ឈុន ផល៖ អតីតអ្នកយាមមន្ទីរ សន្តិសុខស-២១

កាំង ហ្គេកអ៊ាវ និង នីរសារ (រូបតំណាង) បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រវត្តិរូបសង្ខេបមួយសន្លឹកធ្វើនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៧ តាមទម្រង់ដែលមានស្រាប់នៃការវាយអង្គុលីលេខ បានសង្ខេបលម្អិតពីប្រវត្តិរូបសង្ខេបរបស់កុមារ ឈុន ផល[1] ដែលមានឈ្មោះបដិវត្តិន៍ថា ផល។ អាយុទើបតែ១៥ឆ្នាំ ផល មានតួនាទីជា មេពួក ក្នុងវណ្ណៈភាពជាកសិករក្រ បានចូលបដិវត្តិន៍នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៥ និងប្តូរពីអង្គភាពកុមារឃុំ ទៅអង្គភាពកុមារមន្ទីរស-២១។ ផល មានមុខរបរជាអ្នកធ្វើស្រែ ស្រុកកំណើតនៅភូមិថ្មី ឃុំចោងម៉ោង ស្រុក១៤[2] តំបន់៣១[3]។ ឪពុកឈ្មោះ ភួង (ស្លាប់) ម្តាយឈ្មោះ វិន និងមានបងប្អូន៦នាក់ ស្រីម្នាក់។

ចុងក្រោយនៃប្រវត្តិរូបនេះ សមមិត្ត នៃ លម្អិតពីស្ថានភាពជីវភាពរបស់ ផល ថា «មានផ្ទះ ៣,៥ម៉ែត្រ គុណ និង៤ម៉ែត្រ មានស្រែ កន្លះហិកតា ប្រមូលផលស្រូវ ២៥ទៅ៣០តាំងក្នុងឆ្នាំ ការហូបចុកនៅតែមានភាពខ្វះខាត ៤ឬ៥ខែក្នុង១ឆ្នាំ។ ផល​ មានមុខរបររួមផ្សំដោយធ្វើត្បាល់កិន។ ផល និងក្រុមគ្រួសារ មិនដែលមានបាតុភាពអ្វីទេ ថែមទាំងមានបងប្អូនធ្វើបដិវត្តម្នាក់ និងនៅមូលដ្ឋាន ៥នាក់។

តាមរយៈប្រវត្តិរូបខាងលើ អតីតបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះទៅធ្វើបទសម្ភាសន៍ផ្ទាល់នៅស្រុកកំណើតរបស់ ឈុន ផល[4] នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០២។ ខាងក្រោមជាបទសម្ភាសន៍របស់ ផល ក្រោយពេលរបបខ្មែរក្រហមដួលរលំ ក្នុងការចងចាំស្រពិចស្រពិល ហើយ ផល មិនចាំច្បាស់នូវថ្ងៃខែឆ្នាំនៃព្រឹត្តិការណ៍នីមួយៗ ជាពិសេសមិនចាំឈ្មោះប្រធានកង ប្រធានមណ្ឌល ប្រធានក្រុម ឬឈ្មោះមន្ទីរដែលបានស្នាក់នៅទេ។

ខ្ញុំឈ្មោះ ម៉ៅ ផល មានអាយុ ៤០ឆ្នាំ រៀបការក្នុងឆ្នាំ១៩៧៩ (សម័យរដ្ឋកម្ពុជា) ជាមួយប្រពន្ធឈ្មោះ កុង អាយុ ៤៨ឆ្នាំ មានកូន៤នាក់ ស្រី២នាក់ និងប្រុស២នាក់ រស់ភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ខ្ញុំមានស្រុកកំណើតនៅស្រុកឧត្តុង្គ ខេត្តកំពង់ឆ្នាំង ប៉ុន្តែបានផ្លាស់ប្តូរទីលំនៅតាមឪពុកម្តាយទៅរស់នៅឯភូមិថ្មី មុនរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ មួយឆ្នាំ។ ឪពុកខ្ញុំស្លាប់ក្នុងឆ្នាំ១៩៧៤ ដោយសារជំងឺគ្រុនចាញ់ ក្រោយត្រលប់ពីខេត្តកំពតមកវិញ។

ក្នុងទសវត្សរ៍៧០ ខ្ញុំ និងគ្រួសារ រស់នៅក្នុងតំបន់រំដោះខ្មែរក្រហម[5] ឬហៅថា ប្រជាជនខាងក្រៅ នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ខ្ញុំនៅឯវត្តសំប៉ាន ដើម្បីរៀនត្រៀមបួសជាសង្ឃ ប៉ុន្តែខ្ញុំមិនបានបួសដូចបំណងទេ។ ក្នុងឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានជម្លៀស (កៀរ) ឪពុកម្តាយខ្ញុំ ប្រជាជនរស់នៅក្នុងភូមិ រួមទាំងព្រះសង្ឃដែលគង់នៅក្នុងវត្តដែលរស់នៅតំបន់ខាងក្រៅ[6] (តំបន់រំដោះខ្មែរក្រហម) រួមទាំងខ្ញុំដែរ ឲ្យទៅរស់នៅស្រុកតានី ខេត្តកំពត ជាមួយទ័ពរបស់ តាឡាត់ ដោយសារមានការប្រទាញប្រទង់គ្នាដណ្តើមយកប្រជាជនចូលតំបន់ខាងក្នុង (តំបន់កាន់កាប់របស់របបសាធារណរដ្ឋ លន់ នល់) ណាមួយខ្មែរក្រហមខ្លាចប្រជាជនលួចបញ្ចេញអង្ករឲ្យទៅខាងទាហាន លន់ នល់។ លោកបងខ្ញុំម្នាក់ (បងប្រុសខ្ញុំដែលបួសជាសង្ឃ) សុគតក្នុងពេលជម្លៀស។ រស់នៅកំពតរយៈពេល១ឆ្នាំ ទើបវិលត្រលប់មកស្រុកទឹកផុសវិញ ដោយចាប់ផ្តើមមានបែងចែកជាសហករណ៍[7] ប៉ុន្តែប្រជាជនរស់នៅតាមផ្ទះរៀងខ្លួន មិនទាន់បានរៀបចំជាក្រុមសាមគ្គីនៅឡើយទេ។ ដោយឡែក វត្តអារាម និងព្រះសង្ឃ លែងមានទៀតហើយនៅតំបន់រំដោះខ្មែរក្រហមក្នុងភូមិថ្មីនេះ។

ខ្ញុំចូលរៀនម្តងទៀតនៅសាលារបស់ខ្មែរក្រហម បានរយៈមួយឆ្នាំ ខ្មែរក្រហមឡើងកាន់អំណាចពេញលេញនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចាំបានថា អង្គការបានស្រាវជ្រាវប្រវត្តិរូបខ្ញុំ និងឲ្យត្រៀមខ្លួនប្តូរចេញពីសាលាទៅធ្វើការនៅកន្លែងថ្មីដែលខ្ញុំមិនដែលស្គាល់ មិនធ្លាប់ឮពីមុនទេ ដែលខ្ញុំពេលនោះខ្ញុំមានអាយុទើបតែ ១២ឆ្នាំ ប៉ុណ្ណោះ។ មួយភូមិខ្មែរក្រហមជ្រើសរើសកម្មាភិបាលតែម្នាក់តែប៉ុណ្ណោះដើម្បីទៅធ្វើការនៅកន្លែងថ្មី។ ដោយសារខ្ញុំស្ថិតនៅក្នុងវណ្ណៈកម្មករ កសិករ ក្រខ្សត់ ទើបខ្ញុំត្រូវបានជ្រើសរើស ទោះបីជាខ្ញុំខំប្រកែកយ៉ាងណាក៏មិនអាចផ្លាស់ប្តូរបានដែរ ព្រោះឈ្មោះខ្ញុំត្រូវបានថ្នាក់លើបញ្ជូនមកដល់មូលដ្ឋានរួចហើយ សូម្បីតែម្តាយខ្ញុំក៏មិនហ៊ានហាមឃាត់ដែរ ព្រោះសម័យនោះ កុមារទាំងអស់ គឺជាកូនរបស់អង្គការ[8] សម្រេចលើការអង្គការជាអ្នកចាត់តាំងទាំងអស់។ ចេញពីឃុំជៀប មានកុមារទាំងអស់ ៤នាក់ រួមទាំងខ្ញុំ មានឈ្មោះ យ៉ាង (ពីដូនម៉ៅ), សែប (ពីដូនម៉ៅ) និងរ៉ាត់ (ពីរលាំងកែ)។

ពេលធ្វើដំណើរចេញពីភូមិ ខ្ញុំបានស្នាក់នៅសាលាលេខប្រាំមួយរយៈ (ជាកុមារសំណាក់) ធ្វើការងារពលកម្មធម្មាត ដូចជា ដាំបន្លែ ជម្រះដីក្នុងចម្ការ និងបន្ទាយទាហានជាដើម។ របបខ្មែរក្រហម មិនថាប្រជាជនប្រុសស្រី ក្មេងចាស់ ធ្វើដំណើរទៅដល់កន្លែងណា ត្រូវធ្វើការ ធ្វើពលកម្មកន្លែងនោះ ជាពិសេសកុមារវ័យជំទង់ដូចជាខ្ញុំ។ នៅសាលាលេខប្រាំ មានកុមារស្នាក់នៅប្រមាណជា ២០០នាក់ ដែលបញ្ជូនមកពីគ្រប់ឃុំទាំងអស់ ដែលមានអាយុពី១៥ឆ្នាំទៅ១៧ឆ្នាំ។  ស្នាក់នៅបានប្រហែលមួយសប្តាហ៍ ខ្ញុំនិងកុមារផ្សេងទៀតធ្វើដំណើរបន្តទៅភ្នំពេញ និងស្នាក់នៅម្តុំបឹងទំពុន រយៈពេលកន្លះខែ ធ្វើការងារពលកម្មដដែល និងដាំបន្លែ។ ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង គឺប្រើប្រាស់ឡាន និងមានអ្នកហៅឈ្មោះឲ្យឡើងឡានដែលតំរៀបគ្នានៅកន្លែងនីមួយៗ។ ម្តងនេះពេលចេញពីបឹងទំពុន ខ្ញុំ និងកុមារដទៃទៀតត្រូវបានបញ្ជូនទៅសាលាយោធា ៧០៣ នៅខាងតាខ្មៅ ដើម្បីរៀនច្បាប់ទ័ព ដែលមាន ទុយ ជាប្រធាន (ខ្ញុំចាំបានតែឈ្មោះមួយគត់ ក្រៅពីនោះខ្ញុំភ្លេចអស់ហើយ)។ រៀនក្បួនច្បាប់ទ័ពនៅសាលាយោធា ៧០៣ បានប្រហែល៦ខែ ក្នុងឆ្នាំ១៩៧៦ សាលាមានបង្កើតកម្មវិធីបិទវគ្គសម្រាប់បញ្ចប់ការសិក្សា និងបានប្រកាសឲ្យវិលត្រលប់ទៅស្រុកភូមិវិញបាន។ ខ្ញុំ និងកុមារជាច្រើន (មាន ២-៣ក្រុម) ដែលបានបញ្ជប់វគ្គសិក្សានេះមានអារម្មណ៍សប្បាយចិត្ត ព្រោះបានវិលត្រលប់ទៅផ្ទះវិញ ប៉ុន្តែជាក់ស្តែងខ្ញុំ និងកុមារមួយចំនួនតូច ត្រូវបានបញ្ជូនទៅព្រែកហូ និងក្រុមខ្លះទៀត ទៅតាមអង្គភាពផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់លើ។ ចំណែកឯមិត្តភក្តិដែលមកពីឃុំជាមួយគ្នា ក៏ត្រូវបានបែកគ្នាតាំងពីពេលនោះមក។ ទៅដល់ព្រែកហូ ខ្ញុំស្ថិតនៅអង្គភាពកុមារឈានមុខ ប៉ុន្តែយើងធ្វើស្រែប្រាំង ធាក់រហាត់ដាក់ទឹកជាមួយកងនារី ដេញចាប ជួលកាលដើររកកណ្តុរស៊ីស្រូវប្រាំងដូចអង្គភាពកុមារទូទៅដែរ។

បន្ទាប់ពីនោះមក អង្គភាពកុមារឈានមុខនៅព្រែកហូ ត្រូវបានបញ្ជូនទៅព្រៃសរខាងត្បូងពោធិ៍ចិនតុងទាំងអស់ និងបន្តធ្វើស្រែ និងដកស្ទូងជាមួយកងនារីខ្លះ ដែលមានប្រធានកងកុមារឈ្មោះ ចយ ជាជនពិការជើង ប៉ុន្តែអាចដើរ ដឹកនាំកុមារបានខ្លះ។ រស់នៅបានប្រមាណមួយខែកន្លះ ចាប់ផ្តើមមានការបែងចែកបញ្ជូនកុមារចេញពីព្រៃស តាមដំណាក់កាល។ ដំណាក់ទីមួយបញ្ជូនចេញ ១០០នាក់ បន្ទាប់មកទៀត ៥០នាក់ ក្រោយមកទៀត ២០នាក់ ប៉ុន្តែខ្ញុំមិនដឹងថាបញ្ជូនទៅកន្លែងណាខ្លះទេ។ ចំណែកខ្ញុំ និងកុមារប្រមាណ ១៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរស-២១ ខ្ទង់ឆ្នាំ១៩៧៧។

នៅមន្ទីរស-២១ មាន ហ៊ និង ប៉េង ជាប្រធាន ហើយខ្ញុំត្រូវបានចាត់តាំងឲ្យយាមអ្នកទោសផ្ទាល់ មានចំនួន ២នាក់ ទៅ ៥នាក់។ ភារកិច្ចខ្ញុំ គឺត្រូវមើលការខុសត្រូវអ្នកទោស កុំឲ្យរត់បាត់ ឬឈឺស្លាប់ គឺត្រូវរាយការណ៍ទៅ ឈ្មោះ គន (ប្រធានក្រុម) ភ្លាម បើមិនដូច្នោះទេ ថ្នាក់លើនឹងចោទយើងថា លួចសម្លាប់អ្នកទោស និងត្រូវទទួលពិន័យជំនួសអ្នកទោសវិញ។ ពេលខ្លះខ្ញុំត្រូវយាមនៅខាងក្រៅ តែពេលខ្លះយាមនៅខាងក្នុង (តាមបន្ទប់ដែលដាក់អ្នកទោស) តាមការចាត់តាំងរបស់ថ្នាក់លើ។  ក្នុងមួយថ្ងៃ ខ្ញុំយាមពីរវេន គឺពេលថ្ងៃពីម៉ោង ១ថ្ងៃដល់ម៉ោង ៦ល្ងាច និងវេនយប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១យប់។

ប្រធានក្រុមអ្នកយាមបានណែនាំថា ពេលធ្វើការមិនអនុញ្ញាតឲ្យអ្នកយាមពិភាក្សាការងារធំដុំអ្វីជាមួយអ្នកទោសឡើយ សូម្បីតែសួរសុខទុក្ខ សួរពីស្រុកកំណើត ឬប្រវត្តិក៏មិនបានដែរ។ ប៉ុន្តែឲ្យនិយាយលេងជាមួយអ្នកទោសបាន និយាយធ្វើយ៉ាងណាលួងលោម ឬធ្វើនយោបាយដាក់អ្នកទោស ធ្វើយ៉ាងណាកុំឲ្យអ្នកទោសជ្រួលច្របល់ច្រើន ដើម្បីងាយស្រួលពេលយកទៅសួរចម្លើយ។ ឧទាហរណ៍ ប្រាប់អ្នកទោសកុំឲ្យភ័យបារម្ភ ប្រាប់ថាអ្នកទោសដែលចាប់មកទីនេះត្រូវបានដោះលែងទៅសហករណ៍ ឬអង្គភាពវិញ។ ការនិយាយលេងច្រើនស៊ីជម្រៅជាមួយអ្នកទោស បណ្តាលឲ្យអ្នកយាមជាច្រើនត្រូវជាប់គុកជំនួសអ្នកទោសច្រើនណាស់កន្លងមក ដោយសារការសួរនាំចុះឡើយជាមួយអ្នកទោស ធ្វើឲ្យអ្នកទោសឆ្លើយដាក់ពេលដែលសួរចម្លើយ។ អតីតប្រធានក្រុមអ្នកយាមនៅមន្ទីរស-២១ ឈ្មោះ ថាត ជាប្រធានក្រុមរបស់ខ្ញុំ ដែលត្រូវបានអ្នកទោសឆ្លើយដាក់ និងត្រូវបានចាប់ខ្លួនឃុំក្នុងគុកទួលស្លែង ហើយខ្ញុំជាអ្នកយាមបន្ទប់ឃុំឃាំងរបស់ ថាត ផ្ទាល់តែម្តង។ នៅក្នុងគុកទួលស្លែង មានអ្នកទោសជាជនបរទេសមួយចំនួនដែលខ្ញុំធ្លាប់ឃើញ មានជនជាតិថៃប្រហែល ៤-៥នាក់ ជនជាតិយួន ជនជាតិរូម៉ានី មិនតែប៉ុណ្ណោះខ្ញុំធ្លាប់ជួបអ្នកទោសជាជនជាតដើមភាគតិចព្នងដែរ។

បទពិសោធន៍ដែលខ្ញុំយាមអ្នកទោសតាមបន្ទប់កន្លងមកនៅមន្ទីរស-២១ ខ្ញុំឃើញស្ថានភាពដ៏លំបាកជាច្រើនលើអ្នកទោស ដូចជា ក្រោយពេលត្រលប់មកពីបន្ទប់សួរចម្លើយវិញ មានស្លាកស្នាមរបួសនៃការធ្វើទារុណកម្ម។ ពេលខ្លះអ្នកទោសប្រាប់ពីទុកលំបាក ដែលខ្លួនមិនបានធ្វើខុសតែត្រូវអង្គការចាប់យកមកដាក់ទោស និងធ្វើទារុណកម្មជាដើម។ អ្នកទោសខ្លះត្រូវយកទៅសួរចម្លើយ ៤-៥ដង តែខ្លះត្រឹមតែ៣ដងទេ។ ចប់ការសួរចម្លើយ ឬបិទសំណុំរឿង អ្នកទោសត្រូវបានបញ្ជូនចេញទៅកន្លែងផ្សេងមួយទៀត ប៉ុន្តែខ្ញុំមិនដឹងថាបញ្ជូនទៅកន្លែងណាទេ គ្រាន់តែគិតថា ប្រហែលជាបញ្ជូនទៅតាមសហករណ៍វិញតែប៉ុណ្ណោះ។ អ្នកទោសនៅដែលខ្ញុំធ្លាប់យាម មានខ្លះជាប់យូរ (មួយខែ) ខ្លះជាប់ឆាប់ (មួយសប្តាហ៍)។ ខ្ញុំមិនដែលបានឃើញអ្នកទោសលួចរត់ចេញ និងស្លាប់នៅក្នុងបន្ទប់ឃុំឃាំងទេ។

របបអាហារសម្រាប់អ្នកទោសត្រូវបានកំណត់ច្បាស់លាស់ និងចែកឲ្យអ្នកទោសដោយខាងសេដ្ឋកិច្ច ដែលមានលក្ខណៈខុសគ្មានរវាងអ្នកទោស និងអ្នកយាមគុក។ ពេលអ្នកទោសឈឺ មានពេទ្យប្រចាំនៅមន្ទីរស-២១ មកចាក់ថ្នាំព្យាបាល ប៉ុន្តែខ្ញុំមិនបានដឹងថា មានយកចិត្តទុកដាក់ព្យាបាលកម្រិតណានោះទេ។ ចំពោះការសម្អាតខ្លួនរបស់អ្នកទោស គឺមានទឹកទុយយោបាញ់សម្អាតលើអ្នកទោសទាំងជាប់ខ្នោះ ២-៣ថ្ងៃម្តង តែមិនបានផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីឡើយ ត្រឹមតែប្តូរពីជើងខោម្ខាងទៅជើងខោម្ខាងទៀតតែប៉ុណ្ណោះ។

នៅមន្ទីរស-២១ ខ្ញុំគ្រាន់តែដឹងថា មានក្រុមអ្នកយាម ក្រុមសួរចម្លើយ និងមានក្រុមចាប់ (តែខ្ញុំមិនដឹងថានៅក្នុងអង្គភាពណាមួយច្បាស់លាស់ទេ ព្រោះខ្ញុំនៅក្មេង ថ្នាក់លើឲ្យខ្ញុំកាន់ការងារតែមួយមុខទេ)។ ដោយខ្ញុំមានអាយុក្មេង ខ្ញុំមិនដែលបានយាមជួបអ្នកទោសដែលមានឋានៈខ្ពស់ ឬខ្សែរយៈធំឡើយ ខ្ញុំយាមត្រឹមអ្នកទោសដែលខ្សោយតែប៉ុណ្ណោះ។ ក្រៅពីកន្លែងដែលចាត់តាំងឲ្យខ្ញុំធ្វើការ ខ្ញុំមិនដែលបានទៅឃើញកន្លែងផ្សេង ឬបានឃើញថ្នាក់ដឹកនាំធំៗផ្សេងនៅមន្ទីរស-២១ទេ សូម្បីតែដំណឹង ឬឈ្មោះថ្នាក់ដឹកនាំធំៗដែលមកមន្ទីរស-២១ក៏ខ្ញុំមិនដែលបានដឹងនោះដែរ។ ខ្ញុំដឹងពីព័ត៌មានផ្សេងតាមរយៈទស្សនាវដ្តីកម្ពុជាប្រជាធិបតេយ្យដែលចែកឲ្យមើល ដែលមាននិយាយពីគោលនយោបាយបក្សកុម្មុយនីស្ត (គឺមានបក្សតែមួយ) និងការអប់រំឲ្យកសាងខ្លួន  ហើយខ្ញុំចាំបានពាក្យស្លោកដែលបានបោះពុម្ពថា «ជីកស្មៅឲ្យអស់ទាំងឫស» មានន័យថា បើគេចាប់គ្រួសារណាមួយ គេចាប់ទាំងអស់តែម្តង គឺស្វែងរកចាប់ឲ្យអស់មួយពូជ។ តាមរយៈពាក្យស្លោកមួយនេះ បានបញ្ជាក់ពីការបញ្ជា ពីថ្នាក់លើ និងដាស់តឿនរំឭកដល់កម្មាភិបាលខ្មែរក្រហម តួយ៉ាងដូចជាខ្ញុំជាដើម កុំឲ្យប្រព្រឹត្តខុស មានន័យថា បើខ្ញុំប្រព្រឹត្តកំហុសអ្វីមួយហើយ គឺប៉ះពាល់ដល់សុវត្ថិភាពមួយគ្រួសារ ឬមួយពូជតែម្តង។ បើនិយាយពីការចាប់បានភស្តុតាងអ្វីមួយ គឺនឹងយកទៅស្រាវជ្រាវរកខ្សែរយៈទាល់តែអស់។

ញុំធ្លាប់បានចូលរួមប្រជុំជាមួយប្រធានមន្ទីរបានតែម្តងគត់ ក្រោយមកមានតែចូលរួមប្រជុំជាមួយប្រធានក្រុមអ្នកយាមទេ។ ខ្ញុំធ្វើជាអ្នកយាមនៅមន្ទីរស-២១រហូតដល់ដើមឆ្នាំ១៩៧៨ ទើបបានត្រលប់ទៅធ្វើស្រែក្នុងកងកុមារនៅឯព្រែកហូវិញរហូតដល់របបខ្មែរក្រហមដួលរលំតែម្តង។

ពេលវៀតណាមវាយចូលមកដល់ ខ្ញុំរត់ទៅអមលាំង ទើបត្រលប់មកប្រយុទ្ធគ្នាជាមួយរៀតណាមម្តងទៀតនៅម្តុំត្រពាំងក្រឡឹងរហូតដល់ទល់ដែនថៃ។ តែខ្ញុំមិនបានចូលទៅខាងទឹកដីថៃទេ និងបានត្រលប់មករស់នៅក្នុងស្រុកភូមិខ្ញុំវិញ។

អត្ថបទដោយ គឹម សុវណ្ណដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ប្រវត្តិរូបសង្ខេប៖ ឈុន ផល» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧, ឯកសារលេខ K០០៨៩៤។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៣៣។

[3] ដូចខាងលើ

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ឈុន ផល ដោយ អ៊ីសា ឧស្ម័ន, វ៉ាន់ថាន់ ពៅដារ៉ា, និង ផាន សុជា» នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០២, ចម្លងចេញពីកាស្សែតដោយ ឡុង ដានី, ឯកសារលេខ KHI០០០៨។

[5] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៖ ផែនទីតំបន់រំដោះខ្មែរក្រហម ខែឧសភា ឆ្នាំ១៩៧១. ឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី១០។

[6] តំបន់ខាងក្រៅជាតំបន់រំដោះខ្មែរក្រហម ដែលតំបន់ខាងក្នុងជាតំបន់កាន់កាប់របស់សាធារណរដ្ឋនៃរបប លន់ នល់ ពីឆ្នាំ១០៩០-១៩៧៥។

[7] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ទស្សនាវដ្តីទង់បដិវត្ត៖ រំលឹកខួបឆ្នាំទី៣ នៃការចាត់តាំងសហករណ៍កសិករ (២០-៥-២៩៧៣ ដល់ ២០-៥-១៩៧៦» ចេញផ្សាយ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៦, ឯកសារលេខD២១៤៦៧, ទំព័រទី១៩។

[8] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD០១២៦៦។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin