លន់ លាងហេង រំឭកអំពីបទពិសោធន៍កងចល័តសហករណ៍ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ លន់ លាងហេង បច្ចុប្បន្នរស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៦ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ ឪពុករបស់ខ្ញុំមានឈ្មោះ លន់ ស៊ឹម រីឯម្ដាយឈ្មោះ ទួន ង៉ោ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។ នៅពេលដែលប្រឡងឡើងថ្នាក់បន្តទៀត ខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ មិនអាចទៅប្រឡងឡើងថ្នាក់បាន ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តឈប់រៀន និងបួសជាព្រះសង្ឃ។ ខ្ញុំរៀនសាលាបាលីនៅវត្តគគរ និងបន្តទៅរៀននៅវត្តរកាគយ។ លុះមកដល់ឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ មានការកើតឡើងនូវការទម្លាក់គ្រាប់បែកនៅក្នុងភូមិ និងតាមទីវត្តអារាមនានា។ នៅពេលនោះ ខ្ញុំរត់ភៀសខ្លួនទៅវត្តជ្រោយថ្ម ដើម្បីស្នាក់នៅ និងរៀនសូត្របន្តទៅថ្នាក់ពុទ្ធិកវិទ្យាល័យ និងដើម្បីការប្រឡងឡើងថ្នាក់ជាន់ខ្ពស់ផងដែរ។ គាប់ជួននៅពេលនោះ ខ្ញុំ និងប្អូនប្រុស ត្រូវទៅប្រលងឌីប្លូម នៅទីក្រុងភ្នំពេញ។ នៅគ្រានោះ ទីរួមខេត្តកំពង់ចាម ត្រូវបានហ៊ំព័ទ្ធជុំវិញទៅដោយកងទ័ពខ្មែរក្រហម។ នេះគឺជាមូលហេតុដែល ខ្ញុំ និងប្អូនប្រុសមិនអាចចេញទៅប្រឡងនៅខេត្តកំពង់ចាមបាន។ យើងបានសុំទាហានម៉ារីន លន់ នល់ ដើម្បីជិះធ្វើដំណើរទៅទីក្រុងភ្នំពេញ។ នៅពេលនោះដែរ ទាហានម៉ារីន លន់ នល់ អនុញ្ញាត និងសម្រេចឲ្យយើងរួមដំណើរទៅទីក្រុងភ្នំពេញ ។ នៅពេលដែលទៅដល់ទីក្រុងភ្នំពេញ ខ្ញុំចូលប្រឡងនៅពុទ្ធិកវិទ្យាល័យសុរាម្រឹត ទីក្រុងភ្នំពេញ។ ចាប់ពីឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបើកការវាយប្រហារ និងហ៊ំព័ទ្ធគ្រប់គ្រងសេដ្ឋកិច្ចទីក្រុងភ្នំពេញទាំងស្រុង ដោយបានបាញ់ផ្លោងគ្រាប់ចូលទីក្រុងភ្នំពេញ ជាញឹកញាប់។
នៅពេលដែលនិយាយទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាជនទីក្រុងភ្នំពេញ រួមទាំងរូបខ្ញុំផ្ទាល់ដែលបានស្នាក់នៅបន្តការសិក្សានោះ ជីវភាពរស់នៅគឺពិតជាលំបាកខ្លាំងណាស់។ ទីក្រុងភ្នំពេញត្រូវបានហ៊ំព័ទ្ធទៅដោយកងទ័ពខ្មែរក្រហមខ្មែរក្រហមរួចទៅហើយ។ ប្រជាជននៅទីក្រុងភ្នំពេញ រស់នៅអាស្រ័យទៅលើជំនួយពីសហរដ្ឋអាមេរិក ដូចជាស្បៀងអាហារ, ថ្នាំពេទ្យ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទាំងស្រុង។ រហូតដល់កងទ័ពខ្មែរក្រហមវាយកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំ និងបងប្អូន៣នាក់ផ្សេងទៀត ដែលកំពុងស្នាក់នៅ និងសិក្សានៅទីក្រុងភ្នំពេញ សម្រេចចិត្តចាកចេញពីទីក្រុង ដើម្បីវិលត្រលប់មកភូមិវិញ។ យើងចាប់ផ្ដើមធ្វើដំណើរទៅភូមិកំណើតវិញ ដោយបានដើរអស់រយៈពេលមួយខែ ទើបបានមកដល់ផ្ទះ។ នៅតាមផ្លូវ មានប្រជាជនជាច្រើនបានស្លាប់ ដែលបណ្ដាលមកពីជំងឺឈឺថ្កាត់ គ្មានថ្នាំព្យាបាល ការរងរបួស, ការអត់អាហារ និងការធ្វើដំណើរដោយគ្មានគោលដៅផងដែរ។
នៅពេលដែលមកដល់ភូមិកំណើតវិញ ឪពុកម្ដាយរបស់ខ្ញុំត្រូវបានជម្លៀសចេញពីផ្ទះរួចអស់ទៅហើយ ពីព្រោះគាត់ទាំង២នាក់ជាប់ពាក់ព័ន្ធទៅនឹងរូបខ្ញុំដែលជាប្រជាជនថ្មី ឬប្រជាជន១៩៧៥។ ឪពុកម្ដាយរបស់ខ្ញុំដែលឈានចូលវ័យចាស់ជរា ទទួលរងការធ្វើបាប ដោយត្រូវទៅកាប់ឆ្ការព្រៃនៅស្រុកកងមាសឆ្ងាយពីផ្ទះ។ នៅពេលដែលខ្ញុំទទួលបានដំណឹងបែបនេះ ខ្ញុំមានក្ដីអាណិតអាសូរ និងនឹករឭកចំពោះឪពុកម្ដាយជាពន់ពេក។ ខ្ញុំព្យាយាមខិតខំសាកសួរតាមរកដំណឹងរបស់អ្នកមានគុណទាំងទ្វេ។ ខ្ញុំធ្វើដំណើរទៅស្វែងរកជួបគាត់ទាំងយប់អធ្រាត។ នៅពេលបានជួបគាត់ហើយ ខ្ញុំវិលត្រឡប់មកផ្ទះវិញ។ នៅពេលនោះ គឺឆ្នាំ១៩៧៥ អង្គការបានបង្កើតសហករណ៍រួម។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបញ្ចូលឱ្យទៅលើកភ្លឺស្រែនៅភូមិសាស្រ្តក្រទ្បា។ ខ្ញុំ និងបងប្អូន ត្រូវបានតាមដាន និងប្រឈមរាល់ការចោទប្រកាន់ផ្សេងៗ រួមមានការចាប់កំហុសដើម្បីយកទៅសម្លាប់ចោល ក្នុងការចោទប្រកាន់ថា ខ្មាំងមិនស្មោះត្រង់ចំពោះអង្គការ។ នៅក្រោយមកទៀត ខ្ញុំត្រូវបានបញ្ចូនទៅច្រូតស្រូវនៅទួលស្រែ។ នៅពេលទៅដល់ទួលស្រែ និងមុនការចាប់ផ្ដើមធ្វើការងារថ្ងៃដំបូង មានការរៀបចំអាហារទទួល ដោយមាន បាយ និងងបបរស្ករ ឱ្យយើងបរិភោគគ្រប់គ្នា។ នៅពេលរដូវកាលច្រូតកាត់បានបញ្ចប់ ខ្ញុំត្រូវបាន បញ្ជូនអោយទៅកាប់ព្រៃទាំងខ្លួនឈឺនៅក្រចេះអស់មួយរយៈពេល។ នៅពេលដែលកងទ័ពវៀតណាមចូលមកដល់នៅដើមឆ្នាំ១៩៧៩ ខ្ញុំរួចផុតពីសេចក្ដីអត់ឃ្លាន និងស្លាប់។ ខ្ញុំចាប់ផ្ដើមដំណើរវិលមកជួបជុំគ្រួសារនៅភូមិវិញ និងបន្តប្រកបរបរស្រែចម្ការ។[1]
អត្ថបទដោយ សាំង ចាន់ធូ
[1] បទសម្ភាសន៍ជាមួយ លន់ លាងហេង បច្ចុប្បន្នរស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា