ការរៀបការនៅសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ លី ប៊ុណ្ណារិទ្ធ មានអាយុ៧១ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំមួយនាក់។ ប្អូនពីរនាក់​បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែជាអតីត​ទាហាន លន់ នល់ ត្រូវ​បានគេនាំយកទៅសម្លាប់ភ្លាមៗពេលខ្មែរក្រហមចូលកាន់​កាប់ខេត្តស្វាយរៀង។

ប៊ុណ្ណារិទ្ធ មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនចប់ថ្នាក់ទីប្រាំបួន រួចបានបួសជាព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង។ ដោយឃើញប្រទេសជាតិ​មានសង្គ្រាម គាត់ក៏សម្រេចចិត្តសឹក​វិញ ដើម្បីមកជួយធ្វើស្រែរបស់​ឪពុកម្តាយ។

នៅរបបខ្មែរក្រហម ប៊ុណ្ណារិទ្ធ ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។នៅទីនេះគាត់ត្រូវបានប្រធានសហករណ៍ឲ្យរៀបការប្រពន្ធ។ ប្រពន្ធរបស់ឈ្មោះ អ៊ុក សារ៉ុន ដែលត្រូវបានម្តាយ​ឪពុកទាំងសងខាងផ្សំ​ផ្គុំឲ្យ​តាំងពី​របប នល់ នល់ បច្ចុ​ប្បន្នគាត់រស់នៅជាមួយគ្នា និងមានកូនចំនួន៤នាក់។ ប៊ុណ្ណារិទ្ធ បាន​រំឭកពីការរៀបការនាពេលនោះថា មានចំនួន៣៦គូ ធ្វើឡើងនៅរោងបាយរួមរបស់សហករណ៍ ដោយគូប្តីប្រពន្ធអង្គុយទល់មុខគ្នា មានគណៈសហករណ៍​ជាអធិបតីឡើងនិយាយឲ្យប្តីប្រពន្ធបេ្តជ្ញា​រស់នៅជាមួយគ្នា។ មានប្តីប្រពន្ធផ្សេងទៀតក៏មិនពេញចិត្តចំពោះការរៀបចំរបស់​អង្គ​ការ ប៉ុន្តែគេមិនហ៊ានប្រកែក។ ប្តីប្រពន្ធមួយចំនួន​បានចែកផ្លូវគា្នក្រោយរបបខ្មែរក្រហមដួលរលំ​។

ប៊ុណ្ណារិទ្ធ៖ «ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើតាម​ប្រធានសហករណ៍សម្រេច ខ្ញុំនិងអ្នកដទៃទៀតគ្មានសិទ្ធិប្រកែកទេ។ ទោះបីជារឿងការងារ រឿងរៀបការ និងការ​ជម្លៀសជាដើម។ អ្នកដែលប្រកែកចំពោះការរៀបចំប្រឈមមុខនឹងការបាត់ខ្លួន»។

ពេលរៀបការរួចប្តីប្រពន្ធត្រូវទៅធ្វើការផ្សេងៗពី​គ្នា។​ ប្រពន្ធ ប៊ុណ្ណារិទ្ធ ត្រូវធ្វើស្រែក្នុងកងនារី។ ចំណែកគាត់ធ្វើការនៅកងចល័តបុរសត្រូវទៅជីកដី និងរែកដី ធ្វើ​ប្រឡាយនៅឆ្ងាយៗពីភូមិ។

ប៊ុណ្ណារិទ្ធ បានប្រាប់​ឲ្យដឹងថា ការងារមានគ្រោះថ្នាក់ព្រោះត្រូវខំធ្វើឲ្យគ្រប់​តាមផែនការគេកំណត់ដោយសារទំនប់មានជម្រៅជ្រៅយុវជនមួយចំនួនបានធ្លាក់បាក់កស្លាប់អំឡុងពេលធ្វើការ។ ប៊ុណ្ណារិទ្ធ និងយុវជនផ្សេងទៀតត្រូវងើបពីយប់ធ្វើដំណើរឆ្ងាយពីកន្លែងស្នាក់នៅទើបដល់ការដ្ឋានជីក​ទំនប់ និងធ្វើការទាន់ពេល។ របបអាហារពីដំបូងយុវជន​កងចល័តទទួល​បានគ្រប់គ្រាន់ ប៉ុន្តែក្រោយៗមកបានថយចុះ និងប្រែពីបាយមកជាបបរជំនួសវិញ ដោយក្នុងសហករណ៍ទិន្នផលស្រូវត្រូវបានដឹកពេញឡាន​ចេញទៅ។ ពេលប្រជុំប្រធានសហករណ៍បានបញ្ជាក់ថាអង្ករទាំងនោះត្រូវបានយកទៅប្តូរជាប្រេង និងជីកសិកម្ម។

ក្នុងរបបនោះ ប៊ុណ្ណារិទ្ធ បានឃើញវត្តអារាមត្រូវបានវាយកម្ទេច និងវាយទម្លាក់ព្រះពុទ្ធបដិមាករចូលទឹកស្រះ ព្រម​ទាំងប្រើប្រាស់បរិវេណវត្តធ្វើជាកន្លែងស្តុកស្រូវអង្កររបស់​សហករណ៍។

រឿងរ៉ាវដែល ប៊ុណ្ណារិទ្ធ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលគេសម្លាប់ប្អូនគាត់ទាំងពីរនាក់ ចំណែករូបគាត់ផ្ទាល់ត្រូវបានបង្ខំឲ្យគាត់ធ្វើការធ្ងន់ៗ គ្មានពេលសម្រាក។

ពេលរបបខ្មែរក្រហមដួលរលំ ប៊ុណ្ណារិទ្ធ បានទៅ​រស់នៅ និងធ្វើជាយោធាស្រុកស្ទោង ខេត្តកំពង់ធំ រយៈពេលបួនឆ្នាំ។ ក្រោយមក ប៊ុណ្ណារិទ្ធ បានត្រឡប់មករស់នៅស្រុកកំណើត និងធ្វើជាមេឃុំដូនសរយៈពេលប្រាំបីឆ្នាំ។

អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin