ម៉ាន់ អឿន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ម៉ាន់ អឿន អាយុ ៧០ឆ្នាំ[1] កើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់    ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ហុង និងមានកូនប្រុសស្រីចំនួន ៣នាក់(ស្រី២ និងប្រុសម្នាក់)។ ឪពុកខ្ញុំឈ្មោះ ម៉ាន់ និងម្ដាយឈ្មោះ ណុន បងប្អូនចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់។ កាលពីនៅវ័យក្មេង ខ្ញុំបានរៀនសូត្រតិចតួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។ កាលជំនាន់សង្រ្គាម ខ្ញុំបានជីករណ្ដៅត្រង់សេ ក្បែរផ្ទះដែលមានដើមឈើធំៗដើម្បីការពារខ្លួន និងត្រូវក្រោកពីយប់ដាំបាយទុក។ នៅពេលភ្លឺឡើងឪពុកម្ដាយខ្ញុំនាំកូនៗ រត់ចេញពីផ្ទះមកនៅក្រៅឆ្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ និងជីករណ្ដៅត្រង់សេ នៅពេលមាន  យន្ដហោះមក និងគ្រាប់ផ្លោងមើលមិនឃើញត្រូវរត់ចូលរណ្ដៅភ្លាម។ នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។

នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិភាគច្រើនចូលរួមជាមួយចលនាបដិវត្តន៍ប្រឆាំងទាហាន លន់ នល់។ នៅពេលនោះ មានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យខ្ញុំធ្វើការងារ, រែកដី លើកដីជាមួយប្រជាជននៅទូទាំងភូមិឃុំ។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំមានអាយុប្រមាណ២០ឆ្នាំ ខ្មែរក្រហមបានឲ្យខ្ញុំទៅ ជីកប្រឡាយ លើកភ្លឺស្រែ និងលើកទំនប់ជ្រោយចេក។

នៅពេលយប់វាយកណ្ដុរក្នុងស្រូវ ខ្ញុំត្រូវក្រោកពីម៉ោង៦ ចេញទៅធ្វើការដល់ម៉ោង១១ និងធ្វើការបន្តនៅម៉ោង១ ដល់ម៉ោង៥ បានឈប់សម្រាក។ នៅការដ្ឋានលើកទំនប់មានកម្លាំងមនុស្សច្រើន ទំនប់មានកម្ពស់ជិត១០ម៉ែត្រ និងប្រវែងប្រហែល៣គីឡូម៉ែត្រ។ ខ្ញុំធ្វើការនៅការដ្ឋានលើកទំនប់មានរយៈពេលយូរខែ ប៉ុន្តែខ្ញុំមិនបានចាំរយៈពេលច្បាស់លាស់ទេ។   ក្នុងអំឡុងពេលធ្វើការងារបើធ្វើការមិនគ្រប់តាមផែនការរបស់ខ្មែរក្រហមនឹងត្រូវខ្មែរក្រហមស្ដីបន្ទោស។ ក្រោយមកខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវនៅវិហារធំ។ នៅទីនោះមានប្រជាជនច្រើន ខ្មែរក្រហមបានឲ្យទៅច្រូតស្រូវរួមគ្នា ពេលធ្វើការងារចប់នៅពេលយប់ខ្មែរក្រហមបានឲ្យទៅដេកនៅក្នុងរោងការដ្ឋានរួមគ្នាមានស្រីមានប្រុស ដោយប្រុសៗដេកមួយចំហៀង និងស្រីៗដេកមួយចំហៀងដេកទល់ក្បាលគ្នា។ ចំពោះការស្លៀកពាក់មានតែសម្លៀកបំពាក់មួយឈុតសម្រាប់សម្រាប់ពាក់ធ្វើការជារៀងរាល់ថ្ងៃគឺពណ៌ខ្មៅ។

ពេលព្រឹកឡើងទៅធ្វើការងារដល់ម៉ោងសម្រាក និងហូបបាយឬបបរ។ របបអាហារត្រូវហូបជុំគ្នាដោយមានសំឡេងជួងជាសញ្ញា ពេលឮសំឡេងជួងប្រជាជនដែលធ្វើការត្រូវឈប់សម្រាកមកហូបបបរ ត្រូវមានកាន់ចានមកជាមួយម្នាក់មួយៗ សម្រាប់ដាក់បបរហូបរាងៗខ្លួន សម្រាប់បបរមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹកប្រៀបដូចជាបបររាវ។

ក្រោយពេលធ្វើការងារលើកដីរួចរាល់ស្រីៗត្រូវបានខ្មែរក្រហមឲ្យទៅលើកអាចម៌គោបន្ថែមទៀតដើម្បីយកមកធ្វើជាជី។ ចំណែកប្រុសៗធ្វើការធ្ងន់ៗផ្សេងៗទៀត។

នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានអង្គការរៀបចំឲ្យមានគ្រួសារ។ ពេលខ្ញុំរៀបការមានចំនួន៣០គូ។ ខ្ញុំត្រូវបានខ្មែរក្រហមឲ្យធ្វើការនៅកន្លែងចិញ្ចឹមជ្រូក។ ប្ដីខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ចំណែកខ្ញុំ និងកូននៅពីរថ្ងៃទៀត ខ្មែរក្រហមត្រូវយកទៅសម្លាប់នៅអង្គួញដីប៉ុន្តែប្រទេសត្រូវបានរំដោះមុនអង្គការសម្លាប់។         ខ្ញុំ និងកូនរួចផុតពីទុក្ខវេទនា និងសេចក្ដីស្លាប់។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។[2]

នៅពេលមានសង្រ្គាមតាមព្រំដែនជាមួយប្រទេសថៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឲ្យកងទ័ពកម្ពុជា ប្រជាជនបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ ប្រាសាទព្រះវិហារ, វត្តអារាម, សាលារៀន និងលំនៅស្ថានរបស់ប្រជាជនកម្ពុជាត្រូវទទួលរងការបំផ្លិចបំផ្លាញពីសំណាក់កងទ័ពថៃ ហើយប្រជាជនបានចាកចេញពីផ្ទះសំបែង ដើម្បីទៅរកកន្លែងស្នាក់នៅមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានរៀបចំ។         ខ្ញុំយល់ថាជម្លោះតាមព្រំដែនកម្ពុជា និងថៃ បានធ្វើឲ្យបាត់បង់ជីវិតកងទ័ព និងប្រជាជនដែលរស់នៅតាមព្រំដែនដូចជា៖ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការបិទព្រំដែនបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិទាំងពីរ ដូចការរស់នៅ និងជីវភាពប្រចាំថ្ងៃ។ ប្រជាជនត្រូវរត់ភៀសខ្លួនចេញពីផ្ទះសម្បែងហើយមិនបានប្រកបរបររកស៊ី និងធ្វើស្រែចម្ការ។      ក្នុងនាមខ្ញុំជាប្រជាជនខ្មែរ នាឱកាស​បុណ្យភ្ជុំបិណ្ឌ ខ្ញុំសូមឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរបុរស កងទ័ពទាំងអស់ ដែលបានពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ និងកូនចៅជំនាន់ក្រោយ។ ខ្ញុំចងចាំ និងគោរពដឹងគុណនូវវីរភាពដ៏អស្ចារ្យនេះជារៀងរហូតទៅ។ ខ្ញុំសូមឲ្យតុលាការជាតិ និងអន្ដរជាតិជួយដោះស្រាយចំពោះការការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕

[1] បទសម្ភាសន៍ ម៉ាន់ អឿន  នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin