ការបំបៅដោះដោយទឹកដោះម្តាយ និងផលប៉ះពាល់ដល់កុមារក្រោយរបបខ្មែរក្រហម

ការបំបៅដោះកូនដោយទឹកដោះ គឺជាការផ្តល់នូវអាហាររូបត្ថម្ភដ៏ល្អបំផុតដល់ទារកដែលទើបតែកើតរហូតដល់អាយុ ៦ខែ ដើម្បីឲ្យទារកមានការលូតលាស់ល្អ មានប្រាជ្ញាវាងវៃ និងមានសុខភាពល្អ។ តាមរយៈបណ្ឌិតសភាកុមារអាមេរិក (American Academy of Pediatrics) បានឲ្យដឹងថា ទឹកដោះម្តាយសម្បូរទៅដោយ ប្រូតេអ៊ីន សារជាតិឡាក់តូស និងសារធាតុខ្លាញ់ ដែលងាយស្រួលដល់ការរំលាយសម្រាប់ប្រព័ន្ធរំលាយអាហាររបស់កុមារដែលទើបនឹងកើត។ បន្ថែមលើនេះទឹកដោះម្តាយក៏មានសារធាតុចិញ្ចឹមដែលរក្សាក្នុងសីតុណ្ហភាពល្អត្រឹមត្រូវ និងជួយបង្កើតប្រព័ន្ធភាពស៊ាំដល់ទារក ដែលអាចជួយទប់ស្កាត់ការឆ្លងជំងឺជាច្រើន ជាពិសេសជំងឺរាក និងជំងឺផ្លូវដង្ហើមលើកុមារនិងទារក។[1] មិនតែប៉ុណ្ណោះ ម្តាយដែលបានបំបៅដោះកូន ក៏បានទទួលផលប្រយោជន៍យ៉ាងច្រើនដូចជា ការកាត់បន្ថយហានិភ័យដល់ការវិវត្តនៃការកើតជំងឺមហារីកសុដន់ក្រោយអស់រដូវ, មានដង់ស៊ីតេឆ្អឹងខ្ពស់ក្រោយពេលអស់រដូវ ការវិវត្តត្រលប់នៃស្បូនមកស្ថានភាពល្អ និងដូចមុនមានផ្ទៃពោះ, កាត់បន្ថយការហូរឈាម និងជួយដល់ការសម្រកទម្ងន់អំពេលក្រោយសម្រាកកូនជាដើម។[2] អង្គការសុខភាពពិភពលោកបានឲ្យនិយមន័យនៃការបំបៅដោះកូន ដោយការបំបៅដោះដោយទឹកដោះតែមួយមុខគត់ ដោយមិនមានបន្ថែមនូវអាហារផ្សេងៗ ទៀតឡើយ ដូចជា ប្រភេទអាហារទន់ ឬរឹង សូម្បីតែប្រភេទអាហាររាវ ឬសារធាតុ (លើកលែងតែទឹក) ក៏មិនត្រូវបានផ្តល់ឲ្យទារកដែរ។[3] ទោះបីជាយើងដឹងថា ទឹកដោះម្តាយមានអត្ថប្រយោជន៍ច្រើនដល់ទារក និងម្តាយយ៉ាងណាក៏ដោយ ក៏ម្តាយជាច្រើននៅតែជួបនូវបញ្ហាប្រឈមចំពោះការបំបៅដោះកូនដែរ។[4]

តាមរយៈទិន្នន័យដែលបានផ្សព្វផ្សាយរបស់អង្គារយូនីសេហ្វ (UNICEF) ក្នុងឆ្នាំ២០១៨ និន្នាការនៃអត្រាបំបៅដោះដោយទឹកដោះម្តាយដែលបានកំណត់ដោយអង្គការសុខភាពពិភពលោកសម្រាប់ឆ្នាំ២០២៥ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះមានការកើនឡើងតិចតួច ឬនៅមានកម្រិត បើប្រៀបធៀបជាសកល។ ដោយឡែកការមិនបានបំបៅដោះកូនដោយទឹកដោះបានគ្រប់គ្រាន់ជាមូលហេតុចម្បងមួយដែលបណ្តាលឲ្យកុមារប្រមាណ ១៦ភាគរយស្លាប់ជារាងរាល់ឆ្នាំ[5]។ តាមរបាយការណ៍របស់អង្គការសុភាពពិភពលោកចុះផ្សាយឆ្នាំ២០១៦ ក៏បានលើកឡើងនូវការវិវត្តប្រសើឡើងគួរឲ្យកត់សម្គាល់តាមប្រទេសក្នុងតំបន់អាស៊ីខាងត្បូង។ បន្ថែមលើនេះទៀត របាយការណ៍ជាច្រើននៃអង្គការសហប្រជាតិ និងអង្គការក្រៅរដ្ឋភិបាល បង្ហាញនូវការថយចុះនៃការស្លាប់របស់មាតាពេលសម្រាកកូន និងអត្រាស្លាប់របស់ទារកពីជំងឺមេរោគក្រពះពោះវៀន និងជំងឺផ្លូវដង្ហើម នៅតាមតំបន់ដាច់ស្រយាល។[6]

តាមការសិក្សារស្រាវជ្រាវមួយបានបញ្ហាឲ្យឃើញថា ទារកដែលម្តាយពពោះក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានទំហំតូចជាងទារកធម្មតា ដោយម្តាយពុំបានទទួលអាហារគ្រប់គ្រាន់ក្នុងអំឡុងពេលមានផ្ទៃពោះ។ ការសិក្សានេះក៏បានបង្ហាញថា ទារកដែលកើតក្នុងរបបខ្មែរក្រហម ជាពិសេសទារិកា (មនុស្សស្រី) ដែលមានបញ្ហាសុខភាពគឺនឹងបន្តពីម្តាយទៅកូនទៀត ដោយសារតែម្តាយបានរងផលប៉ះពាល់ពីកង្វះអាហាររូបត្ថម្ភរយៈពេលវែងក្នុងរបបខ្មែរក្រហម។ ទោះបីជាយ៉ាងណាក៏ដោយ យើងគួរកត់សម្គាល់ថា ដោយសារសង្គ្រាមស៊ីវីលរវាងរបបសីហនុ ជាមួយ លន់ នល់ ម្តាយដែលបានកើតមុនរបបខ្មែរក្រហមមិនបានទទួលការសិក្សាខ្ពង់ខ្ពស់ និងយល់ដឹងពីការទទួលទានអាហារត្រឹមត្រូវ និងការបំបៅដោះកូនឲ្យបានល្អ ដែលជាមូលហេតុនៃការបន្តវេននូវផលប៉ះពាល់សុខភាពដល់ជំនាន់ក្រោយដូចគ្នា។[7] បន្ថែមលើនេះ១៤,៨ភាគរយទារកទើបនឹងកើតបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំដំបូងក្រោយការចាប់កំណើត។[8]

តាមការរៀបរាប់របស់ម្តាយខ្ញុំឈ្មោះ លឹម គន្ធា អាយុ ៧២ឆ្នាំ បានប្រាប់ថា «ក្នុងរបបខ្មែរក្រហម ម៉ាក់ឆ្លៀតពេលដែលបំបៅដោះកូន (កូនប្រុសច្បងកើតឆ្នាំ១៩៧៦) ដោយទឹកដោះដើម្បីបានសម្រាកបន្ថែម ព្រោះម៉ាក់ទម្លាប់ឲ្យកូនបៅដោះដោយដាក់គេងផ្ទាល់នឹងកម្រាលទាំងម្តាយនិងកូន មួយវិញទៀតទោះបីជាពេលកំពង់ធ្វើការក៏ប្រធានកង តែងតែឲ្យម្តាយគ្រប់រូបឡើងទៅបំបៅដោះកូនគ្រប់ពេលដែលកូនឃ្លាន»។ គួរបញ្ជាក់ថា ឪពុកម្តាយរបស់ខ្ញុំ ត្រូវបានជម្លៀសទៅតំបន់៣ នៅភូមិតាក្រៃ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបងសព្វថ្ងៃ ដោយការរស់នៅរបស់ប្រជាជននៅក្នុងតំបន់៣ មិនសូវពិបាកខ្លាំងទេ លុះដល់ចុងឆ្នាំ១៩៧៨ ពេលដែលពួកនារតីចូលមកដល់ទើបមានការខ្វះខាតអាហារ ដោយមានដាំបាយលាយពោត និងដំឡូងម្តងម្កាល តែចំពោះទារក ឬកុមារតូច និងម្តាយមានរបបអង្ករ ១កំប៉ុងក្នុងមួយថ្ងៃ ម្តាយខ្ញុំបន្ថែមទៀតថា នៅតំបន់គាត់រស់នៅអាចទុកកូននៅផ្ទះ ឬយកកូនទៅផ្ញើរនៅកងកុមារតូចដែលមានមនុស្សចាស់ជាអ្នកជួយមើលថែទាំបាន។ ដោយឡែក អ្នកមីង ភំ ពួន បានប្រាប់ឲ្យដឹងថា «ក្រោយពេលខ្ញុំឆ្លងទន្លេ ខ្ញុំស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅទេ ហើយកូនខ្ញុំមានបញ្ហាសុភាពដែលត្រូវសង្គ្រោះបន្ទាន់ និងត្រូវស្លាប់ក្រោយកើតបាន ២៨ថ្ងៃ ប៉ុន្តែសម្រាប់ខ្ញុំ ការស្លាប់របស់កូនខ្ញុំវាជាការប្រសើរជាង ព្រោះខ្ញុំគ្មានទឹកដោះឲ្យបៅទេ ដោយសារខ្ញុំខ្សោយខ្លាំង»។[9]

ក្រោយរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វេ កុមារក្រោមអាយុ ១៨ឆ្នាំមានបញ្ហាកង្វះជីវជាតិ និងមានសញ្ញាស្គមរីងរៃ ក្នុងនោះដែរ ក្នុងចំណោមកុមារ១០នាក់ មានទារកម្នាក់ស្លាប់ដោយសារជំងឺរាគធ្ងន់ធ្ងរ ជំងឺផ្លូវដង្ហើម និងជំងឺមួយចំនួនដែលកុមារមិនបានទទួលវ៉ាក់សាំងគ្រប់គ្រាន់៕[10]

អត្ថបទដោយ គឹម សុវណ្ណដានី


[1] UNICEF. (2023). GLOBAL BREASTFEEDING SCORECARD 2023 RATES OF BREASTFEEDING INCREASE AROUND THE WORLD THROUGH IMPROVED PROTECTION AND SUPPORT. https://www.unicef.org/media/150586/file/Global%20breastfeeding%20scorecard%202023.pdf

[2] American Pregnancy Association (2012), What’s in Breast Milk? Birth & Beyon, 2019. Retrieved on October 13, 2019, compile using: Breastfeeding the Newborn: Clinical Strategies for Nurses. Biancuzzo, Marie, 1999 and Breastfeeding: How to Breastfeed Your Baby Renfrew, Mary, et al, 2004 https://americanpregnancy.org/first-year-of- life/whats-in-breastmilk/

[3] World Health Organization. (2023, August 9). Exclusive breastfeeding for optimal growth, development and health of Infants. https://www.who.int/tools/elena/interventions/exclusive-breastfeeding

[4] Brand E, Kothari C, Stark MA. Factors related to breastfeeding discontinuation between hospital discharge and 2 weeks postpartum. J Perinat Educ. 2011 Winter;20(1):36-44. doi: 10.1891/1058-1243.20.1.36. PMID: 22211058; PMCID: PMC3209743.

[5] UNICEF. (2023). GLOBAL BREASTFEEDING SCORECARD 2023 RATES OF BREASTFEEDING INCREASE AROUND THE WORLD THROUGH IMPROVED PROTECTION AND SUPPORT. https://www.unicef.org/media/150586/file/Global%20breastfeeding%20scorecard%202023.pdf

[6] Mosquera, P. S., Lourenço, B. H., Gimeno, S. G. A., Malta, M. B., Castro, M. C., & Cardoso, M. A., (2019), Factors affecting exclusive breastfeeding in the first month of life among Amazonian children, Plos One, 14 (7), doi: 10.1371/journal.pone.0219801

[7] Matsushima, M. (2022), “Intergenerational health impact of adverse environment in utero under civil conflict: evidence from Cambodia”, Journal of Health Research, Vol. 36 No. 2, pp. 376-386. https://doi.org/10.1108/JHR-05-2020-0172

[8] Chhair S, Ung L. Economic history of industrialization in Cambodia. WIDER Working Paper No. 2013/134. [updated 2013 Dec; cited 2020 May 26]. Available from: https://www.wider.unu.edu/ sites/default/files/WP2013-134.pdf.

[9] Kuch Naren. (2016, February 19). Mothers Tell of Death, Determination Under KR – The Cambodia Daily. The Cambodia Daily. https://english.cambodiadaily.com/news/mothers-tell-death-determination-kr-108761/

[10] Meyer, N. W. (2012). Growing Up Cambodian: Childhood and Crisis Three Decades after the Khmer Rouge. Yale Journal of International Affairs. https://www.yalejournal.org/publications/growing-up-cambodian-childhood-and-crisis-three-decades-after-the-khmer-rouge

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin