ម៉ម រ៉េត៖ បានឃើញសាកសពកុមារពីរនាក់

នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ រ៉េត បានដើរចល័តចេញពីស្រុកឱរ៉ាល់ ទៅធ្វើការងារនៅក្នុងស្រុកអមលាំង ខេត្តកំពង់ស្ពឺ ទើបប្រទះឃើញសាកសពកុមារពីរនាក់ ត្រូវបានចងដាក់ក្នុងបាវក្រចៅ បណ្ដែតតាមទឹក។
ឈ្មោះ ម៉ម រ៉េត[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ រ៉េត មានស្រុកកំណើតនៅក្នុងភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន រ៉េត រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានឪពុកឈ្មោះ ម៉ម ខឹម (ស្លាប់) និងម្ដាយឈ្មោះ ឈួន មុន (ស្លាប់)។ រ៉េត មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៥នាក់)។ សព្វថ្ងៃបងប្អូនរបស់ រ៉េត នៅរស់រានមានជីវិតចំនួន៤នាក់(ស្រី៣នាក់)។ រ៉េត មានស្វាមីឈ្មោះ ឈឹម ឈាន និងមានកូនចំនួន៨នាក់ (ស្រី៤នាក់)។
នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិព្រីងកោង កើតមានសង្រ្គាមស៊ីវិលរវាងទាហាន លន់ នល់ ជាមួយនឹងកងទ័ពខ្មែរក្រហម។ ស្របពេលជាមួយគ្នា បងប្អូនស្រី២នាក់របស់ រ៉េត បានស្លាប់បាត់បង់ជីវិត ដោយសារមានជំងឺកញ្រ្ជិល ព្រោះមិនបានយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងស្រុកឱរ៉ាល់បានទាំងស្រុង។ បន្ទាប់មក ខ្មែរក្រហមបានចាប់ផ្ដើមរុះរើសាលារៀន ផ្សឹកព្រះសង្ឃ វាយកម្ទេចវត្តអារាមបំបែកចោល និងបន្តដើរប្រមែប្រមូលទ្រព្យសម្បត្តិឪពុកម្ដាយរបស់ រ៉េត និងរបស់ប្រជាជនក្នុងភូមិព្រីងកោងដូចជា មាស ប្រាក់ សម្ភារប្រើប្រាស់ចាន ឆ្នាំង ស្លាបព្រា វែក បន្លែ ផ្លែឈើដាំនៅជុំវិញផ្ទះ រួមទាំងមាន់ទា គោក្របីទាំងអស់យកទៅដាក់ក្នុងសហករណ៍រួម និងទុកជាទ្រព្យសម្បត្តិរបស់អង្គការតែម្នាក់គត់ ហើយប្រជាជនមិនមានសិទ្ធិក្នុងការប្រើប្រាស់ ឬអាចបេះហូបបាននោះឡើយ។ បន្ទាប់មកទៀត ខ្មែរក្រហមបានបន្តរុះរើផ្ទះឪពុកម្ដាយរបស់ រ៉េត ដើម្បីយកទៅសាងសង់ជាការដ្ឋានស្នាក់នៅរួមជាមួយប្រជាជនដទៃក្នុងសហករណ៍។ បន្ទាប់ពីរុះរើផ្ទះ រ៉េត បាននិយាយថា «ខ្លួនមានអារម្មណ៍សោកស្ដាយនៅពេលខ្មែរក្រហមចូលមករុះរើផ្ទះដ៏ធំរបស់ខ្លួនតាមអំពើចិត្ត» ហើយចាប់ផ្ដើមបំបែកឪពុកម្ដាយ និងបងប្អូនឲ្យទៅរស់នៅ និងធ្វើការងារនៅតាមទីកន្លែងផ្សេងៗ។ ក្នុងពេលជាមួយគ្នា រ៉េត មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារភូមិព្រីងកោង។ រ៉េត ធ្វើការងារក្នុងកងកុមាររហូតដល់ចុងឆ្នាំ១៩៧៦។
ដើមឆ្នាំ១៩៧៧ រ៉េត ត្រូវបានខ្មែរក្រហមប្ដូរចេញពីកងកុមារឲ្យទៅធ្វើជាកងចល័តស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ។ ជារៀងរាល់ថ្ងៃ រ៉េត ធ្វើការងារ ដក ស្ទូង លើកទំនប់ ជីកប្រឡាយ និងរែកដី។ ខ្មែរក្រហមបានកំណត់ក្នុងម្នាក់ ត្រូវជីកដីចំនួនពីរម៉ែត្រគីប (ថ្ងៃមួយម៉ែត្រគីប និងយប់មួយម៉ែត្រគីប) ឲ្យបានរួចរាល់ ទើបអាចទៅសម្រាកបាន។ រ៉េត បានដើរចល័តទៅធ្វើការងារគ្រប់ទីកន្លែង ហើយ រ៉េត បានរែកដីចាក់ទំនប់ពាមល្វា (បច្ចុប្បន្នស្ថិតក្នុងឃុំត្រពាំងជោ) និងទំនប់អូរទង់ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រធានកងចល័ត (មិនស្គាល់ឈ្មោះ) តែងតែចាំអង្កេតមើលរាល់សកម្មភាពរបស់ រ៉េត និងកងនារីដទៃទៀត ដើម្បីឲ្យធ្វើការងារឲ្យបានទាន់ពេលវេលាដែលបានកំណត់។ ប្រសិនបើមាននារីណាម្នាក់ មិនបានទៅធ្វើការ ឬធ្វើការមិនរួចតាមការកំណត់ ប្រធានកងចល័តនឹងបន្ថយរបបអាហារ មិនឲ្យហូបគ្រប់គ្រាន់នោះឡើយ។ អំឡុងពេលជាមួយគ្នា រ៉េត បានឃើញ «នារីម្នាក់នៅក្នុងកងចល័តផ្សេង មានអការៈមិនស្រួសខ្លួន មិនអាចធ្វើការងារបន្តបាន ទើបនារីនោះបានសុំមេកងទៅសម្រាក ប៉ុន្តែមេកងមិនអនុញ្ញាតឲ្យឈប់សម្រាកនោះទេ»។ រ៉េត បន្តថា «នារីបានដើរទៅអង្គុយសម្រាកបណ្ដាលឲ្យស្លាប់ភ្លាមៗ»។ ក្រោយមក មេកងចល័តបានសែងសាកសពនារីទៅកប់ចោល ទាំងមិនមានឪពុកម្ដាយ ឬបងប្អូនបានដឹងដំណឹងដ៏សោកសៅនេះឡើយ។ បន្ទាប់មកទៀត រ៉េត បានឃើញខ្មែរក្រហមចាប់ប្រជាជនទាំងស្រី ប្រុស ចងស្លាបសេកទាំងខ្សែៗបណ្ដើរចេញពីស្រុកឱរ៉ាល់នាំយកទៅវាយសម្លាប់ចោលនៅក្នុងព្រៃមួយ(មិនស្គាល់ឈ្មោះ) ហើយប្រជាជនទាំងអស់មិនមែនជាអ្នកភូមិជាមួយ រ៉េត នោះទេ។ រ៉េត ធ្លាប់បានឃើញខ្មែរក្រហមវាយសម្លាប់មនុស្សដោយផ្ទាល់ភ្នែក គឺវាយដោយត្បូងចក និងវាយដោយដំបងវែងៗនៅត្រង់ក្បាល និងកញ្ជឹងក។ រ៉េត បានឃើញទីតាំងសម្លាប់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយប្រជាជនដែលត្រូវបានខ្មែរក្រហមសម្លាប់នាំយកមកពីស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ។ ថ្ងៃមួយ រ៉េត បានចេញទៅកាប់អូសក្នុងព្រៃមួយ បានប្រទះឃើញសាកសព ទើបនឹងត្រូវបានកប់ចោលប្រហែលរាប់រយនាក់នៅក្នុងអន្លង់មួយ។ បន្ទាប់ពីបានឃើញសាកសព រ៉េត មានភាពភ័យខ្លាច រួចបានរត់ចេញពីព្រៃត្រឡប់ទៅក្នុងភូមិវិញ។ រ៉េត បានប្រាប់ថា «ទីតាំងកប់សាកសព ស្ថិតនៅព្រៃមួយក្នុងភូមិអមលាំង ក្នុងស្រុកអមលាំង ខេត្តកំពង់ស្ពឺ»។ បន្ទាប់មក រ៉េត បានដើរចល័តទៅធ្វើការជាមួយនារីដទៃ ទើបប្រទះឃើញសាកសពកុមារចំនួន២នាក់ត្រូវបានបណ្ដែតតាមទឹកដោយច្រកដាក់ក្នុងបាវក្រចៅ ក្នុងស្រុកអមលាំង ខេត្តកំពង់ស្ពឺ។ អំឡុងពេលធ្វើការនៅស្រុកអមលាំង រ៉េត តែងតែបានឃើញសាកសពមនុស្សជាបន្តបន្ទាប់។ ក្រោយមក រ៉េត បានដឹងថា បងប្អូនប្រុស២នាក់ដែលបានចូលធ្វើជាកងទ័ពខ្មែរក្រហម ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងពេលធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាម។ ចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាប់ផ្ដើមជ្រើសរើស នារីៗដែលមានមាឌធំៗ ខ្ពស់ៗនៅក្នុងកងចល័តស្រុកឱរ៉ាល់ ឲ្យចូលរួមកម្លាំងបន្ថែមជាមួយកងទ័ពខ្មែរក្រហម ហើយ រ៉េត ត្រូវបានជ្រើសរើសឲ្យចូលធ្វើកងទ័ពខ្មែរក្រហម ក្នុងកងពលលេខ(មិនចាំលេខ) ដឹកនាំដោយឈ្មោះ ហូន ជាប្រធាន និងឈ្មោះ គឿន ជាអនុប្រធានកងពល។ ក្រោយបញ្ចប់ការហ្វឹកហាត់អំពីយុទ្ធសាស្រ្តប្រយុទ្ធ រ៉េត ត្រូវកម្មាភិបាលខ្មែរក្រហមចែកកាំភ្លើងមួយដើម ហើយត្រូវស្ពាយនៅជាប់ជាមួយខ្លួនជានិច្ច។ សម្រាប់របបអាហារ រ៉េត បានហូបបាយចំហុយ ក្នុងមួយថ្ងៃបីដង បានហូបគ្រប់គ្រាន់ មិនមានភាពខ្វះខាតនោះទេ។
ក្រោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការណ៍ជាមួយកងទ័ពវៀតណាមបានវាយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលក្រុមសែងកងទ័ពរងរបួស ពីសមរភូមិមុខទៅដាក់ព្យាបាលនៅសមរភូមិក្រោយ។ ក្នុងមួយក្រុមរបស់ រ៉េត មានកងទ័ពនារីប្រហែល១០ទៅ១២នាក់ ដែលត្រូវបានចាត់តាំងឲ្យយាម និងសែងកងទ័ពដែលរងរបួស។ រ៉េត បានរៀបរាប់ថា កងទ័ពខ្មែរក្រហមបានរងរបួស និងស្លាប់អស់ជាច្រើនរយនាក់ ។ រ៉េត បានបន្តថា កងទ័ពភាគច្រើន របួសដាច់ដៃ ដាច់ជើង ដោយសារត្រូវគ្រាប់ផ្លោងរបស់កងទ័ពវៀតណាម។ កងទ័ពដែលបានរងរបួសស្រែកយំពេញព្រៃ ព្រោះមិនមានពេទ្យព្យាបាល។ បន្ទាប់មក កងទ័ពវៀតណាមមានកម្លាំងកាន់តែច្រើន ទើបធ្វើឲ្យកងទ័ពខ្មែរក្រហមចាញ់រត់ខ្ចាត់ខ្ចាយ។ បន្ទាប់មកទៀត កម្មាភិបាលខ្មែរក្រហមដូចជា តាប៉ុល ពត, តាម៉ុក និងកម្មាភិបាលខ្មែរក្រហមផ្សេងទៀតបានដកកងទ័ពខ្មែរក្រហមដែលនៅសេសសល់ ហើយរត់គេចខ្លួនចេញពីឱរ៉ាល់ ខេត្តកំពង់ស្ពឺ រត់តាមព្រៃរហូតដល់ព្រំដែនខ្មែរ-ថៃ។ ខណៈពេលកងទ័ពវៀតណាម តាមបណ្ដេញពីក្រោយកម្មាភិបាលខ្មែរក្រហម និងកងទ័ពទាំងអស់បានរត់គេចខ្លួនដោយទុកកងទ័ពដែលពិការដាច់ដៃ ជើងចោលនៅក្នុងព្រៃទាំងអស់ ព្រោះមិនអាចនាំទៅបន្តបាន។ ក្នុងអំឡុងពេលស្នាក់នៅតាមព្រំដែន រ៉េត បានចូលរួមក្នុងកងពលលេខ១៨ នៅភ្នំក្បាលឡាន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ នៅតាមព្រំដែន ខេត្តបាត់ដំបង រ៉េត បានឃើញមនុស្សស្លាប់ជាច្រើននាក់ នៅក្នុងព្រៃ ដោយសារការអត់អាហារ។
ចន្លោះឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៣ រ៉េត និងកងទ័ពខ្មែរក្រហមបានចូលទៅដល់ទឹកដីប្រទេសថៃ ក្នុងជំរំចម្ការល្ហុង ដែលមានកងទ័ពក្នុងក្រុមជាមួយ រ៉េត សរុបប្រហែល២០នាក់ មកពីស្រុកឱរ៉ាល់ ហើយនៅក្នុងកងពលលេខ១៨ ដែលប្រធានកងពលឈ្មោះ ពង្ស។ បន្ទាប់មក រ៉េត បានចូលរួមក្នុងកងដឹកជញ្ចូនគ្រាប់ ដែលមានឈ្មោះ ពូ គី ជាប្រធានកងនារីដឹកជញ្ជូន។ រ៉េត និងកងដឹកជញ្ចូនទាំងអស់ត្រូវធ្វើដំណើរអស់រយៈពេលប្រហែលកន្លះខែ ដោយដើរដឹកជញ្ជូនគ្រាប់ពីព្រំដែនថៃ ឆ្លងតាមភ្នំក្រពើពីរ ក្នុងខេត្តពោធិ៍សាត់ បន្តទៅដល់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយក្នុងពេលដឹកជញ្ជូន រ៉េត ត្រូវបានឆ្លងកាត់ឧបសគ្គ ការលំបាកជាច្រើន ព្រោះក្នុងម្នាក់ ត្រូវស្ពាយគ្រាប់បេ-៧០ចំនួន២គ្រាប់ មានមីនតោន មីនស្គរ មីន៧៩ មីនស្មាច់ចំនួន២គ្រាប់ អង្ករចំនួន៥០កំប៉ុង និងសម្លៀកបំពាក់ដាក់ក្នុងកាបូបលិចៗក្បាល។ ជាពិសេសត្រូវរត់គេចពីគ្រាប់ផ្លោងរបស់កងទ័ពវៀតណាម ស្ទើរមិនបានរួចផុតជីវិត។ រហូតឆ្នាំ១៩៨៨ រ៉េត បានស្ម័គ្រចិត្តរៀបការជាមួយប្ដីឈ្មោះ ឈឹម ឈាន នៅលើទឹកដីប្រទេសថៃ។ ប្ដីរបស់ រ៉េត ជាកងទ័ពក្នុងកងពលលេខ១៨។ បន្ទាប់ពីរៀបការរួច រ៉េត បានឈប់ដឹកជញ្ជូន ហើយ រ៉េត និងប្ដីបានចេញពីជំរំចម្ការល្ហុង ទៅជាមួយ អ៊ុំ កាន់ ដែលកំពុងរស់នៅក្នុងភូមិខ្លង់ណយ ប្រទេសថៃ។ បន្ទាប់មក ប្ដីរបស់ រ៉េត បានសាងសង់ផ្ទះឲ្យ រ៉េត ស្នាក់នៅផ្ទះជាមួយមីងៗប្រពន្ធកងទ័ពនៅក្នុងភូមិខ្លង់ណយ ប្រទេសថៃ។ ចំណែកប្ដី បានចេញទៅសមរភូមិ ដើម្បីប្រយុទ្ធជាមួយកងទ័ពរបស់រដ្ឋាភិបាល នៅលើទឹកដីខ្មែរ។ ឆ្នាំ១៩៩១ រ៉េត និងប្ដី បានចេញពីភូមិខ្លង់ណយទៅរស់នៅក្នុងភូមិអូររំចេក ស្រុកសំឡូត ខេត្តបាត់ដំបង។ រ៉េត និងប្ដី បានរស់នៅក្នុងភូមិអូររំចេកអស់រយៈពេល២ឆ្នាំ ដោយប្រកបមុខរបរធ្វើស្រែចម្ការ។ ក្នុងពេលជាមួយគ្នា រ៉េត ធ្លាប់បានទំនាក់ទំនងទៅបងប្អូនឲ្យនាំម្ដាយមកលេងនៅភូមិអូររំចេក មួយទៅពីរដង។ ឆ្នាំ១៩៩៣ រ៉េត និងប្ដី បានចេញពីភូមិអូររំចេក មករស់នៅក្នុងភូមិក្រពើពីរ ក្នុងខេត្តពោធិ៍សាត់។
រឿងរ៉ាវពីរបបខ្មែរក្រហមដែល រ៉េត បានចងចាំ និងមិនអាចបំភ្លេចបាន គឺការធ្វើការងារធ្ងន់ធ្ងរហួសកម្លាំង ព្រោះត្រូវបានខ្មែរក្រហមប្រើឲ្យរែកទឹក រែកដីទាំងយប់ទាំងថ្ងៃ មិនមានពេលវេលាសម្រាកគ្រប់គ្រាន់។
អត្ថបទដោយ មឿន ស្រីនុច
[1] ឯកសារលេខ PTI0170, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សុង ថាណៃ សម្ភាសន៍ជាមួយឈ្មោះ ម៉ម រ៉េត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។