កុមារភាពនៅសម័យខ្មែរក្រហម

(រតនគិរី)៖ លី ផាក់ មានអាយុ ៥៣ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ លី ផាក់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យខ្មែរក្រហម។
គាត់កើតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានស្រុកកំណើតនៅឯខេត្តស្ទឹងត្រែង។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែលជាបួនទៅប្រាំឆ្នាំប៉ុណ្ណោះ។ អ្វីដែលគាត់ចងចាំនោះ គឺការហូបចុកមិនគ្រប់គ្រាន់។
ជារៀងរាល់ថ្ងៃ ឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មដូចជា ជីកប្រឡាយ លើកទំនប់ ច្រូតស្រូវ ស្ទូងស្រូវ និងលើកភ្លឺស្រែជាដើម។ អ្នកទាំងពីរត្រូវធ្វើការទាំងថ្ងៃទាំងយប់ នៅតាមការដ្ឋាននិងវាលស្រែ និងទុកកូនៗឲ្យនៅជាមួយក្រុមមនុស្សដែលមានវ័យចាស់ជាអ្នកមើលថែ។ មុនទៅធ្វើការ ម្តាយរបស់គាត់ត្រូវយកគាត់ទៅផ្ញើជាមួយមនុស្សមានវ័យចំណាស់ដែលមានតួនាទីមើលថែក្មេងៗក្រោមអាយុប្រាំឆ្នាំ។
បន្ទាប់មក អ្នកដែលមើលថែគាត់បាននាំគាត់ទៅរោងបាយដើម្បីហូបបបរនៅពេលព្រឹកជាមួយកុមារដទៃទៀត។ ចំណែកនៅពេលថ្ងៃត្រង់ គាត់ត្រូវទៅរោងបាយម្តងទៀតនិងហូបតែបាយលាយជាមួយមើមប្រង់ គល់ចេក និងស្លឹកដំឡូងប៉ុណ្ណោះ។ គាត់មិនត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មអ្វីនោះទេ ដោយសារគាត់មានអាយុក្រោមប្រាំឆ្នាំនៅឡើយ។ ចំណែកបងរបស់គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើកងចល័ត។
នៅពេលល្ងាច បន្ទាប់ពីម្តាយរបស់គាត់ធ្វើពលកម្មរួច គាត់ត្រូវបានម្តាយទៅយកពីរោងបាយ និងនាំត្រឡប់ទៅផ្ទះវិញ។ ចំណែកម្តាយមីងរបស់គាត់ គឺជាពេទ្យនៅសម័យខ្មែរក្រហម។
នៅសម័យខ្មែរក្រហមក្នុងសហករណ៍ ដែលក្រុមគ្រួសាររបស់គាត់រស់នៅ កុមារដែលមានអាយុលើសពីប្រាំឆ្នាំត្រូវបានបញ្ជូនឲ្យធ្វើពលកម្មផ្សេងៗដូចជាកាប់ទន្ទ្រានខេត្ត និងប្រមូលលាមកសម្រាប់ធ្វើជីជាដើម។ ក្រៅពីនោះ នៅពេលសម្រាក ក្មេងៗបានរៀនសូត្របន្តិចបន្តួចនៅតាមម្លប់ដើមឈើ។ ដោយសារនៅវ័យកុមារភាព លី ផាក់ មិនសូវចងចាំរឿងរ៉ាវនៅសម័យនោះបានច្រើននោះទេ ប៉ុន្តែអ្វីដែលគាត់បំភ្លេចមិនបាននោះគឺការហូបចុកមិនគ្រប់គ្រាន់៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤