ឡុង ចាន់ថន៖ ការសម្លាប់មនុស្សនៅជំនាន់ខ្មែរក្រហមបណ្តាលមកពីការសង្ស័យជ្រុល

លលាដ៍​ក្បាលជនរងគ្រោះក្នុងរបបខ្មែរក្រហម

ឡុង​ ចាន់​ថន​​[1] ភេទ​ប្រុស អាយុ​​៥៨​ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​ទឹក​វិល​ ស្រុក​ពួក​ ខេត្ត​សៀម​រា​ប​​។ ចាន់​ថន សព្វ​ថ្ងៃ​រស់​នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ចាន់​ថន​ បាន​ចែក​រំ​លែកបទ​ពិសោធន៍​របស់​ខ្លួន​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​​ថា​៖​ «កាល​ពីជំនាន់​ខ្មែរ​ក្រហម ខ្ញុំ​មានអាយុ​ប្រហែល​ជាជិត​​១០​ឆ្នាំ​។ ​ខ្ញុំ​ត្រូវ​បាន​ខ្មែរ​ក្រហម​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​កង​កុមារ​នៅ​​ភូមិអណ្ដូង​តា​អោន​ ឃុំ​គោកធ្លក​លើ​ ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​​​។ ចំណែក​ឯឪ​ពុកម្ដាយ​​​ និង​បង​ប្អូនខ្ញុំ​​​សុទ្ធសឹងតែ​ត្រូវ​បាន​ខ្មែរ​ក្រហម​បញ្ចូន​ឲ្យ​ទៅ​ធ្វើ​ជាកង​ចល័តតាម​ទី​កន្លែង​ផ្សេងៗ​ពី​គ្នា​​ទាំ​ង​អស់​។​កិច្ច​ការ​ងារ​​​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​នោះគឺ ​​ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​ខ្ញុំ​ឃ្វាល​គោ ​នៅ​រដូវ​​វស្សា។ រហូត​ដល់​រដូវ​ប្រាំង​ខ្ញុំ​ទៅ​​​កាប់​ដី​ដំ​បូកធ្វើ​ជា​ជី និង​រើស​គួរ​ស្រូវ​​​។ ការ​ធ្វើ​ការ​នៅ​ក្នុង​ជំនាន់​នោះ​គ្មាន​ពេល​ឈប់​សម្រាក​នោះ​ទេ​។ ខ្ញុំ​រួម​ទាំង​កុមារ​ដទៃ​ទៀត​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ណាស់​ ព្រោះ​ខ្លាច​អង្គ​ការ​មិន​ពេញ​ចិត្ត ​និងមិន​ផ្ដល់​អាហារ​ឲ្យ​ហូប​ចុក​។​

​កង​កុមារ​​ទទួល​​បាន​អាហារគ្រប់គ្រាន់​គ្មានការ​ខ្វះខាតទេ ដរាបណា​កុមារ​ទាំង​អស់​ធ្វើ​ការ​បាន​រួច​រាល់​​។ ម្យ៉ាង​ទៀត​ ​​​មេ​ភូមិ​អណ្ដូងតា​អោន​ ​តែង​តែ​​យក​ចិត្ត​ទុកដាក់​ចំពោះអាហារ​​ហូប​ចុក​របស់កុមារ​ រួម​ទាំង​​ប្រជាជននៅ​ក្នុង​ភូមិ​​។ កាលនោះ​ខ្ញុំ​ពុំ​ចាំ​ថា​គាត់​ឈ្មោះ​អ្វី​នោះទេ​​ ប៉ុន្តែដោយ​សារ​តែ​ភាព​ចិត្ត​ល្អ​សន្ដោស​ប្រណី​រមក​លើ​ប្រជាជន​​​ទើប​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​ខ្មែរ​ក្រហម​ចោទ​ថាជា​ជន​​ក្បត់​ដោយ​មាន​ទំនាក់​ទំនង​​ជា​មួយ​កង​ទ័ព​​វៀត​ណា​ម។​ ក្រោយ​មក​ មេ​​​ភូមិ​អណ្ដូង​តា​អោន ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​ចាប់​យក​ទៅ​សម្លាប់​ចោល​។​  ចាប់​តាំង​ពី​ពេល​នោះមក​ អ្នក​គ្រប់​គ្រង​នៅ​ក្នុង​សហករណ៍​ភូមិ​អណ្ដូង​តាអោន​ ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​។​ ការ​រស់​នៅ​របស់​ប្រជាជន​ អំឡុង​ពេល​នោះ​ក៏​ចាប់​ផ្ដើម​មាន​ការ​លំបាក​ខ្លាំង​ឡើង​ អង្គ​ការ​មាន​ចិត្ត​សង្ស័យ​ជ្រុល ដែល​នាំឲ្យ​​​កើត​ជា​ការ​មិន​ទុក​ចិត្ត​គ្នា​ធ្វើ​ឲ្យ​កើត​មាន​ការ​កាប់​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

នៅក្នុង​របប​ខ្មែរ​ក្រហម​ រឿង​រ៉ាវ​ដែល​ខ្ញុំ​ចង​ចាំ​​ជាប់​ក្នុង​ចិត្ត​ គឺ​នៅថ្ងៃ​មួយ​ខ្ញុំ​បាន​ជួប​ប្រទះ​សាក​សព​ជា​ច្រើនដេក​​ស្លាប់​ហើម​ស្អុយពាស​​ពេញ​មាត់​ទឹក​​បារាយណ៍ក្នុង​ខេត្ត​សៀម​រាប​។​ សាកសព​ទាំង​នោះ​ បើ​តាម​ខ្ញុំ​ដឹង​គឺ​សុទ្ធ​តែជា​​ប្រជាជន​ដែល​ត្រូវ​បាន​ខ្មែរក្រហមនាំ​ទៅ​ ដោយ​​កុហក​ថា​ទៅ​​ទទួល ​សម្ដេច​ព្រះ​ នរោត្តម ​សីហនុ​ ប៉ុន្តែ​ការពិត​គឺ​យក​​ទៅ​សម្លាប់​ចោ​ល​ទាំង​អស់​។

រហូត​ដល់​​ឆ្នាំ​១៩៧៩​ នៅពេល​ដែល​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ និង​កង​ទ័ព​រដ្ឋា​ភិបាល​កម្ពុជា​ ចូល​មក​រំដោះ​ទី​ក្រុង​ភ្នំ​ពេញ​ពី​ខ្មែរ​ក្រហម​ ខ្ញុំ​ក៏​បាន​រត់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។​ បន្ទាប់​ពី​ ខ្ញុំ​ត្រឡប់​ទៅ​ដល់​ផ្ទះ​ នៅ​ក្នុង​​ភូមិ​ចាប់​ផ្ដើម​កើត​​មាន​ភាព​ចលាចល ​​ដោយ​សារ​ខ្មែរ​ក្រហម​យកទី​តាំង​​ភូមិ​អណ្ដូង​តាអោន ធ្វើ​ជា​​ព្រលាន​យន្តហោះ​។ ដូច្នេះ​ ​ប្រជាជន​មិន​ហ៊ានបន្ត​រស់​​នៅក្នុង​ភូមិ​ទៀត​នោះទេ​ ដោយ​សុខ​ចិត្ត​នាំ​គ្នា​​ដេកនៅក្រោម​ដើម​ឈើ​តាម​ផ្លូវ​ជាតិ​លេខ៦​។ ​អស់រយៈពេល​មួយ​សប្ដាហ៍​ក្រោយពេល​ដែលសភាព​​ការ​ណ៍​ស្ងប់​ស្ងាត់​ ​ទើប​ប្រជាជន​ហ៊ាន​ចូល​ទៅរស់​នៅ​តាម​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន​វិញ​។​

ខ្ញុំ​ក៏​បាន​រស់​នៅ​ជួប​ជុំ​ជា​មួយឪពុក​ម្ដាយ​ បង​ប្អូន​ ដូច​កាល​ពី​មុន​​។​ គ្រួសារ​ខ្ញុំ​ បាន​បន្ត​មុខ​របរ​ជា​កសិករ​ធ្វើ​ស្រែ,​ ដាំ​ដំណាំ​, បង្កា​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ ចំណែក​ឯ​ ខ្ញុំ​ក៏​បន្ត​រស់​នៅ​ផ្ទះ​ជួយ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​ឪពុក​ម្ដាយ​រហូត​ដល់​ឆ្នាំ​១៩៨៤​។ ក្នុង​វ័យ​១៦​ឆ្នាំ​ ខ្ញុំ​​​បាន​សម្រេច​ចិត្ត​​ចូល​ធ្វើ​ជា​កង​ទ័ព​សាធារណៈរដ្ឋ​កម្ពុជា​។ អំឡុង​ពេល​ខ្ញុំ​ចូល​ធ្វើ​ជា​កង​ទ័ព​ ខ្ញុំ​មិន​បាន​ចេញ​ទៅ​វាយ​នៅ​សមរភូមិ​នោះ​។​ រហូត​ដល់​ឆ្នាំ​១៩៨៨​ ទើប​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​កាន់​តំបន់​អន្លង់​វែង​។​ ​វា​ជា​លើក​ទី​មួយ​ហើយសម្រាប់​ខ្ញុំ​​ ដែល​​បាន​ស្គាល់​ និង​មក​ដល់​ទឹក​ដី​អន្លង់​វែង​។​

បន្ទាប់​ពី​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ដល់​អន្លង់​វែង​ អង្គ​ភាព​ខ្ញុំ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ឈរ​ជើង​នៅ​ព្រំ​ដែន​ថៃ​។​ ខ្ញុំ រស់​នៅ​តាម​ព្រំ​ដែន​ថៃ​បាន​រយៈ​ពេល​ប្រាំ​ខែ​ ខ្ញុំ​ក៏​បាន​រត់​ចេញ​ពី​ជួរ​កង​ទ័ព​ដោយ​មាន​គោល​ដៅ​ត្រឡប់​មក​ទៅ​ផ្ទះ​វិញ​។​ នៅ​អំឡុង​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​បាន​ពាក់​កណ្ដាល​ផ្លូវ​ ខ្ញុំ​ក៏​បាន​ជួប​ជា​មួយ​កង​ទ័ព​ខ្មែរ​ក្រហម។​ ពេល​នោះ​​ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង​ព្រោះ​ខ្លាច​ខ្មែរ​ក្រហម​ធ្វើ​បាប​ ឬ​ស្លាប់​ចោល​។​ ស្ថាន​ភាព​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន។​ ខ្ញុំ​ត្រូវ​ស្ម័គ្រ​ចិត្ត​រស់​នៅ​ជា​មួយ​កង​ទ័ព​ខ្មែរ​ក្រហម​ ដើម្បី​រួច​ផុត​ពី​សេច​ក្ដី​ស្លាប់​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​​ ខ្ញុំ​រស់​នៅ​តស៊ូ​ជាមួយ​ខ្មែរក្រហម​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មីនា​ ​ឆ្នាំ​១៩៩៨​ ខ្ញុំ​ក៏​មក​ចូល​ខ្លួន​​ជា​មួយ​នឹង​រដ្ឋា​ភិបាលកម្ពុជា​​នៅ​អូរ​បៃ​តាប់​​។​ នៅ​ក្នុង​ឆ្នាំនោះ​ដដែល​ រាជ​រដ្ឋា​ភិ​បាលកម្ពុជា​​​បាន​ធ្វើ​សមាហរណកម្មជា​មួយ​កង​ទ័ព​ខ្មែរ​ក្រហម​ ក្នុង​ការ​​បញ្ចប់​សង្គ្រាម។​

ក្រោយ​ពី​តំបន់​អន្លង់​វែង​ទទួល​បាន​សុខ​សន្តិ​ភាព​ ខ្ញុំ​ក៏​សម្រច​ចិត្ត​បន្ត​រស់​នៅ​ក្នុង​​ភូមិ​ថ្នល់​ថ្មី ដោយ​មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ​។​ ការ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​រស់​នៅ​ទី​នេះ គឺ​​ដោយ​សារ​តែ​តំបន់​​អន្លង់​វែង​ សម្បូរ​ដី​ធ្លី​ធ្វើ​ស្រែ​ចម្ការ​ និង​សម្បូរ​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​ជា​ច្រើន​ដែល​អាចធ្វើ​​ឲ្យ​ខ្ញុំ​រស់​នៅប្រកប​មុខ​របរចិញ្ចឹម​ជីវិត​​បាន​យ៉ាង​សុខ​សប្បាយ​»៕

អត្ថបទដោយ សួត វិចិត្រ


[1] មេក វិន សម្ភាសន៍ជាមួយ ឡុង ចាន់​ថន នៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ​ នៅក្នុងឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin