លីវ កាន ៖ ការសម្តែងសិល្បៈរបស់ខ្មែរក្រហមផ្តោតលើនយោបាយ និងស្មារតីបដិវត្ដន៍

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លីវ កាន[1] ភេទប្រុស អាយុ​៧០ឆ្នាំ មានទីកន្លែង​នៅភូមិ​​កំបោរ ឃុំ​​ភ្នំលាភ ស្រុក​ព្រះ​នេត្រព្រះ​ ខេត្ដ​បន្ទាយ​​​មាន​ជ័យ​​។ ​បច្ចុប្បន្ន​​​ កាន រស់​នៅ​​ក្នុ​ង​​ស្រុក​​​អន្លង់វែង​ ​ខេត្ដ​ឧត្ដរ​មានជ័យ។​

​លីវ កាន បាន​និយាយ​ថា៖ “ខ្ញុំ​​មាន​បង​ប្អូន​ចំនួន​៨នាក់ (ប្រុស​៧នាក់ និង​ស្រី​១នាក់)។ ​ខ្ញុំ​​គឺជា​កូនទី​​៤​​​នៅ​ក្នុង​គ្រួសារ ​​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​​។​ កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ។ ឪពុក​របស់​ខ្ញុំ​ឲ្យខ្ញុំ​ឃ្វាល​​គោ​។ ក្រោយ​មក​ ខ្ញុំចូលរៀន​បានមួយរយៈ​។ ខ្ញុំក៏​បាន​ត្រលប់​មក​ផ្ទះ​វិញ ​ដោយសារ​នឹក​ការ​ឃ្វាល​គោ​។​​​

​ក្រោយ​​​មក ខ្ញុំ​បានចាក​ចេញ​​​ពី​ឪ​ពុក​ម្ដាយ ​​ចូល​បម្រើ​ក្នុងបដិវត្ដន៍​ខ្មែរ​ក្រហម​។ ​ដំបូង​ ខ្ញុំបាន​ចូល​ទៅ​ក្នុង​​កង​សិល្បៈ​​ខ្មែរក្រហម។ ក្រុមទាំងមូល ​​មានសមាជិក​ចំនួន​៣០នាក់។​ ភាគច្រើនយើង​សម្ដែង​នៅក្នុងព្រៃ​ ហើយការ​សម្ដែង​​របស់​យើង​ទាក់ទង​នឹង​នយោបាយ​ និង​ស្មារតី​បដិវត្ដន៍​។ ប្រជា​ជន​ត្រូវ​បាន​ប្រមូល​ពី​ក្នុង​ភូមិ​​ឲ្យ​ទៅ​ទស្សនា​​សិល្បៈ​​នៅក្នុងព្រៃ​។​ ចម្រៀងនិង​ខ្លឹមសារ​​សម្ដែង​​របស់​ក្រុមសិល្បៈ​ ផ្ដោត​លើ​«នីរសារ​​អង់​អាច និង​ខ្មាំង​»។ ប្រសិន​​បើអំ​ឡុង​​​ពេល​ទស្សនា មាន​សភាព​ការណ៍​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​ ការសម្ដែង​របស់​យើង​​នឹង​បញ្ឈប់​ ហើយ​ភ្លើង​គប់ត្រូវបាន​ពន្លត់​ភ្លាមៗ​។​ មនុស្សម្នា នឹង​នាំគ្នា​ក្រាប ឬរកកន្លែង​សុវត្ថិ​ភាព​។​ ​​កង​​សិល្បៈ​​របស់ខ្ញុំ​ចល័ត​ទៅ​ភ្នំ​កូន​ខ្លែង​។ ​នៅ​ទី​នោះ យើង​រស់នៅ​ជាមួយគ្នា​ ហើយ​​​ការ​ហូប​ចុក​ល្អ​ប្រសើរ​។​​ យើង​ទទួល​​បាន​បាយ និង​ម្ហូប​សត្វ​ព្រៃ​ដែល​យើងបរបាញ់បាន​។​

បន្ទាប់មក ខ្ញុំ​បាន​ចូលបម្រើ​ជា​នីរ​សានៅក្នុង​កង​១០១ ក្រោម​ការ​គ្រប់​គ្រង​របស់ តាំង​ ខឿន​ ដែល​មាន​​​មូល​ដ្ឋាន​​នៅ​ក្នុង​​ភ្នំ​​កូន​ខ្លែង​។ នៅពេល​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​នៅថ្ងៃទី​១៧ ខែ​មេសា​ ឆ្នាំ​១៩៧៥ អង្គការ​​បា​ន​បញ្ជូន​ខ្ញុំ​ទៅស្រុក​អង្គ​ស្នួល​ ខេត្ដ​ក្រចេះ។​ នៅ​ពេល​​នោះ​ ខ្ញុំ​ទទួ​ល​រង​របួស ​ហើយ​កំពុង​សម្រាក​ព្យាបាលនៅឡើយ។ ខ្ញុំ​ និង​កងទ័ព​ខ្មែរក្រហម​ផ្សេងទៀត ព្យាយាម​ជិះ​ស្រឡាង​​ឆ្លង​កាត់​​​ទន្លេ​​ចេញពី​ខេត្ដ​ក្រចេះ​​ទៅ​កា​ន់​​ក្រុង​​សួង។​

ប៉ុន្ដែ​ជាអកុសល​ កងទ័ព​វៀតណាម​បាន​ចាប់​​ខ្ញុំ។​ ខ្ញុំ​ត្រូវ​បាន​​បង្ខំ​ឲ្យ​ដោះ​​ឯក​សណ្ឋាន​​ខ្មែរក្រហម ព្រមទាំងស្បែកជើង​ផង។​ កងទ័ព​វៀតណាម​បញ្ជូន​ខ្ញុំ​ដោយថ្មើរ​ជើង​ទៅ​កាន់​រោង​ឈើ​មួយមានសភាព​​ដូច​ក្រោល​គោ ​ដើម្បី​សួរ​ចម្លើយ។ ខ្ញុំបាន​ធ្វើដំណើររហូតដល់​ពង​ជើង​ ហើយ​ខ្ញុំ​បាន​​យក​ក្រមា​រុំ​បាត​ជើង​​ដើម្បី​ដើរ​ទៅ​មុខ​ទៀត។​​​ កងទ័ពទាំងនោះ បាន​​សួរចម្លើយ​ខ្ញុំ​​ទាំង​ព្រឹក​ទាំងល្ងាច រយៈ​ពេល​​១០​ថ្ងៃ​ជាប់​ៗ​គ្នា​។ រាល់​ពេល​សួរ​ចម្លើយ​ម្ដងៗ កងទ័ព​វៀតណាម​បាន​យក​កាំ​ភ្លើង​ផ្ជង់ក្បាល​ខ្ញុំ ហើយ​សួរខ្ញុំ​ថា ម៉េចបាន​​ ​សម្លាប់គេ (សំដៅ​លើ​ការសម្លាប់​ប្រជាជន​ក្នុង​សហករណ៍ និងកងទ័ព​វៀតណាម​)។ ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំមិនបាន​សម្លាប់​​អ្នក​ណា​​ទេ​ ​ខ្ញុំ​​នៅ​​តែ​​សមរភូមិ​​មុខ​​ប៉ុណ្ណោះ។​ ​ចំពោះ​​ការ​​ប្រយុទ្ធ​គ្នា​​នៅក្នុង​​សមរភូមិ ប្រាកដ​​ណាស់​​ គេ​បាញ់​​​ខ្ញុំ​ ខ្ញុំ​បាញ់​គេ​វិញ​​។​​

ខ្ញុំ​​ឆ្លើយ​​​បែប​​នេះ​​ដដែល​​​ រហូត​​ដល់​​​កង​ទ័ព​​វៀតណា​ម​​ដោះ​​លែង​ខ្ញុំ ​​ឲ្យ​​​វិល​​ត្រលប់​​ទៅ​រក​ក្រុម​​គ្រួ​សារ​វិញ។ ​កងទ័ព​វៀតណាម បាន​ផ្ដល់​​​ប័ណ្ណ​សម្គាល់​​ខ្លួន​​​មួយ​សន្លឹកដល់ខ្ញុំ​​ ខណៈអ្នកទោស​មួយចំនួន​ទៀត​មិន​ទាន់​​ត្រូវបាន​ដោះលែង​នៅឡើយ​។ ​ការ​ជាប់​​ឃុំឃាំង​យូរ​ ឬឆាប់ អា​ស្រ័យលើ​ការ​ឆ្លើយ​ស្មោះ​ត្រង់ និងថា​តើ​ការ​​ជាប់ពាក់​ព័ន្ធ​នឹងខ្សែ​រយៈ ឬតួនាទី​ក្នុង​​របប​ខ្មែរក្រហម​កម្រិតណា​។ ​

អំឡុង​ពេល​នោះ​ ខ្ញុំ​បាន​ធ្វើ​​ដំណើរ​​ទៅ​​ស្រុក​ស្ទោង​ ខេត្ដ​កំពង់ធំ​។ នៅ​តា​ម​​ផ្លូវ​ ​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​អាប់​សែមុ​ខ​​របួស​។ ខោអាវ​របស់​ខ្ញុំ​​​ចាប់​ផ្ដើម​កើត​​សត្វ​​ចៃ​​។ អំឡុង​ពេលនោះ ខ្ញុំ​បាន​ជួប​នឹង​ឡាន​កងទ័ព​វៀតណាម​ ហើយខ្ញុំ​បាន​បង្ហាញ​​​ប័ណ្ណ​សម្គាល់​ខ្លួន​។ កង​ទ័ព​​ទាំង​នោះ​​បាន​​​ឲ្យ​​ខ្ញុំ​​ឡើង​ឡានទៅ​ជាមួយ​​ រហូត​ទៅដល់​ស្រុ​ក​​ស្ទោង។​​ ​​​​​​យាយ​​តា​​ពីរ​នាក់​ បាន​​​​យក​​ខ្ញុំ​​ទៅ​​ព្យាបាល​​នៅ​ឯ​ផ្ទះ​របស់​គាត់ ​រហូត​ដល់ខ្ញុំ​​​ជា​សះ​ស្បើយ។​ ​គាត់​ចាត់​ទុក​ខ្ញុំ​ដូច​ជា​កូនបង្កើត​របស់​គាត់​។ គាត់ថែម​ទាំងបាន​​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ខ្ញុំ​ទៀត​ផង។ ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​​នៅ​ពេល​នោះ គឺ​អារឈើ​លក់​ទៅ​ឲ្យ​ឈ្មួ​ញ​នៅ​ស្រុក​ស្ទោង។​ យើង​​ធ្វើ​ដំណើរ​ពីរឬបី​យប់​ទាំងទៅ​ទាំង​មក​។​ ​ ចាប់​ពី​​ខ្ញុំ​​រៀប​ការ​មក ខ្ញុំ​ចាប់​ផ្ដើម​វិល​ទៅរក​អាជីព​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​ឯ​ស្រុក​ប្រពន្ធ​របស់ខ្ញុំ​។​

រហូត​ដល់​បញ្ចប់​សង្គ្រាម​នៅ​អន្លង់វែ​ង​ក្នុង​ឆ្នាំ​១៩៩៨ ខ្ញុំនិងគ្រួសារ​បាន​មក​រស់នៅ​​ស្រុក​អន្លង់វែង​ជាមួយ​​នឹង​ថវិកា​ចំនួន​៣ម៉ឺន​រៀល។​ ខ្ញុំមករស់នៅ​​ទីនេះ ដោយសារ​នៅឯ​ស្រុក​​កំណើត​មិន​មាន​ដីធ្លី​សម្រាប់​រស់​នៅ​។ ដីធ្លី​ឪពុក​ម្ដាយ​របស់ខ្ញុំ​ត្រូវ​គេចាប់យក​អស់​។​​ ក្រោយ​មក​ ​ខ្ញុំ​បាន​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ជាមួយ​​នឹ​ងភាព​សោក​​​សៅ ដោយ​បាត់​បង់​បងប្អូន​ និង​សាច់​​ញាតិ​​មួយ​ចំនួ​ន​​នៅ​​ក្រោម​​របប​​ខ្មែរ​ក្រហម​៕”

អត្ថបទដោយ សួត វិចិត្រ


[1] សួត វិចិត្រ សម្ភាសន៍​ជាមួយ​​ លីវ កាន នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ​ នៅថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin