ការឈឺចាប់ក្រោយឪពុកបានបាត់បង់ជីវិត

កាលនៅរ័យជំទង់ រិន មានគ្រួសារមួយដែលរស់នៅពោរពេញទៅដោយសេចក្ដីសុខ ទោះជាគ្រួសារមានជីវភាពលំបាក ក៏ឪពុកម្ដាយ បងប្អូនបានផ្ដល់នូវសេចក្ដីស្រឡាញ់ មានអាហារហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅជួបជុំគ្នាប្រកបដោយសុភមង្គល។ រហូតដល់សម័យខ្មែរក្រហម ឪពុករបស់ រិន បែរជាត្រូវស្លាប់ដោយសារការអត់អាហារ ហើយបានធ្វើឲ្យ រិន មានការឈឺចាប់ និងសោកស្ដាយពេញមួយជីវិត។

ឈ្មោះ ម៉ម រិន ភេទស្រី មានអាយុ៧០ឆ្នាំ[1]។ កាលពីមុន រិន ធ្វើចម្ការដាំដំណាំ ប៉ុន្តែឥឡូវ រិន មានវ័យចំណាស់ដូច្នេះកូនៗឲ្យនៅសម្រាកនៅផ្ទះ និងមិនឲ្យធ្វើអ្វីទេ។ រិន មានទីកន្លែងកំណើតនៅក្នុងភូមិតាំងខ្យា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ននេះ រិន រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រិន មានឪពុកឈ្មោះ ប៉ែន ជួន (ស្លាប់) និងម្ដាយឈ្មោះ កើត ប៉ាញ់ (ស្លាប់)។ រិន មានបងប្អូនបង្កើតចំនួន៨នាក់ (ប្រុសម្នាក់ និងស្រី៧នាក់) ហើយ រិន ជាកូនទី២ក្នុងចំណោមបងប្អូនទាំងអស់។ ប្តីរបស់ រិន ឈ្មោះ សោម មែក មានអាយុ៧៣ឆ្នាំ។ បច្ចុប្បន្ននេះស្វាមីរបស់ រិន មិនបានធ្វើការងារអ្វីទេ ព្រោះគាត់មានវ័យចំណាស់ ថែមទាំងពិការជើងទៀត។ រិន មានកូន៤នាក់ (ប្រុស៣នាក់និងស្រីម្នាក់) កូនៗរបស់ រិន មានគ្រួសារអស់ហើយ។

កាលនៅវ័យកុមារ រិន បានចូលរៀននិងចេះដឹង បន្តិចបន្តួច ប៉ុន្តែដោយសារបញ្ហាជីវភាពគ្រួសារមានភាពក្រីក្រខ្វះខាតលំបាកខ្លាំងពេក រិន ក៏សម្រេចចិត្តឈប់រៀន ដើម្បីនៅជួយធ្វើការងារស្រែចម្ការឲ្យឪពុកម្ដាយ និងមើលជួយមើលថែប្អូនៗផង។ រិន មិនសូវចេះអក្សរទេ ប៉ុន្តែប្អូនៗរបស់ រិន បានរៀនសូត្រអាចអាននិងសរសេរបន្តិចបន្តួចដែរ។ រិន ជាកូនច្បងទោះខ្លួនជាស្រី ប៉ុន្តែត្រូវធ្វើស្រែ ភ្ជួររាស់ ប្រើកម្លាំងដូចមនុស្សប្រុសស្ទើរតែទាំងស្រុង។ ជីវិតគ្រួសាររបស់ រិន ពិតជាលំបាក និងក្រខ្សត់ខ្លាំងណាស់  មិនមានទ្រព្យសម្បត្តិអ្វីធំដុំជារបស់ខ្លួនឯងនោះទេ ប៉ុន្តែ រិន ស្ថិតក្នុងគ្រួសារមួយដែលមានឪពុកម្ដាយចាំទូន្មានប្រៀនប្រដៅ ព្រមទាំងទទួលបាននូវសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។ ឪពុកម្ដាយរបស់ រិន មានត្រឹមដីស្រែបន្តិចបន្តួចទុកអាស្រ័យផលដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ប៉ុន្តែមិនមានគោសម្រាប់ទឹមភ្ជួររាស់ស្រែទេ។ រាល់រដូវធ្វើស្រែម្ដងៗ ឪពុករបស់ រិន តែងតែទៅសុំខ្ចីគោអ្នកភូមិ ដើម្បីយកមកទឹមភ្ជួរស្រែ។ នៅថ្ងៃមួយ​មានសត្វខ្លាចេញពីព្រៃខាងក្រោយផ្ទះរបស់ រិន មកចាប់ស៊ីគោដែលបានខ្ចីអ្នកភូមិងាប់អស់២ក្បាល។ ឪពុកម្ដាយ​របស់ រិន ត្រូវស្វះស្វែងរកលុយបណ្ដោះសងឲ្យរួចតម្លៃគោ២ក្បាលនោះវិញ ខំរកលុយអស់រយៈពេល៥ទៅ៦ឆ្នាំទើបសងគោអ្នកភូមិរួច។

ឆ្នាំ១៩៧០ បន្ទាប់ពី សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ រិន នៅរស់នៅជុំគ្នាជាមួយឪពុម្ដាយ និងបងប្អូនទាំងអស់នៅក្នុងភូមិធម្មតា ព្រោះដំបូងឡើយ នៅក្នុងភូមិឃុំដែល រិន រស់នៅមិនទាន់មានការធ្វើបាតុកម្មអ្វីឡើយ។ ចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៤ ក្នុងភូមិស្រុកដែល រិន រស់នៅចាប់ផ្ដើមកើតមានភាពច្របូកច្របល់ ព្រោះមានការទម្លាក់គ្រាប់បែកនាំឲ្យខូចខាតផ្ទះសម្បែងធ្វើឲ្យរងរបួស និងស្លាប់ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិ។ គ្រួសាររបស់ រិន បាននាំគ្នារត់ចូលត្រង់សេដើម្បីការពារខ្លួនពីការទម្លាក់គ្រាប់បែក។ បន្ទាប់ពីទម្លាក់នៅក្នុងភូមិ យន្តហោះក៏បន្តបើកទៅទម្លាក់នៅតាមជាយៗក្បែរៗភូមិវិញម្ដងប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់ប្រជាជនទៀតនោះទេ។ ក្នុងអំឡុងពេលជាមួយគ្នា កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមចូលមកត្រួតត្រា និងប្រមែប្រមូលយុវជនក្នុងភូមិរបស់ រិន ដើម្បីបង្កើនកម្លាំងទ័ពធ្វើការប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។

ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើទាហាន នល់ នល់  អង្គការមានសិទ្ធិអំណាចពេញលេញដើម្បីចូលមកគ្រប់គ្រងក្នុងភូមិរបស់ រិន ហើយចាប់ផ្ដើមប្រមែប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ដាក់រួមក្នុងសហករណ៍ជាកម្មសិទ្ធិរបស់អង្គការ ។ បន្ទាប់មក អង្គការបានចាត់ប្រជាជនក្នុងភូមិទៅដាក់តាមក្រុមយាយៗ តាៗចាស់ៗ និង កងចល័តបុរស នារី ព្រមទាំងកងកុមារតូចៗដាច់ដោយឡែកពីគ្នា។ ដំបូងឡើយឪពុកម្ដាយរបស់ រិន ត្រូវបានអង្គការចាត់ឲ្យនៅកងចាស់ៗនៅធ្វើការនៅក្នុងភូមិ។ រីឯ បងប្អូនរបស់ រិន មួយចំនួននៅក្នុងកងចល័ត ឯមួយចំនួនទៀតនៅក្នុងកងកុមារតូចៗបែកចេញពីគ្នាអស់ មិនបានជួបមុខគ្នាបន្តទៀតនោះទេ។ ចំណែក រិន ត្រូវបានអង្គការចាត់ឲ្យនៅក្នុងកងចល័តចេញទៅធ្វើការងារគ្រប់ទីកន្លែងក្នុងស្រុកទឹកផុស។

ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ អង្គការបាន ប្រើ រិន គ្រប់បែបយ៉ាងមិនឲ្យនៅទំនេរមានពេលវេលាសម្រាកនោះឡើយ។ មុនដំបូង អង្គការបានចាត់ឲ្យ រិន ចល័តទៅធ្វើការតាមសហករណ៍ជាមួយនារីដទៃទៀតនៅក្នុងភូមិ។  ក្នុងមួយកងចល័ត កងរយមានប្រជាជនប្រហែលពី៦០ទៅ១០០នាក់។ ក្នុងពេលដែល រិន នៅក្នុងកងចល័តអង្គការបានឲ្យ រិន និងនារីដទៃទៀតពង្រាបដីនៅកំពង់ហ្លួង(ស្ពានតាថា)។ មុនដំបូងធ្វើការងារអត់កំណត់នោះទេ លុះក្រោយមកទើបអង្គការកំណត់ចំនួនក្នុងការពង្រាបដីគិតជាម៉ែត្រ។ សម្រាប់ការងារអង្គការប្រើចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ សម្រាកហូបបាយម្ដង ម៉ោង១ដល់ម៉ោង៥ល្ងាច សម្រាកហូបបាយម្ដងទៀត សម្រាកបានបន្តិច ប្រហែលម៉ោង៦ទៅ៧យប់ អង្គការបានឲ្យ រិន ទៅពង្រាបដីបន្តដល់ម៉ោង១១យប់ ទើបឲ្យសម្រាក។ នៅកន្លែងដែល រិន រស់នៅ ពេលខ្លះមានការសម្ដែងសិល្បៈ អង្គការបានបញ្ជាឲ្យ រិន និងប្រជាជនដទៃត្រូវតែទៅចូលរួមកម្សាន្តទាំងអស់គ្នា។ ក្នុងអំឡុងពេល រិន ដើរចល័តបានដំណឹងថា ឪពុកម្ដាយរបស់គាត់ត្រូវបានអង្គការឲ្យនៅធ្វើស្រែតាមសហករណ៍ រីឯបងប្អូនរបស់ រិន វិញ អង្គការបានចាត់ឲ្យទៅខាងកាត់ដេរ មួយចំនួនទៅខាងពេទ្យ នៅខាងតម្បាញ ឯមួយចំនួនទៀតនៅតាមកងចល័តដដែល។ មួយរយៈក្រោយមក រិន បានដឹងថា អង្គការបានបញ្ជាឲ្យម្ដាយនិងប្អូនៗរបស់ រិន ផ្លាស់ប្ដូរទៅធ្វើការនៅឃុំព្រៃមូលវិញ។ ចំណែកឪពុករបស់ រិន ត្រូវបានអង្គការបានជម្លៀសពីក្បាលទឹកទៅរស់នៅ និងធ្វើការងារនៅទីរួមខេត្តកំពង់ឆ្នាំងបែកពីគ្រួសារតែម្នាក់ឯង។ នៅពេលឪពុករបស់ រិន នៅធ្វើការអស់មួយរយៈពេល អាហារហូបចុកចាប់ផ្ដើមមានភាពខ្វះខាត ហើយត្រូវធ្វើការងាធ្ងន់គ្មានអាហារហូបគ្រប់គ្រាន់។ ឪពុក រិន ក៏បានធ្លាក់ខ្លួនឈឺ មួយគ្មានប្រពន្ធកូននៅមើលថែឲ្យបានដិតដល់ មួយវិញទៀតអង្គការមិនផ្តល់ថ្នាំពេទ្យឬបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទាល់តែសោះ ទើបធ្វើឲ្យគាត់បានស្លាប់បាត់បង់ជីវិតតែម្នាក់ឯងនៅទីរួមខេត្តកំពង់ឆ្នាំង។ បន្ទាប់មក រិន បានឮដំណឹងថាឪពុកស្លាប់ រិន ពិតជាមានភាពឈឺចាប់ និងអាណិតឪពុកខ្លាំងណាស់ដែលត្រូវស្លាប់ដោយការអត់អាហារ ថែមទាំងមិនបានឃើញមុខឪពុកជាលើកចុងក្រោយ ប៉ុន្តែមិនដឹងធ្វើយ៉ាងណាមានតែសម្ងំយំឈឺចាប់តែម្នាក់ឯង។ អំឡុងពេលជាមួយគ្នា រិន បានជួបជាមួយម្ដាយ និងបងប្អូនម្ដងម្កាលប៉ុណ្ណោះ ប៉ុន្តែមិនបាននិយាយសួរសុខទុក្ខគ្នានោះទេ។ បន្ទាប់មកអង្គការបានដក រិន មកនៅគ្រប់គ្រងតាមសហករណ៍ប្រហែលមួយរយៈពេល។ ខ្មែរក្រហមបានជម្លៀសប្រជាជនមកពី ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពត(មកពីខាងស្រែអំបិល) ទីក្រុងភ្នំពេញមករស់នៅ ធ្វើការងារ និងហូបចុករួមគ្នាទាំងអស់ មេក្រុមដែលគ្រប់គ្រង រិន និងប្រជាជនដទៃទៀត ឈ្មោះ វៃ ភេទប្រុស មានចរតកស្លូតបូតមិនដែលធ្វើបាប រិន និងប្រជាជនដទៃទេ។ សម្រាប់របបអាហារក្នុងកំឡុងពេលនោះថ្ងៃខ្លះបានហូបបាយ ឯថ្ងៃខ្លះទៀត រិន ត្រូវហូបបបរ ជួនកាលហូប លាយជាមួយព្រលិត។ ថ្ងៃមួយ រិន បានធ្លាក់ខ្លួនឈឺដោយសារការបរិភោគអាហារមិនគ្រប់គ្រាន់ដូច្នេះអង្គការបានឲ្យ រិន ទៅសម្រាកនៅពេទ្យ។ បន្ទាប់មក អង្គការបានបញ្ចូន រិន និងនារីដទៃប្រហែលជា១០០នាក់ឲ្យទៅចូលទៅធ្វើកងទ័ពនារីខ្មែរក្រហមដើម្បីវាយជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ រិន មិនសូវបានចូលរួមប្រយុទ្ធក្នុងសមរភូមិនោះទេ ព្រោះមេកងឲ្យនៅសែងកងទ័ពខ្មែរក្រហមដែលរងរបួសក្នុងសមរភូមិយកទៅព្យាបាល។

ដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមជិតវាយដណ្ដើមបានទីក្រុងភ្នំពេញ រិន និងកងទ័ពនារីផ្សេងទៀតបានរត់តាមមេក្រុមឡើងភ្នំធំមួយក្នុងខេត្តកំពង់ឆ្នាំង។ ទៅដល់លើភ្នំ រិន មិនមានបាយហូបទៀតទេ រិន បាននាំគ្នាដើរជីកដំឡូង ជីកក្ដួចយកមកដុតហូប។ ថ្ងៃខ្លះសូម្បីតែដំឡូងក៏មិនមានហូបដែរ។ រិន បន្តរស់នៅលើភ្នំរហូតដល់ឆ្នាំ១៩៨៤ ទើប រិន បានរៀបការជាមួយស្វាមីឈ្មោះ សោម មែក។ រៀបការរួច រិន កើតបានកូនម្នាក់។ រិន ត្រូវរស់នៅមើលថែកូនក្នុងព្រៃជាមួយនារីដទៃព្រោះស្វាមីរបស់ រិន ធ្វើទ័ពខ្មែរក្រហម ចេញច្បាំងមិនដែលនៅជាមួយ រិន និងកូនទេ។ មេទ័ពបានអនុញ្ញាតឲ្យប្តីរបស់ រិន មកលេង រិននិងកូនម្ដងម្កាល។ ប្តីរបស់រិន មកលេងម្ដងៗបានមួយសប្ដាហ៍ទើបត្រឡប់ទៅវិញ។​​ ក្នុងពេលប្តីមិននៅ រិន  តែងចុះពីភ្នំមកលួចកាច់ពោតអ្នកភូមិយកទៅដុតហូបជំនួសបាយ។ នៅលើភ្នំឈឺគ្មានថ្នាំព្យាបាលទេ មានតែឫសឈើព្រៃភ្នំ យកមកស្លដាំហូបដើម្បីព្យាបាលជំងឺ។ ក្នុងអំឡុងពេលប្រយុទ្ធប្តីរបស់ រិន ត្រូវគ្រាប់រងរបួសរហូតត្រូវពិការជើង។ ឆ្នាំ១៩៨៦ រិន និងប្តីបានចុះពីលើភ្នំ នាំគ្នារត់ភៀសខ្លួនទៅរស់នៅស្រុកសំឡូត ខេត្តបាត់ដំបង បានរយៈពេល២ខែ។ បន្ទាប់មក រិន បានភៀសខ្លួនបន្តរហូតដល់ទឹកដីថៃ(វល្លិ៍៤) ហើយរស់នៅប្រហែលជា៣ឆ្នាំ។ ក្រោយមក រិន និងស្វាមី រត់មករស់នៅអូររំចេក ក្នុងខេត្តបាត់ដំបង អស់រយៈពេលប្រហែលជា៦ឆ្នាំ។  រហូតឆ្នាំ១៩៩៧ រិន និងស្វាមី បានប្ដូរមករស់នៅភូមិក្រពើពីរ ក្នុងខេត្តពោធិ៍សាត់។ ពេលចូលមកក្រពើពីរដំបូងនៅមានព្រៃស្ដុក រិន បានកាប់ឆ្ការព្រៃយកដីសម្រាប់ដាំស្រូវដើម្បីជីវិតរស់នៅបន្តទៀត។ រឿងរ៉ាវដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម រិន មានការឈឺចាប់និងចងចាំមិនអាចបំភ្លេចបានគឺ ក្នុងរបបខ្មែរក្រហម រិន បានរស់នៅបែកបាក់ពីឪពុកម្ដាយ បងប្អូន មិនបានរស់នៅក្នុងភូមិកំណើត។ រិន រស់នៅមិនមានបាយទឹកហូបគ្រប់គ្រាន់ រាងកាយមានសភាពស្គមគ្មានកម្លាំង។ ជាពិសេស រិន ត្រូវបាត់បង់ឪពុក និងគ្មានដំណឹងពីគ្រួសារតាំងពីចុងឆ្នាំ១៩៧៨ រហូតដល់ប្រទេសទទួលបានសន្តិភាពទើបបានដំណឹងពីម្ដាយ និងបងប្អូន។ រិន បានរស់នៅក្នុងជីវិតមួយដែលពិបាក និងគិតថាខ្លួនមានតែម្នាក់ឯងគ្មានគ្រួសារ ព្រោះត្រូវរស់នៅតែម្នាក់ឯងដោយមិនបានដឹងដំណឹងពីម្ដាយនិងបងប្អូនទាល់តែសោះ។ រហូតឆ្នាំ១៩៩៨ រិន បានដំណឹងថាម្ដាយនិងបងប្អូននៅមានជីវិតរស់នៅ ទើប រិន និងប្តីត្រឡប់ទៅលេងម្ដាយឯស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំង។ ការរស់នៅបច្ចុប្បន្ននេះ រិន មានប្តី និងកូនៗរស់នៅជួបជុំគ្នាប្រកបដោយសេចក្ដីសុខ។

សរសេរដោយ មឿន ស្រីណុច


ឯកសារយោង

[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង មឿន ស្រីណុច សម្ភាសន៍ជាមួយឈ្មោះ ម៉ម រិន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin