អតីតកូនសិស្ស និងជាទាហានឡាវ មុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់ វៀតណាម ចូលមកកម្ពុជា
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៧ទំព័រ ជារបស់ឈ្មោះ លីមស៊ុន បាក់លីម អតីតកូនសិស្ស និងជាទាហានឡាវ ដែលមុនចាប់ខ្លួន គឺជាភ្នាក់ងាររបស់វៀតណាមចូលមកកម្ពុជា។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (D០០០៥៦) បានបង្ហាញអំពីសកម្មភាពរបស់ បាក់លីម ដែលទទួលផែនការពី ង្វៀង ធីបេ មេបញ្ជាការប្រទេសវៀតណាម ឲ្យចូលមក ស៊ើបការណ៍ ពីសភាពការណ៍ទាំងមូល នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៨។ ដើម្បីបំពេញភារកិច្ចនេះឲ្យបានជោគជ័យ បាក់លីម បានសហការគ្នាជាមួយបុគ្គលចំនួន៤រូប ដើម្បីស៊ើបការណ៍ និងសហការគ្នា ធ្វើការវាយកម្ទេចកម្មាភិបាលខ្មែរក្រហមនៅតាមភូមិឃុំ ព្រមទាំងឃោសនាឲ្យប្រជាជនបែកបាក់សាមគ្គីគ្នា។ ឯកសារនេះ មិនបានបង្ហាញអំពីឈ្មោះ បាក់លីម ត្រូវបានចាប់ខ្លួន និងសម្លាប់នៅថ្ងៃណាទេ ប៉ុន្តែយើងឃើញមានការចុះហត្ថលេខាពីអ្នកសួរចម្លើយ(កម្មាភិបាលខ្មែរក្រហម) ចំនួន២រូប ឈ្មោះ ខឿន និង ខុន បានកត់ត្រាថ្ងៃសួរចម្លើយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៧៨។
ខាងក្រោមជាចម្លើយសារភាពរបស់ លីមស៊ុន បាក់លីម
លីមស៊ុន បាក់លីម ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បាក់លីម បានប្រឡងចូល សូទីវការ នៅអាយុ១៤ឆ្នាំ។ ក្រោយមក បាក់លីម បានប្រឡងចូលថ្នាក់ទី៦ ប៉ុន្តែប្រឡងមិនជាប់ ហើយធ្លាក់ចំនួន២ឆ្នាំ។ នៅឆ្នាំ១៩៥៥ បាក់លីម បានឡើងមករៀនសាលាឈ្នួល នៅឯរាជធានីភ្នំពេញ។ សាលារៀននោះមានឈ្មោះ ថា «កម្ពុជបុត្រ» ។ នៅឆ្នាំ១៩៥៧ បាក់លីម បានប្រឡងជាប់ថ្នាក់ទី៥ ហើយបានចូលរៀនបន្តនៅសាលា វិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៥៩ បាក់លីម បានប្រឡងឌីប្លូមធ្លាក់។ បន្ទាប់មក គាត់ក៏បានមករស់នៅទីក្រុងភ្នំពេញហើយប្រកបរបររកស៊ីនៅទីនោះ។ បាក់លីម មានមិត្តភក្តិចំនួន៣នាក់ ឈ្មោះ ចាន់ ថន, សាវ៉ាន់ និង ផេង។ នៅឆ្នាំ១៩៦២ បាក់លីម រួមជាមួយនឹង ចាន់ ថន និង សាវ៉ាន់ ត្រូវបាន ផេង នាំទៅដើរលេងនៅ ប្រទេសឡាវ ប៉ុន្តែ ក៏ត្រូវបាន ប៉ូលីស ឡាវ ឃាត់ខ្លួន មិនឲ្យត្រឡប់មកកម្ពុជាវិញ។ មានតែ ផេង ម្នាក់ប៉ុណ្ណោះដែលអាចរួចខ្លួនមកកម្ពុជាវិញបាន។ ខណៈពេលដែល បាក់លីម ស្ថិតនៅក្នុងប្រទេសឡាវ គាត់ បាន ចូលបម្រើទាហាន ឲ្យប្រទេសឡាវ ចំនួន១ឆ្នាំ ក្នុងខេត្តប៉ាក់សេ នៅឆ្នាំ១៩៦៣។ នៅឆ្នាំ១៩៦៥ បាក់លីម បានចូលធ្វើជាគ្រូបង្រៀន នៅសាលាឯកជន ភាសាបារាំង ឈ្មោះ ឡាវ ថាវ៉ន ដែលមាន សុន ធី ជាចាងហ្វាង។ នៅឆ្នាំ១៩៦៨ បាក់លីម បានឡើងមកក្រុងវៀងច័ន្ទន៍ ដើម្បីស្វែងរកការងារធ្វើ។ បាក់លីម បានសុំថៅកែឈ្មោះ ស៊ីន ថង ធ្វើការជាបរិសាត់ដឹកនាំ។ នៅឆ្នាំ១៩៧០ បាក់លីម បានប្តូរមកធ្វើការនៅបរិសាត់ ស្ទីល របស់ជនជាតិបារាំងឈ្មោះ ឌុយ ប៊ុយដា ។ នៅឆ្នាំ១៩៧១ បាក់លីម ក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយប្រកបរបរលក់ដូរជាមួយគ្រួសារនៅឯភ្នំពេញ។ នៅឆ្នាំ១៩៧២ បាក់លីម បានចាកចេញពីប្រទេសកម្ពុជា ហើយធ្វើដំណើរមកប្រទេស-ឡាវ ម្តងទៀត ក្នុងគោលបំណង ចូលធ្វើការជាមួយ ជនជាតិបារាំង ឈ្មោះ ហង់រី ហ្លាម៉ង់។ បាក់លីម ត្រូវបាន ហង់រី ហ្លាម៉ង់ ចាត់ឲ្យធ្វើជាភ្នាក់ងារ ហ្រ្វង់ ហ្រ្វេស រហូតដល់ចុងឆ្នាំ១៩៧៦។ ក្រោយមក បាក់លីម ត្រូវបាន ហង់រី ហ្លាម៉ង់ នាំឲ្យស្គាល់ ង្វៀង ធីបេ មេបញ្ជាការកងទ័ពវៀតណាម(សក្តិ៤) ប្រចាំភូមិភាគខាងត្បូងនៃប្រទេសឡាវ។ បាក់លីម ត្រូវបានណែនាំពី ង្វៀង ធីបេ ឲ្យដើរយកការណ៍ពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឡាវ ទាំងនៅក្នុងក្រុង និងនៅតាមទីជនបទ ជាពិសេស ចង់ដឹងពីចិត្តគំនិតរបស់ប្រជាជនឡាវ ចូលចិត្តប្រជាជន វៀតណាមឬទេ? ហើយមានបក្សណាខ្លះនៅក្នុងប្រទេសឡាវ ដែលប្រឆាំងនឹងប្រទេសវៀតណាម? ផ្ទុយទៅវិញ បាក់លីម បានឃើញពួកស្តាំនិយម ប្រឆាំងទៅនឹងបដិវត្តន៍ឡាវ។ នៅឆ្នាំ១៩៧៦ នៅកោះ សៀង ស៊ូ មានការបាញ់គ្នា រវាងបដិវត្តន៍ឡាវ និងស្តេច ប៊ុន អ៊ុំ (ស្តាំនិយម) ដើម្បីដណ្តើមយកកោះ សៀង ស៊ូ ជិតទីក្រុង វៀងច័ន្ទន៍។ នៅខែធ្នូ ឆ្នាំ ១៩៧៧ ពួកស្តាំនិយម បានសម្លាប់ស្ថានទូតជប៉ុនចំនួន២នាក់ប្តីប្រពន្ធ។ លើសពីនេះទៅទៀត ទីក្រុង វៀងច័ន្ទន៍ ពោរពេញទៅដោយចោរប្លន់ និងមានការសម្លាប់មនុស្សជាបន្តបន្ទាប់។ ប្រជាជនឡាវមួយចំនួន បានភៀសខ្លួនទៅរស់នៅប្រទេសសៀម ។ ចំណែកឯនៅតាមទីជនបទវិញ បានកើតអសន្តិសុខនៅក្នុងសង្គម និងខ្វះខាតស្បៀងអាហារ។
ផែនការចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា
នៅអំឡុងឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៨, តាមការបញ្ជារបស់ ង្វៀង ធីបេ, បាក់លីម ត្រូវបានបញ្ជួនមកកម្ពុជា ក្នុងតួនាទីជាអ្នកស៊ើបការណ៍ពិសេស ។ កិច្ចការដែល បាក់ លីម ត្រូវធ្វើគឺ៖ ស៊ើបអំពីវត្តមានប្រជាជនជនវៀតណាម មាននៅសេសសល់លើទឹកដីកម្ពុជាឬទេ? បើសិនជាមាន បាក់លីម ត្រូវញុះញង់ឲ្យប្រជាជនវៀតណាម ចូលរួមធ្វើសកម្មភាព បំផុសប្រជាជនកម្ពុជា ឲ្យបែកបាក់សាមគ្គីគ្នា។ ស៊ើបអំពីការគ្រប់គ្រងរបស់ខ្មែរក្រហម នៅតាមទីក្រុង និងនៅតាមទីជនបទ ថាតើមានលក្ខណៈបែបណា? ស៊ើបរកឈ្មោះ បុគ្គលចំនួន៤រូប ឈ្មោះ សុក អឌិត, ហេង, វ៉េង និង កែវ ខាំ (ជនជាតិឡាវ) ដើម្បីសហការគ្នា ចូលរួមឃោសនាឲ្យប្រជាជនបែកបាក់ពីបក្សកុម្មុយនីស្តកម្ពុជា និងសហការគ្នា លួចកម្ទេចកម្មាភិបាលខ្មែរក្រហម នៅតាមភូមិឃុំ។ ស៊ើបអំពីចំនួនកងទ័ពរបស់ខ្មែរក្រហមមានចំនួនប៉ុន្មានកងពល ហើយការរៀបចំកងទ័ព មានលក្ខណៈយ៉ាងដូចម្តេចដែរ នៅតាមព្រំដែន កម្ពុជា-ឡាវ? ស៊ើបមើលនៅតាមព្រំដែនកម្ពុជាទាំងមូល ថាតើខ្មែរក្រហម ដាក់កាំភ្លើងធំនៅកន្លែងណា ហើយរថក្រោះនៅកន្លែងណា?
ផែនការរបស់ប្រទេសវៀតណាម វាយយកខេត្តស្ទឹងត្រែង
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៧៨ បាក់ លីម ត្រូវបានអង្គការចាប់ខ្លួនយកមកសួរចម្លើយនៅមន្ទីរស-២១។ តាមរយៈចម្លើយសារភាពរបស់ បាក់លីម ផែនការរបស់ប្រទេសវៀតណាម នឹងត្រៀមធ្វើការវាយយកខេត្តស្ទឹងត្រែង នៅខែកុម្ភៈ និង ខែមីនា ឆ្នាំ១៩៧៨ ក្រោយពេល បាក់លីម ត្រូវបានចាប់ខ្លួន បាន១ខែ។ ប្រទេសវៀតណាម បានរៀបចំផែនការរួចជាស្រេច ដូចជា៖ ដាក់ពង្រាយកងទ័ព នៅតាមព្រំដែនខ្មែរ-ឡាវ ចំនួន១ម៉ឺន នាក់ ដឹកនាំដោយមេបញ្ជាការឈ្មោះ ត្រាន់ វ៉ាន់ទៀង, បន្ថែមកងវាយឆ្មក់ចំនួន៥ពាន់នាក់ ដឹកនាំដោយ មេបញ្ជាការឈ្មោះ ង្វៀង ធីបេ (សហការជាមួយកងទ័ព១ម៉ឺននាក់ខាងលើ), ត្រៀមកាំភ្លើងធំចំនួន៣០ដើម (ធុន១០៥ និង ១០៨) ដាក់ពង្រាយពីអាត់តាពើ រហូតមកដល់ខេត្តស្ទឹងត្រែង។ បន្ថែមពីលើនេះទៅទៀត ស្បៀងត្រីខកំប៉ុងមួយចំនួន, យន្តហោះចំនួន២០គ្រឿង និង រថក្រោះចំនួន៤០គ្រឿង ត្រូវបានជំនួយពីខាងសូវៀត រួមទាំងបច្ចេកទេសបើកបរ ទាំងផ្លូវគោក និងផ្លូវអាកាស។
អត្ថបទេដោយ៖ ថុន ស្រីពេជ្រ
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា