លី សែ ហៅ សោម ៖ ក្មួយរបស់ ម៉ែន សាន ហៅ យ៉ា លេខាភូមិភាគឦសាន(១០៨)

ខ្ញុំឈ្មោះ លី សែ មានឈ្មោះ បដិវត្តន៍ សោម[1] មានអាយុ៣៥ឆ្នាំ គិតត្រឹមឆ្នាំ១៩៧៧ មានទីកន្លែងកំណើតនៅភូមិគគីរសោម ឃុំគគីរសោម ស្រុកប្រសូត្រ ខេត្តស្វាយរៀង(តំបន់២៣)។ ប្អូនខ្ញុំឈ្មោះ លី អាន ធ្វើការនៅរោងពុម្ពដឹកជញ្ជូនជើងទឹក។ ខ្ញុំមាននាទីជា អនុលេខាស្រុកល្វាឯម តំបន់២២ ភូមិភាគបូព៌ា(២០៣)។
នៅឆ្នាំ១៩៦២ ខ្ញុំមករៀនថ្នាក់ទី២ នៅវិទ្យាល័យយុគន្ធរ ភ្នំពេញ ដោយរស់នៅជាមួយ មា របស់ខ្ញុំឈ្មោះ ម៉ែន សាន ហៅ យ៉ា[2] គឺជាអគ្គានុរក្សអនុវិទ្យាល័យឯកជនចម្រើនវិជ្ជា ភ្នំពេញ។ ពេលនោះ មា របស់ខ្ញុំបានអប់រំចូលចលនាខ្មែរសេរីជាមួយគាត់។
នៅឆ្នាំ១៩៦៤ ខ្ញុំប្រឡងចូលធ្វើគ្រូបង្រៀនកម្រិតបឋមសិក្សា។ បន្ទាប់មកខ្ញុំរៀនច្បាប់គ្រូរយៈពេលមួយឆ្នាំនៅសាលាគរុកោសល្យក្រុងភ្នំពេញ។ នៅឆ្នាំ១៩៦៥ ខ្ញុំទៅបង្រៀននៅខេត្តពោធិ៍សាត់។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៦៥ ខ្ញុំត្រូវខ្មាំងចាប់បាន ពេលខ្ញុំបោះត្រាក់(ខិត្តប័ណ្ណ) ប្រឆាំង លន់ នល់ ប្រុងធ្វើរដ្ឋប្រហារ។ នៅពេលខ្មាំងចាប់ខ្ញុំបាន ខ្ញុំសារភាពគឺជាអ្នកបោះត្រាក់(ខិត្តប័ណ្ណ) ពិតមែន ជាមួយនឹងនីរសាររបស់ខ្ញុំឈ្មោះ យ៉ន និងបង ជន ឆយ គឺជាគ្រូបង្រៀននៅក្រុងពោធិ៍សាត់។ អស់រយៈពេល១ឆ្នាំ ១ខែ ខ្ញុំចេញពីគុកទៅបង្រៀននៅខេត្តកំពង់ធំ។ តាមរយៈ ឈឹត អ៊ីវ បានឱ្យខ្ញុំទាក់ទងជាមួយឈ្មោះ ឈឹម ទុំ គឺជាអធិការបឋមសិក្សាខេត្តកំពង់ធំ។ ខ្ញុំទាក់ទង ឈឹម ទុំ តាមការណែនាំហើយបានចាត់តាំងខ្ញុំឱ្យទៅបង្រៀននៅបឋមសិក្សាកំពង់ស្វាយ។ នៅឆ្នាំ១៩៧០ ខ្ញុំសូមផ្លាស់មកបង្រៀននៅខេត្តស្វាយរៀងវិញ។ ឈឹម ទុំ បានណែនាំខ្ញុំជួបជាមួយ មាស ឡាយ គឺជាអធិការបឋមសិក្សា ខេត្តស្វាយរៀង។ មកដល់ស្វាយរៀងខ្ញុំបានទាក់ទងជាមួយ មាស ឡាយ និង បានសូមបង្រៀននៅស្រុកកំណើតខ្ញុំ។ បន្ទាប់មកក្រោយរដ្ឋប្រហារខ្ញុំបានសូមឈ្មោះ មាស ឡាយ ទៅរស់នៅស្រុកប្រពន្ធខ្ញុំ នៅល្វាឯម ខេត្តកណ្ដាល។ មាស ឡាយ បានឱ្យខ្ញុំរង់ចាំសិនហើយក្រោយមកបានឱ្យខ្ញុំទាក់ទងជាមួយ ចាន់ សាមឿន គឺជាចៅតំបន់បឋមសិក្សា ប្រចាំស្រុកល្វាឯម និង ងឹន សឿន គឺជាគណៈស្រុកល្វាឯម តំបន់រំដោះ មានតំបន់២៤ មួយ ដោយស្នើឱ្យទាក់ទងជាមួយឈ្មោះ ឈូក គឺជា គណៈតំបន់២៤ និង ធុច គណៈតំបន់២៤ដែរ។ នៅខែឧសភា ឆ្នាំ១៩៧០ ខ្ញុំមកដល់ស្រុកល្វាឯម ក្រោយមកខ្ញុំត្រូវបានចាត់តាំងឱ្យឃោសនាអប់រំប្រជាជននៅតាមមាត់ទន្លេមេគង្គស្រុកល្វាឯម។ ខ្លឹមសារអប់រំឃោសនាប្រជាជនដែលមាន ងឹន សឿន បានណែនាំខ្ញុំថា ជំហាន ដំបូងយើងឃោសនាយ៉ាងណាឱ្យប្រជាជនស្រឡាញ់ រាប់អានចូលចិត្តខ្លួនយើង និងចូលចិត្តខាងបដិវត្តន៍សិន។ ប្រសិនជាមានប្រជាជនចូលចិត្តយើងច្រើនហើយយើងឃោសនាអប់រំអូសទាញគេឱ្យទៅជាខាងណាក៏បានដែរ។ ខ្ញុំបានយកសកម្មភាពនេះទៅអនុវត្តន៍ឃើញមានប្រជាជនស្រឡាញ់ រាប់អានចូលចិត្តខ្ញុំបានខ្លះដែរ។ ក្រោយមកនៅ ខែវិច្ឆិកា ឆ្នាំ១៩៧០ ងឹន សឿន ត្រូវអង្គការចាប់ខ្លួនព្រោះគាត់លួចប្រាក់ភាគទានរាប់ម៉ឺនរៀល និងទ្រព្យសម្បត្តិជ័យភណ្ឌដូចជា មាស កាណូត ក្រណាត់ ចាន ឆ្នាំង ទៅឱ្យប្រពន្ធកូនឪពុកគាត់ និងខុសសីធម៌ទី៦[3] នឹងកូនអ្នកភូមិម្នាក់។
នៅដើមឆ្នាំ១៩៧១ ខ្ញុំត្រូវដាច់ការទាក់ទងក្រុមសម្ងាត់។ ដល់ខែសីហា ឆ្នាំ១៩៧១ ខ្ញុំទាក់ទងខ្សែជាមួយឈ្មោះ ធុច និង ឈូក នៅតំបន់២៤។ ខ្ញុំទាក់ទងឈ្មោះទាំងពីរនាក់ដើម្បីឱ្យគាត់ទទួលស្គាល់ខ្ញុំនិងធ្វើសកម្មភាពបន្តទៀត។ ឈូក បានឧទ្ទេសនាមខ្ញុំទាក់ទងឈ្មោះ ងឹន ដែលពេលនោះមាននាទីជាគណៈមណ្ឌលទទួលភារៈស្រុកល្វាឯម, ពារាំង និងខ្សាច់កណ្ដាល។ ឈូក បានឱ្យលិខិតខ្ញុំមួយដើម្បីឱ្យ ងឹន ដែលមានខ្លឹមសារ «នៅពេលនេះខ្ញុំសូមឧទ្ទេនាម ស-ម សែ ជាកម្មាភិបាលនៅស្រុកល្វាឯម មកបន្តខ្សែសម្ងាត់របស់យើងនៅក្នុងតំបន់២២នេះ។ សូម ស-ម ទទួលយកធ្វើការទាក់ទងនឹង ស-ម សែ ឱ្យបានជាប់ជាធម្មតាតាំងពីពេលនេះតទៅ។ ម្យ៉ាងទៀតខ្ញុំសូមឧទ្ទេសនាម ស-ម សយ ម្នាក់ទៀតដែល ស-ម សែ ទើបកសាងបាន»។ ពេលខ្ញុំត្រឡប់មកតំបន់២៤វិញ ខ្ញុំទៅទាក់ទងបង ងឹន តាមការឧទ្ទេសនាមរបស់ ឈូក។ ខ្ញុំទៅជួប បងងឹន ស្រុកពារាំង ហើយបន្ទាប់ពីគាត់អានសំបុត្រ បងងឹន ឱ្យខ្ញុំបន្តខ្សែសម្ងាត់ជាមួយគាត់។ យើងកំណត់រយៈពេល៣ខែរាយការណ៍សរុបម្ដង។
នៅឆ្នាំ១៩៧៣ បងងឹន បានឱ្យខ្ញុំស្គាល់មេដឹកនាំ២នាក់ទៀត ដែលបងងឹន ទើបកសាងបានគឺ១) ចាប ម៉ិត គឺជាលេខាស្រុកខ្សាច់កណ្ដាល[4] ហើយទទួលភារៈជាសមាជិកអចិន្រ្តៃយ៍តំបន់២២ ,២)បងដូច គឺជាលេខាស្រុកស្រីសន្ធរ ហើយទទួលភារៈជាសមាជិកគណៈតំបន់២២។ ក្នុងឆ្នាំ១៩៧៤ ខ្ញុំទាក់ទងការងារសម្ងាត់ជាមួយបងងឹន ដដែល។ ក្នុងឆ្នាំ១៩៧៤ អង្គការណែនាំឱ្យធ្វើថ្នាំបុរាណជាមូលដ្ឋានដើម្បីព្យាបាលរោគប្រជាជនតែខ្ញុំចលនាពេទ្យគិតគូរប្រើថ្នាំសម័យច្រើនជាងថ្នាំបុរាណ, ក្នុងការជ្រើសរើសយុវជនធ្វើទ័ពខ្ញុំមិនបានគិតគូរពីវណ្ណៈភាព និន្នាការនយោបាយទេ សំខាន់ឱ្យតែគេស្ម័គ្រចិត្តចូលធ្វើ។
នៅឆ្នាំ១៩៧៥ បងងឹន បានឧទ្ទេសនាមខ្ញុំឱ្យមកបន្តខ្សែជាមួយបង យោន គឺជាលេខាស្រុកល្វាឯម។ ខ្ញុំបានទាក់ទងជាមួយបងយោន តាំងពីពេលនោះហើយខ្ញុំតែងរាយការណ៍អំពីសកម្មភាពខ្ញុំឱ្យបងយោន។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្នុងការដោះស្រាយបញ្ហាប្រជាជនជួបការលំបាកច្រើនណាស់ ខ្វះស្រូវ អង្ករ ប្រជាជនហូបបបរលាយគល់ចេក, គល់ត្រពាំង, ចេក, ល្ហុង និងដំឡូង។ ប្រជាជនស្គមស្គាំងគ្មានសាច់ឈាមស្រក់បស់ទេ ស្លាប់ក៏ច្រើន ឈឺក៏ច្រើន។ ក្នុងការធ្វើស្រែខ្ញុំដោះស្រាយបញ្ហាគោក្របីឱ្យប្រជាជនភ្ជួររាស់មិនបាន ប្រជាជនទឹមគ្នារាស់ដីស្ទូង។ នៅខែកក្កដា ឆ្នាំ១៩៧៥ ពេលធ្វើសន្និបាតភូមិភាគ ខ្ញុំជួបធុច និង ឈូក ខ្ញុំស្នើយោបល់ប្រសិនខ្ញុំទាក់ទង មា(យ៉ា) របស់ខ្ញុំ។ ធុច បានឱ្យយោបល់ថា ត្រូវស្នើតាមខ្សែសិនបើអ្នកទទួលខុសត្រូវយល់ព្រមគ្មានបញ្ហាអ្វីទេ។ ពេលខ្ញុំត្រឡប់មកវិញខ្ញុំបានស្នើយោបល់ បងយោន ក្នុងការទាក់ទង មា(យ៉ា)ខ្ញុំ ហើយបងយោន បានយកយោបល់ខ្ញុំស្នើបង ងឹន។ ក្រោយមកបងយោន ប្រាប់ថាការទាក់ទង មា(យ៉ា) ខ្ញុំមិនបញ្ហាអ្វីទេប៉ុន្តែខ្សែចាត់តាំងនៅដដែល ហើយការទាក់ទងកុំធ្វេសប្រហែសរក្សាការសម្ងាត់។
នៅខែធ្នូ ឆ្នាំ១៩៧៥ ខ្ញុំបានសុំបងយោន មកទាក់ទង មា(យ៉ា)ខ្ញុំនៅភ្នំពេញ ព្រោះខ្ញុំបែកគាត់យូរហើយតាំងពីឆ្នាំ១៩៦៤ ពេលគាត់ចូលព្រៃម្ល៉េះ។ ខ្ញុំបានទៅជួប មា(យ៉ា) ខ្ញុំហើយគាត់បានឱ្យសំបុត្រខ្ញុំមួយទាក់ទងមន្ទីរពាណិជ្ជកម្មរដ្ឋ ឈ្មោះសមមិត្ត មី សំបុត្រនោះមានខ្លឹមសារភ្ជាប់សំបុត្រមួយទៀតឱ្យ កុយ ធួន ជួប មា(យ៉ា) ខ្ញុំនៅមន្ទីរភស្ថុភារយោធា ល្ងាចនេះ។
នៅចុងខែមីនា ឆ្នាំ១៩៧៦ ពេលខ្ញុំទទួលដំណឹងថាមា(យ៉ា)ខ្ញុំ ត្រូវផ្លាស់ទៅនៅភូមិភាគឦសាន ខ្ញុំក៏មកលេងនឹងគាត់ម្ដងទៀត។ មា(យ៉ា) ខ្ញុំបានសួរអំពីសកម្មភាពការងាររបស់ខ្ញុំ ហើយគាត់បានប្រាប់ខ្ញុំគាត់ត្រូវផ្លាស់ទៅភូមិភាគឦសាន។ រួចមា(យ៉ា)ខ្ញុំ ស្នើសូមយុទ្ធជនពីស្រុកខ្ញុំចំនួន៣០នាក់ដើម្បីយកទៅបម្រើការងារ។ ខ្ញុំទទួលការស្នើសុំនេះ តែខ្ញុំស្នើទៅពិភាក្សាគណៈអចិន្រ្តៃយ៍ស្រុកប្រចាំការ បងយោនគឺជាលេខាតែគាត់មិនហ៊ានសម្រេចទេ រហូតគណៈតំបន់២២នៅមិនហ៊ានសម្រេចទៀត។ បងយោនស្នើទៅ គណៈតំបន់ ហើយឱ្យដំណឹងមកបងយោនថា ទាល់តែភូមិភាគ និងភូមិភាគទាក់ទងស្នើសុំ ហើយភូមិភាគសម្រេចទើបតំបន់ ហ៊ានសម្រេច។ បងយោន ឱ្យខ្ញុំសរសេរសំបុត្រទៅមា(យ៉ា) ខ្ញុំប្រាប់ពីបញ្ហានេះ។ ក្រោយមកមា(យ៉ា) ខ្ញុំបានឱ្យនីរសារម្នាក់យកសំបុត្រឱ្យខ្ញុំដើម្បីផ្ញើទៅជូន សោ ភឹម លេខាភូមិភាគបូព៌ា អំពីការស្នើសុំយុទ្ធជនចំនួន៣០នាក់នៅក្នុងស្រុកល្វាឯម។ ខ្ញុំឱ្យនីរសារម្នាក់យកសំបុត្រជូនទៅមន្ទីរនីរសារតំបន់២២ រួចឱ្យនីរសារតំបន់២២ ជូនទៅមន្ទីរនីរសារភូមិភាគបូព៌ា។ រំលងរយៈពេល៣ថ្ងៃក្រោយមក បងភឹម ផ្ញើសំបុត្រមួយច្បាប់ មកបងយោន និង ខ្ញុំ តាមរយៈគណៈតំបន់២២ គឺឱ្យបងយោន និងខ្ញុំប្រគល់យុទ្ធជនចំនួន៣០នាក់ ទៅភូមិភាគឦសានចុះ។ បងយោន និង ខ្ញុំបានជ្រើសរើសយុទ្ធជន៣០នាក់ ពីជួរកងទ័ពប្រគល់ឱ្យ មា(យ៉ា)ខ្ញុំតាមរយៈនីរសារ ដែលនាំសំបុត្រនោះមក។
នៅចុងខែ សីហា ឆ្នាំ១៩៧៦ ខ្ញុំបានទាក់ទងមា(យ៉ា) ខ្ញុំម្ដងទៀត ដើម្បីបញ្ជាក់លើសភាពការណ៍ផ្ទៃក្នុងដែលត្រូវបានអង្គការចាប់ជាបន្តបន្ទាប់។ មា(យ៉ា) ខ្ញុំលើកឡើងថា យើងជាកម្មាភិបាលដឹកនាំត្រូវពង្រឹងគោលជំហរឱ្យរឹងមាំក្នុងសភាពការណ៍នេះហើយត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការបំពេញការងារ។ មា(យ៉ា) ខ្ញុំបានផ្ដាំថានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៦ ស្នើខ្ញុំទៅជួបគាត់មួយថ្ងៃនៅមន្ទីរពាណិជ្ជកម្មភូមិភាគឦសាន ក្រុងភ្នំពេញ។ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៦ ខ្ញុំមិនបានជួបគាត់ទេ ព្រោះខ្ញុំជាប់រវល់ធ្វើសន្និបាតសហករណ៍ចំនួន៥ថ្ងៃជាបន្តបន្ទាប់។ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៦ ទើបខ្ញុំមកភ្នំពេញ។ ពេលខ្ញុំមកដល់មន្ទីរ ពាណិជ្ជកម្មភូមិភាគឦសាននៅភ្នំពេញ បងប្អូនកម្មាភិបាលនៅមន្ទីរនោះប្រាប់ខ្ញុំថា «អ៊ំយ៉ា ត្រូវអង្គការផ្លាស់ចេញពីភូមិភាគឦសានហើយ។ ឥឡូវអង្គការឱ្យទៅក្រៅគឺទៅបរទេសមិនដឹងជាថ្ងៃណាបានមកវិញទេ»។ រួចខ្ញុំត្រឡប់មកវិញ មកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៧៦ សមមិត្ត ឌឹម ប្រធានមន្ទីរពាណិជ្ជកម្មភូមិភាគឦសាន ភ្នំពេញ បានឱ្យយុទ្ធជនពីរនាក់ យកសំបុត្រទៅឱ្យខ្ញុំ។ សំបុត្រនោះមានន័យថា «អ៊ំយ៉ា មានរឿងឥឡូវអង្គការចាប់ខ្លួនហើយ។ ដូចបងជ្រាបស្រាប់ ឯយុទ្ធជនដែលសុំពីល្វាឯមចំនួន៣០នាក់ អង្គការត្រូវបញ្ជូនឱ្យទៅភូមិភាគបូព៌ាវិញ ឱ្យចេញផុតពីភូមិភាគឦសាន២៤ម៉ោង ឥឡូវចេញអស់ហើយ»។ ពេលនោះទើបខ្ញុំដឹងថា មា(យ៉ា)ខ្ញុំត្រូវអង្គការចាប់ខ្លួន។ ខ្ញុំក៏យកដំណឹងនេះឱ្យបងយោន ដឹងតាមដំណើររឿង។
ខែធ្នូ ឆ្នាំ ១៩៧៦ ពេលខ្ញុំទៅរៀនវគ្គនយោបាយភូមិភាគបូព៌ា បងពាម គាត់ទទួលភារៈជាគណៈអប់រំ។ ខ្ញុំបានជួប បងពាម ចំនួនពីរលើកហើយបានសួរយោបល់គាត់ចំពោះសភាពការណ៍ដែលអង្គការត្រូវចាប់ មា(យ៉ា) ខ្ញុំ។ តាមការផ្ដាំផ្ញើរបស់ សមមិត្ត ធុច ឱ្យខ្ញុំមកទាក់ទង និងបងពាម បើធុច និងមា(យ៉ា) ខ្ញុំត្រូវអង្គការចាប់ខ្លួននោះ។ បងពាម ប្រាប់ថាគាត់ពិតជាទទួលបានការផ្ដាំផ្ញើពី បងមិត្ត ធុច មែន។ បងពាម លើកឡើងថាក្នុងស្ថានការណ៍តឹងតែងបែបនេះសំណូមពរឱ្យ ខ្ញុំពង្រឹងគោលជំហរខ្លួនឱ្យបានល្អ ត្រូវណែនាំកម្លាំងយើងដូច្នេះដែរ។ ឯការធ្វើសកម្មភាពត្រូវផ្អាកមួយរយៈកាលសិន ដើម្បីសភាពការណ៍ធូរបន្តិច រួចត្រូវរក្សាការសម្ងាត់ឱ្យបានខ្ពស់មែនទែន ប្រសិនមានសភាពការណ៍អ្វីនោះស្នើខ្ញុំទាក់ទងនឹងសមមិត្តណាក៏បានដែរក្នុងតំបន់២២មានឈ្មោះ ១) សមមិត្ត ធា គឺជាប្រធានមន្ទីរតំបន់២២,២) សមមិត្ត មាឃ គឺជាអនុប្រធានក្រសួងសង្គមកិច្ចតំបន់២២, ៣) សមមិត្ត ចៅ គិត គឺជាប្រធានក្រសួងយុទ្ធជនសេរីតំបន់២២ ,៤) សមមិត្ត សៅ សាម៉ន គឺជាប្រធានក្រសួងសន្តិសុខតំបន់២២ និង ៥) សមមិត្ត ពេជ គឺជាប្រធាននយោបាយវរសេនាធំលេខ១២៤ តំបន់២២។
នៅដើមខែកុម្ភៈ ឆ្នាំ១៩៧៧ ខ្ញុំបានជួបបង សៅ សាម៉ន ប្រធានសន្តិសុខតំបន់២២ នៅមន្ទីរនីរសារតំបន់២២។ ខ្ញុំបានប្រាប់ពីដំណើររឿងបង ពាម ឱ្យមកទាក់ទង សៅ សាម៉ន។ ខ្ញុំប្រាប់ថាឥឡូវសភាពការណ៍ប្រែប្រួលណាស់ព្រោះអង្គការត្រូវចាប់ច្រើន។ នៅចុងខែមករា ឆ្នាំ១៩៧៧ ខ្ញុំបានទាក់ទងជាមួយ ជួង សមាជិកស្រុកពារាំង ពេលនោះខ្ញុំជួប បងងឹន គឺជាលេខាស្រុកពារាំង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបានស្នើសុំយុទ្ធជនពីស្រុកខ្ញុំហើយខ្ញុំបានបញ្ជូនកម្លាំងចំនួន៦នាក់ទៅបង្កប់នៅតាមក្រសួងនានារបស់អង្គការមាន៖ ១) វ៉ា នាទីជាអ្នកបកប្រែភាសាចិន, ២) ទ្រី នាទីជាអ្នកបកប្រែភាសាចិន, ៣) បាន , ៤) សង, ៥) នារី ឃឿន និង ឃន នាទីគឺសុទ្ធជាយុទ្ធជន។ រហូតខ្ញុំត្រូវអង្គការចាប់មកសួរចម្លើយនៅអំឡុងឆ្នាំ១៩៧៧។
[1] ឯកសារលេខ J00៨៥៩ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«អំពីប្រវត្តិក្បត់របស់ខ្ញុំ» សរសេរដោយដៃចំនួន៧៩ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ លី សែ ហៅ សោម ពិតឬយ៉ាងណានោះទេ?
[2] ឯកសារលេខ D១៣៤៨៤ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ម៉ែន សាន ហៅ យ៉ា អតីតលេខាឥសាន» សរសេរដោយដៃចំនួន៨១ទំព័រ។ គ្មានទំព័រ។
[3] ឯកសារ D២១៤០៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្ត» យុវជន និង យុវនារីបដិវត្ត លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។
[4] ឯកសារលេខ D៤១៥៨៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយ ចាប ម៉ិត លេខាស្រុកខ្សាច់កណ្ដាលតំបន់២២ បូព៌ា» សរសេរដោយដៃចំនួន៩៨ទំព័រ។ គ្មានទំព័រ។