ឡុង សៀង ៖ កងឡើងត្នោតនៅទួលព្រីងក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឡុង សៀង[1] កើតឆ្នាំ១៩៤០ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនបង្កើតចំនួន៤នាក់។ កាលពីក្មេងខ្ញុំចូលរៀននិងបួសនៅវត្តថ្មី ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំបានសឹកនៅសម័យសង្គមរាស្រ្តនិយម រួចហើយរៀបការប្រពន្ធ និងមានកូនចំនួន៣នាក់។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ លន់ នល់ បានមកចាប់ខ្ញុំឱ្យចូលបម្រើកងទ័ព និងបញ្ជូនខ្ញុំទៅមជ្ឈមណ្ឌលហ្វឹកហាត់យុទ្ធសាស្រ្ត[2] នៅកំបូល ស្ថិតនៅខាងលិចទីក្រុងភ្នំពេញ។ ខ្ញុំហ្វឹកហាត់បានរយៈពេលពីរខែ អង្គភាពយោធាបានបញ្ជូនខ្ញុំត្រឡប់មកធ្វើការនៅខេត្តស្វាយរៀងវិញ។ អំឡុងពេលនោះ រដ្ឋាភិបាល លន់ នល់ គ្រប់គ្រងតែទីប្រជុំជនសំខាន់ៗ និងក្រុងស្វាយរៀងតែប៉ុណ្ណោះ ចំណែកនៅតាមភូមិឃុំស្រុកនិងជាយក្រុងគ្រប់គ្រងដោយកងកម្លាំងរំដោះខ្មែរក្រហម។ ទោះបីយ៉ាងណា នៅពេលខ្ញុំបើកប្រាក់ខែម្តងៗ ខ្ញុំតែងតែលួចលាក់យកប្រាក់មួយចំនួនទៅឧបត្ថម្ភកងកម្លាំងរំដោះខ្មែរក្រហមជាសម្ងាត់។
នៅពេលខ្មែរក្រហមគ្រប់គ្រងខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហមនៅតំបន់រំដោះបានចោទប្រកាន់ខ្ញុំថាធ្លាប់ធ្វើជាកងទ័ព លន់ នល់ រួចហើយចាប់ខ្លួនខ្ញុំបញ្ជូនទៅអប់រំនៅស្រុកស្វាយជ្រំ។ នៅទីនោះខ្មែរក្រហមបានបង្រៀនខ្ញុំអំពីមាគ៌ាដឹកនាំរបស់ខ្មែរក្រហម ហើយពេលទំនេរគ្រូបង្រៀនខ្ញុំឱ្យច្រៀងចម្រៀងបដិវត្តន៍ ប៉ុន្តែមិនបានវាយធ្វើបាបខ្ញុំទេ។ ខ្មែរក្រហមបានឃុំឃាំងខ្ញុំរយៈពេល៤ខែ ហើយក្រោយមកបានស្រាវជ្រាវរកឃើញថាខ្ញុំធ្លាប់ជួយឧបត្ថមគំាទ្រដល់ចលនារបស់ខ្លួន ទើបដោះលែងខ្ញុំឱ្យត្រឡប់មកផ្ទះនៅភូមិពោធិ៍តារស់វិញ។ រីឯកងទ័ព លន់ នល់ មួយចំនួនដែលមិនធ្លាប់បានបង់វិភាគទានដល់កងកម្លាំងរំដោះខ្មែរក្រហមកន្លងមក ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលទាំងអស់។
ពេលខ្ញុំមករស់នៅភូមិពោធិ៍តារស់ ប្រធានភូមិបានចាត់ខ្ញុំឱ្យធ្វើការនៅកងផលិតស្ករត្នោត ដែលបោះទីតាំងនៅទួលព្រីង ក្នុងភូមិពោធិ៍តារស់ ឃុំបាសាក់។ កងរបស់ខ្ញុំមានសមាជិក១០នាក់ ហើយក្នុងសមាជិកម្នាក់ត្រូវឡើងយកទឹកត្នោតឱ្យបាន១៥ដើមក្នុងមួយថ្ងៃ ដើម្បីរំងាស់យកស្ករ។ កងរបស់ខ្ញុំបានយកដើមឫស្សីធំៗមកកាត់ធ្វើបំពង់ រួចហើយមកអប់ដើម្បីឱ្យមានក្លិនឈ្ងុយទុកត្រងទឹកត្នោត។ សមាជិកនៅក្នុងផលិតស្ករត្នោត អាចផឹកទឹកត្នោត និងហូបស្ករត្នោតដែលផលិតបាន ប៉ុន្តែប្រធានកងហាមមិនឱ្យយកទឹកត្នោត និងស្ករត្នោតមកផ្ទះទេ។ ចំណែករបបអាហារ ខ្ញុំនិងសមាជិកកងផលិតស្ករត្នោតហូបនៅក្នុងអង្គភាពតែម្តង ដោយមានខាងចុងភៅធ្វើម្ហូប ប៉ុន្តែយើងហូបមិនបានគ្រប់គ្រាន់ឡើយ។ ពេលល្ងាច ទើបខ្ញុំត្រឡប់មកដេកនៅផ្ទះវិញ។ ក្រៅពីឡើងយកទឹកត្នោត កងផលិតស្ករត្នោតរបស់ខ្ញុំត្រូវដើររកឧស និងស្លឹកឈើមកដុតរំងាស់ទឹកត្នោតយកស្ករដោយខ្លួនឯង ព្រោះកងម៉ែៗត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឱ្យទៅធ្វើស្រែនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ អស់ហើយ។ កងរបស់ខ្ញុំឡើងយកទឹកត្នោតមករំងាស់រាល់ថ្ងៃ ទោះបីជារដូវវស្សាក៏មិនឈប់សម្រាកដែរ។ ចំពោះស្ករត្នោតដែលកងរបស់ខ្ញុំផលិតបាន ប្រធានសហករណ៍បានមកយកទៅទុកនៅរោងបាយរួម។
ខ្ញុំនៅចាំថា នៅវេលាម៉ោង១០ព្រឹកថ្ងៃមួយ ខ្ញុំបានឡើងដើមត្នោតកម្ពស់១៥ម៉ែត្រនៅខាងក្រោយភូមិដើម្បីយកទឹកត្នោតមករំងាស់ដូចសព្វដង ប៉ុន្តែចៃដន្យបង្អោងដែលខ្ញុំជាន់បានបាក់បណ្តាលឱ្យខ្ញុំធ្លាក់ និងសន្លប់បាត់ស្មារតី។ ពេលនោះអ្នកធ្វើការនៅក្នុងអង្គភាពផលិតស្ករត្នោតបានសែងខ្ញុំមកផ្ទះ ដើម្បីឱ្យពេទ្យក្នុងភូមិដែលភាគច្រើនជ្រើសចេញពីគ្រូផ្សំថ្នាំបុរាណ ជួយព្យាបាល។ បន្ទាប់មកឈ្លបខ្មែរក្រហមបានទៅប្រាប់ប្រពន្ធខ្ញុំដែលធ្វើការនៅភូមិតាប៉ ប៉ុន្តែប្រធានភូមិតាប៉មិនទាន់ឱ្យប្រពន្ធខ្ញុំមកសួរសុខទុក្ខខ្ញុំភ្លាមៗទេ គឺឱ្យឪពុកក្មេកខ្ញុំមកមើលខ្ញុំមុន។ ខ្ញុំបានដឹងខ្លួនឡើងវិញនៅវេលាម៉ោង៧យប់។ ឪពុកខ្ញុំមកមើលខ្ញុំមួយភ្លែត ក៏ត្រឡប់ទៅកងរបស់គាត់វិញ។ លុះវេលាព្រឹកថ្ងៃបន្ទាប់ ទើបប្រពន្ធរបស់ខ្ញុំបានមកជួបខ្ញុំ ប៉ុន្តែខ្មែរក្រហមមិនឱ្យគាត់នៅយូរឡើយ ដូច្នេះប្រពន្ធរបស់ខ្ញុំក៏ទូលឧសត្រឡប់ទៅកងរបស់គាត់នៅភូមិតាប៉។ ដំបូង ខ្ញុំមិនអាចក្រោកដើរបានទេ ព្រោះខ្ញុំឈឺចុកចាប់ត្រង់ឆ្អឹងត្រគាក។ ឃើញដូច្នេះពូរបស់ខ្ញុំ នៅក្នុងកងវេញខ្សែគោបានមកជួយចាប់សរសៃ និងធ្វើចលនាឱ្យខ្ញុំ។ រយៈពេលមួយខែក្រោយមក ទើបខ្ញុំអាចដើរបាន។ ខ្មែរក្រហមលែងឱ្យខ្ញុំឡើងត្នោតទៀតហើយ គឺបានប្តូរខ្ញុំមកបររទេះដឹកឧសពីភូមិពោធិ៍តារស់ ឃុំបាសាក់ ទៅភូមិតាប៉ ឃុំតាសួស។
នៅពេលកងទ័ពខ្មែរក្រហមមានជម្លោះជាមួយកងទ័ពវៀតណាម នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងកងឡើងត្នោតទាំងអស់ចេញពីភូមិពោធិ៍តារស់ ឱ្យទៅរស់នៅភូមិតាប៉ ឃុំតាសួស ចំណែកគោក្របី ខ្មែរក្រហមបានកៀងយកទៅដាក់នៅវត្តជ្រៃក្ដោង ហៅវត្តតានូ ស្ថិតនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ។ ដូច្នេះនៅក្នុងភូមិពោធិ៍តារស់លែងមានប្រជាជនរស់នៅទៀតហើយ គឺមានតែឈ្លប និងកម្មាភិបាលខ្មែរក្រហមប៉ុណ្ណោះ។ ពេលមករស់នៅភូមិតាប៉ ប្រធានភូមិចាត់តាំងខ្ញុំឱ្យបររទេះដដែល។ ខ្ញុំបានដឹកគោក្របីដែលងាប់នៅតាមភូមិមកដាក់នៅរោងបាយរួម។ ខ្ញុំធ្វើការនៅភូមិតាប៉បានមួយរយៈស្រាប់តែខ្មែរក្រហមថ្នាក់លើចុះមកចាប់គណៈឃុំ ប្រធានសន្តិសុខ និងកម្មាភិបាលខ្មែរក្រហមធំៗមួយចំនួនទៀតច្រកការ៉ុង ហើយដឹកចេញទៅបាត់អស់។ បន្ទាប់មកខ្មែរក្រហមយកកម្មាភិបាលថ្មីមកគ្រប់គ្រងឃុំតាសួសជំនួសកម្មាភិបាលចាស់ៗ។ នៅពេលព្រឹកថ្ងៃមួយ ខ្មែរក្រហមបានជម្លៀសខ្ញុំ ប្រពន្ធខ្ញុំ និងកូនៗ ព្រមទាំងប្រជាជនថ្មីជាច្រើនគ្រួសារទៀតទៅទិសខាងលិច។ ពេលខ្ញុំដើរមកដល់អ្នកលឿង ក្នុងខេត្តព្រៃវែង ឪពុករបស់ខ្ញុំបានឈឺធ្ងន់ និងស្លាប់នៅទីនោះ។ ខ្ញុំបានសែងឪពុកខ្ញុំទៅកប់ដោយផ្ទាល់ដៃនៅទីលានចុះឧទ្ធម្ភាគចក្រ ស្ថិតនៅខាងត្បូងផ្លូវជាតិលេខ១ បន្ទាប់មកនាំគ្នាឡើងជិះស្រឡាងមកឈប់នៅច្បារអំពៅ។ នៅទីនោះខ្មែរក្រហមចែកខោខ្មៅ អាវខ្មៅ និងក្រមាខៀវ ឱ្យខ្ញុំគ្រួសារខ្ញុំនិងប្រជាជនជម្លៀសម្នាក់មួយសម្រាប់ រួចហើយឱ្យឡើងជិះរថយន្តទៅឈប់នៅចំណតរថភ្លើងក្នុងក្រុងភ្នំពេញ។
ខ្ញុំជិះរថភ្លើងបន្តទៅឈប់នៅចំណតរថភ្លើង ក្នុងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បន្ទាប់មកខ្មែរក្រហមបាននាំខ្ញុំ និងគ្រួសារដើរទៅវត្តរុន (ស្ថិតនៅខាងកើតទីរួមស្រុកមោងឫស្សី) ដែលខ្មែរក្រហមបានយកធ្វើជាមន្ទីរពេទ្យ។ ខ្ញុំនិងគ្រួសារបានដេកនៅវត្តរុនមួយយប់។ លុះព្រឹកថ្ងៃបន្ទាប់ ខ្មែរក្រហមបាននាំគ្រួសារខ្ញុំ និងប្រជាជនជម្លៀសជាង១០គ្រួសារ ទៅនៅសហករណ៍ទួលធ្នង់ ដែលមានចម្ងាយប្រមាណកន្លះគីឡូម៉ែត្រពីវត្តរុន។ ប្រធានសហករណ៍បានចាត់តាំងខ្ញុំឱ្យបររទេះដឹកឫស្សីពីព្រៃមកឱ្យក្រុមជាងធ្វើរោងឱ្យប្រជាជនជម្លៀសស្នាក់នៅ, កងយាយៗទៅច្រូតភ្លាំងយកមកក្រងប្រក់ដំបូល ហើយកូនៗរបស់ខ្ញុំនៅអង្គភាពកុមារ។ ពេលចប់ពីការងារ ខ្ញុំត្រូវទៅហូបអាហារនៅរោងបាយរួម ប៉ុន្តែខ្ញុំហូបមិនបានគ្រប់គ្រាន់ទេ គឺមានតែសម្លរាវៗគ្មានសាច់។ កូនរបស់ខ្ញុំបានលួចរត់ចេញពីកងកុមារមកជួបខ្ញុំនិងប្រពន្ធខ្ញុំជាញឹកញាប់ ដូចេ្នះខ្ញុំតែងតែលួចយករបបអាហាររបស់ខ្ញុំទៅចែកឱ្យកូនៗ។ មួយរយៈក្រោយមក ខ្ញុំបាក់កម្លាំង និងធ្លាក់ខ្លួនឈឺ ទើបប្រធានសហករណ៍ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យវត្តរុន។ គ្រូពេទ្យបានឱ្យថ្នាំអាចម៍ទន្សាយខ្ញុំលេប និងឱ្យហូបបបរ។ បន្ទាប់មក ខ្មែរក្រហមបញ្ជូនខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យដំណាក់ឈើក្រម ស្ថិតនៅជាប់នឹងជើងភ្នំបន្តទៀត ចំណែកប្រពន្ធរបស់ខ្ញុំដែលទើបសម្រាលកូនបានមួយថ្ងៃ នៅវត្តរុនដដែល។ នៅម្តុំមន្ទីរពេទ្យដែលខ្ញុំសម្រាកខ្វះខាតទឹកខ្លាំងណាស់ ដូច្នេះខ្ញុំបានចេញទៅសម្រិតទឹកពីបាតអណ្តូងយកមកផឹក និងប្រើប្រាស់។ មិនយូរប៉ុន្មាន ពេទ្យនិងប្រធានរោងបាយបាននាំគ្នាចាកចេញពីអង្គភាពអស់ ដោយឱ្យទុកខ្ញុំ និងអ្នកជំងឺដេករង់ចាំនៅពេទ្យ។ ក្រោយមក ទើបខ្ញុំដឹងថាកងទ័ពវៀតណាមបាន រំដោះទីក្រុងភ្នំពេញបានរយៈពេលមួយខែហើយ ទើបធ្វើខ្មែរក្រហមភ័យខ្លាចនិងរត់គេចខ្លួន។ នៅខណៈនោះ កូនៗរបស់ខ្ញុំដែលធ្វើការនៅអង្គភាពកុមារទាំង៣នាក់បានមករកខ្ញុំ។ កូនរបស់ខ្ញុំបានចេញទៅយកស្រូវនៅតាមសហករណ៍បានមួយល្អីយកមកបុក រួចហើយរែងយកអង្ករដើម្បីដាំបាយហូប។ បន្ទាប់មកខ្ញុំនិងប្រជាជនជម្លៀសបានទៅនៅប្រមូលផ្តុំគ្នានៅអណ្តូង១០០ និងបានជួបកងទ័ពខ្មែរក្រហមពីរនាក់មកពីស្រុកចន្រ្ទា ខេត្តស្វាយរៀង។ កងទ័ពខ្មែរក្រហមពីរនាក់នោះ បានដោះសម្លៀកបំពាក់យោធាចេញ រួចហើយស្លៀកពាក់ស៊ីវិលវិញ។ កងទ័ពទាំងពីរនាក់នោះនាំខ្ញុំនិងប្រជាជនជម្លៀសចេញពីអណ្តូង១០០ ដើម្បី គេចចេញពីកងទ័ពខ្មែរក្រហមដែលស្ទាក់ចាំបាញ់។ ខ្ញុំបានជួបប្រពន្ធនៅស្ថានីយរថភ្លើងព្រៃស្វាយ រួចហើយនាំគ្នាដើរត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបានឈប់សម្រាកនៅមន្ទីរពេទ្យស្រុកក្រគរ ខេត្តពោធិ៍សាត់មួយរយៈ ដោយសារខ្ញុំមានជំងឺរាកធ្ងន់ធ្ងរ ចំណែកប្រពន្ធកូនរបស់ខ្ញុំបានត្រឡប់មកផ្ទះមុន។ ក្រោយមករថយន្តកងទ័ពវៀតណាមបានដឹកខ្ញុំ និងប្រជាជនជម្លៀសផ្សេងទៀតមកដាក់នៅច្បារអំពៅ ហើយខ្ញុំក៏បន្តដំណើរមករស់នៅជួបជុំប្រពន្ធកូននៅភូមិកំណើតវិញ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំមានបងប្អូនពីរនាក់បានស្លាប់ ដោយប្អូនម្នាក់ស្លាប់ដោយសារជំងឺ និងម្នាក់ទៀតខ្មែរក្រហមយកទៅសម្លាប់។ សព្វថ្ងៃនៅរស់តែខ្ញុំ និងបងខ្ញុំម្នាក់ប៉ុណ្ណោះ។
សរសេរដោយ សោម ប៊ុនថន
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងធ្វើឱ្យប្រសើឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», បទសម្ភាសន៍ កុយ កញ្ញា ជាមួយ ឡុង សៀង នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។
[2] នៅក្នុងរបបសាធារណរដ្ឋខ្មែរ មានមជ្ឈមណ្ឌលហ្វឹកហាត់យុទ្ធសាស្រ្ត ចំនួនពីរគឺ នៅកំបូល (ក្នុងខេត្តកំពង់ស្ពឺ) និងនៅព្រៃស ខេត្តកណ្តាល សម្រាប់យុទ្ធជនក្នុងប្រទេសកម្ពុជា។ យុទ្ធជនមួយចំនួនទៀតត្រូវបានរដ្ឋាភិបាលបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហាត់យុទ្ធសាស្រ្ត ១) នៅឡាំសឺង ២) ជីឡាង និង ៣) ឡុង ហាយ (ប្រទេសវៀតណាមខាងត្បូង)។ សៀវភៅទស្សនាវដ្តីកងទ័ព ឆ្នាំទី២ លេខ៩ ខែឧសភា ឆ្នាំ១៩៧១, ទំព័រ២៤។