ផាត់ អោ ៖ កម្មករនៅមន្ទីរពាណិជ្ជកម្ម ក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឡឹក អោ ហៅ ផាត់ អោ កើតនៅឆ្នាំ១៩៥៨ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ពេលខ្ញុំអាយុជាង១០ឆ្នាំ ខ្ញុំបានចូលរៀននៅថ្នាក់ទី១២ (ពីសង្គមចាស់)។ នៅឆ្នាំ១៩៧៤ ខ្ញុំបានចូលបួសជាព្រះសង្ឃនៅវត្តក្នុងភូមិ ដែលមានព្រះសង្ឃចំនួន២០អង្គគង់នៅ។ សម័យនោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ នៅគ្រប់គ្រងភូមិខ្ញុំនៅឡើយ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិចេក ហើយបញ្ជាឱ្យព្រះសង្ឃគង់នៅក្នុងវត្តទាំងអស់សឹក។ នៅពេលទទួលបានដំណឹងនេះ ព្រះសង្ឃរាជវត្ត មានសង្ឃដីកាស្នើសុំទៅខ្មែរក្រហមឱ្យលោកនេននៅក្នុងវត្តសឹកមុនសិន ចំណែកព្រះអង្គនឹងសឹកតាមក្រោយ ប៉ុន្តែខ្មែរក្រហមបានបដិសេធថា «មិនបានទេ គឺត្រូវតែសឹកទាំងអស់» តែម្តង។ បន្ទាប់ពីសឹករួច ព្រះសង្ឃមួយចំនួនបានត្រឡប់ទៅរស់នៅផ្ទះវិញ ចំណែកមួយចំនួនទៀតបានចូលធ្វើសេនាជនបម្រើឱ្យខ្មែរក្រហម។ ខ្ញុំបានចូលធ្វើសេនាជនភូមិបានមួយរយៈ ដោយមានឈ្មោះ តាសារឿន គឺជាគណៈស្រុកចន្រ្ទា (បន្ទាប់ពីខ្មែរក្រហមចាប់តា សារឿន ទើបដាក់ តាញ៉ុក ឱ្យឡើងជំនួសវិញ)។
នៅឆ្នាំ១៩៧៧ បងបង្កើតរបស់ខ្ញុំឈ្មោះ ឡឹក មុត គឺជាប្រធានសហករណ៍ភូមិចេកបានជ្រើសរើសខ្ញុំឱ្យទៅធ្វើជាកម្មករនៅរោងចក្រក្នុងក្រុងភ្នំពេញ ដោយពេលនោះខ្ញុំត្រូវធ្វើដំណើរកាត់តាមទន្លេបិទ ខេត្តកំពង់ចាម។ នៅពេលខ្ញុំទៅដល់ភ្នំពេញ ខ្មែរក្រហមប្រាប់ខ្ញុំថា «ទៅធ្វើការនៅកសិដ្ឋានចិញ្ចឹមត្រីប្រានៅព្រែកព្នៅ មួយរយៈសិនទៅ» ដើម្បីដកពិសោធន៍ការងារ។ នៅពេលខ្ញុំទទួលលទ្ធផលល្អទាក់ទងនឹងការងារហើយ ចាំចូលធ្វើការនៅក្នុងក្រុងភ្នំពេញ។ ការងាររបស់ខ្ញុំនៅព្រែកព្នៅគឺបាចកន្ទក់ឱ្យត្រីប្រាស៊ី។ នៅកសិដ្ឋានដែលខ្ញុំធ្វើការ គឺមានកម្មករស្រី-ប្រុសវ័យក្មេងៗប្រមាណ៦០នាក់ ដោយមានកម្មករស្រីច្រើនជាងកម្មករប្រុស។ នៅទីនោះ ខ្ញុំមិនឃើញប្រជាជនរស់នៅទេ គឺមានតែកម្មករ និងអ្នកធ្វើការនៅតាមរោងចក្រ។
មួយរយៈក្រោយមក ទើបប្រធានកងបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅរោងចក្រធ្វើសំឡីគ នៅម្តុំផ្សារចាស់ ក្នុងក្រុងភ្នំពេញ ដោយមានកម្មករប្រមាណ១០០០នាក់។ ពេលខ្ញុំទៅដល់រោងចក្រដំបូង ខ្មែរក្រហមឱ្យខ្ញុំធ្វើជីវទស្សន៍ដោយសួរថា តើនៅស្រុកកំណើតរបស់មិត្ត ឪពុកម្តាយ និងបងប្អូនរបស់មិត្ត ធ្វើការងារអ្វីខ្លះ? ខ្ញុំឆ្លើយប្រាប់ថា មិនមានធ្វើការងារអ្វីទេ គឺធ្វើតែស្រែប៉ុណ្ណោះ។ នៅរោងចក្ររបស់ខ្ញុំនៅក្រោមការគ្រប់គ្រងរបស់មន្ទីរពាណិជ្ជកម្មដែលមានប្រធានមន្ទីរឈ្មោះមិត្តនារី ប៉ុល យាន មានស្រុកកំណើតនៅខេត្តកណ្តាល។ រោងចក្រធ្វើសំឡីគពេលនោះចែកចេញជាពីផ្នែកធំៗគឺ ១) ផ្នែកវាយបំបែកផ្លែគទុំដើម្បីបកយកសំឡី និង ២) ផ្នែកគ្រីបសំឡីគ ដឹកចេញទៅប្រទេសចិន ដើម្បីដូរយកត្រាក់ទ័រ និងគ្រឿងចក្រកសិកម្មមកវិញ។ រាល់ថ្ងៃខ្ញុំត្រូវវាយបំបែកផ្លែគទុំយកសំឡី និងគ្រីបសំឡីគ ដែលផ្លែគទុំទាំងនោះដឹកតាមរថយន្តមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ ក្រៅពីវាយបំបែកផ្លែគទុំ និងគ្រីបគ ខ្ញុំត្រូវលីបាវសណ្តែកបាយ សណ្តែកសៀង និងសណ្តែកដី ដែលដឹកជញ្ជូនតាមរថយន្តជំនួយរបស់ចិនមកពីខេត្តកំពង់ចាម និងខេត្តក្រចេះ យកមកទុកនៅក្នុងឃ្លាំង។ បន្ទាប់ពីចប់ម៉ោងធ្វើការងារ ខ្ញុំត្រូវត្រឡប់មកដេកនៅរោងចក្រធ្វើសំឡីគ ស្ថិតនៅក្នុងវត្តទួលទំពូង ដែលជាសាខាមួយរបស់មន្ទីរពាណិជ្ជកម្មដែរ។ ចំណែករបបអាហារ ខ្ញុំទទួលបានគ្រប់គ្រាន់ គឺក្នុងមួយថ្ងៃទទួលបានអាហារបីពេលគឺម៉ោង៧ព្រឹក ម៉ោង១២ថ្ងៃត្រង់ និងម៉ោង៥ល្ងាច។ ខ្ញុំឃើញជនជាតិចិនដែលធ្វើការនៅស្ថានទូតចិនក្នុងក្រុងភ្នំពេញ មកទស្សនកិច្ចកន្លែងខ្ញុំធ្វើការជាញឹកញាប់។ នៅពេលខ្ញុំធ្វើការងារធ្ងន់ហើយខ្ញុំជាប់ចង្កេះ ប្រធានកងបានអនុញ្ញាតឱ្យខ្ញុំទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ១៧ មេសា ដែលមានគ្រូពេទ្យខ្មែរនៅព្យាបាល និងថែទាំ ហើយម្តងម្កាលមានពេទ្យជនជាតិចិនមកត្រួតពិនិត្យដែរ។ ភាគច្រើនអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៧ មេសា គឺជាមនុស្សចាស់ និងមនុស្សពេញវ័យ។ ខ្ញុំសម្រាកព្យាបាលនៅពេទ្យរហូតបានធូរស្បើយទើបមកធ្វើការងារវិញ។
នៅមន្ទីរពាណិជ្ជកម្មដែលខ្ញុំធ្វើការក៏មានការប្រជុំដែរ ដោយប្រធានអង្គប្រជុំលើកឡើងអំពីការងារប្រចាំថ្ងៃ ជាពិសេសបានលើកឡើងអំពីការបាត់បង់ទឹកដីនៅប៉ែកខាងកើតប្រទេស រួមមាន (ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តកំពង់ចាម) ដែលប្រទេសវៀតណាមបានយក ដោយបានចង្អុលបង្ហាញទៅលើផែនទី។ មួយរយៈក្រោយមក ខ្មែរក្រហមចាប់ផ្តើមជ្រើសរើសយុវជន ដែលមានវ័យច្រើនជាងខ្ញុំឱ្យចូលធ្វើកងទ័ព ដូច្នេះកម្មករនៅរោងចក្រធ្វើសំឡីគរបស់ខ្ញុំនៅសល់ប្រមាណតែ៤០០នាក់ប៉ុណ្ណោះ។
នៅរោងចក្រធ្វើសំឡីគរបស់ខ្ញុំក៏មានការចាប់ខ្លួនអ្នកប្រព្រឹត្តខុសដែរ ប៉ុន្តែការចាប់ខ្លួននោះគឺអ្នកគ្រប់គ្រងមិនឱ្យសាមីខ្លួនដឹងមុនឡើយ។ ឧទាហរណ៍ នៅពេលដឹងថាមានអ្នកប្រព្រឹត្តខុស អ្នកគ្រប់គ្រងនៅមន្ទីរពាណិជ្ជកម្មបានរាយការណ៍ជាសម្ងាត់ទៅកងសន្តិសុខខ្មែរក្រហម បន្ទាប់មកកងសន្តិសុខមកហៅអ្នកដែលប្រព្រឹត្តខុស ដោយកុហកថាយកទៅធ្វើការអប់រំរៀនសូត្រ ឬទៅធ្វើការងារនៅថ្មី ហើយចាប់ខ្លួនតែម្តង។ ភាគច្រើនកងសន្តិសុខខ្មែរក្រហមបានចោទអ្នកទាំងនោះថា ចូលដៃជើងជាមួយខ្មាំង ឬខ្ជិលច្រអូសពេលធ្វើការងារ។ ជាក់ស្តែង គឺមានសមមិត្តម្នាក់ដែលទើបតែចូលមកធ្វើជាកម្មករនៅរោងចក្រធ្វើសំឡីគ ត្រូវបានកងសន្តិសុខខ្មែរក្រហមចាប់ខ្លួន ដោយចោទថា ខ្ជិល និងក្បត់អង្គការ។ ចំណែកហេតុការណ៍មួយទៀត គឺថ្ងៃមួយពេលកំពុងធ្វើការងារ មានកម្មករម្នាក់ឈ្មោះ ម៉ុន មកពីខេត្តកំពង់ចាម បានតវ៉ាជាមួយប្រធានមន្ទីរពាណិជ្ជកម្មថា «ហេតុដូចម្តេចបានជាធ្វើការច្រើនម៉ោងម្ល៉េះបង មួយថ្ងៃធ្វើការបីវេនតើមានពេលឯណាហូបបាយទឹក កុមារមិនទាន់ពេញវ័យផង ធ្វើការដូចេ្នះបាក់កម្លាំងកុមារហើយ»។ បន្ទាប់ពីចប់ម៉ោងធ្វើការងារ និងឈប់សម្រាក ខ្ញុំឃើញកងសន្តិសុខខ្មែរក្រហមមកចាប់ ម៉ុន នៅផ្ទាល់នឹងភ្នែករបស់ខ្ញុំតែម្តង។ មុននឹងចាប់ ម៉ុន កងសន្តិសុខបញ្ជា ម៉ុន ថា «សមមិត្តដាក់ដៃទាំងពីរទៅក្រោយ» រួចហើយចងនិងរុញចូលឡាន ហើយដឹកចេញតែម្តង។ ក្រោយពីចាប់ខ្លួន ម៉ុន បានមួយរយៈ មន្ទីរពាណិជ្ជកម្មបានកោះហៅកម្មករមកប្រជុំប្រាប់ថា «សមមិត្ត ម៉ុន ក្បត់នឹងអង្គការ»។ ពេលឮការលើកឡើងរបស់អង្គប្រជុំ ខ្ញុំខិតខំធ្វើការងារយ៉ាងខ្លាំង ព្រោះខ្លាចសន្តិសុខខ្មែរក្រហមចាប់ខ្លួនខ្ញុំដែរ។
នៅដើមឆ្នាំ១៩៧៨ ខ្ញុំបានសុំច្បាប់ប្រធានក្រុមរបស់ខ្ញុំឈ្មោះ សារឿន មានស្រុកកំណើតនៅខេត្តព្រៃវែង មកលេងស្រុកកំណើតរយៈពេលកន្លះខែ។ ពេលនោះ សារឿន បានរាយការណ៍បន្តទៅអ្នកគ្រប់គ្រងខាងលើ ទើបខ្ញុំទទួលបានសំបុត្រអនុញ្ញាតពីប្រធានមន្ទីរពាណិជ្ជកម្ម។ បន្ទាប់មក មន្ទីរពាណិជ្ជបានយករថយន្តក្រុង៨បាំងដឹកខ្ញុំមកស្រុកកំណើត។ ពេលមកដល់ផ្ទះ ខ្ញុំបានជួបម្តាយ និងបងរបស់ខ្ញុំ។ ខណៈនោះក៏មានឈ្លបភូមិមកតាមដានខ្ញុំដែរ ប៉ុន្តែនៅពេលមិនឮខ្ញុំនិយាយឬប្រព្រឹត្តប៉ះពាល់ដល់អង្គការទើបនាំគ្នាត្រឡប់ទៅវិញអស់។ ខ្ញុំបានឃើញប្រជាជននៅក្នុងសហករណ៍ភូមិចេកនាំគ្នាផលិតជីពីលាមកមនុស្សនិងសត្វ ហើយខ្ញុំក៏បានចូលរួមធ្វើការងារនៅក្នុងសហករណ៍ដែរ។ ខ្ញុំទទួលបានរបបអាហារហូបគ្រប់គ្រាន់ព្រោះបងរបស់ខ្ញុំគឺជាប្រធានសហករណ៍ ដោយឡែកប្រជាជនមិនទទួលបានគ្រប់គ្រាន់ដូចខ្ញុំឡើយ។ ខ្ញុំ ឈប់សម្រាកលើសថ្ងៃអនុញ្ញាតប្រមាណជិតមួយសប្តាហ៍ ស្រាប់តែនីរសាររបស់ តាសារឿន គណៈស្រុកចន្រ្ទា បានជិះម៉ូតូមកប្រាប់ខ្ញុំឱ្យត្រឡប់ទៅវិញជាដាច់ខាត ទើបខ្ញុំចេញពីផ្ទះទៅធ្វើការនៅរោងចក្រធ្វើសំឡីគនៅក្រុងភ្នំពេញវិញ។
នៅចុងឆ្នាំ១៩៧៨ ពេលខ្ញុំដើរចេញពីកន្លែងស្នាក់នៅក្នុងវត្តទួលទំពូងទៅរកបេះផ្លែដូងហូប ពេលសម្រាកពីការងារនៅម៉ោង៨និង៩យប់ ខ្ញុំបានឮសម្រែកមនុស្សដោយការវាយដំជាញឹកញាប់ ប៉ុន្តែខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេ។ ក្រោយមកទើប សមមិត្តដែលមានវ័យចាស់ៗធ្វើការនៅរោងចក្រជាមួយខ្ញុំប្រាប់ថា គឺជាសម្រែករបស់អ្នកដែលជាប់ឃុំឃាំង «នៅគុកទួលស្លែង»។
ខ្ញុំធ្វើការនៅរោងចក្រធ្វើសំឡីគ រហូតដល់កងទ័ពវៀតណាមវាយចូលមកនៅដើមឆ្នាំ១៩៧៩ ទើបប្រធានមន្ទីរពាណិជ្ជកម្មប្រកាសឱ្យកម្មករទាំងអស់ចាកចេញពីរោងចក្រក្នុងក្រុងភ្នំពេញ និងឃោសនាថា «កុំឱ្យរត់ត្រឡប់ទៅស្រុកកំណើតវិញ» ប្រយ័ត្នវៀតណាមចាប់អារក។ ឮដូច្នេះ ខ្ញុំក៏រត់ភៀសខ្លួនទៅទិសខាងលិច។ ពេលខ្ញុំទៅដល់អមលាំង ខ្ញុំបានចូលធ្វើកងទ័ពខ្មែរក្រហមនៅទីនោះតែម្តង។ នៅឆ្នាំ១៩៩៨ ពេលរាជរដ្ឋាភិបាលចាប់ខ្លួន តាម៉ុក នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទើបខ្ញុំត្រឡប់មករស់នៅស្រុកកំណើត នៅខេត្តស្វាយរៀងវិញ។
អត្ថបទដោយ៖ សោម ប៊ុនថន
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី