លឹម តេង យុទ្ធជនមន្ទីរយោធាតំបន់១០៥

កំណត់ហេតុសួរចម្លើយត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៨។ លឹម តេង[1] ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅក្នុងភូមិដាយ៉ាយ ខេត្ដក្រចេះ។ ឪពុករបស់ខ្ញុំឈ្មោះ លឹម រកស៊ីលើកអីវ៉ាន់ដាក់លើដំរី និងធ្វើស្រែ។ ចំណែកឯម្ដាយរបស់ខ្ញុំឈ្មោះ យីន។ នៅពេលខ្ញុំមានអាយុ៤ឆ្នាំ ម្ដាយរបស់ខ្ញុំបានស្លាប់ ហើយឪពុករបស់ខ្ញុំបានយកកូនទាំងអស់ទៅរស់នៅជាមួយម្ដាយធំក្នុងស្រុកច្បា ខេត្ដមណ្ឌលគិរី តំបន់១០៥។
លុះនៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានរៀបចំសហករណ៍កាអ៊ូន មានឈ្មោះ យឿម ហៅ គឹមសាន ជាគណៈឃុំកាអ៊ូន ដើម្បីក្ដាប់សហករណ៍នេះផ្ទាល់។ កាលនោះ ខ្ញុំនៅជាកុមារ ហើយខ្ញុំរស់នៅក្នុងសហករណ៍នៅឡើយរហូតដល់ឆ្នាំ១៩៧៥។ ក្រោយមក ខ្ញុំបានសុំអនុញ្ញាតពី គឹមសាន[2] ចូលធ្វើបដិវត្ដន៍ ប៉ុន្ដែត្រូវបានបដិសេធ ដោយ គឹមសាន យកហេតុផលថា មិនមានអ្នកមើលក្នុងសហករណ៍។ តេង ក៏នៅបន្ដធ្វើជាឈ្លប និងមើលដំរីក្នុងសហករណ៍រហូតដល់ឆ្នាំ១៩៧៧ ដោយមានឈ្មោះ ពួញ អតីតកូនប្រសារឈ្មោះ ក្រត ទាហានចាស់ពាក់អាស៊ុយដង់ដែលត្រូវបានខ្មែរក្រហមកម្ទេចកាលពីឆ្នាំ១៩៧៣ ជាអ្នកទទួលខុសត្រូវខាងមើលដំរីនេះ។
រហូតដល់ចុងឆ្នាំ១៩៧៥ និងដើមឆ្នាំ១៩៧៦ គឹមសាន បានអប់រំខ្ញុំឲ្យក្បត់ និងចូលខ្សែសេអ៊ីអា ដោយលើកឡើងថា យើងមិនត្រូវធ្វើបដិវត្ដទេ ព្រោះមានការលំបាកណាស់ ការរស់នៅពិបាកសព្វគ្រប់បែបយ៉ាង ការស៊ីចុកមិនស្រួលតាមចិត្ដ ធ្វើស្រូវបានអង្គការប្រមូលយកអស់ ហើយលើកយកចំណុចអាក្រក់មួយចប់របស់បដិវត្ដ។ គឹមសាន បាននិយាយអូសទាញខ្ញុំថា បើចង់ស្រួលមួយចប់ ទាល់តែចូលសេអ៊ីអា ប្រឆាំងនឹងបដិវត្ដ គឺត្រូវបំផ្លាញសម្ភារបដិវត្ដដែលមានគ្រប់ផ្នែកតាមលទ្ធភាពដែលអាចធ្វើទៅបាន កុំឲ្យបដិវត្ដរីកចម្រើន។ កំឡុងពេលនោះ ខ្ញុំមានតួនាទីជាអ្នកប្រមូលកម្លាំងឲ្យបានច្រើន ដើម្បីកម្ទេចបដិវត្ដដណ្ដើមយករដ្ឋអំណាច។ ខ្ញុំក៏យល់ស្របអនុវត្ដសកម្មភាពក្បត់នេះជាមួយនឹងគឹមសាន ហើយបានទាក់ទងជាមួយខ្សែក្បត់ក្នុងសហករណ៍តាមការឧទ្ទេសនាមរបស់ គឹមសាន ដែលមានឈ្មោះ៤នាក់ដូចតទៅ៖ ពួញ, ពៅ, ឈួន និងទ្រឺម។ នៅក្នុងសកម្មភាពក្បត់ជាមួយបក្ខពួករបស់ខ្ញុំក្នុងសហករណ៍ យើងបានបំផ្លាញដំរីអស់ចំនួន២ក្បាល គឺដំរីមួយក្បាលត្រូវបានយើងធ្វើឲ្យដំរីថ្លោះជើងប្រើប្រាស់លែងកើត ឯមួយក្បាលទៀត យើងបានដឹកអីវ៉ាន់ធ្វើឲ្យខូចខ្នង ដោយសារយើងមិនទ្រាប់អ្វីទាំងអស់។ ក្រៅពីនេះ យើងថែមទាំងមិនឲ្យដំរីស៊ីស្មៅថែមទៀតផង។ ក្រុមរបស់ខ្ញុំបានបំផ្លាញទៅលើសត្វគោ និងក្របីដោយមិនឲ្យស៊ីស្មៅគ្រប់គ្រាន់ ហើយមិនបានដេកយាមដិតដល់ ធ្វើឲ្យខ្លាស៊ីគោជាបន្ដបន្ទាប់។ រីឯការងារស្ទូងស្រូវវិញ គឺមិនបានទិន្នផលនោះទេ ដោយក្រុមយើងខ្ញុំបានប្រាប់គោលការណ៍ឲ្យប្រជាជនស្ទូងញឹក ហើយចាប់ធំៗបណ្ដាលឲ្យស្រូវខូចអស់ជាបន្ដបន្ទាប់ ហើយពេលស្រូវទុំមិនឲ្យកម្លាំងទៅដេញសត្វចាប ធ្វើឲ្យសត្វចាបស៊ីអស់ថែមទៀត។ រយៈពេល១០ថ្ងៃម្ដង យើងខ្ញុំបានរាយការណ៍ទៅកាន់ គឹមសាន។ ក្រោយមក យើងកសាងកម្លាំងបានម្នាក់ទៀតឈ្មោះ ភន ជាយុវជនមើលដំរីក្នុងសហករណ៍កាអ៊ូន។
នៅចុងឆ្នាំ១៩៧៦ នៅពេលអង្គការខ្មែរក្រហមប្រមូលយុវជនតាមសហករណ៍ទៅរស់នៅក្នុងមន្ទីរស្រុកច្បាពេលនោះ គឹមសាន បានឲ្យខ្ញុំភ្ជាប់ខ្សែរយៈជាមួយ ដៃ (ជនជាតិលាវ) ជាប្រធានមន្ទីរឃុំកាអ៊ូន និងឡើងជាប្រធានយោធាស្រុកច្បា តំបន់១០៥ ដែលជាខ្សែរបស់ ខាំភួន ក្នុងឆ្នាំ១៩៧៧។ ក្រោយមក តាមខ្សែរយៈ ដៃ ខ្ញុំក៏បានភ្ជាប់ទំនាក់ទំនងជាមួយខ្សែក្បត់ចំនួន៥នាក់ផ្សេងទៀត រួមមាន៖ រ៉ាមិ, ណៃ, យឿន, ប៉ូវ និង តឹង។ ក្រោយពីឧទ្ទេសនាមហើយ ដៃ បានដាក់ផែនការមកកាន់យើងឲ្យមានសកម្មភាពដូចជា កសាង ពង្រីកកម្លាំងសេអ៊ីអាបន្ថែមទៀត និងបំផ្លិចបំផ្លាញសម្ភារបដិវត្ដន៍គ្រប់ផ្នែក តាមលទ្ធភាព តាំងពីគោ ក្របី នង្គ័ល ផលដំណាំ ម៉ាស៊ីនទំនប់ទឹក និងពេលបិតចម្រូងធ្វើឲ្យយឺតៗ និងកុំឲ្យមុត។
រហូតដល់ពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការខ្មែរក្រហមបានឲ្យយើងឈប់បិតចម្រូង ហើយមកធ្វើស្រែវិញ ពេលនោះ ខ្ញុំនៅក្នុងកងភ្ជួរស្រែជាមួយ យឿន ដោយភ្ជួរបំបោលគោ ក្របី ឲ្យលឿន និងធ្វើឲ្យបាក់នង្គ័ល រនាស់ រយៈពេល៤-៥ថ្ងៃបាក់មួយៗ។ ក្រៅពីនេះ យើងភ្ជួរចោលគន្លងធំៗ និងស្ទូងស្រូវញឹក ដែលធ្វើឲ្យស្រូវបែកគុម្ពមិនរួច ហើយមិនល្អថែមទៀត។ ក្រុមរបស់ខ្ញុំផ្សេងទៀតបានឃ្វាលសត្វគោ ដោយមិនឲ្យស៊ីស្មៅឆ្អែតនោះទេ ហើយជួនកាលទៀតប្រលែងក្របីឲ្យស៊ីដំណាំអំពៅអស់១ចម្ការ និងស្រូវជាហូរហែរ។ លុះដល់ខែសីហា ឆ្នាំ១៩៧៧ ក្រុមរបស់ខ្ញុំបានទៅបំផ្លាញទំនប់ទឹករបស់ស្រុកច្បា អស់ចំនួន១ ឈ្មោះទំនប់អូរវត្ដ ស្ថិតនៅក្បែរមន្ទីរយោធា។ នៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ១៩៧៧ អង្គការខ្មែរក្រហមបានឲ្យយើងសម្រុកដាំដំណាំគ្រប់មុខ ដូចជា ចេក ដូង ខ្នុរ សណ្ដែក អំពៅ ដំឡូង និងដំណាំផ្សេងៗទៀត នៅពេលនោះ ដៃ បានប្រាប់ឲ្យកម្លាំងក្បត់របស់យើងបំផ្លិចបំផ្លាញផែនការទាំងនោះ ដោយជម្រុញមិនឲ្យមានការថែទាំ ហើយធ្វើចលនាបំផុសបំផុលប្រជាជនកុំឲ្យដើរតាមផែនការរបស់ខ្មែរក្រហម។ ក្រោយមក ខ្ញុំបានអូសទាញកម្លាំងបានម្នាក់ទៀត ឈ្មោះអង់ត្លែ ជនជាតិដើមភាគតិចព្នង។ បន្ទាប់មក ខ្ញុំត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ហើយរហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៧ ខ្ញុំត្រូវបានអង្គការបញ្ជូនមកកាន់កន្លែងសួរចម្លើយនេះ រហូតបញ្ចប់ការសួរចម្លើយនៅត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៨។ យ៉ាងហោចណាស់ មនុស្សចំនួន១៣នាក់ បានជាប់ពាក់ព័ន្ធជុំវិញការសួរចម្លើយរបស់ខ្ញុំនៅក្នុងសកម្មភាពក្បត់»៕
អត្ថបទដោយ៖ សួត វិចិត្រ
កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី
[1] ឯកសារ J00198 ដែលមានរក្សាទុកនៅក្នុងការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ បញ្ជាក់ ៖ ចម្លើយសារភាពមិនត្រូវបានចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែជាចម្លើយដែលកើតចេញពីអំពើទារុណកម្ម។
[2] គឹមសាន ជាជនជាតិព្នង ជាអតីតអ្នកមានជាងគេនៅរ៉ាដាង ស្រុកច្បា និងជាខ្សែចាត់តាំងរបស់ ខាំភួន សេដ្ឋកិច្ចតំបន់១០៥ ផង។