អ្នកយកបាយឲ្យអ្នកទោស
(ស្វាយរៀង)៖ ឡុង សារុន អាយុ៧០ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សារុន ជាអ្នករកត្រីជាមួយឪពុក បានឃើញព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកតាមព្រំដែន និងប្រជាជនមិនសូវបានសម្រាកនៅផ្ទះ ពិសេសនៅពេលយប់គឺនាំគ្នាទៅសម្រាកក្នុងរណ្តៅត្រង់សេឬក្នុងជង្រុកស្រូវក្រោមផ្ទះ។
នៅក្នុងរបបខ្មែរក្រហម សារុន រស់នៅស្រុកកំណើតនៅភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។ គាត់បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិប្រជាជនដាក់រួមក្នុងសហករណ៍ និងបានប្រើប្រជាជនក្នុងភូមិឲ្យវាយកម្ទេចព្រះវិហារ វត្តអារាម និងចាប់ផ្សឹកព្រះសង្ឃ ដោយបានចោទប្រកាន់ព្រះសង្ឃថា ជាអ្នកជិះជាន់កម្លាំងពលកម្មប្រជាជន ព្រមទាំងបានប្រែក្លាយបរិវេណវត្តព្រៃធ្លកទៅជាមន្ទីរឃុំឃាំង ឃុំប្រជាជនជាមន្រ្តីរាជការក្នុងរបប លន់ នល់ ព្រះសង្ឃមិនព្រមផ្សឹក និងអ្នកចេះដឹងដទៃជម្លៀសមកពីតំបន់ផ្សេងៗ។ ក្នុងរបបខ្មែរក្រហមវត្តអារាមមួយចំនួន ត្រូវបានប្រែក្លាយជាមន្ទីរឃុំឃាំង កន្លែងចិញ្ជឹមសត្វពាហនៈ ឬឃ្លាំងស្តុកស្រូវជាដើម។ រឿងរ៉ាវ សារុន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺគាត់បានឃើញផ្ទាល់ភ្នែក ការសម្លាប់មនុស្សដោយវាយត្រង់ក្បាលក្នុងបរិវេណអតីតកន្លែងឃុំឃាំងក្នុងវត្តព្រៃធ្លក នៅអំឡុងពេលគាត់យកបាយទៅឲ្យអ្នកទោសនៅទីនោះ។ សារុន ពេលយកបាយឲ្យអ្នកទោសគាត់បានឮទាហានខ្មែរក្រហមរៀបគម្រោងដើម្បីចាប់ឪពុកខ្លួនយកមកសម្លាប់ គាត់ក៏បានទៅប្រាប់ឪពុកឲ្យប្រុងប្រយ័ត្ន និងខិតខំធ្វើការកសាងខ្លួនល្អទើបឪពុកបានរួចខ្លួនពីសេចក្តីស្លាប់។
ក្រោយមកសារុន ឪពុកម្តាយ និងបងប្អូនត្រូវបានជម្លៀសទៅសហករណ៍អំពិល ស្ថិតក្នុងខេត្តស្វាយរៀង និងសហករណ៍គគីរធំ ខេត្តកណ្តាល។ សារុននៅពេលនោះមានអាយុប្រហែល៣០ឆ្នាំ ត្រូវបានគេចាត់ឲ្យទៅរស់នៅ និងធ្វើការក្នុងកងចល័តនារីជាកងពេញកម្លាំងត្រូវធ្វើការសកម្ម អង្គការបានប្រាប់គាត់ថាត្រូវចេះលត់ដុំខ្លួនមិនត្រូវទម្រន់ទេត្រូវតែចេញទៅធ្វើការជីកទំនប់លើកប្រឡាយ កាប់ព្រៃ និងគាស់គល់ឈើ ព្រោះក្រុមនេះជាកម្លាំងស្នូល។
សារុន៖ «ខ្ញុំមិននឹកស្មានថាអាចមានជីវិតរស់ដល់សព្វថ្ងៃនេះទេ តាមតែទំហំការងារ និងរបបអាហារមិនសមមានកម្លាំងធ្វើការកើតទេ។ ក្នុងរបបនោះពេលដែលបាត់មនុស្សក្នុងកងចល័តម្តងៗខ្ញុំពិតភ័យណាស់មិនដឹងថាពេលណាដល់វេណខ្លួននោះទេ រស់មួយថ្ងៃគិតមួយថ្ងៃ»។
សារុន បន្តទៀតថានៅសម័យនោះគ្មានអ្នកទំនេរទេ ទោះបីកុមារក៏ត្រូវធ្វើការដែរដូចជាត្រូវដើររើសអាចម៍គោ រើសគួរស្រូវ និងធ្វើជីជាដើម កុមារមិនបានចូលរៀនត្រឹមត្រូវទេ។ សារុនបន្តទៀតថា គ្រប់គ្នាត្រូវទៅធ្វើការទើបទទួលបានរបបអាហារ អ្នកឈឺមិនទៅធ្វើការត្រូវអត់អាហារហូប និងប្រឈមមុខយកទៅសម្លាប់ចោល។ ជាក់ស្តែងប្អូនជីដូនមួយគាត់ម្នាក់ឈឺមិនអាចទៅធ្វើការបានត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយចោទប្រកាន់ថា ខ្ជិលមិនចង់ធ្វើការ។
នៅសហករណ៍ភូមិព្រៃប្រឹស សារុន ធ្លាប់ឃើញខ្មែរក្រហមរៀបការប្រជាជន ពិធីរៀបការមានចំនួន៣០ ទៅ៧០គូ។ អ្នករៀបការមកពីសហករណ៍ផ្សេងៗនៅជិតនោះមួយចំនួនមិនពេញចិត្តតែមិនហ៊ានប្រកែកខ្លាចគេយកទៅសម្លាប់ចោល។ ក្រោយរបបខ្មែរក្រហមដួលរលំ សារុន បានធ្វើដំណើរវិលត្រឡប់មករស់នៅស្រុកកំណើតប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។
សម្ភាសន៍ដោយ សុខ ចន្ទ្រា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង