ប្តីស្លាប់ដោយសារមានតួនាទីជាអតីតទាហានរបប លន់ នល់

(ស្វាយរៀង) ៖ ម៉ាង សាវុធ មានអាយុ៧៨ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម សាវុធ បានបាត់បង់ប្តីដែលធ្លាប់ជាទាហានសម័យ លន់ នល់ បម្រើការនៅភ្នំពេញ។ សាវុធ និយាយថា ពេលដែលខ្មែរក្រហមរំដោះទីក្រុងភ្នំពេញ ប្តីរបស់គាត់បានត្រឡប់មករស់នៅជាមួយគ្រួសារនៅឯស្រុកកំណើត។ ជាអកុសលក្រោយស្នាក់នៅផ្ទះបានបីថ្ងៃក៏ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ បន្ទាប់ពីដឹងថាគាត់ជាអតីតទាហាន។ ចំណែក សាវុធ និងកូនៗបីនាក់ត្រូវបានជម្លៀសចេញពីភូមិកំណើត ឲ្យទៅរស់នៅកន្លែងផ្សេងៗក្នុងខេត្ត។ សាវុធ បានរៀបរាប់ថា ស្ថានភាពពេលជម្លៀស មានការលំបាកដោយត្រូវធ្វើដំណើរថ្មើរជើង រែកកូន និងរែកសម្ភារៈផ្សេងៗតែម្នាក់ឯង ដោយសារតែខ្លួនជាស្រ្តីមេម៉ាយ។ ខ្មែរក្រហមមិនបានគិតគូរអំពីអាហារ និងទីជម្រក ដល់ប្រជាជនដែលត្រូវបានជម្លៀសដោយបង្ខំនោះទេ។ ប្រជាជនត្រូវធ្វើដំណើរតាមការបញ្ជា និងធ្វើដំណើរដល់ពេលយប់កន្លែងណាសម្រាកកន្លែងហ្នឹង។ នៅព្រឹកថ្ងៃបន្ទាប់ត្រូវធ្វើដំណើរបន្តតាមគោលដៅដែលបានកំណត់។

ក្រោយមក សាវុធ បានធ្វើដំណើរដល់ភូមិឃ្លាំង ដែលគាត់ត្រូវទៅចុះឈ្មោះ ដើម្បីមានសិទ្ធិរស់នៅ និងទទួលបានរបបអាហារទីនោះ។ សាវុធ និង ប្រជាជនប្រមាណ២០០គ្រួសារផ្សេងទៀតត្រូវបានឲ្យរស់នៅរួម ហូបរួម និងធ្វើការរួមក្នុងសហករណ៍ភូមិឃ្លាំង។ សាវុធ ត្រូវបានតម្រូវឲ្យធ្វើការងារនៅសហករណ៍រោងបាយដូចជាបុកអង្ករ និងដំាបាយ សម្រាប់ប្រជាជនដែលធ្វើស្រែចម្ការ ជីកទំនប់ ប្រឡាយ និងរែកដីក្នុងសហករណ៍។ កូនបីនាក់របស់ សាវុធ ត្រូវប្រើឲ្យមើលគោ និងរស់នៅក្នុងកងកុមារ ដែលមានចាស់ៗជាអ្នកមើលថែ។ យូរៗម្តង ទើបអង្គការអនុញ្ញាតឲ្យ សាវុធ ទៅជួបកូនម្តង។ ទោះបីជា សាវុធ ធ្វើការនៅសហករណ៍រោងបាយក៏ដោយ ក៏របបអាហារគាត់ទទួលបានមិនគ្រប់គ្រាន់ ដូចតែនឹងប្រជាជនដទៃទៀតដែរ។ សាវុធ ទទួលបានបបរមានកំណត់ពីរដងក្នុងមួយថ្ងៃ លើកលែងតែមានកម្មវិធីធំៗ ទើបបានហូបបាយ។ ក្នុងរបបខ្មែរក្រហម សាវុធ មិនដែលឃើញសកម្មភាពសម្លាប់មនុស្សទេ ប៉ុន្តែគាត់បានដឹងពីការបាត់ខ្លួនអ្នករស់នៅក្នុងសហករណ៍ជាមួយគាត់ជាញឹកញាប់។

សាវុធ និយាយថា “ល្ងាចៗឡើងឃើញតែដឹកមនុស្សជាក្រុមៗតាមរទេះគោយកទៅទិសខាងជើង មកវិញឃើញតែសម្លៀកបំពាក់ បាត់មនុស្សអត់ឃើញ គេប្រាប់ថាទៅរៀនសូត្រ តែអត់ដែលឃើញមកពីរៀនសូត្រវិញសោះដល់សព្វថ្ងៃ”។

សាវុធ និយាយថា គ្មានការគោរពប្រតិបត្តិសាសនាទេក្នុងរបបខ្មែរក្រហម។ គេបានបំបាត់មិនឲ្យមានវត្ត ចាប់ផ្សឹកព្រះសង្ឃ យកទីធ្លាវត្តធ្វើជាកន្លែងឃុំឃាំងមនុស្ស ដែលត្រូវបានចោទប្រកាន់ថាជាខ្មាំង ឬជនក្បត់។ សាវុធ ដូចគ្នាទៅនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនដទៃទៀតដែរគាត់មានជំងឺប្រចំាកាយគឺជំងឺលើសឈាម។ សាវុធ តែងតែនិយាយពីរឿងរ៉ាវដែលគាត់បានជួបប្រទះក្នុងរបបខ្មែរក្រហមប្រាប់សាច់ញាតិ និងក្មេងៗជំនាន់ក្រោយបានដឹង ដើម្បីចូលរួមទប់ស្កាត់កុំឲ្យរបបនេះ ត្រឡប់មកទឹកដីប្រទេសកម្ពុជាម្តងទៀត។

ក្រោយរបបខ្មែរក្រហមដួលរលំ សាវុធ បានវិលត្រលប់មករស់នៅស្រុកកំណើត ប្រកបរបបធ្វើស្រែចម្ការ។

បច្ចុប្បន្ន សាវុធ បានឈប់សម្រាកពីការងារស្រែចម្ការ និងរស់នៅជាមួយកូន។

សម្ភាសន៍ដោយៈ កើត សុរចនា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin