ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន

(សៀមរាប) ៖ ពេលដែលខ្មែរក្រហម​​បានចូលមកកាន់អំណាច ឡោម លឹម មានអាយុ១៨ឆ្នាំ។​ លឹម មានភាពលំបាកខ្លាំងចាប់​តាំងពីមុនពេលខ្មែរក្រហមបានវាយចូលទីក្រុងភ្នំ​ពេញ​​ទៀត។​ ដោយសារតែមានសង្គ្រាមនៅក្នុងស្រុកជីវ​ភាព​របស់ លឹម ត្រូវទទួលរងការប៉ះទង្គិចខ្លាំង ។​

ខ្មែរក្រហមបានប្រើឲ្យលើកដីនៅក្នុងការដ្ឋានដោយធ្វើការគ្មានពេលឈប់សម្រាក។​ នៅម៉ោង៦ព្រឹក លឹម​ ចាប់ផ្ដើម​​ធ្វើការរហូតដល់ម៉ោង១១ថ្ងៃ ហើយបន្តរហូត​ទៅដល់ម៉ោង៥ល្ងាច។ ការងារលើកដី គឺខ្មែរក្រហមបានវាស់ជាម៉ែត្រ​សម្រាប់ប្រជាជនម្នាក់ៗ។ មនុស្សប្រុស និង ស្រីត្រូវរែក​ដី ធ្វើស្រែចម្ការ ធ្វើម្ហូប ដូចគ្នាទាំងអស់។

សម្រាប់របបអាហារវិញគឺអង្គការចែកបបរឲ្យម្នាក់មួយចានក្នុងមួយថ្ងៃ។​ ក្នុងមួយថ្ងៃ លឹម ទទួលអាហារបានពីរពេល។​  លឹម តែងតែបេះស្លឹកឈើយកមកលាយជាមួយបបររាល់ពេលដែលមានអារម្មណ៍ថាមិនសូវឆ្អែត។​ ប៉ុន្ដែស្លឹក​ឈើទាំងអស់ គឺមិនអាចយកមកលាយបាននោះទេ។ គាត់​ត្រូវ​រកមើលថាតើ ស្លឹកមួយណាដែលអាចបរិភោគបាន​និងស្លឹកមួយណា ដែលមិនមានសុវត្ថិភាពសម្រាប់​​    បរិភោគ។

នៅពេលដែលប្រជាជនឈឺល្មមៗ អ្នកជំងឺមិនត្រូវបានទទួលការព្យបាលទេ។​ ផ្ទុយទៅវិញ អង្គការបែរជានិយាយថាការឈឺល្មមនោះជាជំងឺខ្ជិល ឫហៅថា ឈឺកុហក។​ ប្រជាជនដែលទទួលបានការព្យាបាល​​គឺជាប្រជាជនដែលមានអាការខ្លាំង។​ លឹម មិនដែលមានជំងឺនោះទេនៅរបបខ្មែរក្រហម គឺ​គ្រាន់តែមានការឃ្លានអាហារដោយសារការអត់ម្ហូប​បរិភោគ។​  លើសពីនេះទៅទៀតប្រជាជន ​​​ដែលមិនធ្វើតាមអង្គការតែងតែត្រូវបានដាក់ទោស។​

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ លឹម បាន​បន្តធ្វើស្រែធម្មតាដើម្បីចិញ្ចឹមគ្រួសាររបស់ខ្លួន ហើយក៏លែងលំបាកដូចនៅក្នុងរបបខ្មែរក្រហមទៀតទេ។​ លឹម មិនមានជំងឺនោះទេ។​ ភាគច្រើនមានការឈឺថ្កាត់បន្តិច និងទិញថ្នាំយកមកលេប។​ លឹម មិនដែលមានករណីឈឺរហូតដល់ចូលពេទ្យនោះទេ។ លឹម បាននិយាយថាខ្លួនមិនងាយ
ឈឺនោះគឺមកពីការធ្វើលំហាត់ប្រាណទៀងទាត់ និងការធ្វើការងារពលកម្មបានច្រើននៅពេលបច្ចុប្បន្ន។

សម្ភាសន៍ដោយ ៖ ហាំ សៀងហេង

អត្ថបទដោយ ៖ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin