ឡង់ មុំាំ៖ “កូនប្រុសសម្រាលបាន២០ថ្ងៃ យំឃ្លានបៅរហូតដល់ស្លាប់”
នៅចុងឆ្នាំ១៩៧៥ ប្រពន្ធមុំាំសម្រាលបានកូនប្រុសម្នាក់។ ពេលកូនប្រុសអាយុបាន២០ថ្ងៃ អង្គការ ដាក់បទបញ្ជាឲ្យប្រពន្ធ មុំាំ ទៅច្រូតស្រូវ។ ប្រពន្ធមុំាំបានយកកូនប្រុសទៅផ្ញើជាមួយ យាយយាន នៅកន្លែងមើលថែកុមារ ដែលស្ថិតនៅក្នុងភូមិឈូក ឃុំត្រមូង ស្រុកមេមត់។ កូនប្រុសមុំា នៅតូចពិបាកមើលថែ ពេលយំឃ្លានបៅមិនអាចយកអ្វីមកបញ្ចុកជំនួសបានក្រៅពីទឹកដោះម្ដាយ។ ជាហេតុធ្វើកូនប្រុស មុំាំ យំឃ្លានបៅរហូតដល់ស្លាប់។ ខាងក្រោមនេះជាសាច់រឿងរបស់ឡង់ មុំាំ៖
ខ្ញុំបាទឈ្មោះ ឡង់ មុំាំ[1] ភេទប្រុស អាយុ៨៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ ឡង់ និងម្ដាយឈ្មោះ ពាម ស្លាប់ដោយសារជំងឺ។ ខ្ញុំមានបងប្អូន៥នាក់ (ស្រី៤នាក់) ។ ខ្ញុំមានភរិយាឈ្មោះ ក្រោល រស់ ស្លាប់ដោយសារជំងឺ ក្នុងឆ្នាំ២០២០។ ខ្ញុំមានកូន៨នាក់ (កូន ស្រី៧នាក់) ។
កាលពីកុមារខ្ញុំរៀននៅសាលាបុណ្យភូមិឈូក។ គ្រូបង្រៀនឈ្មោះ ពៅ ធ្លាប់បួសរៀននៅក្នុងវត្តឈូក។ ពៅ សឹកដើម្បីជួយធ្វើការងារឪពុកម្ដាយ។ ពេលទំនេរពីការងារ ពៅ បានប្រមូលកុមារនៅក្នុងភូមិឈូកឲ្យរៀន អក្សរ។ នៅក្នុងមួយថ្ងៃខ្ញុំរៀនបាន២ទៅ៣ម៉ោង។ ខ្ញុំរៀនចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៧ យប់។ ពេលនៅរៀនខ្ញុំអាចអាននិងសរសេរអក្សរបាន។ ខ្ញុំរៀនបានប្រហែលជា២ឆ្នាំ ឪពុកម្ដាយខ្ញុំធ្លាក់ខ្លួនឈឺ។ គ្រួសារខ្ញុំមានជីវភាពខ្វះខាតគ្មានលិទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យ ទើបឪពុកខ្ញុំត្រូវដេកស្លាប់ក្នុងផ្ទះដែលស្ថិតនៅ ក្នុងភូមិឈូក។ ពេលនោះខ្ញុំបានសម្រេចចិត្តឈប់រៀន ដើម្បីជួយធ្វើស្រែ និង ឃ្វាលគោ។ ឪពុកខ្ញុំស្លាប់បាន ប្រហែលជា៧ថ្ងៃ ម្ដាយខ្ញុំបានស្លាប់ទៀត។ ពេលឪពុកម្ដាយស្លាប់បងប្អូនខ្ញុំត្រូវរស់នៅបែកបាក់គ្នា។ ខ្ញុំបានទៅ រស់នៅជាមួយបងជីដូនមួយឈ្មោះ បងរិត និងស្វាមីឈ្មោះ សាង រស់នៅក្នុងភូមិឈូក។ ខ្ញុំជួយធ្វើស្រែនិងជួយ មើលគោឲ្យ បងរិត។ ពេល បងរិត មានផ្ទៃពោះកូនទី២ បងសាង ចាប់ផ្ដើមមានជំងឺធ្ងន់ធ្ងររហូតដល់ស្លាប់។ ខ្ញុំនៅជួយមើលថែបងរិតនិងក្មួយ២នាក់។ ខ្ញុំនៅជាមួយ បងរិត ទាល់តែខ្ញុំអាយុ១៨ឆ្នាំបានរៀបការជាមួយ ក្រោល រស់។
នៅឆ្នាំ១៩៧០ ពេលធ្វើបាតុកម្មប្រជាជននៅក្នុងភូមិឈូករស់នៅប្រកបមុខរបរធ្វើស្រែចម្ការដូចធម្មតា។ ខ្ញុំត្រូវមេភូមិឈូក ចាត់តាំងឲ្យធ្វើជាទាហានលន់ នល់។ ខ្ញុំត្រូវបញ្ជូនទៅយាមនៅតាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាមដែលស្ថិតនៅក្នុងភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់។ ខ្ញុំមានតួនាទីយាមតាមព្រំដែន ដើម្បីការពារកុំឲ្យកងទ័ពវៀតណាមចូលមកទឹកដីខ្មែរ។
នៅឆ្នាំ១៩៧២ខ្ញុំត្រឡប់មករស់នៅក្នុងភូមិឈូកវិញ។ ខ្ញុំមានតួនាទីយាមនៅក្នុងបន្ទាយ (អនុ. វិទ្យាល័យជាំទ្រៀកដែលស្ថិតនៅក្នុងភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់)។ ខ្ញុំឃើញទាហានអាមេរិកដើរឆ្លង កាត់ភូមិឈូកទៅវិញទៅមក។ ទាហានអាមេរិកកាំងមានបន្ទាយមួយនៅក្នុងភូមិជាំត្រាវ ឃុំត្រមូង ស្រុកមេមត់។ ចំណែកកងទ័ពវៀតកុងនៅក្នុងព្រៃជាយៗភូមិឈូក។ ប្រជាជនរស់នៅប្រកបមុខរបរធ្វើស្រែចម្ការតាមធម្មតា។
ពេលអាមេរិកទម្លាក់គ្រាប់បែក គ្រួសារខ្ញុំបានជីករណ្ដៅត្រង់សេជម្រៅ៥ម៉ែត្រសម្រាប់លាក់ខ្លួន។ ខ្ញុំសែងគ្រែមួយយកមកទុកក្នុងរណ្ដៅសម្រាប់ទុកដេក។ ផ្នែកខាងលើនៃរណ្ដៅត្រង់សេត្រូវកាប់កូនឈើនិងឫស្សីមកក្រាលឲ្យពេញ រួចយកដីទៅចាក់ពីលើ ដោយទុកផ្លូវមួយសម្រាប់ចេញចូល។ អាមេរិកចូលមកប្រហែលជា២ឆ្នាំទើបចេញទៅវិញ។
នៅឆ្នាំ១៩៧៤ ប្រជាជនចាប់ផ្ដើមធ្វើស្រែចម្ការប្រវាស់ដៃគ្នា។ ពេលស្រូវទទួលផលប្រជាជនដាក់ក្នុង ជង្រុកតែមួយ រួចកិនអង្ករទុកចែកគ្នាដាំបាយហូបតាមផ្ទះ។ ប្រជាជនរស់នៅមានសេរីភាព និង បរិភោគបាន គ្រប់គ្រាន់។ ខ្ញុំរស់នៅជួបជុំគ្រួសារ។
បន្ទាប់ពីជ័យជម្នះឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំបង្កើតជាសហករណ៍ ដើម្បីឲ្យប្រជាជនចេះធ្វើការ ជាមួយគ្នា ហូបចុកជាមួយគ្នា និងចេះចែករំលែកគ្នា។ ខ្មែរក្រហមបានលុបបំបាត់សិទ្ធឯកជន ដើម្បីពង្រឹងវណ្ណៈ កម្មករ និងកសិករ។ ប្រជាជនក្នុងភូមិឈូកត្រូវប្រមូលទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ដាក់ជាសម្បត្តិរបស់ សហករណ៍ និងត្រូវបានខ្មែរក្រហមចាត់តាំងឲ្យបំពេញការងាររៀងៗខ្លួន។ កុមារត្រូវធ្វើការងារស្រាលៗដូចជា កាប់ដើមទន្រា្ទនខេត្ត ដើររើសអាចម៍គោ និងអាចម៍ក្របី។ ដើម្បីធ្វើជីសម្រាប់ដាក់ស្រែនិងដាក់ដំណាំផ្សេងៗ។ មនុស្សដែលមានអាយុ១៤ឆ្នាំឡើង ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងចល័តទទួលការងារធ្ងន់ៗដូចជា លើកប្រព័ន្ធភ្លឺស្រែ គាស់កូនឈើ ជីកប្រឡាយ និងលើកទំនប់។
ចុងឆ្នាំ១៩៧៥ ប្រពន្ធខ្ញុំសម្រាលបានកូនប្រុសម្នាក់។ ខ្ញុំមិនបានមើលថែប្រពន្ធកូនទេ។ ខ្ញុំត្រូវទៅធ្វើការងារជាមួយក្រុមចល័ត ក្នុងភូមិឈូក។ ប្រពន្ធខ្ញុំនៅមើលថែកូនតូចម្នាក់ឯង។ ខ្ញុំពិតជាអាណិតប្រពន្ធខ្លាំងណាស់ ប៉ុន្តែមិនអាចធ្វើអ្វីបានព្រោះជាច្បាប់អង្គការ។ នៅក្នុងគ្រួសារក៏ត្រូវអង្គការហាមឃាត់មិនឲ្យមានសេចក្ដីស្រលាញ់ សេចក្ដីសប្បាយរីករាយឬសេចក្ដីអាណិតអាសូរទៅវិញទៅមក។ ខ្ញុំស្រលាញ់កូនណាស់ ប៉ុន្តែមិនដែលបានធ្វើអ្វីដើម្បីកូនទេ។ រហូតដល់កូនស្លាប់ក៏ខ្ញុំមិនអាចធ្វើបុណ្យឧទ្ទិសកុសលឲ្យកូនបានដែរ។ មូលហេតុដែលធ្វើឲ្យកូនខ្ញុំស្លាប់បណ្ដាលមកពី ខ្មែរក្រហមចាត់តាំងប្រពន្ធខ្ញុំទៅច្រូតស្រូវទាំងដែលកូនប្រុសទើបសម្រាលបាន២០ថ្ងៃ។ ប្រពន្ធខ្ញុំបានយកកូនប្រុសអាយុ២០ថ្ងៃទៅផ្ញើជាមួយយាយយាន។ យាយយានមានតួនាទីមើលថែកុមារនៅក្នុងភូមិឈូក។ ចំណែកខ្ញុំត្រូវទៅធ្វើស្រែជាមួយប្រជាជនក្នុងភូមិឈូក។ ពេលសម្រាកពីការងារ ខ្ញុំជាមួយប្រពន្ធត្រឡប់មកយកកូនវិញ។ យាយយានប្រាប់ថា”កូនប្រុសឯងស្លាប់ហើយ” ដោយសារយំឃ្លានបៅ។ ខ្ញុំបានយកសពកូនទៅកប់នៅជិតស្រះឈូក ស្ថិតក្នុងភូមិឈូក។ ខ្មែរក្រហមជម្លៀស ប្រជាជនថ្មីប្រហែល១០គ្រួសារឲ្យមករស់នៅក្នុងភូមិឈូក ដោយឲ្យស្នាក់នៅតាមផ្ទះប្រជាជនមូលដ្ឋាន។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសខ្ញុំនិងប្រជាជនក្នុងភូមិឈូក ទៅភ្នំព្រិច ស្ថិតក្នុង ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅភ្នំព្រិចខ្ញុំត្រូវដើររកបន្លែ ដើម្បីយកមកធ្វើម្ហូបសម្រាប់សហករណ៍។ ប្រពន្ធខ្ញុំ ត្រូវទៅធ្វើស្រែចម្ការជាមួយប្រជាជនមូលដ្ឋាន។ នៅភ្នំព្រិចខ្ញុំឃើញប្រជាជនស្លាប់ច្រើនណាស់ ដោយសារធ្វើការងារធ្ងន់ ហូបចុកមិនគ្រប់គ្រាន់។ អង្គការឲ្យប្រពន្ធខ្ញុំទៅធ្វើការងារដក ស្ទូងក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ថ្ងៃមួយខ្ញុំបានទទួលដំណឹងថាប្រទេសត្រូវបានរំដោះ។ ខ្ញុំចាប់ផ្ដើមធ្វើដំណើរពីភូមិស្រែស្បូវទៅថ្មគ្រែ ហើយបានជិះស្រឡាងមកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅស្ទឹងត្រង់អង្គការបានចាត់ឲ្យក្រុមគ្រួសារខ្ញុំទៅនៅក្នុង ភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ខ្ញុំច្រូតស្រូវជាមួយប្រជាជនក្នុងភូមិស្វាយភ្លើង។ ពេលកងទ័ពរំដោះវាយដល់ភូមិស្វាយភ្លើង មានសេចក្ដីប្រកាសថា“បងប្អូនដែលនៅស្រុកភូមិណា សូមត្រឡប់ ទៅភូមិកំណើតវិញ”។ ខ្ញុំបានដើរពីភូមិស្វាយភ្លើងមកដល់កំពង់ចាមដោយប្រើរយៈពេល២ថ្ងៃ។ ខ្ញុំបានឡើង ឡានពីស្គន់មកដល់កំពង់ចាម។ ព្រលឹមឡើងខ្ញុំធ្វើដំណើរឆ្លងស្រឡាងមកទន្លេបិទ។ រួចខ្ញុំបានបន្តធ្វើដំណើរពីទន្លេបិទដោយថ្មើរជើងរហូតដល់ស្រុកមេមត់។ ពេលមកដល់ស្រុកមេមត់ ខ្ញុំឈប់សម្រាកមួយយប់។ ព្រឹកឡើងខ្ញុំធ្វើដំណើរចេញពីស្រុកមេមត់មកភូមិឈូក។ ពេលមកដល់ភូមិឈូក ខ្ញុំឃើញនៅជុំវិញផ្ទះសុទ្ធតែព្រៃ។ ខ្ញុំបាន កាប់ឆ្ការព្រៃសាងសង់ផ្ទះជាថ្មី។ អំឡុងពេលសាងសង់ផ្ទះខ្ញុំបានដើររកដែក ដើម្បីយកមកប្រក់ផ្ទះ។ ប្អូនថ្លៃខ្ញុំ បានដំដែកប្រក់ផ្ទះធ្វើឲ្យធ្លាក់កម្ទេចដែកចូលក្នុងភ្នែករបស់ខ្ញុំ។ ខ្ញុំឈឺភ្នែករហូតដល់ឡើងខ្ទុះ។ ពេលនោះក្មួយ ខ្ញុំឃើញក៏ដកសក់យកមកកៀរ ហើយធ្លាក់ដែកនោះចេញពីភ្នែក ជាហេតុធ្វើឲ្យមើលលែងឃើញចាប់តាំងពី ពេលនោះរហូតមកដល់សព្វថ្ងៃ។
សរសេរដោយ វី ស៊ីថា
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បទសម្ភាសន៍ជាមួយ ឡង់ មុំាំ។