លី យ៉ាស់៖ អង្គការបំបែកប្តីខ្ញុំឱ្យទៅនេសាទត្រីឆ្ងាយពីខ្ញុំ ហើយខ្ញុំនៅផ្ទះជាមួយកូនៗ យប់ព្រលប់លំបាកលំបិនរហូត

ឯកសារ D៤១៣៦៥ មានចំនួន២៧ទំព័រ ជាឯកសារប្រតិចារឹក និងជាបទសម្ភាសអ្នករស់រានមានជីវិតឈ្មោះ លី យ៉ាស់[1] ភេទស្រី ជាជនជាតិខ្មែរ-អ៊ីស្លាម អាយុ៦០ឆ្នាំ ក្នុងឆ្នាំ២០០៥ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ នៅក្នុងសម័យខ្មែរក្រហម លី យ៉ាស់ ត្រូវបានអង្គការប្រើឱ្យធ្វើស្រែចម្ការ និង បុកអង្ករ។ លី យ៉ាស់ ត្រូវបានជម្លៀសទៅកាន់ស្រុកកំពង់ត្របែកភ្លាមៗ បន្ទាប់ពីខ្មែរក្រហម បានទទួលជ័យជម្នះលើរបប លន់ នល់ នៅឆ្នាំ១៩៧៥។ ក្រោយរបបខ្មែរក្រហម ដួលរលំទៅ ប្រហែលជារយៈពេល១ខែ លី យ៉ាស់ និង គ្រួសារបានវិលត្រឡប់មកភូមិកំណើតវិញ។
ខាងក្រោមជាដំណើរសាច់រឿងរបស់ លី យ៉ាស់ ឆ្លងកាត់សម័យខ្មែរក្រហម
ក្រោយបែកទីក្រុងភ្នំពេញហើយភ្លាម ឆ្នាំ១៩៧៥ ខ្មែរក្រហម បានជម្លៀសគ្រួសារខ្ញុំ រួមជាមួយប្រជាជនជាច្រើននាក់ ទៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីធ្វើស្រែកសិកម្ម[2]។ មានតែគ្រួសារខ្ញុំប៉ុណ្ណោះ ដែលអង្គការប្រើឱ្យនេសាទត្រី និង ចិញ្ចឹមត្រីជួនអង្គការ។ កន្លងទៅរយៈពេលប្រហែល មួយខែ អង្គការបានស្នើឱ្យប្តីខ្ញុំ ទៅនេសាទត្រីនៅឯខាងមាត់ទន្លេ(ស្រុកកំពង់ត្របែក)។ កន្លះខែ ឬ មួយខែ ទើបអង្គការអនុញ្ញាតឱ្យប្តីខ្ញុំមកលេងផ្ទះម្តង។ ចំណែកខ្ញុំវិញ អង្គការប្រើឱ្យធ្វើស្រែស្ទូងដកដូចប្រជាជនខ្មែរធម្មតាដែរ។ ប៉ុន្តែដោយសារតែខ្ញុំជាប្រជាជនថ្មី[3] ទើបតែជម្លៀសមក ទើបត្រូវអ្នកភូមិ ដែលជាប្រជាជនមូលដ្ឋានមួយចំនួនស្អប់ខ្ពើម និងមិនចង់ឱ្យខ្ញុំរស់នៅក្នុងផ្ទះដែលអង្គការចែកឱ្យ។ អ្នកភូមិមួយចំនួន បានចោទប្រកាន់ខ្ញុំ លួចនេះ លួចនោះ របស់គាត់ នៅពេលដែលគាត់ បានបាត់អ្វីមួយបន្តិចបន្តួច(បាត់ ពងទា ជាដើម)។ អង្គការបានហៅខ្ញុំទៅអប់រំ រៀនសូត្រ ដើម្បីកុំឱ្យថ្ងៃក្រោយ ខ្ញុំធ្វើដូច្នេះទៀត។ ប៉ុន្តែខ្ញុំបាននិយាយប្រាប់អង្គការដោយស្មោះត្រង់ថា ខ្ញុំគ្មានគំនិតចង់លួចរបស់នរណាទេ។ បន្ទាប់ពីខ្ញុំនិយាយដូច្នេះ អង្គការក៏លែងរករឿងខ្ញុំ។
ក្រៅពីរឿងទាំងនេះ ខ្មែរក្រហម បានបង្ខំឱ្យខ្ញុំហូបសាច់ជ្រូក ប៉ុន្តែខ្ញុំមិនហូប។ ខ្ញុំនៅស្ងៀម និង សុខចិត្តហូបបបរជាមួយអំបិល។ ខ្មែរក្រហម មិនអនុញ្ញាតឱ្យយើងនិយាយភាសារចាមទេ។ បើយើងមានសក់វែង ត្រូវកាត់ឱ្យខ្លីត្រឹម-ក។ ការគោរពសាសនាត្រូវបានហាមឃាត់។ ខ្ញុំនិង បងប្អូនជនជាតិចាម មួយចំនួននៅតែលួចគោរពសាសនា ប៉ុន្តែយើងធ្វើដោយលាក់លៀម និង មិនហ៊ានបើកចំហ[4]។ ជំនាន់នោះ ទោះចង់ស្រឡាញ់ស្រីក៏ពិបាកដែរ លុះត្រាតែអង្គការជាអ្នក រៀបចំឱ្យ ហើយបើយើងនៅចចេស រឹងរូស មិនយល់ព្រម នោះអង្គការនឹងហៅយកទៅរៀនសូត្រ ឬសម្លាប់[5]។ ប៉ុន្តែក្នុងករណីខ្លះ គឺមិនបានយកទៅសម្លាប់ទាំងអស់ទេ ដូចជា នារីម្នាក់(ស្អាត)នៅក្នុងភូមិ កន្សោមអក នេះដែរ អង្គការបានរើសអ្នកពិការជើង ឱ្យមករៀបការជាមួយ[6]។ នារីនោះ មិនស្រឡាញ់ ប៉ុន្តែគាត់ឆ្លាត គាត់ចេះបត់បែន ដោយនិយាយថា« ខ្ញុំមិនទាន់ចង់បានប្តីទេ ខ្ញុំចង់នៅបម្រើការងារជួនអង្គការសិន» ហើយអង្គការក៏សប្បាយចិត្ត មិននាំនារីនោះទៅសម្លាប់ទេ។ ខ្មែរក្រហម សម្លាប់បងប្អូនជនជាតិចាម ច្រើនណាស់។ ក្មួយខ្ញុំ ឈ្មោះ យ៉ា ម៉ាត់ និយាយខុសតែបន្តិច ត្រូវអង្គការយកទៅសម្លាប់។ ពេលនោះ ខ្ញុំមិនបានឃើញផ្ទាល់ភ្នែកទេ ប៉ុន្តែម្តាយរបស់ក្មួយខ្ញុំជាអ្នកឃើញ។
នៅចុងឆ្នាំ១៩៧៨ មានពេលមួយ ខ្ញុំឃើញកម្មាភិបាលខ្មែរក្រហមបណ្តើរមនុស្សទាំងខ្សែកាត់តាមក្រោយផ្ទះរបស់ខ្ញុំយកទៅសម្លាប់។ ពេលនោះ ខ្ញុំហែកជញ្ជាំងលបមើល ឃើញកម្មាភិបាលខ្មែរក្រហម បណ្តើរអ្នកទោសចំនួន ២ ទៅ៣ ខ្សែ ឆ្ពោះទៅទួលម្រិញ។ ខ្ញុំនឹកក្នុងចិត្តថា«អញអើយ មិនដឹងទៅមុខ ឬទៅក្រោយទេ»។ ជំនាន់នោះគ្មាននរណាហ៊ានតដៃ ។ អ្នកដែលបណ្តើរមនុស្សយកទៅសម្លាប់នោះ គឺមានតែ២នាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកទាំង២សុទ្ធតែមានកាំភ្លើង។ អ្នកទោសត្រូវបានចងដៃនឹងខ្សែពួរ ព័ទ្ធទៅក្រោយ មិនដឹងធ្វើយ៉ាងណា នឹងអាចឈ្នះអ្នកទាំង២បានទេ ហើយក៏ពុំមាននរណាម្នាក់ ហ៊ានប៉ះបោរដែរ។ ខ្ញុំមិនដឹងថា អ្នកទាំងនោះ បានធ្វើខុសអ្វីដែរ ប៉ុន្តែអ្នកទោសទាំងអស់នោះសុទ្ធតែជាអ្នកមកពីខាងខេត្តស្វាយរៀង។ មានយប់មួយនោះ ខ្ញុំ ឮសំឡេង ស្រែកថ្ងូរ ឮសូរអូយៗ។ ខ្ញុំភ័យមិនហ៊ានទាំងដេកទេ។ ជួនណា ខ្ញុំឮសំឡេងសម្លេង កម្មាភិបាលនិយាយថា៖« ទៅវ៉ើយ អញជម្លៀសឯងទៅដី ស ដីក្រហម» ប៉ុន្តែការជម្លៀសទៅនេះ អង្គការយកអ្នកទាំងនេះ ទៅសម្លាប់បែបនេះសោះ។ បើនៅទួលម្រិញនេះវិញ គ្រាន់តែរណ្តៅនីមួយៗ មនុស្សស្លាប់គរ ដូចភ្នំ ហើយខែនោះ ចំពេលទឹកឡើងធំផង ក៏អណ្តែតសាកសពមកទាំងអស់។
នៅចុងឆ្នាំ១៩៧៨ មុនពេលរបបខ្មែរក្រហមជិតដួលរលំប្រជាជន មិនហ៊ាននិយាយអ្វីផ្តេសផ្តាស់ទេ ព្រោះខ្លាចអង្គការយកទៅសម្លាប់។ អំឡុងពេលដែលខ្ញុំកំពុងអង្គុយរែងអង្ករនៅក្នុងសហករណ៍ ខ្ញុំឮកម្មាភិបាលខ្មែរក្រហម និយាយគ្នាថា «ហ្អែងជម្លៀសខ្លួនចេញទៅ ព្រោះវៀតណាមជិតមកដល់ហើយ»។ រំលងបានកន្លះខែ វៀតណាម ស្រាប់តែមកដល់មែន ជាមួយនិង កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និង សង្គ្រោះប្រជាជនជាបន្តបន្ទាប់[7]។ នៅពេលនោះ កម្មាភិបាលខ្មែរក្រហម បានប្រាប់ឱ្យប្រជាជន យកស្រូវទៅកិនចែកគ្នាហូប ព្រមទាំងប្រាប់ប្រជាជនថា គាត់រត់ទៅមុនហើយ។ ខ្ញុំ និងបងប្អូនអ្នកស្រុក ក៏បបួលគ្នា យកស្រូវទៅបុក។ បន្ទាប់ពីវៀតណាមចេញផុតពីភូមិ អង្ករដែលនៅសេសសល់ទាំងប៉ុន្មាន ក៏ប្រមូលមកផ្ទះរៀងខ្លួន។
រឿងរ៉ាវដែលខ្ញុំចាំមិនដែលភ្លេចនៅក្នុងសម័យខ្មែរក្រហមគឺ អង្គការបំបែកប្តីខ្ញុំឱ្យទៅធ្វើការនេសាទត្រីឆ្ងាយពីខ្ញុំ ហើយខ្ញុំនៅផ្ទះជាមួយកូនៗ យប់ព្រលប់លំបាកលំបិនរហូត។ មួយវិញទៀត ការហូបចុក ក៏មិនបានគ្រប់គ្រាន់។ ពេលខ្ញុំឆ្លងទន្លេ កូនខ្ចីរួច មិនបានកន្លះខែផង អង្គការឱ្យខ្ញុំទៅស្ទូង ហើយពេលខ្ញុំចេញទៅស្ទូង ខ្ញុំចេះតែឈឺ។ អង្គការក៏បានអនុញ្ញាតឱ្យខ្ញុំឈប់សម្រាកនៅផ្ទះចំនួនកន្លះខែ ។ ប៉ុន្តែ ខ្ញុំមិនហ៊ាននៅផ្ទះយូរទេ។ ខ្ញុំក៏ប្រញាប់ចេញទៅស្ទូងវិញ ព្រោះខ្លាចអង្គការយកទៅសម្លាប់។ ចំណែកឯកូនៗរបស់ខ្ញុំ គឺផ្ញើនៅយាយៗឱ្យ មើលថែក្នុងកងកុមារ ជាមួយ ក្មេងៗ ប្រហែលជា៥០ ទៅ ៦០នាក់ទៀត ប៉ុន្តែការមើលថែនោះគឺមិនបានដិតដល់ទេ។ កូនខ្ញុំស្លាប់អស់ចំនួន២នាក់ ឈ្មោះ កាស់(ស្រី) និង អាលី (ប្រុស) ដោយសារជំងឺ គ្មានថ្នាំសង្កូវព្យាបាល និង មិនមានអាហារហូបគ្រប់គ្រាន់ ។
ក្រោយរបបខ្មែរក្រហមកន្លងផុតទៅ ខ្ញុំចេះតែប្រាប់កូនចៅខ្ញុំថា ជំនាន់នោះ មិនដូចជំនាន់ឥឡូវទេ ។ ជំនាន់ឥឡូវសប្បាយ ជំនាន់នោះកើតទុក្ខ។ ខ្ញុំចង់បំភ្លេចរបបខ្មែរក្រហម និង មិនចង់នឹកនាទៀតទេ ព្រោះខ្មែរក្រហមធ្វើបាបខ្ញុំខ្លាំងពេក។ ពេលដាំបាយឱ្យកូនហូបម្តងៗ ខ្ញុំសុទ្ធតែដាំលាក់លៀមពីអង្គការ។ បើអង្គការចូលមកដល់ក្នុងផ្ទះ ហើយឃើញខ្ញុំដាំបាយដូច្នេះ ច្បាស់ណាស់ ខ្ញុំនឹងត្រូវនាំយកទៅសម្លាប់ហើយ។ សព្វថ្ងៃនេះ ខ្ញុំគ្រាន់តែឮថា ប៉ុល ពត ខ្ញុំខ្លាចតែម្តង៕
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ D៤១៣៦៥ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«លី យ៉ាស់ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៥»។ សម្ភាសដោយ សម្ភាសដោយ ហ៊ាង សុគុណ ជានិស្សិតស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគម្រោង លើកកម្ពស់ឱ្យមានការទទួលខុសត្រូវ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត,សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩),បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី១៥។ ត្រឹមតែរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ប្រជាជននៅទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗ ត្រូវបានបណ្តេញចេញឱ្យទៅធ្វើការងារកសិកម្មនៅតាមជនបទ។
[3] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត,សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩),បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី៤០។ ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នកទាំងឡាយណាដែលត្រូវបានជម្លៀសចេញពីទីក្រុងឬទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។
[4] បណ្ឌិត អេង កុកថាយ, សៀវភៅចាប់ពីរបបខ្មែរក្រហម ដល់ឧប្បត្តិហេតុ ហាំបាលី៖ អត្តសញ្ញាណជនជាតិចាមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម,(ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០១៤), ១២៨។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានបង្ខំជនជាតិចាមឱ្យបរិភោគសាច់ជ្រូក។ ខ្មែរក្រហម បានបន្ទុចបង្អាក់ប្រជាជនកុំឱ្យទៅវិហារ, គម្ពីរគួរអាន ត្រូវបានគេប្រមូលទុក និង ស្ត្រីចាមត្រូវបានលើកទឹកចិត្តឱ្យកាត់សក់ខ្លី។
[5] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត,សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩),បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី៤២។ បុរសនារីភាគច្រើនមិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសគូស្រកររបស់ខ្លួនទេ។ គូនីមួយៗ ត្រូវបានចាត់តាំងឡើងដោយអង្គការដែលអះអាងថាជាឪពុកម្តាយរបស់មនុស្សគ្រប់រូប។
[6] ស្ទួន។ នារីមួយចំនួនត្រូវបានបង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការដាច់ដៃ ឬដាច់ជើងម្ខាងដែលរងរបួសក្នុងពេលសង្គ្រាម។
[7] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។