លឿន សឿន៖ អនុប្រធានកងតូច១៤ មន្ទីរ៧៩៨

លឿន​ សឿន[1]​ ភេទ​ស្រី​​ អាយុ​២០ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​រកា​ក្រោម​ ឃុំ​ខ្ពប ស្រុក​២០ តំបន់​២៥​។ សឿន បាន​និយាយថា៖ «ខ្ញុំ​មាន​ឪពុក​ឈ្មោះ​ លឿង​ ឡុង​ និង​ម្ដាយ​ឈ្មោះ​ ចៀប​ តូច​ ដែល​មាន​មុខ​របរ​ជា​កសិករ​។ ក្នុង​វ័យ​៩​ឆ្នាំ​ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ចូល​រៀន​នៅ​សាលា​វត្ត​ខ្ពប​ថ្នាក់​ទី​១២​។​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ ក្នុង​វ័យ​១៣​ឆ្នាំ​ ខ្ញុំ​ក៏​បាន​ឈប់​រៀន​។ បន្ទាប់​មក​ ម្ដាយ​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ឲ្យ​ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​ឃុំ​ក្រាំង​យ៉ូវ​ ស្រុក​២០​ តបន់​២៥​ ជា​មួយ​ម្ចាស់​ផ្ទះ​ឈ្មោះ​ ឈាង​(ប្ដី)​ និង​ប្រពន្ធ​ឈ្មោះ​ ច្រឹក​។ កាល​ណោះ​ តួនាទី​ខ្ញុំ​ជា​អ្នក​ដាំ​បាយ​ឲ្យ​កម្ម​ករ​ច្រូត​ស្រូវ​។ ខ្ញុំ​រស់​នៅ​ធ្វើ​ការ​ទី​នោះ​បាន​រយៈ​ពេល​១ឆ្នាំ​ ម្ដាយ​ខ្ញុំ​ក៏​បាន​យក​ត្រឡប់​មក​នៅ​ផ្ទះ​វិញ​ក្នុង​ឆ្នាំ​១៩៧១​។ ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​រហូត​ដល់​ឆ្នាំ​១៩៧៣​ ខ្ញុំ​ក៏​បាន​ចូល​ក្នុង​ជួរ​បដិវត្តន៍​នៅ​មន្ទីរ​កង​នារី​តំបន់​ ក្រោម​ការ​ដឹក​នាំ​របស់​ យ៉ុន​ មាន​នាទី​ជា​មេ​ក្រុម​ ហើយ​បង​សំនៀង​ ជា​អ្នក​ទទួល​ខុស​ត្រូវ​រួម​ក្នុង​មួយ​កង​អនុ​សេនា​តូច​​នារី​។​

បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​កង​ជួរ​បដិវត្តន៍​បាន​ចំនួន​១៧​ថ្ងៃ​ បង​សំនៀង​ បាន​យក​ខ្ញុំ​ឲ្យ​ដើរ​តាម​គាត់​ទៅ​មន្ទីរ​១៣​។​ ពេល​ទៅ​ដល់​ទី​នោះ​ ខ្ញុំ​ត្រូវ​បាន​ខូច​សីល​ធម៌​ជា​មួយ​ពូ​សុក​ ដោយ​ពូសុក​ បាន​ចាប់​រំលោភ​ខ្ញុំ​ នៅ​ក្នុង​ព្រែក​ប៉ិ​ ស្រុក​កោះ​ធំ​ មន្ទីរ​១៣​។ អំឡុង​ពេល​នោះ​ ពូសុក បាន​សួរ​ខ្ញុំ​អំពី​គ្រួសារ​ ឪពុក​ម្ដាយ​ របរ​រក​ស៊ី​គ្រួសារ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​។ ពេល​នោះ​ ខ្ញុំ​ក៏​បាន​ឆ្លើយ​ប្រាប់​ពី​ឪពុក​ម្ដាយ​ បង​ប្អូន និង​របរ​រក​ស៊ី​គ្រួសារ​ខ្ញុំ​ទៅ​កាន់​ពូ​សុក​ ប៉ុន្តែ​មិន​មាន​ការ​អប់​រំ​អ្វី​មក​កាន់​ខ្ញុំ​នោះ​ទេ​។ បន្ទាប់​មក​ បង​សំនៀង​ ក៏​បាន​ហៅ​ខ្ញុំ​ត្រឡប់​មក​វិញ​ ដោយ​ខណៈ​ពេល​នោះ​ខ្ញុំ​មិន​បាន​ស្គាល់​ពូ​សុក​ ថា​ជា​អ្នក​ណា​នោះ​ឡើយ​។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​ស្គាល់​តាម​រយៈ​ បង​សំនៀង​ ប្រាប់​។​

នៅ​ខែ​កក្កដា​ ឆ្នាំ​១៩៧៣​ បង​សំនៀង​ បាន​ចាប់​អូស​ទាញ​​ខ្ញុំ​ឲ្យ​ដើរ​តាមជា​មួយ​ជា​ញឹក​ញយ ហើយ​ឲ្យ​លុយ​ខ្ញុំ​ចាយ​ជា​រៀង​រាល់​ថ្ងៃ​។ បន្ថែម​ពី​នេះ​ បាន​យក​ខ្ញុំ​ទៅ​ដើរ​លេង​តាម​ផ្ទះ​ប្រជាជន​នៅ​ឃុំ​ឈើ​ទាល​ ស្រុក​១៣​ តំបន់​២៥​។ ក្រោយ​មក​ទៀត​ បង​សំនៀង​ បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​កន្លែង​របស់​ខ្លួន​ហើយ​បាន​ឲ្យ​អាវ​ខ្មៅ​មក​ខ្ញុំ​ចំនួន​មួយ​ ដោយ​បាន​អប់​រំ​ខ្ញុំ​ ឲ្យ​ចេះ​ស្រឡាញ់​មិត្ត​ដូច​បង​ប្អូន​បង្កើត​។ គាត់​បាន​បន្ត​ថា​ ខ្ញុំ​ទុក​ចិត្ត​មិត្ត​ហើយ​បាន​ខ្ញុំ​ឲ្យមិត្ត​​ធ្វើ​ការ​ជា​មួយ​ តើ​មិត្ត​សុខ​ចិត្ត​ទេ​។ ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា​ ខ្ញុំ​នៅ​ផ្ទះ​ខ្ញុំ​ធ្វើ​តាម​ឪពុក​ម្ដាយ​ នៅ​កន្លែង​នេះ​ខ្ញុំ​ធ្វើ​តាម​បង​។ ក្នុង​ខែ​ដដែល ​បង​សំនៀង​ បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ ជា​មួយ​មិត្ត​ម៉ុក​ មិត្ត​សារ​រឿង​ រួម​ទាំង​ខ្ញុំ​ ហើយ​បង​សំនៀង​ ជា​អ្នក​ដឹក​នាំ​ប្រជុំ។ ផែន​ការ​ប្រជុំ​ទី​មួយ​ បំផុស​រឿង​សីល​ធម៌​ក្នុង​កង​នារី​តំបន់​ និង​កង​ភូមិ​ភាគ​បូព៌ា​។ ទីពីរ​ បំផុស​ឲ្យ​សប្បាយ​ភ្លើត​ភ្លើន​សេរី​ជា​មួយ​កង​ទ័ព​បូព៌ា​នៅ​មូល​ដ្ឋាន​។ ទីបី​ អូស​ទាញ​កម្លាំង​ដើម្បី​ធ្វើ​សកម្ម​ភាព​។ ក្រោយ​ប្រជុំ​ចប់​ក៏​បែក​គ្នា​ទៅ​កន្លែង​វិញ​ ភ្លាមៗ​នោះ​ខ្ញុំ​ក៏​បាន​អនុ​វត្ត​សកម្ម​ភាព​បំផុស​សីល​ធម៌​បាន​ចំនួន​ពីរ​នាក់​មាន​ឈ្មោះ​ មិត្ត​សារឿន​ ទី​ពីរ​ឈ្មោះ​ មិត្តរ៉ា​។ បន្ត​មក​ទៀត​ ខ្ញុំ​ធ្វើ​សកម្ម​ភាព​​បំផុស​ឲ្យ​កង​នារី​នេះ​ភ្លើត​ភ្លើន​សប្បាយ​ ធ្វើ​ឲ្យ​ប្រជាជន​មិន​ពេញ​ចិត្ត​ មិន​ឲ្យ​កូន​ចូល​ធ្វើ​បដិវត្ត​ន៍ ធ្វើ​ឲ្យ​ខូច​នយោបាយ​របស់​បក្ស​។

ក្នុង​ខែ​សីហា​ បង​សំនៀង​ បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​ម្ដង​ទៀត​ ការ​ប្រជុំ​លើក​ទី​ពីរ​នេះ​មាន​មិត្ត​ម៉ុក​ មិត្ត​សារឿង​ រួម​ទាំង​ខ្ញុំ​។ ខ្លឹម​សារ​ប្រជុំ​ គឺ​បង​សំនៀង​ បាន​ដឹក​នាំ​ផែន​ការ​ ទី​មួយ​ សម្លាប់​បង​ តិច ហួយ​ និង​បង​សុខា​ មូល​ហេតុ​ឲ្យ​សម្លាប់​ទាំង​ពីរ​នាក់​នេះ​គឺ​ដោយ​សារ​ បង​ តិច​ ហួយ​ ធ្វើ​លិខិត​ស្នើ​សុំ​សម្ភារ​ពី​មូល​ដ្ឋាន​ដាក់​ឈ្មោះ​ បង​សំនៀង​ រួច​ធ្វើ​ការ​ស៊ី​ញ៉េ​ឈ្មោះ​បង​សំនៀង​។ ក្រោយ​ពី​ទទួល​បាន​ផែន​ការ​ហើយ​ខ្ញុំ​ក៏​បាន​ទៅ​កន្លែង​វិញ​ លួច​ខ្សឹប​ប្រាប់​បង​តិច​ ហួយ​ រហូត​ហេតុ​ការ​ណ៍​នេះ​បែក​ធំ​ទៅ​ អង្គ​ការ​ក៏​បាន​ដក​បង​ តិច​ ហួយ​ ឲ្យ​ទៅ​ធ្វើ​សេដ្ឋ​កិច្ច​មន្ទីរ​ពេទ្យ​វិញ​។ កាលនោះ​ ដោយ​សារ​តែ​ខ្ញុំ និង​បង​តិច​ ហួយ​ ស្រឡាញ់​រាប់​អាន​គ្នា​ ទើប​ខ្ញុំ​ដាច់​ចិត្ត​លួច​ខ្សឹប​ប្រាប់​អំពី​ផែន​ការ​សម្លាប់​គាត់​ រួម​ទាំង​បង​សុខា​។ ប៉ុន្តែ​ផែន​ការ​នេះ​មិន​បាន​សម្រេច​នោះ​ទេ​ ដោយ​សារ​បង​សុខា​ ត្រូវ​បាន​អង្គ​ការ​បញ្ជា​ឲ្យ​​ដឹក​នាំកង​​យុទ្ធ​​ជន​ទៅ​ភូមិ​ភាគ​ពិសេស​ ជិត​មួយ​ខែ​។ នៅ​អំឡុង​ពេល​នោះ​ខ្ញុំ​មិន​បាន​បន្ត​សកម្ម​ភាព​អ្វី​ទៀត​នោះ​ទេ​។​

ដល់​ខែ​កក្កដា​ ឆ្នាំ​១៩៧៤​ បង​សៅ​ បង​គាង​ បាន​ហៅ​ខ្ញុំ​ទៅ​ប្រជុំ​នៅ​មន្ទីរ​កង​អនុសេនា​ធំ​២៩០ ក្រោម​វត្ត​ឫស្សី​ស្រុក​។ អ្នក​ចូល​រួម​ប្រជុំ​ពេល​នោះមាន​ឈ្មោះ​ សម្បុរ​, ​ហ៊ន​, សារុំ​ រួម​ទាំង​ខ្ញុំ​ ចំណែក​ឯ​បង​សៅ​ និង​បង​គាង​ ជាប្រធាន​ប្រជុំ​។ ខ្លឹម​សារ​ប្រជុំ​មាន​ទី​មួយ​ បំផុស​ទំនាស់​​ក្នុង​កង​អនុសេនា​ធំ​២៩០។ បំផុស​ទំនាស់​កង​ភូមិ​ភាគ​ពិសេស​ និង​កង​តំបន់​ ធ្វើ​ឲ្យ​បាក់​បែក​សាមគ្គី​ភាព​ ដោយ​បាន​យក​ពាក្យ​ថា​ «​ភូមិ​ភាគ​ពិសេស​ ខោអាវ​ប្រផេះ​ ក្រមា​ប្រផេះ​ ចង្កៀង​ និង​បំផុស​រឿង​សីល​ធម៌​ក្នុង​កង​៩២០​។ ក្រោយ​ប្រជុំ​ចប់​ក៏​បំបែក​គ្នា​ទៅតាម​កន្លែង​វិញ​ ខ្ញុំ​ក៏​បាន​អនុវត្ត​សកម្ម​ភាព​បំផុសទំនាស់​​ក្នុង​កង​២៩០​ថា​ កម្មា​ភិបាល​មិន​ដោះ​ស្រាយ​ជីវភាព​ ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​ក្នុង​កង​ និង​បាន​បំផុស​ទំនាស់​នៅ​កង​តំបន់​ឲ្យ​និយាយ​ត​គ្នា​ទៅ​ភូមិ​ភាគ​ពិសេស ថា​អាវ​ប្រផេះ​ ក្រមា​ប្រផេះ​ ចង្កៀង​នៅ​ស្នាក់​ការ​ ព្រែក​ឡាន​ ធ្វើ​ឲ្យ​បាក់​បែក​សាមគ្គី​ភាព​អង្គ​ភាព​ទាំង​ពីរ​នេះ​។​

នៅ​ខែមិថុនា ឆ្នាំ​១៩៧៥​ អង្គ​ការ​ដក​ខ្ញុំ​ទៅ​ធ្វើ​ស្រែ​នៅ​ស្ទឹង​តាខ្មៅ​។ ដល់​ខែ​កក្កដា​ បង​គាង​ បាន​មក​ជួប​ខ្ញុំ​នៅ​ក្រោយ​ផ្ទះ​កង​៧២​ គាត់​បាន​និយាយ​ថា​ «ប្អូន​អើយ​ធ្វើ​ម៉េច​យើង​កង​១៤០​ ខំ​ទៅ​ធ្វើ​ក៏​មិន​ពេញ​ចិត្ត​ ស៊ីម​ ​ដែរ​»​។ ភ្លាមៗ​នោះ​គាត់​បាន​និយាយ​ពី​សកម្ម​ភាព​អ៊ុំ​បាំង​ សម្លាប់​យុទ្ធ​នារី​ នៅ​ផ្សារថ្មី​ និង​ផ្សារ​​អូរ​ឫស្សី​ ធ្វើ​នេះ​អយុត្តិធម៌​ណាស់​ ពេល​នោះ​ខ្ញុំ​ក៏​បាន​យក​រឿង​ដែល​បង​គាង​ ប្រាប់​ទៅ​និយាយ​នៅ​ក្នុង​កង​៧១​ និង​កង​៧៣​ ធ្វើ​ឲ្យ​កង​ទាំង​ពីរ​នេះ​ស្អប់​បង​ស៊ីម​ និង​អ៊ុំ​បាំង​។ បន្ទាប់​មក​ទៀត​ អង្គ​ការ​បាន​ដក​បង​គាង​ ទៅ​កង​កាត់​ដេរ​​ពី​ឆ្នាំ​១៩៧៥​រហូត​ទៅ​។

នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​១៩៧៦​ អ៊ុំ​បាំង​ បាន​ហៅ​ខ្ញុំ​ដាក់​ផែន​ការ​ក្បត់​ឲ្យ​ខ្ញុំ​អនុវត្ត​ ​ទី​មួយ​ ដើម្បី​ដោះ​ស្រាយ​ទំនាស់​ត្រូវ​រៀន​ញញឹម​ឲ្យ​មហាជន​កក់​ក្ដៅ​។ ទី​ពីរ​ ត្រូវ​ធ្វើ​បង្អែម​ឲ្យ​មហាជន​នៅ​៣១០​ ដើម្បី​ដោះ​ស្រាយទំនាស់​ឲ្យ​មាន​ភាព​កក់​ក្ដៅ​។ ទី​បី​ ដោះ​ស្រាយ​ជំងឺ​ស្ទះ​ និង​ឡប់​ត្រូវ​ចង​ប្រ​សិន​ជា​ចាប់​មិន​ឈ្នះ​ ហើយ​សម្រួល​ការ​ប្រើ​ប្រាស់​ថ្នាំ​។ បន្ទាប់​ពី​ទទួល​បាន​ផែន​ការ​ហើយ​ខ្ញុំ​ក៏​បាន​អនុវត្ត​សកម្ម​ភាព​ធ្វើ​បង្អែម​ជូន​មហាជន​នៅ​៣១០​ បាន​ចំនួន​១៣​ដង​ ធ្វើ​ឲ្យ​ទំនាស់​ជា​មួយ​មហាជន​៧០៣​​។ អនុវត្ត​ន៍រៀន​ញញឹម​ អនុវត្ត​ចង​អ្នក​ជំងឺ​៤នាក់។​ បន្ទាប់​មក​ឲ្យ​អ្នក​ជំងឺ​ស្ទះ​ និង​ឡប់សតិទៅ​អាគារ​ទី​១១​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្មុគ​ស្មាញសតិ​អារម្មណ៍​មាន​ជំនាស់​ជា​មួយ​ពេទ្យ មិន​ព្រម​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ទាម​ទារ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កង​ពល​វិញ​។ ការអនុវត្ត​ផែន​ការ​នេះ​ នៅ​តែ​​ដោះ​ស្រាយ​ទំនាស់​មិន​បាន​ រឹត​តែ​ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​ដោយ​សារ​ មាគ៌ា​របស់​អ៊ុំ​ប៉ាង​ ទៅ​ដោះ​ស្រាយ​ មិន​យក​តាម​មាគ៌ា​បក្ស​។ ក្នុង​ខែ​៧​ ឆ្នាំ​១៩៧៦​ ប្រជុំ​លើក​ទី​បី​ ក្រោយ​ប្រកាស​កង​៧០៣​ និង​កង​៣១០​ចូល​គ្នា​ ខ្ញុំ​បាន​ស្គាល់​ជា​មួយ​មិត្ត​នារី​វណ្ណ​ ជា​មេក្រុម​។ តាម​ការ​ជិត​ស្និត​ជា​មួយ​មិត្ត​វណ្ណ​ ខ្ញុំ​ក៏​បាន​ស្គាល់​ជា​មួយ​នារី​ ហេន​ ដែល​ត្រូវ​ជា​អ្នក​ដឹក​នាំ​ខ្សែ​ក្បត់​នៅ​៣១០​។

នៅនៅ​ខែវិច្ឆិកា​ ​ឆ្នាំ​១៩៧៦​ អង្គ​ការ​បាន​ចាត់​តាំង​ខ្ញុំ​ឲ្យ​ទៅ​រៀន​នៅ​សាលា​ខេត្ត ​រហូត​ដល់​ខែធ្នូ​ អង្គ​ការ​ត្រូវ​ចាប់​ខ្សែ​ក្បត់​ក្នុង​មន្ទីរ​៩៨ ផ្នែក​ជួស​ជុល​។ ដល់​ក្រោយ​មក​ទៀត​ អ៊ុំ​ប៉ាង​ បាន​ណែ​នាំ​ឲ្យ​ខ្ញុំ​ទាក់​ទង​ជា​មួយ​បង​ហ៊ន​ ធ្វើ​សកម្ម​ភាព​។ ពេល​នោះ​បង​ហ៊ន​ នៅ​ស្រែ​ស្ទឹង​ក្រៅ​ ខ្ញុំ​នៅ​អាគារ​ទី​៥​ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ខំ​កសាង​បងៗ​ដែល​មាន​គ្រួសារ​អំឡុង​ពេល​ធ្វើ​ជីវភាព ជា​​ពិសេស​ត្រូវ​កសាង ​បង​រុំ​។ ខ្ញុំ ក៏​បាន​អនុវត្ត​សកម្ម​ភាព​តាម​បង​ហ៊ន​ ពេល​ធ្វើ​ជីវភាព​ ខ្ញុំ​បាន​សំណូម​ពរ​បង​រុំ​ ជា​ញឹម​ញាប់​មិន​ឲ្យ​ទៅ​លេង​គ្រួសារ​។​ ស្នើឲ្យ​ខិត​ខំ​គិត​គូរ​ភារកិច្ច​នៅ​ក្នុង​អាគារ​ ដើម្បី​ជា​គំរូ​មហាជន​ ខ្ញុំ​បាន​អនុវត្ត​បែប​នេះ​ធ្វើ​ឲ្យ​មាន​ជំនាស់​សតិ​អារម្មណ៍​ ស្មុគ​ស្មាញ​ផ្ទៃ​ក្នុង​ពេទ្យ​។ បន្ទាប់​មក​ ខ្ញុំ​បាន​អនុវត្ត​បំផ្លាញ​ប្រដាប់​វាស់​ឈាម​។ ថ្ងៃ​ក្រោយ​មក​ទៀត​ អ៊ុំ​ប៉ាង​ បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ប្រាប់​កន្លែង​០១​ឈប់​ឲ្យ​ធ្វើ​សកម្ម​ភាព​ព្រោះ​អង្គ​ការ​កំពុង​ស្រាវ​ជ្រាវ​រក​ខ្សែ​ក្បត់​ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​ចុះ​ទៅ​ឲ្យ​ជ្រៅ​ក្នុង​មហា​ជន​ កុំ​ឲ្យ​អង្គ​ការ​ដឹង​។ ដល់​ខែ​កុម្ភៈ​ ឆ្នាំ​១៩៧៧​ អង្គ​ការ​បាន​ចាប់​អ៊ំ​ប៉ាង​ ទៅបាត់​​រហូត​។ សកម្ម​ភាព​ខ្ញុំ ក្រោយ​ពេល​អង្គ​ការ​ចាប់​ អ៊ុំ​ប៉ាង​ នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្ញុំ​បាន​ជួប​ជា​មួយ​ បងហ៊ន​ ម្ដ​ង​នៅ​ក្នុង​មន្ទីរ​៩៤​ ខ្ញុំ​បាន​សួរ​ពី​សភាព​ការណ៍​នៅ​ស្រែ​។ បង​ហ៊ន​ បាន​ប្រាប់​ខ្ញុំ​ថា​ចូល​មិន​ចុះ​នោះ​ទេ​សភាព​ការណ៍​តឹង​ណាស់​។​ នៅ​ថ្ងៃ​ទី០​៦​ ខែ​សីហា​ ឆ្នាំ​១៩៧៧​ ​អង្គ​ការ​​បាន​ចាប់​ខ្ញុំ​»៕

អត្ថបទដោយ៖ មេក វិន

[1] ឯកសារលេខ J00304 ដែលជាចម្លើយ​សារភាពរបស់​ លឿន សឿន នៅក្នុបណ្ណសារនៃមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក៏​បាន​រក្សាទុក​នៅក្នុងការិយាល័យ​របស់​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែងដែរ។ ចម្លើយសារភាពមិនត្រូវ​បាន​ចាត់​ទុក​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ដោយសារតែ​ជាចម្លើយ​ដែល​កើតចេញ​ពីអំពើទារុណកម្ម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin