ខ្ញុំបានឃើញខ្មែរក្រហមចាប់ប្រធានកងនារីទៅបាត់សូន្យឈឹង

(សៀមរាប) ៖ ឡឹង ជន់ អាយុ ៦៧ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជន់ មានអាយុប្រហែល១៧ឆ្នំា និងត្រូវចេញពីផ្ទះដើម្បីចូលជួរទ័ពក្នុងឆ្នំា១៩៧២។ សម័យនោះខ្មែរក្រហមតែងប្រមូលមនុស្សឲ្យចូលជួរតាមឃុំក្នុងរយៈពេលពីរអាទិត្យម្តង លុះគ្រប់ចំនួនកំណត់ខ្មែរក្រហមនឹងបញ្ចូនទៅទីតំាងជាក់លាក់មួយ។ ជន់ បានបន្តថា ការធ្វើដំណើរមានរយៈពេលយូរប្រហែលជាបួនយប់ ប៉ុន្តែមានមធ្យោបាយឡានដឹកដល់អង្គរធំ និងបន្ទាប់មកគ្រប់គ្នាត្រូវបន្តធ្វើដំណើរដោយថ្មើរជើង។ ជន់ បានប្រាប់ថា គាត់បន្តដំណើររហូតចាប់តំាងពីយប់ដល់ព្រឹកព្រលឹមម៉ោងប្រំា ទើបបានដំាបាយហូប រួចសម្រាកបន្តិចដល់ម៉ោងបីរសៀលដំាបាយហូប ហើយបន្តដំណើរទៀត។ ជន់ នៅចំាថាកងកម្លំាងដែលខ្មែរក្រហមប្រមូលបានមានចំនួនសរុប១២០នាក់ នារីចំនួន១០០នាក់ និងកងកម្លាំងបុរសចំនួន២០នាក់។

ពេលធ្វើដំណើរដល់ស្ទឹងសែន ជន់ភិតភ័យជាខ្លាំងព្រោះត្រូវជិះកាប៉ាល់ឆ្លងស្ទឹងទៅម្ខាងទៀត និងបន្តដំណើររហូតដល់ភូមិអូរប្រំា ខេត្តកំពង់ចាម។

ជន់បានរៀបរាប់ទៀតថា របបអាហារក្នុងខេត្តកំពង់ចាមគឺដំាបាយលាយជាមួយដើមចេក ហើយក្នុងនោះមានអង្ករតិចណាស់ ក្នុងម្នាក់បានមួយចានប៉ុណ្ណោះ។ ជន់ បានលួចគិតក្នុងចិត្តថា៖ «ហ៊ឹម! ភូមិនេះដំាបាយតាប៉ែខ្មៅឲ្យហូប។»

ក្រោយពីរស់នៅក្នុងភូមិអូរប្រំាបានមួយរយៈ ខ្មែរក្រហម​ចាប់ផ្តើមបំបែកមនុស្សឲ្យរស់នៅជាក្រុម និងចាត់ឈ្មោះក្រុមទីមួយ ទីពីរ ទីបី ។ល។ គ្រានោះប្រជាជនចាប់ផ្តើមធ្វើការរួម ហើយ ជន់ ត្រូវបានខ្មែរក្រហមបង្រៀនឲ្យចៀរជ័រជាប្រចំា។

ហេតុការណ៍ដែលជន់ចងចំាមិនភ្លេច គឺគាត់បានឃើញ​បងស្រីម្នាក់ឈ្មោះ រ៉េម​ ដែលជាប្រធានកងនារីចល័ត​បានស្រែកទ្រហោយំ ពេលដែលខ្មែរក្រហមចាប់គាត់​ឡើងឡានទៅបាត់ដំណឹងសូន្យឈឹង។ ជន់ បានប្រាប់​ថា​ គាត់បានឃើញ រ៉េម ស្រែកយំដោយសេចក្តីឈឺចាប់ថា៖ «តើខ្ញុំខុសអី?ហេតុអីចាប់ខ្ញុំ? ប្រាប់មកថាខ្ញុំខុសអី?»

ក្នុងឆ្នំា១៩៧៦ ជន់ ត្រូវបានខ្មែរក្រហមជម្លៀសឲ្យរស់នៅរោងចក្របឹងកេត ដែលជារោងចក្រកិនជ័រសម័យនោះ។ រីឯការហូបចុកវិញ គឺវាល់បាយម្នាក់មួយចានដូចភូមិដទៃទៀតដែរ។

នាសម័យខ្មែរក្រហម ជំងឺដែលឈឺរីករាលដាលខ្លំាងគឺជំងឺគ្រុនចាញ់។ ជន់ ធ្លាប់មានជំងឺគ្រុនចាញ់ និងត្រូវបានព្យាបាលក្នុងរយៈពេលពីរទៅបីខែ។ ជន់ ត្រូវបានខ្មែរក្រហមបញ្ជូនទៅពេទ្យរបស់អង្គការ និងត្រូវចាក់ថ្នាំគីនីនក្នុងមួយថ្ងៃពីរម្ជុលគឺ ព្រឹក និងល្ងាច។

ជន់ បានបន្តថា គាត់មិនមានការបាត់បង់សមាជិកគ្រួសារណាម្នាក់ក្នុងសម័យខ្មែរក្រហមទេ។

ក្នុងឆ្នំា១៩៧៩ ក្រោយមានការចូលមកដល់នូវកងទ័ពវៀតណាម ជន់ បានប្រថុយជីវិតរត់មកស្រុកកំណើតវិញទំាងយប់ ហើយបានសុំធ្វើដំណើរជាមួយឡានតាមផ្លូវ ប៉ុន្តែឡានបែកកង់ ទើប ជន់ បន្តរត់រហូតដល់ស្រុកកំណើត​វិញ។ បន្ទាប់មក ជន់ បានឡើងជាប្រធានសមា​គមន៍​ក្នុងឃុំ។

សម្ភាសន៍ដោយ ទុយ ស៊ុ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៤

អត្ថបទដោយ គង់ សុម៉ាវត្តី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin