អំពីការក្បត់របស់ លុន អិន លេខាវរសេនាតូច៧០៥

នៅក្នុងសម័យកាលមួយដ៏លំបាក សូម្បីអាហារហូបចុកមិនគ្រប់គ្រាន់។ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ វិទ្យុផ្សាយសំឡេងលួចលាក់របស់ក្សកុម្មុយនីស្តកម្ពុជាបានផ្សាយនូវសេចក្តីប្រកាស ដល់ប្រជាជនទាំងអស់ជាទីគោរពស្នេហា[1]។ នេះគឺជាកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនកម្ពុជាយើង[2]។ កងកម្លាំងត្រូវស្តាប់បញ្ជាថ្នាក់លើ ដើម្បីការរស់នៅសុខសប្បាយនិងមានជីវិតបន្ត។
ឈ្មោះ លុន អិន[3] ភេទប្រុស អាយុ ២២ឆ្នាំ(ឆ្នាំ១៩៧៧) កើតនៅភូមិអន្សក្រហាយ ឃុំសំបូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ភូមិភាគកណ្ដាល បច្ចុប្បន្នឃុំសំបូរណ៍ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ឆ្នាំ១៩៦៩ ខ្ញុំធ្វើជាកូនសិស្សលោកតា សួន ជាព្រះចៅអធិការវត្តខ្មាស ដល់ឆ្នាំ១៩៧០ធ្វើជាកូនសិស្សលោកតា ចាប ជាព្រះចៅអធិការវត្តស្រីទេព។ នៅក្នុងខែឧសភា ឆ្នាំ១៩៧០ ខ្ញុំឈប់នៅវត្ត ហើយត្រឡប់ទៅផ្ទះដើម្បីជួយឪពុកម្តាយរកស៊ី។ ឆ្នាំ១៩៧១ ខ្ញុំចូលធ្វើជាឈ្លបភូមិអន្សក្រហាយ នៅពេលនោះឈ្មោះ ប៉ី ជាអនុប្រធានសង្កាត់សំបូរ ក៏មកស្នាក់នៅផ្ទះបងខ្ញុំឈ្មោះ ហាន ដើម្បីដឹកនាំប្រជាជនភូមិអន្សក្រហាយនេះ។ ប្រហែលខែមិថុនា ឆ្នាំ១៩៧១ ខ្ញុំទៅជួយស្ទូងស្រូវបងឈ្មោះ ហាន។ ចាប់ពេលនោះមក ខ្ញុំបានស្គាល់ឈ្មោះ ប៉ី កាន់តែជិតស្និទ្ធ ដោយនៅផ្ទះជាមួយគ្នា។ ពេលខ្លះឈ្មោះ ប៉ី ប្រើខ្ញុំទៅធ្វើជានីរសារឱ្យគាត់ម្តងម្កាល។
នៅឆ្នាំ១៩៧១ ឈ្មោះ ប៉ី បានអប់រំខ្ញុំឱ្យចូលបដិវត្តន៍នេះលើកដំបូងតែក្រោយមកទៀត ប៉ី បែរជាអប់រំខ្ញុំថាមិត្តអិនឯង ចូលធ្វើបដិវត្ត ព្រោះជាការលះបង់ខ្ពស់ជាងនៅផ្ទះ តែមិត្តកុំភ្លេចក្រោយឱ្យសោះ។ ប៉ីបានសួរថា តើមិត្តសុខចិត្តធ្វើតាមខ្ញុំទេ? ខ្ញុំឆ្លើយប្រាប់មិត្តថាម៉េច បើខ្ញុំមិនទាន់ដឹងរឿងផង។ រឿងដែលខ្ញុំប្រាប់មិត្តនេះទាល់ស្ងាត់បន្តិច ព្រោះអីជារឿងគ្រោះថ្នាក់ គឺធ្វើបដិវត្តន៍ស្មុគស្មាញ។ បន្តិចទៀតត្រូវរស់នៅជាសមូហភាពមានការលំបាកណាស់។ ម្យ៉ាងទៀតធ្វើបដិវត្តន៍សង្ឃឹមតិចណាស់ ដោយយើងគ្មានសម្បូរបែបទេ មិនដូចខាងទាហាន លន់ នល់ មានគ្រប់គ្រាន់។ ខ្ញុំនិយាយថា បើបងប៉ី ឱ្យធ្វើ គឺខ្ញុំធ្វើតាមទាំងអស់។ ក្រោយមកឈ្មោះ ប៉ី អប់រំខ្ញុំ ដើម្បីចូលក្នុងជួរបដិវត្តន៍ដែលមានខ្សែរយៈសម្រាប់ធ្វើសកម្មភាពច្រើន។
អំឡុងខែធ្នូ ឆ្នាំ១៩៧២ បងប៉ី បានបញ្ជូនខ្ញុំទៅនៅជាមួយ យ៉ាន។ យ៉ាន ជាលេខាឃុំសំបូរ ខ្ញុំត្រូវបានធ្វើជាអ្នកនីរសាររត់សំបុត្រ ប៉ុន្តែខ្ញុំនៅបានប្រមាណ៤ទៅ១០ថ្ងៃ។ យ៉ាន បានសួរមកកាន់ខ្ញុំថា ប៉ីធ្លាប់និយាយរឿងអ្វីប្រាប់មិត្តឯងដែរទេ? ខ្ញុំឆ្លើយទៅវិញភ្លាម ប៉ីធ្លាប់បាននិយាយប្រាប់រឿងខ្លះៗ។ ចុះមិត្តឯងធ្លាប់បានធ្វើសកម្មភាពហើយឬនៅ? ខ្ញុំមិនទាន់បានធ្វើសកម្មភាពអ្វីទាំងអស់ ព្រោះភារកិច្ចដែលដាក់មក គឺមិនទាន់ច្បាស់។ បន្ទាប់ពីយ៉ាន សួរបញ្ជាក់ទើបដឹងថាគាត់ជាខ្សែរយៈជាមួយ ប៉ី។ នៅខែធ្នូ ឆ្នាំ១៩៧២ ប៉ី បានធ្វើពិធីប្រកាសបញ្ចូលខ្ញុំជាសេអ៊ីអា(CIA) អ្នកទទួលស្គាល់ឈ្មោះយ៉ាន ជាលេខាឃុំសំបូរ។ នៅពេលជាមួយគ្នានោះ ប៉ី និងយ៉ាន បានបញ្ជូលឈ្មោះ សេង ម្នាក់ទៀតជាសេអ៊ីអា(CIA) ព្រោះសេង គាត់អប់រំមកយូរហើយ។
ឆ្នាំ១៩៧៣ យ៉ាន បានហៅខ្ញុំនិងសេង ប្រាប់ថាល្ងាចនេះមិត្តឯងទាំងពីរនាក់ទៅយកកាំភ្លើងចំនួនពីរដើមទៅបាញ់អ្នកយាមអាវុធរបស់តំបន់៤៣ នៅភូមិសំបូរ។ យើងធ្វើឱ្យវាស្របទៅតាមសកម្មភាពរបស់យួនផង។ ដល់ល្ងាចជិតយប់ ខ្ញុំនិងសេង បានទៅបាញ់អុកឡុកនៅឃ្លាំងអាវុធតំបន់៤៣អស់មួយសន្ទុះទើបត្រឡប់មកវិញ។ ដល់ខែមករា ឆ្នាំ១៩៧៣ ខ្ញុំត្រូវផ្លាស់ទៅធ្វើជាបុគ្គលិកពេទ្យភូមិភាគឧត្តរនៅជិតភូមិកូនក្អែក។ ចាប់ពីពេលនោះមកខ្ញុំត្រូវការទាក់ទងជាមួយប៉ី និងយ៉ានរហូត។ ខែមេសា ឆ្នាំ១៩៧៣ ខ្ញុំផ្លាស់ទៅពេទ្យទៅនៅពេទ្យយ១៣៣ ពេលនោះខ្ញុំទាក់ទងជាមួយឈ្មោះ សួ ព្រោះសួ ធ្វើពេទ្យដែរ។ ខ្ញុំធ្វើពេទ្យបានរយៈពេលពីរខែ សួ បានបបួលខ្ញុំទៅនៅវរសេនតូច៣១២ ដោយសួ មានបងឈ្មោះ សូ ជាគណៈរវសេនានៅ៣១២ស្រាប់។ មកដល់វរសេនាតូច៣១២ ឈ្មោះ សួ បាននិយាយរឿងប្រាប់ខ្ញុំថា រឿងដែលខ្ញុំបបួលមិត្តមកនេះ ព្រោះនៅមន្ទីរពេទ្យគ្មានសប្បាយសោះ បើនៅអង្គភាពនេះបានសប្បាយ ដើរលេងសេរីតាមចិត្ត។ ខែតុលា ឆ្នាំ១៩៧៣ ឈ្មោះ សី បានហៅខ្ញុំទៅប្រជុំនៅក្នុងប្រសាទអង្គរតូច។ អ្នកចូលរួមប្រជុំមានឈ្មោះដូចជា សី លេខាកងពល១៧៤, សួ យោធាកងធំ៣ វរសេនាតូច៧០២, ហាន លេខាវរសេនាតូចរបស់តំបន់សៀមរាប ឧត្តរមានជ័យ និងឈ្មោះ វ៉ាត់ ដកពីកងតូចមកនៅត្រឹមអនុក្រុំ កងធំទី២ វរសេនាតូច៧០៤ វរនសេនាធំ៦០១។ សីនិយាយថា ខ្ញុំហៅមិត្តឯងមកនេះ ដើម្បីឱ្យមិត្តស្គាល់ជាខ្សែរយៈ។ បន្ទាប់មកទៅវាយនៅសមរភូមិសៀមរាប បើខ្មាំងបុកមកខ្លាំង មិត្តត្រូវបញ្ជាឱ្យកងទ័ពដកថយ។ ជាគោលបំណងរបស់យើង គឺធ្វើយ៉ាងណាឱ្យទាហានបុកយកអង្គរវត្តឱ្យបាន។
ក្រោយពីទទួលផែកការហើយ ដល់ថ្ងៃវាយខ្មាំងបានវាយបកមកលើយើងច្រើនលើសលប់ ហានមកប្រាប់ខ្ញុំ ហើយផ្តល់ដំណឹងទៅសួ។ ឈ្មោះ សួ ប្រាប់ថាដកថយព្រោះខ្មាំងវាយបុកខ្លាំង ព្រោះអង្គការមិនចាប់អារម្មណ៍ទេ។ ពេលនោះខ្ញុំឱ្យយុទ្ធជនដកថយ ធ្វើឱ្យពលីមិត្តយើងម្នាក់។ ចុងខែតុលា ឆ្នាំ១៩៧៣ ឈ្មោះ ហាន ប្រាប់ខ្ញុំថា បន្ទាប់ពីបានដំណឹងពីឈ្មោះ សី ឱ្យយើងស្គាល់ខ្សែរយៈគាត់ម្នាក់ទៀតឈ្មោះ ហោះ ជាសមាជិកកងពល១១៧។
ខែកុម្ភៈ ឆ្នាំ១៩៧៤ សី បានហៅខ្ញុំទៅប្រជុំ មានអ្នកចូលរួមប្រជុំចំនួន៦នាក់ ខ្ញុំ សី ហាន សួ សែម និងវ៉ាត់។ សី លើកឡើងថា នៅក្នុងសមរភូមិលើកមុន ខ្ញុំមិនចង់ឱ្យប៉ះពាល់ដល់កងកម្លាំងច្រើន តែខ្ញុំមិនដាក់ផែនការនេះឱ្យមិត្តទាំងអស់អនុវត្ត។ មកដល់ពេលនេះ ខ្ញុំឱ្យមិត្តទាំងអស់គ្នាម្ចាស់ការក្នុងការបំផ្លាញ់កម្លាំងពេលប្រយុទ្ធ ដូចជាបើកផ្លូវឱ្យទាហានព័ទ្ធបាញ់ពីក្រោយឬទាក់ទងទាហានធ្វើសកម្មភាពក៏បាន តាមតែមិត្តជាម្ចាស់ការចុះ។ ចំណែកមិត្តសែម ជាខ្សែរយៈយើងដែរ ត្រូវទាក់ទងគ្នាឱ្យបានជាប់។ ពេលប្រជុំចប់ សី បានដឹកនាំអង្គភាពរបស់ខ្លួនទៅសម្រាកនៅភូមិចំបក់។ ខែមីនា ឆ្នាំ១៩៧៤ នៅភូមិចំបក់ សី បានហៅ ខ្ញុំ ហាន សែម សួ វ៉ាត និងវ៉ាតម្នាក់ទៀត ទៅជួបជាមួយឈ្មោះ ហោះ។ កាលនោះ ហោះ ជាយោធានៅតំបន់៤៥។ ការជួបគ្នាពេលនោះ ហោះគ្រាន់តែមករាយការណ៍អំពីកម្លាំងរបស់គាត់សម្រាប់ទាក់ទងជាមួយទាហាន ដើម្បីឱ្យខ្ញុំ និងកម្លាំងទាំងអស់គ្នាងាយស្រួលធ្វើសកម្មភាពក្នុងសមរភូមិ។ កម្លាំងដែលមានខ្សែររយៈខាងទាហាននោះគឺ រិន អនុលេខាវរសេនាធំ៣២ ពេជ សមាជិកវរសេនាតូច៣០១ និងហ៊ាង ជាភស្តុភារកងធំក្នុងរវសេនាតូច៧០៦ វរសេនាធំ៦០២។ ខែមេសា ឆ្នាំ១៩៧៤ សី បានហៅខ្ញុំនិងវ៉ាត (ដកពីកងតូចមកកាន់អនុក្រុម២)ឱ្យខ្ញុំទៅជួបគាត់នៅភូមិអូរជញ្ជូន។ ខ្ញុំទាំងពីរបានទៅជួបសី បន្ទាប់មកសី បានប្រាប់ពីផែនការធំមួយ។ ខ្ញុំបានទៅទាក់ទងជាមួយ ពេជ ដើម្បីរកផ្លូវចូលសម្រាប់នាំទ័ពរត់ចូលក្នុងផ្សារសៀមរាប។ ពេជ ជាខ្សែរបស់សមមិត្តហោះ គាត់ដឹងកន្លែងអ្នកចាំទទួលយកទ័ពចេញ។
ក្រោយពីផែនការរត់ចូលផ្សារសៀមរាបមិនបានសម្រេច នៅខែឧសភា ឆ្នាំ១៩៧៤ បងសីក៏ហៅខ្ញុំ ឈ្មោះ វ៉ាត (អនុក្រុម) វ៉ាត(អនុវរ) ហាន សែមនិងសួ បានប្រាប់ថា ឥឡូវនេះទាហាន៨០២បុកទៅភូមិរឺល ហើយកម្លាំងដែលត្រូវទប់ទល់មានតែអង្គភាពយើងទេ។ ដូច្នេះនៅពេលវាយគ្នា មិត្តទាំងអស់ត្រូវជាម្ចាស់ការក្នុងការបើកផ្លូវឱ្យទាហានចុះមកកៀរប្រជាជននៅម្តុំត្រីញ័រ។ ពេលទទួលផែនការរួចខ្ញុំ សួ និងវ៉ាត(កងវរ) បានដកទ័ពចោលខ្សែត្រៀម នៅពេលខាង៨០២បុកខ្លាំង ធ្វើឱ្យទាហានយកខ្សែត្រៀមយើងបានរយៈពេលខ្លី និងពលីមួយចំនួន។ ដល់ខែមិថុនា ឆ្នាំ១៩៧៤ សីបានប្រាប់ខ្សែត្រៀមទាំងអស់គ្នាឱ្យបំពេញភារកិច្ចជូនអង្គការមួយរយៈសិន ព្រោះអង្គការវាយសម្បើមណាស់។ ធ្វើបែបនេះដើម្បីឱ្យអង្គការជឿលើកម្លាំងវរ៧២១។ ចាំថ្ងៃណាមួយវាយឈ្នះ ហើយអង្គការទុកចិត្ត ចាំបន្តធ្វើសកម្មភាពទៀត។
តាមការចាត់តាំងរបស់បងសី នៅខែមករា ឆ្នាំ១៩៧៥ ខ្ញុំបានបញ្ជាឱ្យទ័ពដកថយហើយមកផ្លូវភូមិបេង ឱ្យទាហានជាខ្សែរបស់ឈ្មោះ ហោះ នៅបន្ទាយភ្នំក្រោមកៀរប្រជាជននៅភូមិស្អាត។ ដល់ខែមីនា ឆ្នាំ១៩៧៥ ខ្ញុំទៅវាយនៅវត្តប្រាសាទ ហើយត្រូវរបួសដេកពេទ្យរហូតថ្ងៃរំដោះទូទាំងប្រទេស ទើបខ្ញុំជាសះស្បើយ។
ខែមិថុនា ឆ្នាំ១៩៧៥ អង្គភាពរបស់ខ្ញុំគឺវរសេនាតូច៣០៩ ផ្លាស់មកនៅវិទ្យាល័យកំពង់ចាម។ ពេលនោះបងសី បានហៅខ្ញុំទៅប្រជុំនៅបន្ទាយស៊ុប។ អ្នកចូលរួមប្រជុំរួមមាន៨នាក់ ខ្ញុំ ដួង សែម ម៉េង សួ វ៉ាត(អនុលេខាអនុវរសេនាតូច៣០៩) វ៉ាត (ដកពីកងតូចមកជាអនុក្រុម ក្នុងកងធំ២ វរសេនាតូច៧០២) ថុង ជាសមាជិករវសេនាតូច៣០៩។ ចាប់តាំងពីរំដោះមកយើងទាំងអស់គ្នាមិនទាន់បានធ្វើសកម្មភាពអ្វីទាល់តែសោះ។ ដូច្នេះនៅក្នុងខែមិថុនា ឆ្នាំ១៩៧៥នេះ មិត្តទាំងអស់គ្នាត្រូវអនុវត្តផែនការឱ្យបានល្អ គឺធ្វើសកម្មភាពបាញ់អុកឡុកតាមមូលដ្ឋាន ដើម្បីរំខានដល់ការកសាងប្រទេស។ កន្លែងដែលត្រូវបាញ់ គឺបាញ់ចេញពីភ្នំរមូរ សំដៅទៅមូលដ្ឋានផ្សេងៗជុំវិញភ្នំនេះ។ អ្នកដែលចេញទៅបាញ់រួមមាន ខ្ញុំ ម៉េង ថុង សួ វ៉ាត(ក្រុម២) ក្រៅពីនោះយើងមានកម្លាំងម្នាក់ទៀត ដែលខ្ញុំឱ្យមិត្តស្គាល់ ដើម្បីបម្រើក្នុងផែនការនេះ គឺឈ្មោះ សាន ជាសមាជិកវរសនាតូច៣០៦។ សាននេះ គាត់នៅវាលយន្តហោះស្រាប់ សម្រាប់នាំមិត្តចូលទៅបាញ់។ ពេលល្ងាចស្អែក មិត្តទាំងអស់គ្នាទៅជួបមិត្តសាន នៅមុខវត្តរមូរ។ ចេញពីប្រជុំវិញ ដល់ស្អែកឡើងម៉ោងប្រហែល៣រសៀល ខ្ញុំ ម៉េង វ៉ាត(ក្រុម២) ថុង និងសួ បានទៅជួបសាន នៅវត្តរមូរ។ សាន បាននាំខ្ញុំនិងអ្នកទាំង៤នាក់ ទៅបាញ់ពីសាលាភ្នំរមូរសំដៅវាលយន្តហោះ ក្រុងកំពង់ចាម។ ពេលនោះខ្ញុំបាញ់យូរបន្តិច ខ្ញុំក៏ត្រលប់មកកន្លែងវិញទាំងយប់។ ធ្វើនេះជាគោលបំណងសំខាន់ គឺឱ្យអង្គការដកកម្លាំងធំមករុករក។ ក្រោយពីផ្ទុះអាវុធរួច ខ្ញុំនិងក្រុមទាំងអស់ក៏ធ្វើជាដឹកនាំយុទ្ធជនទៅរុករកជាមួយមិត្តយើងដែរ។
ខែកក្តដា ឆ្នាំ១៩៧៥ បងស្រីបានហៅខ្ញុំទៅប្រជុំនៅភូមិជ្រោយថ្ម ដោយសារគាត់បានហៅខ្សែគាត់ម្នាក់ទៀតឈ្មោះ សៀក មកប្រជុំដែរ។ យើងត្រូវបាញ់អុកឡុកនៅក្នុងក្រុងកំពង់ចាម តែសំខាន់យើងត្រូវកម្ទេចរោងចក្រតម្បាញវិញ។ ប៉ុន្តែផែនការខែសីហា ឆ្នាំ១៩៧៥មិនបានសម្រេចទេ ដល់ដើមខែវិច្ឆិកាបានចាប់ផ្តើមម្តងទៀត។ ក្រោយពីទទួលបានផែនការនេះរួច អង្គការដកកម្លាំងវរសេនាតូច៣០៩ បច្ចុប្បន្នហៅថា៧០២ ឱ្យទៅសម្អាតនៅក្រុងកំពង់ចាម ហើយវរសេនាតូច៣០៨ ទៅកន្លែងរោងចក្រ ដើម្បីដេញប្រជាជនចេញពីរោងចក្រ។ ឆ្លៀតពេលនោះ ខ្ញុំ ថុង វ៉ាតជួបគ្នា។ ថុង និយាយប្រាប់ខ្ញុំថា ឥឡូវបងសីឱ្យយើងទៅកម្ទេចរោងចក្រហើយ ដោយកម្លាំងនៅសល់ចំនួន៣០នាក់។
ឆ្នាំ១៩៧៦ អង្គការ[4]បានដកខ្ញុំ និងកម្លាំងនៅក្នុងអង្គភាពមួយចំនួនឱ្យទៅធ្វើស្រែនៅទួលស្វាយ ទួលសំរោង ខេត្តកំពង់ធំ។ ដល់ខែមីនា ឆ្នាំ១៩៧៦ ខ្ញុំបានជួបជាមួយបងដួង។ ដួង ប្រាប់ខ្ញុំថា ឥឡូវនេះខ្ញុំឱ្យមិត្តធ្វើជានិរសាសម្រាប់ទៅទាក់ងជាមួយឈ្មោះ ហោះ នៅកំពង់ធំ ព្រោះកាលពីខែមករា ឆ្នាំ១៩៧៦ បងហោះ បានសុំលើកផែនការវាយក្រុងកំពង់ធំ។ ដូច្នេះផែនការនេះ ត្រូវបានធ្វើឡើងម្តងទៀត គ្រាន់តែបាញ់កម្ទេចម៉ាស៊ីនកិនស្រូវនៅក្រុងកំពង់ធំឱ្យស្របតាមសកម្មភាពចោរព្រៃតែប៉ុណ្ណោះ។ ក្រោយពីផែនការនេះមិនបានសម្រេច នៅខែកក្តដា ឆ្នាំ១៩៧៦ អង្គការបានផ្លាស់ខ្ញុំ ឱ្យមកកាន់ភស្តុភារកងធំក្នុងវរសេនាតូច៣០៦ បច្ចុប្បន្នហៅ៧០៥ ហើយឈ្មោះ រិន ជាខ្សែរយៈចាស់របស់ខ្ញុំ ក៏ផ្លាស់មកនៅវរនេះដែរ។ នៅចុងខែកក្តដា ឆ្នាំ១៩៧៦ បងរិន ហៅខ្ញុំទៅវាលយន្តហោះក្រុនកំពង់ចាម។ បងរិន ប្រាប់ខ្ញុំថា ឥឡូវនេះបងដួង គាត់បានប្រគល់មិត្តឱ្យខ្ញុំក្តាប់មួយរយៈ។ ដូច្នេះមិត្តត្រូវបន្តផែនការអនុវត្តកសាងកម្លាំងថែមទៀត។ ខ្ញ្ញុំចាប់ផ្តើមអនុវត្តតាម។ ខែសីហា ឆ្នាំ១៩៧៦ ខ្ញុំបានអប់រំម្នាក់ឈ្មោះ ហន ជាអនុក្រុមក្នុងកងតូច២ កងធំ១ វរសេនាតូច៧០២ វរសេនាធំ៧០១។ ខ្ញុំបានដាក់ផែនការឱ្យមិត្ត ហន អនុវត្ត គឺបញ្ចៀសទឹកចេញពីស្រែ ធ្វើឱ្យស្រូវស្កក ឬបញ្ចូលទឹកឱ្យសន្ទូងរលួយ។ ហន បានបង្ហូរទឹកចេញពីស្រែ ស្រូវកំពុងផើម។ ក្រៅពីនោះខ្ញុំបានបំផុសគំនិតឱ្យឈ្មោះ ហន ទៅលួច ឆក់ ប្លន់ សម្ភារនៅក្នុងអង្គភាពជាហូរហែ។ តាមការរាយការណ៍របស់ ហន ខ្ញុំបានបន្ថែមកម្លាំងម្នាក់ទៀត ឈ្មោះ ហៀប ជាកម្មាភិបាលក្រុមក្នុងកងតូចទី១ វរសេនាតូច៧០៥ វរសេនាធំ៦០១ ដោយខ្ញុំឃើញឈ្មោះ ហៀប លួចមិនចេះឈប់។ បន្ទាប់មកខ្ញុំបានបញ្ជាឱ្យឈ្មោះ ហន និងហៀប ទៅដុតស្រូវដែលប្រមូលជាពំនូក នៅចន្លោះទន្លេអុំ។
ក្នុងខែមករា ឆ្នាំ១៩៧៧ បងរៀប បានជួបខ្ញុំនៅកន្លែងវាលយន្តហោះ ក្រុងកំពង់ចាម។ រៀប ជាលេខាវរសេនាធំ៦០១ កងពល១៧៥ ។ រៀប បានប្រាប់ខ្ញុំថា ផែនការកម្ទេចកន្លែងប្រេងខ្យល់ យើងត្រូវធ្វើនៅយប់នេះ ហើយថ្ងៃនេះមិត្តឯងទៅជួបជាមួយមិត្តម៉េងនៅឯថ្មគោល។ ដល់ពេលល្ងាចយប់បន្តិចខ្ញុំក៏ទៅថ្មគោល បានជួបជាមួយ ថុង សែម រៀប និងម៉េង ហើយខ្ញុំឃើញមានគ្រាប់បែកចំនួន១០គ្រាប់ យកមកពីកន្លែងបងសី។ ដល់ម៉ោង៩យប់ ខ្ញុំទាំង៥នាក់ទៅគប់គ្រាប់បែកអស់ចំនួន៤គ្រាប់ធ្លាក់ចំកន្លែងធ្វើសាប៊ូ។ ផ្ទះធ្វើសាប៊ូត្រូវបានបាក់ជញ្ជាំងស្ទើរទាំងអស់។ បន្ទាប់ពីធ្វើសកម្មភាពទាំងអស់នេះរួច អង្គការបានចាប់ ឈ្មោះ ដួង ថុង រិន និងវ៉ាត បាត់ទៅ។ ក្នុងឆ្នាំ១៩៧៧ បងសី បានហៅខ្ញុំទៅប្រជុំនៅបឹងរាល។ មានអ្នកចូលរួមចំនួន៥នាក់ ខ្ញុំ សី វឿន វន និងសុំ។ សី និយាយថា មិត្តកុំព្រួយបារម្ភពេក ចំពោះរឿងអង្គការចាប់ខ្លួនប៉ុន្មាននាក់នេះ គឺយើងមិនទាន់បែកការទេ។ ដូច្នេះមិត្តត្រូវធ្វើសកម្មភាពបន្តទៀត ដោយបញ្ជាឱ្យខ្ញុំដុតបំផ្លាញស្រូវនៅវាលក្រោម។ បន្ទាប់ពីសី ប្រកាសផែនការចប់ ខ្ញុំក៏ត្រឡប់មកកន្លែងវិញ។ ខែមេសា ឆ្នាំ១៩៧៧ ខ្ញុំ សុំ និងវន បានទៅច្រូតស្រូវនៅវាលក្រោម នាំគ្នាទៅដុតស្រូវទុំមិនទាន់ច្រូត។ ស្រូវត្រូវបានភ្លើងឆេះអស់ជិត១០ហិកតា។
ដើមខែមិថុនា ឆ្នាំ១៩៧៧ អង្គការដកអង្គភាពទាំងអស់ត្រឡប់ពីច្រូតស្រូវ ឱ្យមកនៅកំពង់ចាមវិញ។ ពេលមកដល់កំពង់ចាម បងសី បានហៅទៅប្រជុំនៅភ្នំប្រុស មានអ្នកចូលរួម ឈ្មោះ ខ្ញុំ(អិន) សី រៀប វឿន វន ខា សៀក សុំ វ៉ាត ហន នៅមានទៀតប៉ុន្តែមិនស្គាល់ឈ្មោះ។ សី លើកឡើងថា ខ្ញុំសុំលើកពីសភាពការណ៍របស់យើងបច្ចុប្បន្ននេះ ដែលអង្គការកំពុងតាមដាន រហូតចាប់ខ្សែរយៈយើងអស់មួយចំនួនធំ។ ដូច្នេះ មិត្តទាំងអស់គ្នាត្រូវធ្វើសកម្មភាពជាបន្តទៀត គឺមួយផ្នែកយើងធ្វើស្របច្បាប់ ដូចជាបំផ្លាញទំនប់ទឹក ធ្វើឱ្យស្រូវច្រឡំពូជ។ ការអនុវត្តផែនការនេះពិតជាស្រួលណាស់។ សូមប្រកាសផែនការធំ គឺធ្វើរដ្ឋប្រហារតែម្តង។ ការធ្វើរដ្ឋប្រហារនេះយើងសម្រេចវាយយកក្រុងកំពង់ចាម និងក្រុងកំពង់ធំ នៅខែតុលា ឆ្នាំ១៩៧៧។ ឯសម្ភារ អាវុធ យុទ្ធភ័ណ្ឌនៅលើខ្ញុំទាំងអស់។
មុខសញ្ញាដែលត្រូវវាយនៅខែតុលា ឆ្នាំ១៩៧៧ រួមមាន៖
១) វរសេនាតូច៧០១ មានភារកិច្ចវាយនៅក្រុងកំពង់ចាម មិត្ត រៀប ជាអ្នកបញ្ជា
២) វរសេនាតូច៧០៥ វាយចេញនៅវាលវង់ សំដៅបន្ទាយស៊ុប រួចចូលក្រុងកំពង់ចាម មិត្តអិន ជាអ្នកបញ្ជា
៣) វរសេនាតូច៧០៣ វាយចេញពីថ្មគោល មកចាប់ដៃវរ៧០៥ ទៅទល់មាត់ទន្លេមេកុង ឈ្មោះ វន ជាអ្នកបញ្ជា
៤) វរសេនាតូច៧០៤ វាយចេញពីវត្តថ្មី សំដៅទៅពេទ្យយោធា កងពល១៧៤នៅក្រុងកំពង់ចាម អ្នកបញ្ជាឈ្មោះ ខា
៥) វរសេនាតូច៧០២ វាយចេញពីព្រែកដើមចាន់ សំដៅទៅក្រុងកំពង់ចាម អ្នកបញ្ជាឈ្មោះ វឿន។
ទាំង៥វរនេះទៅចាប់ដៃគ្នានៅសាលាខេត្តក្រុងកំពង់ចាម។ ចំណែកក្នុងក្រុងឃ្លាំង អាវុធ និងគ្រាប់ស្នើឱ្យមិត្តរៀប ជាអ្នកទទួលខុសត្រូវ។ ពេលវាយឈ្នះក្រុងទាំងពីរនេះ គឺវាយបើកផ្លូវលេខ៦ ទៅចាប់ដៃកម្លាំងឈ្មោះ ហាន នៅខេត្តសៀមរាប។ មូលហេតុ ដែលចាប់ដៃជាមួយឈ្មោះ ហាន នៅសៀមរាបនេះ បើសភាពការមិនស្រួលយើងរត់ទៅដីសៀមរាប។ បន្ទាប់ពីប្រកាសផែនការត្រឡប់ទៅកន្លែងវិញ។ ខែមិថុនា ឆ្នាំ១៩៧៧ អង្គការដក សី ទៅធ្វើជាប្រធានកសិកម្មភូមិភាគកណ្តាល រហូតអង្គការចាប់ឈ្មោះ សី នៅខែកក្តដា ឆ្នាំ១៩៧៧។ នៅឆ្នាំដដែលនេះ ឈ្មោះរៀប បានហៅខ្ញុំទៅប្រជុំនៅភ្នំប្រុស។ មានអ្នកចូលរួមប្រជុំឈ្មោះ រៀប វឿន ខា នីន សៀក សុំ និងខ្ញុំ។ រៀបនិយាយថា ខ្ញុំហៅមិត្តមកនេះ ដើម្បីជម្រាបអំពីសភាពការណ៍និងបន្តផែនការ។ កាលពីមុនយើងមានកម្លាំងបង្អែកច្រើន តែឥឡូវនេះ អង្គការចាប់អស់ហើយ។ ម្យ៉ាងទៀតខ្ញុំចង់រំលឹកអំពីផែនការដែលបងសីដាក់ឱ្យអនុវត្តក្នុងខែតុលា ឆ្នាំ១៩៧៧។ ផែនការនេះ ទោះជាយើងមិនបានធ្វើក៏ត្រូវស្លាប់ ដូច្នេះត្រូវតែបន្តផែនការធ្វើរដ្ឋប្រហារនៅខែតុលា ឆ្នាំ១៩៧៧នេះ។ យើងត្រូវកម្ទេចឃ្លាំងអាវុធរបស់អង្គការសិន បើផែនការកម្ទេចឃ្លាំងមិនបែកទេ យើងត្រូវអនុវត្តផែនការធ្វើរដ្ឋប្រហារតែម្តង។ ចំណែកផែនការកម្ទេចឃ្លាំងអាវុធទុកលើខ្ញុំ(រៀប)។ រីឯមិត្តទាំងអស់ទៅធ្វើការតាមធម្មតា កុំឱ្យអង្គការចាប់អារម្មណ៍។ ខ្ញុំ(រៀប) សូមបញ្ជាក់ថា ខ្លឹមសារផែនការធ្វើរដ្ឋប្រហារនៅខែតុលា ឆ្នាំ១៩៧៧ គឺយកតាមខ្លឹមសារដែលបងសី បានលើកឡើង កាលពីខែឧសភា ឆ្នាំ១៩៧៧ តែបើមានការកែប្រែតិចតួច ខ្ញុំជម្រាបមិត្តទាំងអស់គ្នានៅពេលក្រោយ។
ចាប់ពីទទួលបានផែនការនេះមក ខ្ញុំ(អិន) ត្រៀមខ្លួនចាំអនុវត្តផែនការនេះ រហូតអង្គការចាប់ខ្លួននៅខែកញ្ញា ឆ្នាំ១៩៧៧ តែម្តង៕
អត្ថបទដោយ៖ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សៀវភៅ របបប៉ុលពត ពូជសាសន៍ អំណាច អំពើប្រល័យពូជសាសន៍ ដោយប្រវត្តិវិទូ បេន ឃានេន ប្រែសម្រួលដោយ ទីឃាយុ។ ជំពូកទី២ ការបោសសម្អាតទីក្រុងនិងទីប្រជុំជន៖ ការស្វែងរកអំណាច។ នៅទំព័រទី៥១ នៅកថាខណ្ឌទី១។
[2]មជ្ឈមណ្ឌលឯកសារកម្ពុជា, សៀវភៅ របបប៉ុលពត ពូជសាសន៍ អំណាច អំពើប្រល័យពូជសាសន៍ ដោយប្រវត្តិវិទូ បេន ឃានេន ប្រែសម្រួលដោយ ទីឃាយុ។ ជំពូកទី២ ការបោសសម្អាតទីក្រុងនិងទីប្រជុំជន៖ ការស្វែងរកអំណាច។ នៅទំព័រទី៥១ នៅកថាខណ្ឌទី៣។
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, អ្នកសម្ភាសន៍ ឡាច និងអ្នកសារភាព លុន អិន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧។ លេខឯកសារ TKDC-Cam3171 ចម្លើយសារភាព J00792។
[4] មជ្ឈមណ្ឌលឯកសារកម្ពុជា, “មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស” ចេញផ្សាយថ្ងៃទី១១ ខែកក្តដា ឆ្នាំ១៩៧៧, ឯកសារលេខD01266។ នៅក្នុងនេះ លុន អិន បានប្រើពាក្យ “អង្គការ” ប្រើតែចំពោះអង្គការចាត់តាំងតែប៉ុណ្ណោះ មិនប្រើសម្រាប់បុគ្គលឡើយ។ ចំពោះបុគ្គល ត្រូវប្រើពាក្យសមមិត្តឈ្មោះនេះ ឬសមមិត្តតំណែងនេះ ឬសមមិត្តតំណែងអង្គការថ្នាក់នេះ។ ឧទាហរណ៍ សមមិត្តតេង សមមិត្តលេខា សមមិត្តតំណាងអង្គការ។ល។