អតីតយោធាខ្មែរក្រហម

(ខេត្តព្រៃវែង) ម៉ម ចន្ថា មានអាយុ ៦៧ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចន្ថា មានកូនចំនួនប្រាំមួយនាក់ ហើយបច្ចុប្បន្នគាត់រស់នៅជាមួយប្រពន្ធ, កូន និងចៅៗនៅស្រុកកំណើត។
ចន្ថា បានរៀបរាប់ថា ក្នុងសម័យខ្មែរក្រហមគាត់ធ្លាប់ធ្វើជាយោធានៅស្រុកកំណើត។ ចន្ថា ត្រូវចូលរួមហ្វឹកហាត់កងទ័ព ហើយការងារហាត់ទ័ពមានវិន័យតឹងរឹង ដែលគាត់មិនអាចធ្វើដំណើរដោយគ្មានការអនុញ្ញាតឬបទបញ្ជាបាននោះទេ។ យោធាណាប្រព្រឹត្តិកំហុស តែងត្រូវបានអង្គភាពនាំទៅរៀនសូត្រ ហើយបាត់ខ្លួនមិនឃើញត្រលប់មកវិញនោះទេ។ ចំណែក ចន្ថា មិនហ៊ានប្រព្រឹត្តិកំហុសណាមួយនោះទេ ព្រោះខ្លាចត្រូវអង្គការនាំទៅរៀនសូត្រដូចកងទ័ពផ្សេងទៀត។
ចន្ថា បន្តថា ទោះបីជាគាត់ជាយោធាក៏ពិតមែន ប៉ុន្តែការរស់នៅរបស់គាត់លំបាកដូចតែប្រជាជនដែរ។ ក្រៅពីធ្វើសង្គ្រាមនៅតាមសមរភូមិ គាត់ត្រូវធ្វើការងារដូចជាលើកទំនប់, ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ នៅតំបន់ពោធិ៍បុរី។ ពេលនៅធ្វើស្រែការហូបចុករបស់គាត់ដូចទៅនឺងប្រជាជនមូលដ្ឋានដែរ ប៉ុន្តែពេលទៅសមរភូមិ គាត់ទទួលបានរបបអាហារគ្រាន់បើបន្តិច។ នៅរបបខ្មែរក្រហម ចន្ថា ធ្លាប់ឃើញកងឈ្លបធ្វើទារុណកម្ម និងសម្លាប់ប្រជាជន។ កងឈ្លប ប្រើឲ្យប្រជាជន ជីករណ្ដៅទុកកប់ខ្លួនឯង ហើយបន្ទាប់មកកងឈ្លបក៏វាយប្រជាជនទម្លាក់ក្នុងរណ្តៅនោះ។
ដោយសារតែ ចន្ថា ធ្លាប់ធ្វើជាយោធាខ្មែរក្រហម ពេលដែលរបបខ្មែរក្រហមដួលរលំ គាត់មិនបានត្រលប់មកផ្ទះវិញភ្លាមៗនោះទេ ព្រោះឮពាក្យចចាមអារ៉ាមថា បើគាត់ត្រលប់មកក្នុងភូមិវិញ ច្បាស់ជាត្រូវវៀតណាមនឹងអាករនឹងធាងត្នោត។ ពេលនោះ ចន្ថា បានធ្វើដំណើរជាមួយយោធាខ្មែរក្រហមដទៃទៀត ទៅរស់នៅក្នុងព្រៃឯខេត្តពោធិ៍សាត់ និងបាត់ដំបង។ រហូតដល់ឆ្នាំ១៩៨០ ចន្ថា បានត្រលប់មកស្រុកកំណើតវិញ ហើយពេលមកដល់គាត់បានជួបជុំជាមួយសមាជិកគ្រួសារទាំងអស់។ គ្មានសមាជិកគ្រួសារគាត់ណាម្នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមនោះទេ។ នៅឆ្នាំ១៩៨១ ចន្ថា បានរៀបការប្រពន្ធ ហើយនៅឆ្នាំ១៩៨៣ ចន្ថា បានបន្តចូលបម្រើការងារជាទាហានម្តងទៀត រហូតដល់ឆ្នាំ១៩៩១ ទើបគាត់បានឈប់ និងត្រលប់មកជួយធ្វើស្រែចម្ការគ្រួសាររហូតដល់សព្វថ្ងៃ។
ចំពោះស្ថានភាពសុខភាព ចន្ថា មានជំងឺស្រវាំងភ្នែក, ជំងឺក្រពេះ, ជំងឺពោះវៀន និងជំងឺលើសជាតិអាស៊ីត។ កាលពីរបបខ្មែរក្រហម ចន្ថា ធ្លាប់កើតជំងឺគ្រុនចាញ់៕
សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង