លួន ឡំ ហៅ វ៉ាន៖ សមាជិកអនុសេនាធំ៧១២

នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ការស្រាវជ្រាវរកខ្មាំងបង្កប់ផ្ទៃក្នុងបានក្លាយជាកិច្ចការចម្បងរបស់ខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចុះបញ្ជូលអ្នកភូមិឱ្យចេះស៊ើបការណ៍ពីគ្នាទៅវិញទៅមក ដោយប្រើប្រាស់ពាក្យស្លោកថា «ត្រូវចេះតាមដានគ្នាទៅវិញទៅមក និង ត្រូវរាយការណ៍ជូនអង្គការ»។ មធ្យោបាយផ្សេងៗទៀតដែលខ្មែរក្រហមប្រើក្នុងការស្វែងរកចាប់ខ្លួនខ្មាំងបង្កប់រួមមាន ត្រូវមានឈ្លបយកការណ៍ របាយការណ៍ពីអ្នកយកការណ៍ ការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនជាញឹកញាប់ និងចម្លើយសារភាព។[1] នៅក្នុងទំព័រទី៧ រហូតដល់ទំព័រ៣៤ នៃឯកសារលេខ J០០០៤០[2] តម្កល់ក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីសំណេរសេចក្ដីរាយការណ៍ ជូនអង្គការខ្មែរក្រហម អំពីប្រវត្តិសកម្មភាពក្បត់របស់ឈ្មោះ លួន ឡំ ហៅ វ៉ាន[3] ដែលមានតួនាទីមុនចាប់ខ្លួនជាសមាជិកកង៧១២ វរសេនាតូច៧១ វរសេនាធំឃ្លាំងរដ្ឋ តាំងពីថ្ងៃចាប់ខ្លួន រហូតដល់បញ្ជូនមកកាន់មន្ទីរស-២១។ ស្ថិតនៅក្នុងមន្ទីរសន្ដិសុខស-២១ ដែលជាមន្ទីរសន្ដិសុខកម្រិតខ្ពស់នៃរបបខ្មែរក្រហម ការសួរចម្លើយ និងការធ្វើទារុណកម្ម គឺជាសកម្មភាពធម្មតាប្រចាំថ្ងៃ។[4] តាមរយៈការសង្ខេបចម្លើយសារភាពពីសន្ដិសុខក្នុងមន្ទីរស-២១ ដោយវាយអក្សរជាអង្គុលីលេខ បានសង្កត់ធ្ងន់ទោសកំហុសរបស់ លួន ឡំ ហៅ វ៉ាន ពីបទ ការកសាងកម្លាំង កម្ទេចសេដ្ឋកិច្ចរបស់អង្គការ និងបង្កើតកម្លាំងក្នុងជួរបដិវត្ត និង បំផុសចលនាប្រជាជនមូលដ្ឋានឱ្យរត់ចូលតំបន់ខ្មាំង។[5]
ខាងក្រោមនេះជាសេចក្ដីរាយការណ៍របស់ លួន ឡំ ហៅ វ៉ាន់ អំពីសកម្មភាពរបស់ខ្លួន៖
ខ្ញុំឈ្មោះ លួន ឡំ ហៅ វ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ(១៩៧៧) កើតនៅភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកជីក្រែង ខេត្តសៀមរាប ស្ថិតក្នុងតំបន់១០៦ ភូមិភាគឧត្ដរ។ មុនចាប់ខ្លួនខ្ញុំមានតួនាទីជាសមាជិកកងពល៧១២ វរសេនាតូច៧១ វរសេនាធំឃ្លាំងរដ្ឋ។ ខ្ញុំមានប្រពន្ធឈ្មោះ រៀម[6] មានតួនាទីជាយុទ្ធនារីក្នុងអង្គភាពវរសេនាតូច៧៤ វរសេនាធំឃ្លាំងរដ្ឋ។ ប្រវត្តិកាលពីកុមារ ស្ថិតក្នុងឆ្នាំ១៩៦៣ ខ្ញុំបានចូលរៀននៅសាលាបឹងខ្យង ចាប់ពីថ្នាក់ទី១២ រហូតដល់ថ្នាក់ទី៩ ក្នុងឆ្នាំ១៩៦៨ ក៏បានឈប់រៀន។
ចូលមកដល់ចុងឆ្នាំ១៩៦៨ ឈ្មោះ ប៉ែន ជាអតីតមេឃុំកៀនសង្កែ បច្ចុប្បន្នស្លាប់ បានមកអប់រំខ្ញុំឱ្យចូលធ្វើជាគិញ ដើម្បីធ្វើការតាមដានខ្មែរក្រហម ដែលកាលនោះមានសមាជិកចូលរួម រួមទាំងខ្ញុំចំនួន៩នាក់ ដូចជា៖ រ៉ម អតីតសិស្សថ្នាក់ទី៣ បច្ចុប្បន្នប្រធានឃុំជ្រនៀង ស្រុកស្រីស្នំ ខេត្តសៀមរាបតំបន់១០៦ ភូមិភាគឧត្ថរ។ សុង អតីតស្មៀនឃុំ បច្ចុប្បន្នធ្វើជាជាងដែក សហករណ៍ឃុំកៀនសង្កែ ស្រុកជីក្រែង ខេត្តសៀមរាប តំបន់១០៦ ភូមិភាគឧត្ដរ។ ឃួន អតីតគ្រូបង្រៀន បច្ចុប្បន្នអនុប្រធានសហករណ៍ ភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកជីក្រែង ខេត្តសៀមរាប តំបន់១០៦ ភូមិភាគឧត្ដរ។ ឡុង អតីតសិស្សថ្នាក់ទី៥ បច្ចុប្បន្នធ្វើយោធាតំបន់១០៦ ភូមិភាគឧត្ដរ។ ឡាញ់ អតីតសិស្សថ្នាក់ទី៧ បច្ចុប្បន្នធ្វើយោធាតំបន់១០៦។ ឈិត អតីតប្រជាជន បច្ចុប្បន្នប្រជាជនសហករណ៍ភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកជីក្រែង ខេត្តសៀមរាប តំបន់១០៦ ភូមិភាគឧត្ដរ។ ឈឿន អតីតសិស្សថ្នាក់ទី៦ បច្ចុប្បន្នប្រជាជនក្នុងសហករណ៍ភូមិត្រពាំងព្រៃ កៀនសង្កែ ស្រុកជីក្រែង ខេត្តសៀមរាប តំបន់១០៦ ភូមិភាគឧត្ដរ។ រឿន អតីតសិស្សថ្នាក់ទី៦ បច្ចុប្បន្នបធ្វើយោធាតំបន់១០៦។ ឡន អតីតសិស្សថ្នាក់ទី៨ បច្ចុប្បន្នធ្វើជាយោធា។ ក្រោយមកខ្ញុំ, រ៉ម និង សុង បានទទួលផែនការពីមេឃុំ ប៉ែន ឱ្យតាមដានសកម្មភាពខ្មែរក្រហម ឃោសនាប្រជាជនប្រឆាំងខ្មែរក្រហម និង កសាងកម្លាំងគិញបន្ថែម។[7] ផែនការ៣ចំណុចនេះ ខ្ញុំក៏យកទៅសហការជាមួយឈ្មោះ ឃួន និង ឈឿន។
ឆ្នាំ១៩៦៩ ក្រុមខ្ញុំកសាងកម្លាំងបានម្នាក់ឈ្មោះ ងួន អតីតជាប្រជាជន បច្ចុប្បន្នជាសមាជិកសហករណ៍ភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកជីក្រែង ខេត្តសៀមរាប ដោយលើកពីខ្លឹមសារអប់រំថា បុណ្យសក្តិមានចំពោះមុខ និង សកម្មភាពខ្មែរក្រហមរាល់ថ្ងៃ។ ងួន បានចូលរួមធ្វើសកម្មភាពជាមួយខ្ញុំរហូត។ ដោយសារឃើញ ងួន សកម្មនឹងការងារ ខ្ញុំក៏រាយការណ៍ទៅកាន់ មេឃុំប៉ែន ដើម្បីយក ងួន ចូលជាខ្សែគិញ និងឱ្យដឹងពីផែនការច្បាស់ជាងមុន។ សកម្មភាពក្រោយមកទៀត ខ្ញុំនិងបក្ខពួកបានចាប់ប្រជាជន១គ្រួសារ នៅភូមិថ្នល់ចែក និង២គ្រួសារនៅភូមិសាលាកកោះ ដែលបានលួចផ្ដល់អង្ករជូនខ្មែរក្រហម។ ប្រជាជនដែលចាប់បាន ក្រុមខ្ញុំបានបញ្ជូនទៅឱ្យមេឃុំ ប៉ែន រួចក៏ ប៉ែន បញ្ជូនទៅឱ្យខាងខេត្តសៀមរាបបន្ត។
ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ មេឃុំប៉ែន បានហៅខ្ញុំនិងសមាជិកដទៃទៀតមកប្រជុំនៅសាលាឃុំ ដែលមានខ្លឹមសារចំនួន៣គឺ ឃោសនាប្រជាជនធ្វើទាហានសាធារណរដ្ឋ, កសាងកម្លាំងគិញថ្មីបន្ថែម និង រកមូលដ្ឋានបដិវត្តដើម្បីកម្ទេច។ ប្រជុំចប់ខ្ញុំ និងណី បានកសាង អប់រំយុវជនពីរនាក់ ដែលជាអ្នកស្ម័គ្រចិត្តធ្វើជាទាហាន លន់ នល់ ឱ្យចូលក្នុងក្រុម។ ចូលមកដល់ពាក់កណ្ដាលឆ្នាំ១៩៧០ សភាពការណ៍ប្រែប្រួល កងទ័ពបដិវត្តចូលមកដល់ឃុំកៀនសង្កែ ផ្ទាល់ ជាហេតុនាំឱ្យមេឃុំ ប៉ែន នាំប្រពន្ធកូនរត់ទៅរស់នៅខេត្តសៀមរាប ខ្ញុំក៏ដាច់ខ្សែរយៈទាក់ទងធ្វើសកម្មភាពនានា។[8]
ឆ្នាំ១៩៧១ ក្នុងភូមិស្ថិតក្រោមការគ្រប់គ្រងកងទ័ពបដិវត្ត ខ្ញុំ, ហេង, រ៉ម, ប៉ែន និង សុង បានអប់រំឈ្មោះ ជុំ ជាប្រជាជនក្នុងភូមិត្រពាំងព្រៃ និង ឈ្មោះ ឃន់ អតីតជាប្រជាជន បច្ចុប្បន្នជាប្រធានសហករណ៍ត្រពាំងព្រៃឱ្យចូលរួមជាមួយបក្ខពួកខ្ញុំដើម្បីចាប់យុទ្ធជនបដិវត្តម្នាក់ឈ្មោះ ជួន សម្លាប់ចោលដោយសម្ងាត់។ ដើម្បីបានចេញចូលទៅខេត្តសៀមរាប បក្ខពួកខ្ញុំបានទាក់ទងឈ្មោះ រ៉ែម អតីតជាសិស្សថ្នាក់ទី៣ បច្ចុប្បន្នក្ដាប់មិនបាន តែ រ៉ែម ជាគិញសម្ងាត់របស់ឈ្មោះ ហោ ជាសក្តិ៣ ប្រចាំក្នុងខេត្តសៀមរាប។ បន្ទាប់មកទៀត ក្រុមខ្ញុំបានដឹងពីទីតាំងឃ្លាំងអង្កររបស់អង្គការ ដែលស្តុកនៅរោងម៉ាស៊ីន លន់ ហុង ស្ថិតនៅឃុំដំដែក ស្រុកសូទ្រនិគម រួចយកទៅរាយការណ៍ប្រាប់ រ៉ែម។ រ៉ែម បានទទួលដំណឹងនេះរួចក៏នាំក្រុមខ្ញុំទៅជួបជាមួយ ហោ នៅទីរួមខេត្តសៀមរាប។ បន្ទាប់មក ហោ បានហៅខ្សែគិញមួយចំនួនមកប្រជុំមានឈ្មោះដូចជា៖ ហុង, ឡាញ់ និង យួន ដោយខ្លឹមសារគឺ ត្រូវកសាងកម្លាំងគិញឱ្យបានច្រើនជូនសាធារណរដ្ឋខ្មែរ, អប់រំប្រជាជនឱ្យរត់ចេញពីតំបន់រំដោះ ចូលសៀមរាបដើម្បីរួបរួមកម្លាំងជាមួយសាធារណរដ្ឋខ្មែរ និង រកអ្នកមូលដ្ឋានដែលជាជនបដិវត្ត ដើម្បីកម្ទេចទាំងកម្លាំង និង សេដ្ឋកិច្ច។ ចំណែកទីតាំងស្តុកអង្កររបស់ខ្មែរក្រហម ហោ បានហៅយន្តហោះបីគ្រឿងមកទម្លាក់គ្រាប់បែកឆេះអង្ករអស់មួយឃ្លាំង ព្រមទាំងស្លាប់មនុស្សមួយចំនួន។ រីឯគ្រឿងម៉ាស៊ីនសម្រាប់កិនស្រូវក៏ប្រើការលែងកើត។[9] ដល់ចុងឆ្នាំ១៩៧១ ក្រុមខ្ញុំបានដឹងពីទីតាំងសម្រាករបស់កងទ័ពបដិវត្តស្ថិតនៅភូមិកន្រ្តាំង ឃុំអង្រ្កោង ស្រុកសូទ្រនិគម ក៏រាយការណ៍ជូន ហោ ដើម្បីធ្វើសកម្មភាពហៅយន្តហោះមកទម្លាក់ម្ដងទៀត។ លើកនេះគឺមានយន្តហោះចំនួន៥គ្រឿង បានមកទម្លាក់គ្រាប់បណ្ដាលឱ្យមានស្លាប់ប្រជាជនចំនួន៧នាក់ និងកងទ័ពស្លាប់១៥នាក់ និងឆេះមន្ទីរសេដ្ឋកិច្ចទាំងមូល។
ខែឧសភា ឆ្នាំ១៩៧២ ខ្ញុំបានចូលក្នុងកងបដិវត្ត មានតួនាទីជាយោធានៅក្នុងអង្គភាពអនុសេនាតូចទី៣ អនុសេនាធំទី២ វរសេនាតូច៩០០ របស់តំបន់៣៥ ភូមិ៣០៤។ ចូលក្នុងកងបដិវត្ត ខ្ញុំបានស្គាល់ប្រធានកងអនុសេនាតូចឈ្មោះ ហៃ និង ប្រធានកងអនុសេនាធំឈ្មោះ សាង អតីតស្មៀនសាលាស្រុកជីក្រែង។ លេខាវរសេនាតូចឈ្មោះ ស៊ាន អតីតជាគ្រូបង្រៀន បច្ចុប្បន្នអនុលេខាតំបន់១០៦ ភូមិភាគឧត្ដរ។ រីឯការទាក់ទងជាមួយខ្សែគិញ ហោ ខាងសៀមរាប និង ក្រុមខ្ញុំមានដូចជា រ៉ែម, ហេង, ឈិត, សូរ, ឡន, ទិត, រឿន, ឌិម និង ឡង ក៏ត្រូវដាច់ធ្វើសកម្មភាពលែងកើត។ មកដល់ចុងឆ្នាំ១៩៧២ សាង បានអប់រំខ្ញុំឱ្យចូលក្នុង សេ-អ៊ី-អា ដើម្បីចូលរួមធ្វើសកម្មភាពជាមួយ។
ដើមឆ្នាំ១៩៧៣ ស៊ាន បានចាត់តាំងខ្ញុំ ជាមួយឈ្មោះ ស្ដើង អតីតជាប្រជាជន ឱ្យទៅទាក់ទងជាមួយឈ្មោះ សត្យា មានតួនាទីជាសក្តិពីរ គិញប្រចាំនៅសៀមរាប ឱ្យយកទាហានមកកៀរប្រជាជនក្នុងភូមិទួលការហេរ ឃុំបាគង ស្រុកសូទ្រនិគម និង មួយទៀតឱ្យបញ្ជូនយន្តហោះមកទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យ៧៣ របស់តំបន់៣៥ ភូមិភាគ៣០៤។ ដល់ព្រឹកឡើងទាហានក៏ចេញមកកៀរប្រជាជនចំនួន២៥គ្រួសារ និងមានយន្តហោះចំនួន៥គ្រឿងធ្វើសកម្មភាពទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ៧៣ បណ្ដាលឱ្យមានទាហានពិការចំនួន២០នាក់ស្លាប់ និងបុគ្គលិកពេទ្យចំនួន២នាក់បានស្លាប់។[10]
ដើមឆ្នាំ១៩៧៤ ខ្ញុំ, លី មានតួនាទីជាលេខាវរសេនាតូច និង អ៊ាម មានតួនាទីជាលេខាកងធំទី១ បានអប់រំយុទ្ធជនពីរនាក់បន្ថែមទៀត គឺមានឈ្មោះ នួន និង ថៃ។ ខ្លឹមសារអប់រំអ្នកទាំងពីរមានដូចជា មនុស្សម្នាក់ៗចង់បានសុភមង្គលក្នុងសង្គម និង ចង់មានសុភមង្គលសម្រាប់អនាគតខ្លួនឯងដែរ ហេតុនេះបើចង់បានសុភមង្គលគឺត្រូវតែចូលរួមជាមួយរបបសាធារណរដ្ឋខ្មែរ ដើម្បីធ្វើសកម្មភាពបំផ្លាញបដិវត្ត។ ការងារបានសម្រេចរដ្ឋនឹងផ្ដល់ជាប្រាក់ខែ បុណ្យសក្តិ និង កត្តិយសជាការតបស្នង។ ដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ លី បាននាំខ្ញុំទៅទាក់ទងជាមួយឈ្មោះ ឯក មានតួនាទីជាអនុប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ, ប្រីយ មានតួនាទីជាអនុលេខាកងធំទី៣ វរសេនាតូច៧៥ និង ណាង មានតួនាទីជាប្រធានកងតូចទី៣ កងធំទី២ នៃវរសេនាតូច៧១ ដើម្បីបំផុសយុទ្ធជននៅតាមកងអង្គភាពចំនួន៣នាក់ ឱ្យរត់ចូលទៅខេត្តសៀមរាប។ ចំណែក សត្យា សក្តិ២ ត្រូវកងទ័ពបដិវត្តចាប់បាន និងបញ្ជូនទៅមន្ទីរសន្តិសុខតំបន់៣៥ ភូមិភាគ៣០៤។[11]
ក្រោយថ្ងៃរំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈ្មោះ សាង មានតួនាទីជាវរសេនាតូច៧៦២ វរសេនាធំ កងពលទី២ ភូមិភាគ៣០៤ និងឈ្មោះ ស៊ីនួន ប្រធានរោងចក្រស្រាភ្នំពេញ បានហៅក្រុមខ្សែសេ-អ៊ី-អា មកប្រជុំនៅវត្តទឹកល្អក់ ទួលគោក ដើម្បីដាក់ផែនការធ្វើសកម្មភាពបំផ្លាញបដិវត្តន៍ ដូចជា៖១) កម្ទេចកម្លាំងដឹកនាំបដិវត្តសំខាន់ៗ ត្រូវរកវិធីស្របច្បាប់។ ២) បំផុសយុទ្ធជនកម្មាភិបាលឱ្យសេរី ភ្លើតភ្លើនទៅតាមជ័យជម្នះថ្មីៗ ដើម្បីងាយស្រួលអូសទាញ និង ៣) បន្ដបំផ្លាញសម្ភារបដិវត្ត។[12]
ឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ក្រុមខ្ញុំនៅតែបន្តសកម្មភាពបំផ្លាញអង្គការតាមខ្សែរយៈផ្សេងៗ។ ចំណែកអង្គការក៏ចាប់បានខ្សែរយៈសេ-អ៊ី-អា ជាបន្តបន្ទាប់។ ខ្ញុំ និង លី បានសម្រេចចិត្តហៅខ្សែរយៈ សេ-អ៊ី-អា មកប្រជុំ ដើម្បីងាយស្រួលភ្ជាប់ខ្សែសង្វាក់ឡើងវិញ។ ក្នុងអង្គប្រជុំ លី គឺជាអ្នកទទួលខុសត្រូវចំពោះផែនការទៅថ្ងៃមុខ ចំណែកខ្ញុំជាអ្នកដឹកនាំធ្វើសកម្មភាពផ្ទាល់។ ដើមឆ្នាំ១៩៧៧ ខ្ញុំ, ស៊ន់, សិទ្ធ និង ប្រីយ បានបំផ្លាញម៉ាស៊ីបូកខ្យល់ម៉ាស៊ីនកិនស្រូវធំៗអស់២គ្រឿង។ បន្ទាប់មក យើងបំផ្លាញរថយន្តចំនួន៤គ្រឿង ដែលទុកដឹកសម្ភារនៅឃ្លាំង និង គ្រោងបំផ្លាញម៉ាស៊ីនសម្រាប់សម្រិតសម្រាំងអង្ករនាំចេញទៅក្រៅប្រទេស។ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្ញុំ និងជាថ្ងៃដែលខ្ញុំត្រូវបញ្ចប់ផែនការក្បត់៕[13]
អត្ថបទ៖ មីន សាណាស់
[1] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា២០២០ ជំពូកទី៩ ចំណុចទី៣ (ការចាប់ខ្លួននិងការឃុំខ្លួន) ក្នុងទំព័រទី៥៦
[2] ឯកសារដើមអំពីចម្លើយសារភាព លួន ឡំ ហៅ វ៉ាន តម្កល់ក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំនួន៤០ទំព័រ
[3] សមាជិកអនុសេនាធំ៧១២ វរសេនាតូច៧១ ផ្នែកឃ្លាំងរដ្ឋ ជាអ្នកទោសក្នុងមន្ទីរស-២១ https://databases.dccam.org/cbib-details1?id=28971
[4] ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០ (ទំព័រទី ៥៦)
[5] ឯកសារដើមអំពីចម្លើយសារភាព(ទំព័រទី៣)
[6] ប្រពន្ធរបស់ លួន ឡំ ហៅ វ៉ាន (ឯកសារដើម ក្នុងទំព័រទី៧)
[7] ដកស្រង់ចេញពីឯកសារដើម (ក្នុងទំព័រទី៨)
[8] ដកស្រង់ចេញពីឯកសារដើម (ក្នុងទំព័រទី១០-១១)
[9] ដកស្រង់ចេញពីឯកសារដើម (ទំព័រទី១២)
[10] ដកស្រង់ចេញពីឯកសារដើម (ទំព័រទី១៥-១៦)
[11] ដកស្រង់ចេញពីឯកសារដើម (ទំព័រទី២៣-២៤)
[12] ដកស្រង់ចេញពីឯកសារដើម (ទំព័រទី២៧)
[13] ដកស្រង់ចេញពីឯកសារដើម (ទំព័រទី៣៤)