមួយដើម្បីត្រៀមប្រឡងចូលថ្នាក់ទី៣សង្គមចាស់។
ក្រោយមកទៀត អេង សម្រេចចិត្តទៅរៀននៅសាលាព្រែកដំណឹងស៊ីធរកណ្ដាល ខេត្តព្រៃវែងវិញ ពីព្រោះតែមានឪពុកមារស់នៅទីនោះ។ ក្នុងពេលដែលកំពុងស្នាក់នៅ និងរៀននៅស្រុកស៊ីធរកណ្ដាល អេង ឭដំណឹងថាមានរដ្ឋប្រហារទម្លាក់សម្ដេចឪ។ បន្ទាប់មក បងប្អូនបានបបួលអេងទៅចូលធ្វើជាទាហានលន់ នល់ នៅទីក្រុងភ្នំពេញ។ អេង មិនទៅនោះទេ។ បាតុកម្មបានផ្ទុះឡើង និងដង្ហែទៅទីរួមខេត្តកំពង់ចាម។ ដោយឃើញស្ថានភាពមិនស្រួល អេង បានវិលត្រឡប់មករស់នៅភូមិជួបជុំជាមួយគ្រួសារវិញ។
នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម ចូលមកដល់ក្នុងភូមិ និងស្នាក់អាស្រ័យនៅក្រោម ឬក្រោយផ្ទះរបស់អ្នកភូមិ។ ពេលនោះ គឺជាវេលានៃការផ្ទុះអាវុធរវាងទាហាន លន់ នល់ ដែលឈរជើងនៅត្រើយម្ខាង និងទីរួមខេត្តកំពង់ចាម និងកងទ័ពរំដោះខ្មែរក្រហម ដែលឈរជើងនៅភូមិនានានៅកោះសូទិន និងភូមិទី៩នៃឃុំកោះសូទិន ទទួលរងការផ្លោងគ្រាប់កាំភ្លើងធំ ដែលបានបាញ់ចេញពីភ្នំស្រីភ្នំប្រុសយ៉ាងខ្លាំង។
នៅក្នុងឆ្នាំ១៩៧១ ដដែល គ្រួសាររបស់អេង បានរត់ភៀសខ្លួនចេញពីភូមិទៅរស់នៅជាមួយបងប្អូននៅភូមិជ្រែកឃ្មុំ ឃុំជ្រែកឃ្មុំ ស្រុកស៊ីធរកណ្ដាល ដែលជាតំបន់រំដោះខ្មែរក្រហម។ បន្ទាប់ពីបានទៅដល់ អេង បានស្ម័គ្រចិត្តចូលធ្វើជាគ្រូបង្រៀនមូលដ្ឋាន។ អេង ត្រូវបានបញ្ជូនទៅរៀនវគ្គបណ្ដុះបណ្ដាលអស់រយៈពេល៣ខែ។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលបានបញ្ចប់ អេង បានបង្រៀនថ្នាក់ទី៣នៅសាលាបឋមសិក្សាស្វាយទាប ដែលមានមិត្ត ឈាន គឺជានាយកសាលា។
នៅឆ្នាំ១៩៧៣ អេង រៀបការប្រពន្ធឈ្មោះ សេត ឡាង និងទៅរស់នៅជាមួយគ្រួសារខាងប្រពន្ធ។ ដោយសារតែផ្ទះគ្រួសារខាងប្រពន្ធស្ថិតនៅឆ្ងាយ អេង បានឈប់បង្រៀន។ ក្រោយមកទៀត អេង ស្ម័គ្រចិត្តចូលធ្វើជាពេទ្យ និងត្រូវបានបញ្ជូនទៅរៀនវគ្គបណ្ដុះបណ្ដាលរយៈពេល៣ខែ ដើម្បីរៀនអំពីការចាក់ថ្នាំ, ផ្សំថ្នាំ និងពិនិត្យមើលអាការជំងឺ។ បន្ទាប់ពីរៀនចប់ អេង ត្រូវបានចាត់តាំងធ្វើជាពេទ្យប្រចាំភូមិដើម្បីពិនិត្យ និងព្យាបាលប្រជាជនមូលដ្ឋាន។

នៅចុងឆ្នាំ១៩៧៣ មេភូមិ ដែលមិនបានចាំឈ្មោះ បានប្រាប់ជ្រើសរើសពេទ្យជំនាញវះកាត់។ នៅពេលនោះ បងថ្លៃអេងដែលជាពេទ្យមូលដ្ឋានផងដែរនោះ បានស្ម័គ្រចិត្តចូលរៀនជំនាញពេទ្យវះកាត់ និងត្រូវបានបញ្ជូនទៅរៀន ប៉ុន្តែបងថ្លៃរបស់អេងមិនដែលវិលត្រឡប់មកភូមិវិញទេ។ នៅឆ្នាំ១៩៧៤ អេង នាំប្រពន្ធ និងកូនមករស់នៅភូមិទី៩ដែលជាភូមិកំណើតវិញ។ នៅពេលដែលត្រៀមឆ្លងទន្លេមកភូមិ ម៉ារីនទាហានលន់ នល់ បានបើកចុះឡើងដើម្បីបាញ់បើកផ្លូវឡើងទៅកំពង់ចាម។ អេង និងប្រពន្ធកូន ស្នាក់នៅម្ដុំកោះចិនមួយយប់សិន។ នៅពេលដែលភាពស្ងប់ស្ងាត់វិលត្រឡប់មកវិញ អេង និងគ្រួសារ ជួលទូកជិះឆ្លងទន្លេមករស់នៅភូមិវិញ។ នៅឆ្នាំ១៩៧៥ អេង និងគ្រួសាររស់នៅក្នុងភូមិ។
នៅឆ្នាំ១៩៧៦ អេង ចាំបានថា ឆ្នាំ១៩៧៦ គឺជាពេលដែល អេង និងអ្នកភូមិផ្សេងទៀតចាប់ផ្ដើមហូបបាយរួម។ អេង ត្រូវបានចាត់តាំងឲ្យធ្វើការនៅកងនេសាទភូមិ ដែលមានគ្នាចំនួន១០នាក់ សម្រាប់រកត្រីមកឲ្យរោងបាយ។ កងនេសាទមានខ្មែរ-អ៊ិស្លាម រួមមាន មិត្ត លាស់, មិត្ត កូប និងមិត្ត ម៉ាន ដែលជាអ្នកជំនាញជួសមង ឬដោះមងដែលជាប់នៅបាតទន្លេ។ ប្រធានកងនេសាទ ឈ្មោះមិត្ត វែង ថៃ។ កងនេសាទរបស់អេង គឺធ្វើការចាប់ពីពាក់កណ្ដាលយប់ ដោយបានរាយមងនៅកណ្ដាលទន្លេ និងចូលមកសម្រាកវិញ។ រហូតដល់ម៉ោង៦ព្រឹក កងនេសាទបានចែវទូកទៅលើកមងជាប់ត្រី ដូចជា ត្រីគល់រាំង, ត្រីក្អែក និងត្រីព្រួលជាដើម។ បន្ទាប់មក កងដឹកជញ្ជូនបានដឹកត្រីដែលរកបានទៅរោងបាយរួមដើម្បីធ្វើម្ហូបឲ្យអ្នកភូមិ។
នៅឆ្នាំ១៩៧៧ អេង ឃើញមានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីក្មេងចាស់ចូលមកដល់ក្នុងភូមិ។ កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតី បានធ្វើការចាប់ចង, ធ្វើទារុណកម្ម និងសម្លាប់អ្នកមូលដ្ឋានចាស់ យ៉ាងច្រើន។[1] អេង មិនហ៊ានសូម្បីតែមើលមុខ។ អេង បន្តធ្វើការនៅកងនេសាទ និងពេលខ្លះមកលេងប្រពន្ធ និងកូននៅផ្ទះ។
ក្រោយមក មិត្ត លាស់ មិត្តកូប និងមិត្តម៉ាន នៅកងនេសាទភូមិ ត្រូវបានចាប់ខ្លួនយកទៅសម្លាប់។ អេង មិនដឹងថាការសម្លាប់នៅកន្លែងណាទេ។[2] អេង ធ្វើការនៅកងនេសាទ រហូតដល់កងទ័ពរណសិរ្សចូលមករំដោះប្រជាជនចេញពីខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ អេង និងគ្រួសាររួចផុតពីជីវិតពីរបបខ្មែរក្រហម និងធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតដល់ពេលបច្ចុប្បន្ននេះ៕
ដោយ សំាង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
[1] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅប្រទេសកម្ពុជា ឆ្នាំ២០២០), ទំព័រ៤៨-៥០
[2] លឹម អេង, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ស៊ាង ចិន្ដា ប្រធានក្រុមស្រាវជ្រាវនៅខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា