ម៉ាន់ ជួន៖ ជាប់ទោសនៅមន្ទីរសន្តិសុខវត្តកណ្ដាលចំនួន២៨ថ្ងៃ

មន្ទីរសន្តិសុខវត្តកណ្ដាល ឬ វត្តកណ្ដាលមានទីតាំងស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឡាត់ ជាប្រធានមន្ទីរបានរៀបចំការប្រជុំស្ដីអំពីការអភិវឌ្ឍ ដើម្បីសម្រេចទិន្នផលស្រូវ។ ពេលប្រជុំចប់ អង្គការបានចាត់ឲ្យលើកស្វ័យទិតៀន។ ខ្ញុំបានធ្វើស្វ័យទិតៀនអំពីរឿងការហូបចុកឲ្យបានសមរម្យ។ អង្គការឮតែប៉ុណ្ណឹង ក៏ប្រកាសបិឬអង្គប្រជុំ។ មួយសន្ទុះក្រោយមក អង្គការបានចាប់ខ្លួនខ្ញុំ, អាវុធ, អាជឿន និងអាប៉ិន។ ខាងក្រោមនេះជាសាច់រឿង របស់ម៉ាន់ ជួន ៖
ខ្ញុំបាទឈ្មោះម៉ាន់ ជួន[1] ភេទប្រុស អាយុ៥៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបាត់ដំបង។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឪពុកខ្ញុំស្លាប់នៅឆ្នាំ១៩៧១ ដោយសារជំងឺ។ ម្ដាយខ្ញុំស្លាប់នៅក្នុងសម័យខ្មែរក្រហមដោយសារជំងឺរបេង។ ខ្ញុំមានបងប្អូន៧នាក់ (ស្លាប់២នាក់) ហើយបច្ចុប្បន្ននៅសល់៥នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។
កាលពីកុមារភាព ខ្ញុំបានសិក្សាត្រឹមថ្នាក់ទី៧។ ខ្ញុំបានឈប់រៀន ព្រោះជីវភាពគ្រួសារខ្វះខាត។ ឪពុកម្ដាយខ្ញុំធ្វើ ស្រែ ដើម្បីចិញ្ចឹមជីវិត។ គ្រួសារខ្ញុំមានសមាជិកច្រើន។ ប្អូនៗរបស់ខ្ញុំ ក៏មិនបានរៀនសូត្រជ្រៅជ្រះដែរ។ នៅខែប្រមូលផលស្រូវ ឪពុកខ្ញុំហត់ណាស់។ ឪពុកខ្ញុំជាឈ្មួញទិញស្រូវ និងជ្រូកពីប្រជាជននៅក្នុងភូមិផ្គាំ ដើម្បីលក់ឲ្យមិត្តភត្តិ ដែលជាឈ្មួញនៅស្រុកព្រះនេត្រព្រះ។ បន្ទាប់ពីរដ្ឋប្រហាររួច នៅក្នុងភូមិផ្គាំ ចាប់ផ្ដើមមានការជំរុញប្រជាជនឲ្យចុះចូលធ្វើជាទាហាន។ ខ្ញុំបានឃើញយុវជន និង ពូៗមួយចំនួន ដែលមានអាយុប្រហាក់ប្រហែលនឹងឪពុកខ្ញុំ បាននាំគ្នាចុះឈ្មោះចូលធ្វើទាហានជាច្រើន។
នៅដើមឆ្នាំ១៩៧១ឪពុកខ្ញុំបានចូលធ្វើជាទាហាន លន់ នល់។ ខ្ញុំដែលស្ថិតក្នុងអាយុ១៧ឆ្នាំ បានទៅតាមឪពុក ចំណែកប្អូនៗ ខ្ញុំនៅផ្ទះទាំងអស់។ ឪពុកខ្ញុំបានទៅរស់នៅទីក្រុងភ្នំពេញ។ ឪពុកខ្ញុំ ពាក់អាសដង់សែប ហើយគាត់គ្រប់គ្រងទាហាន ជាមួយលោក អ៊ុក ប៊ុនឈិន។ ឪពុកខ្ញុំប្រចាំការនៅភ្នំពេញ។ គាត់តែងចុះបេសកម្មនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយពេលត្រលប់មកវិញ ឪពុកខ្ញុំបានធ្លាក់ខ្លួនមានជំងឺ។ ខ្ញុំបានយកឪពុកមកសម្រាកព្យាបាលនៅពេទ្យរុស្ស៊ី។
នៅចុងឆ្នាំ១៩៧១ឪពុកខ្ញុំទទួលមរណភាព។ ខ្ញុំបានទៅបំពេញក្របខ័ណ្ឌ ដើម្បីបើកលុយ ប៉ុន្តែខ្ញុំមិនទាន់គ្រប់អាយុទេ។ ប៉ុន្តែ ខ្ញុំនៅតែអាចត្រូវបញ្ចូលឈ្មោះធ្វើជាទាហាន។ ខ្ញុំបានទៅហ្វឹកហាត់បានរយៈពេលបីខែនៅសេអ៊ីកំបូល។ ពេលខ្ញុំកំពុងហាត់ ខ្ញុំមិនដែលបានចេញវាយទេ។ លុះត្រលប់មកពីហាត់វិញ អង្គភាពនោះ បានផ្លាស់ខ្ញុំទៅនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ខ្ញុំបានវាយជាមួយខ្មែរក្រហមនៅវត្តល្អក់ ដែលស្ថិតនៅក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ខ្ញុំឃើញទាហាន លន់ នល់វាយកងកម្លាំងខ្មែរក្រហមរាល់ថ្ងៃ។ ខ្ញុំនៅជាមួយមេឈ្មោះ អួន ឈិន មានសក្តិ៣។ ខ្ញុំនៅកន្លែងវរៈកាន់កាំភ្លើងគ្រប់ធុនរយៈពេលជិត៣ខែ។ បន្ទាយទាហាន លន់ នល់ ស្ថិតនៅក្នុងវត្តល្អក់។ វត្តល្អក់ ពូកែស័កសិទ្ធណាស់ ដែលខ្មែរក្រហមផ្លោងគ្រាប់មិនដែលត្រូវទេ។ ពេលវាយគ្នាខ្លាំង ខ្ញុំនៅក្នុងវិហារជាមួយប្រពន្ធតាឈិន។ ៣ខែក្រោយមក ខ្ញុំត្រលប់មកផ្ទះវិញ។
នៅឆ្នាំ១៩៧៤ ខ្ញុំមានអាយុ១៩ឆ្នាំ។ ខ្ញុំបានចូលបដិវត្តន៍នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបាត់ដំបង។ អង្គការឲ្យខ្ញុំចូលទៅនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំត្រូវតស៊ូនៅព្រៃមាន់ ដើម្បីលុបលាងកំហុស ព្រោះឪពុកខ្ញុំធ្លាប់ជាទាហាន លន់ នល់។ ខ្ញុំទៅជាមួយខ្មែរក្រហម រហូតដល់ទាហាន លន់ នល់ ទមា្លក់ទង់ស។
នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យទៅនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ដើម្បីការពារព្រំដែន។ ខ្ញុំបានទៅ នៅជាមួយមេឈ្មោះ ណែន។ ណែនបញ្ជាឲ្យខ្ញុំយាមទាំងថ្ងៃទាំងយប់។ ណែន ធ្វើបាបខ្ញុំដោយយកផេះទៅដាក់ក្នុងកែវទឹក រួចចោទថាខ្ញុំមិនចេះអនាម័យ។ លុះល្ងាចឡើង ណែនហៅខ្ញុំទៅអប់រំ។
ពេលណែនទៅសមរភូមិមុខ គាត់បានត្រូវគ្រាប់។ ខ្ញុំលីគាត់មកតាមផ្លូវ តែគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។ បន្ទាប់ពីណែនស្លាប់ ខ្ញុំបានទៅនៅជាមួយមេថ្មី។ មេនោះបានចោទខ្ញុំថាមិនចេះអនាម័យ។ អង្គការបានហៅខ្ញុំទៅកែប្រែ។ ចៃដន្យពេលនោះ ខ្ញុំបានជួបជាមួយជួនជាអ្នកភូមិជាមួយគ្នា។ ជួនបានរាយការណ៍ប្រាប់អង្គការថា ខ្ញុំមានឪពុកធ្លាប់ធ្វើទាហានមានសកិ្តធំ។ អង្គការបានចាប់ខ្លួនខ្ញុំបញ្ជូនឡើងឡានដឹកអ្នកទោសនយោបាយ ទៅវត្តបន្ទាយនាង ដែលស្ថិតនៅក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ នៅពេលធ្វើដំណើរតាមផ្លូវ ឡានក៏ខូច ខ្ញុំបានអង្គុយនៅលើឡាន។ អំឡុងពេលនោះ មានកងឈ្លបមួយក្រុមបានដើរមក រួចនិយាយថាឡាននេះដឹកពួកក្បត់។ ខ្ញុំមិនដឹងថាខ្លួនឯងក្បត់អ្វីទេ។ ខ្ញុំត្រូវអង្គការដឹកទៅដាក់នៅវត្តបន្ទាយនាង។ ដំបូង អង្គការបានយកខ្ញុំទៅដាក់គុក ប៉ុន្តែមិនទាន់ដាក់ខ្នោះខ្ញុំទេ។ អង្គការ ប្រាប់ថាយកមករៀនសូត្រ។
នៅបន្ទាយនាង ខ្ញុំបានជួបជាមួយម៉ៅ។ ពេលនោះ ខ្ញុំបានលបមើលឃើញអ្នកទោសជាប់ខ្នោះច្រើនណាស់។ ខ្ញុំបានសួរបងម៉ៅថា៖ “បងមានរឿងអីបាន អង្គការចាប់ខ្ញុំមកទីនេះ។” បងម៉ៅថា៖ “ឯងខុសអីទេដឹង។” “ខ្ញុំមិនបានធ្វើខុសអីទេ” ខ្ញុំបានតបយ៉ាងដូច្នេះ។ ខ្ញុំនៅបន្ទាយនាងបាន១៥ថ្ងៃ ក៏ត្រូវអង្គការបញ្ជូនទៅកំពីង ដើម្បីឲ្យកសាងខ្លួន។ កំពីងស្ថិតនៅខាងលិចភ្នំធំភ្នំតូច។ នៅកំពីង ខ្ញុំពូកែដាំបាយ។ អង្គការបានចាត់តាំងខ្ញុំឲ្យនៅធ្វើប្រធានកាន់ម៉ាស៊ីនដាំបាយ។
ឡាត់ ដែលជាប្រធានមន្ទីរបានរៀបចំការប្រជុំស្ដីអំពីការអភិវឌ្ឍ ដើម្បីសម្រេចទិន្នផលស្រូវ។ ពេលប្រជុំចប់ អង្គការតម្រូវឲ្យអ្នកចូលរួមធ្វើស្វ័យទិតៀន។ ខ្ញុំបានធ្វើស្វ័យទិតៀន ដោយលើកឡើងថា៖ “សូមគោរពប្រធានអង្គប្រជុំ និងសូមគោរពលោកសមមិត្តដែលជាថ្នាក់ដឹកនាំ កងចល័តទាំងអស់។ ថ្ងៃនេះ ខ្ញុំមានយោបល់ជូនលោកប្រធានអំពីរឿងការហូបចុកឲ្យបានសមរម្យ ដើម្បីបានរស់ទាំងអស់គ្នា។” អង្គការឮតែប៉ុណ្ណឹង ក៏ប្រកាសបិទអង្គប្រជុំ។ ពេលនោះ ខ្ញុំដឹងថាខ្លួនខ្ញុំ ត្រូវអង្គការចាប់ខ្លួនហើយ។ មួយសន្ទុះ ក្រោយមក អង្គការបានចាប់ខ្លួនខ្ញុំ, អាវុធ, អាជឿន និងអាប៉ិន។
អង្គការចាប់បញ្ជូនខ្ញុំទៅខេត្តបាត់ដំបង។ នៅវេលាម៉ោង៣ ខ្ញុំទៅដល់ខេត្តបាត់ដំបង។ អង្គការបញ្ជូនខ្ញុំចូលក្នុងមន្ទីរសន្តិសុខនៅវត្តកណ្ដាលនិងដាក់ខ្នោះជើង។ មន្ទីរសន្តិសុខវត្តកណ្ដាល ស្ថិតនៅក្នុងឃុំរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អង្គការចាប់ផ្ដើមសួរចម្លើយខ្ញុំដោយធ្វើទារុណកម្ម។ ធួន ខាងព្រហ្មទណ្ឌ គឺជាអ្នក សួរចម្លើយ។ ធួនសួរខ្ញុំថាប្រុងក្បត់ដឹកនាំកម្លាំងរត់ទៅថៃប៉ុន្មាននាក់? ខ្ញុំថាមិនដឹងទេ។ ខ្ញុំត្រូវធួន ឆក់ខ្សែភ្លើង នៅពេលសួរចម្លើយ។ ខ្ញុំឆ្លើយថាមិនដឹងៗគ្រប់២ដង ធួន បានឆក់ខ្ញុំសន្លប់ដួលនឹងកៅអី។ ខ្ញុំងើបពីសន្លប់មក ធួនសួរចម្លើយទៀត។ សួរអស់ចិត្ត ខ្ញុំនៅតែឆ្លើយថាមិនដឹងទៀត ធួន ក៏ឆក់ខែ្សភ្លើងនឹងសំពត់ភ្លៀងទៀត។ ខ្ញុំជាប់គុកអស់រយៈពេល២៨ថ្ងៃ។ នៅថ្ងៃចុងក្រោយ អង្គការបានហៅខ្ញុំនិងមិត្ត៣នាក់ទៀត ឲ្យចេញក្រៅឈរអែបជញ្ជាំង ដើម្បីថតរូប។ ពេលថតរួច អង្គការនិយាយថា សុំទោសមិត្ត ដោយសារមិត្តឡាត់ប្រធានគ្រប់គ្រងមានការយល់ច្រឡំ។
អង្គការ បានយកខ្ញុំនិងមិត្ត៣នាក់ទៅបំប៉នមួយអាទិត្យ។ ខ្ញុំនិងមិត្តបានហូបត្រីរស់និងម្ហូបឆ្ងាញ់ៗ រួចអង្គការ បានបញ្ជូនពួកខ្ញុំទៅនៅកោះមោងដែលស្ថិតឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ខ្ញុំបានជួបជាមួយតាថុន ដែល ជាចៅហ្វាយស្រុករងភូមិភាគ បន្ទាប់ពីតាញឹម។ បីថ្ងៃក្រោយមក អង្គការចាត់តាំងឲ្យមិត្តខ្ញុំ៣នាក់ធ្វើជាប្រធានកងចល័ត។ ខ្ញុំធ្វើជាលេខាចល័តកាន់អង្ករ និងការដ្ឋាន។ អង្គការ បានឲ្យកងនិងសេះមួយ ដើម្បីឲ្យខ្ញុំធ្វើដំណើរទៅរាយការណ៍។
នៅពេលម្ដាយខ្ញុំស្លាប់ ខ្ញុំបានសុំអង្គការមកមើលម្ដាយ ប៉ុន្តែអង្គការមិនឲ្យមកដោយនិយាយថាមិត្តឯងមិនមែន ជាពេទ្យទេ។ ម្ដាយខ្ញុំស្លាប់ដោយសារជំងឺរបេង។ ក្រោយមក អង្គការបានរៀបការឲ្យខ្ញុំជាមួយប្រពន្ធ(ដើម)។ ខ្ញុំបានគេចខ្លួនទៅនៅស្រុកខាងប្រពន្ធ នៅឯភូមិលាច ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
នៅឆ្នាំ១៩៧៩ ខ្ញុំបានមកជួបជុំបងប្អូនវិញ។ ខ្ញុំមកដល់ផ្ទះមានតែសំបកផ្ទះទេ។ លុះខ្ញុំដេកបានមួយយប់ក៏ឃើញ មាសមួយដុំទម្ងន់មួយដំឡឹង ដែលជាកេររបស់ប្រពន្ធដើម។ ខ្ញុំសុខចិត្តយកមាសទៅដូរយកអង្ករ ដើម្បីចិញ្ចឹមប្អូន។ ខ្ញុំចិញ្ចឹមប្អូនបានហូបបាយឆ្អែតគ្រប់គ្រាន់។ ក្រោយមក ខ្ញុំបានត្រលប់ទៅរកប្រពន្ធវិញ។ ខ្ញុំបាននាំប្រពន្ធមករស់នៅក្នុងភូមិផ្គាំ។ ដោយសារតែពិបាកពេក ខ្ញុំក៏បានចូលធ្វើទ័ពវិញ។ នៅឆ្នាំ១៩៨១ខ្ញុំបានរត់ទៅចូលព្រៃមាន់ ចូលធ្វើទ័ពជាមួយប៉ែនវូយ ដែលជាជាប្រធាន កងពល៤២។
នៅចុងឆ្នាំ១៩៨៣ខ្ញុំបានត្រលប់មកផ្ទះ និងប្រកបមុខរបរធ្វើស្រែចម្ការធម្មតា។ នៅឆ្នាំ១៩៨៥ ខ្ញុំបានរៀបការ ជាមួយប្រពន្ធ(ក្រោយ) និងមានកូនចំនួនពីរនាក់។
អត្ថបទដោយ វី ស៊ីថា
[1] មជ្ឈមណ្ឌលឯកកម្ពុជា, ឯកសារលេខ BMI0087, សម្ភាសន៍ជាមួយ ម៉ាន់ ជួន(យោធាខ្មែរក្រហម) ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ,សម្ភាសន៍ដោយៈ សោម ប៊ុនថន, ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១០។