លឹម ព្រែក នៅចងចាំអំពីការលើកភ្លឺស្រែទម្រង់ក្រឡាចត្រង្គ (ក្រឡាអុក)នៅក្នុងរបបខ្មែរក្រហម

លឹម ព្រែក អាយុ៧៤ឆ្នាំ រស់នៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រែក កើតនៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ នេះតែម្ដង និងប្រកបរបរធ្វើស្រែចម្ការ។  នៅវ័យកុមារ ព្រែក រៀនសូត្រនៅវត្តបារាយណ៍ តែក្រោយមកបានឈប់រៀន។ នៅអាយុ១៣ឆ្នាំ ព្រែក បួសជាព្រះសង្ឃនៅវត្តបារាយណ៍អស់រយៈពេល២វស្សា។ នៅឆ្នាំ១៩៦៩ ព្រែករៀបការប្រពន្ធ និងប្រកបរបរធ្វើស្រែចម្ការ។​ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ នៅខែមីនា ឆ្នាំ១៩៧០ ព្រែក ឃើញមានអ្នកភូមិជាច្រើនចូលរួមដង្ហែរបាតុកម្មទៅទីរួមខេត្តកំពង់ចាម និងទៅទីក្រុងភ្នំពេញ ដែលបន្ទាប់មកបាតុករទាំងនោះត្រូវបានទាហាន លន់ នល់ ធ្វើការបង្រ្កាប។ ប្រហែល៥-៦ខែក្រោយមក គឺនៅចុងឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមចាប់ផ្ដើមចូលមកដល់ភូមិ ហើយមិនយូរប៉ុន្មានបន្ទាប់ពីមានវត្តមានរបស់កងទ័ពខ្មែរក្រហម ទាហាន លន់ នល់ ត្រូវបានបញ្ជូនមកដើម្បីវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។  សង្រ្គាមរវាងទាហាន លន់ និងកងទ័ពខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើងៗ។ រហូតដល់ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមរំដោះបានភូមិរបស់ព្រែក។ បើទោះបីជាមានភាពស្ងប់ស្ងាត់នៅក្នុងភូមិដែលទើបតែត្រូវបានរំដោះ ទាហានលន់ នល់ នៅតែបន្តការវាយប្រហារដោយការបាញ់ផ្លោងគ្រាប់ពីនាវាចម្បាំង និងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក។ ក្នុងរយៈពេលជិត៥ឆ្នាំនៃសង្រ្គាម ព្រែក និងអ្នកភូមិផ្សេងទៀតមានផលវិបាកក្នុងការធ្វើស្រែ ឬដំាដំណាំហូប ហើយអ្នកភូមិនៅពេលនោះត្រូវបានរៀបចំជាកងប្រវាស់ដៃសម្រាប់ជួយគ្នាទៅវិញទៅមកច្រូតកាត់ស្រូវនៅក្នុងភូមិ។

នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និង ជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានា, ព្រែក ឃើញមានការមកដល់ប្រ​ជា​ជនថ្មី​នៅក្នុងភូមិ។ ប្រជាជនថ្មីត្រូវបានឲ្យរៀបចំរស់នៅជាមួយ និងធ្វើការងារក្រោម​ការគ្រប់គ្រងរបស់ប្រជាជនមូលដ្ឋាន។ នៅពេលដែល សហករណ៍ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៦ អ្នកភូមិត្រូវបានដាក់ឲ្យបម្រើការងារនៅតាមកងនីមួយៗ ដូចជា កងនេសាទ, កងចល័តយុវជន កង​ចល័តយុវនារី, និង​កងចល័តវ័យកណ្ដាល ជាដើម។  ព្រែក ត្រូវដាក់ឲ្យធ្វើការនៅកងចល័តបុរសវ័យ​កណ្ដាល ចំណែក​ឯប្រពន្ធរបស់ព្រែក ត្រូវបានបញ្ជូនទៅធ្វើការងារនៅរោងបាយរួម។ នៅកងចល័តវ័យ​កណ្ដាល ព្រែក ត្រូវធ្វើការស្ទូងស្រូវ និងលើកភ្លឺស្រែ។ នៅឆ្នាំ១៩៧៧ ព្រែក ត្រូវបានបញ្ជូនទៅលើកភ្លឺស្រែដែលអង្គការដាក់ឲ្យធ្វើមានទម្រង់ជាក្រឡាចត្រង្គ (ក្រឡាអុក) ពីភូមិសាស្រ្តឃុំបារាយណ៍ ស្រុកស្រីសន្ធរ រហូតដល់ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។ ព្រែក មាន ភាពប្រាកដប្រាជាថា ការលើកភ្លឺស្រែនេះត្រូវបានអនុវត្តន៍ក្នុងមូលដ្ឋានជាស្រែគំរូ គឺអាចសម្រេចឲ្យបានទិន្នផលស្រូវ៣តោនក្នុង១ហិចតា និងបន្តឈានដល់ការសម្រេចបាននូវការបង្កើតទិន្នផលស្រូវ៦តោនក្នុង១ហិចតា[1] ទៅតាមគម្រោងផែនការ៤ឆ្នាំខ្មែរក្រហមកំណត់។[2]

ព្រែក ជឿជាក់ចំពោះស្រែគំរូក្នុងមូលដ្ឋាន និងធ្វើតាមបទបញ្ជារបស់ប្រធានកងចល័ត ឈ្មោះមិត្ត ផន។ ការលើកភ្លឺស្រែក្នុងទម្រង់ជាក្រឡាចត្រង្គនេះ សម្រេចបានផ្ទៃស្រែរាប់សិបគីឡូម៉ែត្រ។ ភ្លឺស្រែក្នុងទម្រង់ជាក្រឡាចត្រង្គនេះ ផ្ដល់អំណោយផលក្នុងការគ្រប់គ្រងទឹកដើម្បីផ្គត់ផ្គង់ការដាំដុះស្រូវទាំងរដូវប្រាំង និងរដូវវស្សា។ ព្រែក គូសបញ្ជាក់ថា៖ «ការប្រមូលទិន្នផលស្រូវឲ្យបាន៣តោនឬ៦តោនក្នុង១ហិចតា ទាំងប្រាំង ទាំងវស្សា គឺអាចទៅរួច ពីព្រោះយើងបានធ្វើភ្លឺស្រែអមជាមួយប្រឡាយទឹកក្នុងការប្រើប្រាស់។»  បន្ទាប់ពីការលើកភ្លឺស្រែក្នុងទម្រង់ជាក្រឡាចត្រង្គរួចរាល់ ប្រធានកងចល័ត រៀបចំនិងបែងចែកសមាជិកកងចល័តទៅជាក្រុមដើម្បីធ្វើការដកស្ទូង និងច្រូតកាត់ ស្រូវ។ នៅចុងឆ្នាំ១៩៧៧ មិត្ត ផន ប្រធានកងចល័ត ត្រូវបានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចាប់យកទៅសម្លាប់ចោល។ បន្ទាប់ពីការចូលមកគ្រប់គ្រងទាំងស្រុងនៅឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី តែងតែកោះហៅកម្មាភិបាលមូលដ្ឋានទៅប្រជុំ ប៉ុន្តែនេះគឺជាការចាប់សម្លាប់ទៅវិញ។ នៅពេលនោះ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី មានឈ្មោះ តា ហ៊ឹម គឺជាប្រធានក្ដោបរួម និងជាអ្នកបញ្ជាចាប់កម្មាភិបាលមូលដ្ឋាន, ប្រជាជនមូលដ្ឋានដែលប្រព្រឹត្តខុស​ និងប្រជាជនថ្មីដែលនៅសេសសល់ ដើម្បីយកទៅសម្លាប់ចោលទាំងអស់។ ព្រែក បន្តធ្វើការងារនៅកងចល័តបុរស និងតែងតែមានការប្រុងប្រយ័ត្នខ្លាចការចាប់យកទៅសម្លាប់។ សមាជិកកងចល័តបុរស រួមមានប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ជាច្រើន បានបាត់ខ្លួន និងត្រូវបានសម្លាប់។ នៅពេលដែលកងទ័ពរណសិរ្សចូលមករំដោះប្រជាជន កម្មាភិបាលខ្មែក្រមកមកពីភូមិភាគនិរតីបានរត់គេចខ្លួនបាត់។ ព្រែក អាចរួចផុតពីសេចក្ដីស្លាប់ និងបន្តរស់នៅជួបជុំគ្រួសារនៅភូមិ។

សរសេរដោយ ស៊ាង ចិន្តា


ឯកសារយោង

[1] លឹម ព្រែក «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ​D00591,  «គម្រោងផែនការ៤ឆ្នាំ កសាងសង្គមនិយម គ្រប់ផ្នែករបស់បក្ស ឆ្នាំ១៩៧៧-១៩៨០», បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin