ម៉ៅ អ៊ុត៖ ប្ដីរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់

ប្ដីរបស់ អ៊ុត ជាអតីតទាហាន លន់ នល់ មានតួនាទីយាមប្រចាំការនៅរបងសាលាខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានស៊ើបអំពីជីវប្រវត្តិរបស់ប្ដី និងក្រុមគ្រួសាររបស់ អ៊ុត ជាញឹកញាប់។ ខ្មែរក្រហមបានប្រាប់ថានាំប្ដីរបស់ អ៊ុត ទៅរៀនសូត្របន្ថែម ប៉ុន្តែត្រូវបាននាំយកទៅវាយសម្លាប់ចោលទៅវិញ។
ឈ្មោះ ម៉ៅ អ៊ុត[1] ភេទស្រី អាយុ៧៨ឆ្នាំ។ សព្វថ្ងៃ អ៊ុត រស់នៅជាមួយកូនប្រុសពៅ និងជួយមើលថែចៅៗ។ អ៊ុត មានស្រុកកំណើតនៅក្នុងភូមិចំការចេកខាងជើង ឃុំផ្ទះព្រៃ ស្រុកសំពៅមាស(បច្ចុប្បន្ន ក្រុងពោធិ៍សាត់) ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន អ៊ុត រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុករបស់ អ៊ុត ឈ្មោះ អ៊ុត លុយ (ស្លាប់) និងម្ដាយឈ្មោះ ទូច អៃ (ស្លាប់)។ អ៊ុត មានបងប្អូនបង្កើតចំនួន៣នាក់ (ស្រី)ហើយ អ៊ុត ជាកូនច្បងក្នុងគ្រួសារ។ កូនទីពីរឈ្មោះ អ៊ុត សំអ៊ុន(ស្លាប់) និងទី៣ឈ្មោះ អ៊ុត សំអឿន។ ស្វាមីរបស់ អ៊ុត ឈ្មោះ ឈឹម បិត (ស្លាប់) ក្នុងជំនាន់ ប៉ុល ពត។ អ៊ុត មានកូនចំនួន២នាក់ (ស្រីម្នាក់)និងមានកូនប្រុសឈ្មោះ អ៊ុត ជ្រឹង។ កូនស្រីរបស់ អ៊ុត បានស្លាប់បាត់បង់ជីវិតក្នុងរបប ប៉ុល ពត ។
កាលនៅវ័យកុមារឪពុករបស់ អ៊ុត ជាមន្រ្តីប៉ូលិសយាមប្រចាំការនៅមាត់ទ្វាពន្ធធនាគារ ខេត្តពោធិ៍សាត់។ ក្រៅពីយាមទ្វាឪពុករបស់ អ៊ុត ត្រូវបានមេបញ្ជាឲ្យទៅកាត់ស្មៅ និងបាញ់ទឹកសម្អាតនៅទីធ្លាក្នុងផ្ទះរបស់ចៅហ្វាយខេត្តពោធិ៍សាត់ និងអ្នកមានឋានៈធំៗ ក្នុងសម័យសង្គមរាស្រ្តនិយម។ ចំណែកម្ដាយរបស់ អ៊ុត ប្រកបមុខរបរធ្វើស្រែចម្ការ, ដាំបន្លែជុំវិញផ្ទះដូចជា ត្រសក់ និងសណ្ដែក បន្តិចបន្តួចយកទៅលក់នៅផ្សារពោធិ៍សាត់។ ក្រៅពីមុខរបរធ្វើស្រែ និងដាំបន្លែលក់ ម្ដាយរបស់ អ៊ុត បានចិញ្ចឹមសត្វគោ និងសត្វជ្រូក។ ក្នុងពេលជាមួយគ្នា អ៊ុត បានចូលរៀនសូត្រនៅសាលាបឋមសិក្សាពោធិ៍សាត់ បានត្រឹមថ្នាក់ទី១០(សម័យសង្គមចាស់)។ អតីតសាលាបឋមសិក្សាពោធិ៍សាត់(បច្ចុប្បន្នមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់)។ អ៊ុត អាចអានអក្សរ និងចេះសរសេរអក្សរបានបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់ពីឈប់រៀន អ៊ុត បាននៅជួយធ្វើការងារនៅផ្ទះដូចជា ឃ្វាលគោ, ចិញ្ចឹមជ្រូក និងមើលថែប្អូនស្រីពៅ។ បន្ទាប់មក ឪពុករបស់ អ៊ុត បានធ្លាក់ខ្លួនមានជំងឺ រហូតស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីឪពុកបានស្លាប់អស់រយៈពេលប្រហែល៣ខែ ម្ដាយរបស់ អ៊ុត បានឈឺរហូតស្លាប់បាត់បង់ជីវិត ដោយសារជំងឺម្នាក់ទៀត។ ក្រោយឪពុកម្ដាយបានស្លាប់ អ៊ុត ត្រូវរ៉ាប់រងកិច្ចការទាំងឡាយនៅក្នុងផ្ទះ និងមើលថែរក្សាប្អូនៗ។
នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មានយន្តហោះបានបើកមកទម្លាក់គ្រាប់បែកនៅភូមិមួយចំនួននៅក្បែរៗភូមិចំការចេកខាងជើង។ សំឡេងយន្តហោះបានបន្លឺឡើងយ៉ាងកងរំពងពាសពេញភូមិចំការចេកខាងជើង ធ្វើឲ្យ អ៊ុត មានភាពភ័យខ្លាច ទើបបាននាំប្អូនៗរត់ទៅពួនក្នុងត្រង់សេជាមួយសាច់ញាត្តិ និងអ្នកភូមិចំការចេកខាងជើងទាំងអស់។ អ៊ុត បានលួចដាំបាយហូបជាមួយប្អូនៗនៅក្នុងត្រង់សេ និងមិនហ៊ានឲ្យមានផ្សែងហ៊ុយចេញមកខាងក្រៅជាដាច់ខាត។ បន្ទាប់មក បងប្អូនសាច់ញាត្តិបានរៀបចំឲ្យ អ៊ុត រៀបការជាមួយស្វាមីឈ្មោះ ឈឹម បិត ដែលជាទាហានរបស់លោកសេនាប្រមុខ លន់ នល់ ប្រចាំនៅទីរួមខេត្តពោធិ៍សាត់។ ក្នុងពិធីរៀបការគឺ បានរៀបចំតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរដូចមង្គលការបច្ចុប្បន្ននេះ។ អ៊ុត បានស្លៀកសម្លៀកបំពាក់ប្រពៃណី ព្រមទាំងមានការរៀបចំតុ កៅអី មានរោង មានភ្លេង កាំមេរ៉ាថត មានអាចារ្យ មានព្រះសង្ឃ និងរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីរៀបការរួច ប្អូនស្រីទាំងពីរនាក់បានបន្តរស់នៅក្នុងផ្ទះជាមួយ អ៊ុត ហើយ អ៊ុត បានប្រកបមុខរបរលក់ផ្លែឈើព្រៃ ផ្លែភ្ញៀវ, ធ្វើនំខ្មែរ និងស្ងោរដំឡូងយកទៅលក់នៅក្នុងសាលាបឋមសិក្សាពោធិ៍សាត់(បច្ចុប្បន្នផ្សារចាស់ខេត្តពោធិ៍សាត់)។ ចំណែកប្ដីរបស់ អ៊ុត បានចេញទៅយាមនៅរបងសាលាខេត្តពោធិ៍សាត់។ នៅឆ្នាំ១៩៧៣ អ៊ុត សម្រាលបានកូនស្រីម្នាក់។ បន្ទាប់ពីសម្រាលកូនរួច អ៊ុត បានបន្តប្រកបមុខរបរលក់ផ្លែឈើព្រៃ និងលក់នំនៅក្នុងសាលារៀនរហូតដល់ដើមឆ្នាំ១៩៧៥។
ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម ដែលហៅខ្លួនថា(អង្គការ) បានប្រកាសថា សូមឲ្យប្រជាជនចាកចេញពីភូមិចំការចេកខាងជើងរយៈពេលបីថ្ងៃ អង្គការសុំរៀបចំភូមិស្រុកសារឡើងវិញ ចាំត្រឡប់មកវិញ។ បន្ទាប់ពីបានឮការប្រកាស អ៊ុត និងប្អូនស្រីបានរៀបចំសម្លៀកបំពាក់មួយចំនួន ម្ហូបអាហារ និងសម្ភារចាំបាច់បន្តិចបន្តួចច្រកចូលក្នុងបាវ(ការ៉ុង) ព្រមទាំងដឹកគោទៅជាមួយខ្លួន។ មុនពេលចេញដំណើរ អង្គការបានប្រកាសទៀតថា សូមឲ្យប្រជាជនទាំងអស់ធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន។ បន្ទាប់មក ប្ដីរបស់ អ៊ុត បាននាំអ៊ុត កូនស្រី និងប្អូនស្រីទាំងពីរធ្វើដំណើរចេញពីភូមិចំការចេកខាងជើងទៅកាន់ស្រុកកំណើរនៅក្នុងភូមិធ្លក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ដំបូង អ៊ុត កូនស្រី និងប្ដី ព្រមទាំងប្អូនស្រី២នាក់ បានរស់នៅក្នុងផ្ទះជាមួយឪពុកម្ដាយក្មេក។ អង្គការបានចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិមាសប្រាក់ គោក្របី និងរបស់របរផ្សេងៗទៅដាក់រួមជាកម្មសិទ្ធិរបស់អង្គការ ហើយ អ៊ុត និងប្រជាជនមិនមានសិទ្ធិយកប្រើប្រាស់ ឬហូបបានឡើយ។ រយៈពេល១សប្ដាហ៍ក្រោយមក អង្គការបានឲ្យ អ៊ុត កូនស្រី និងប្ដីប្ដូរទៅរស់នៅក្នុងរោងខ្ទមតូចៗដែលអង្គការបានសង់តម្រៀបជាជួរជាមួយប្រជាជនដទៃទៀតនៅក្នុងភូមិធ្លក។ បន្ទាប់មក ប្ដីរបស់ អ៊ុត ត្រូវបានអង្គការចាត់ឲ្យនៅកងនេសាទត្រីក្នុងស្រុកកណ្ដៀង និងចេញទៅនេសាទជារៀងរាល់ថ្ងៃ ដើម្បីយកត្រីមកផ្គត់ផ្គង់ក្នុងសហករណ៍។ រីឯ ប្អូនស្រីទី២ឈ្មោះ ម៉ៅ សំអ៊ុន ត្រូវបានអង្គការចាត់ឲ្យចូលក្នុងកងចល័ត ដោយចល័តទៅធ្វើការងារឆ្ងាយៗពីភូមិធ្លក។ ចំណែកប្អូនស្រីទី៣ ឈ្មោះ ម៉ៅ សំអឿន ត្រូវបានអង្គការចាត់ឲ្យនៅក្នុងកងកុមារធ្វើការងារ រើសអាចម៌គោ កាប់ដើមទន្រ្ទានខេត្រ, កាប់ដីដំបូក ដើម្បីលាយយកទៅធ្វើជាជីដាក់ស្រែក្នុងភូមិធ្លក។ មិនយូរប៉ុន្មាន អ៊ុត សម្រាលបានកូនប្រុសម្នាក់ឈ្មោះ ម៉ៅ ជ្រឹម។ បន្ទាប់ពីសម្រាលកូនបានរយៈពេលប្រហែល១សប្ដាហ៍ អ៊ុត បានឮដំណឹងតាមរយៈអង្គការថា ឲ្យអតីតទាហាន លន់ នល់ ទាំងអស់រៀបចំពាក់ឯកសណ្ឋានរៀងខ្លួនទៅចូលរួមរៀនសូត្របន្ថែម។ បងម្នាក់ឈ្មោះ ម៉ែន អ៊ុន ជាអតីតទាហាន លន់ នល់ ស័ក្កិ៣ និងធ្វើការងារជាមួយប្ដីរបស់ អ៊ុត បានស្លៀកពាក់ឯកសណ្ឋានយ៉ាងស្អាតបាតដើរកាត់មុខផ្ទះរបស់ អ៊ុត រួចចូលប្រាប់ប្ដី អ៊ុត ថា «បិត អើយមិនបាច់ទាន់ទៅរៀនទេ ប្រពន្ធឯងកូនខ្ចី នៅមើលថែប្រពន្ធសិនទៅ ចាំបងទៅមុនដឹងហើយ»។ លុះក្រោយមក អ៊ុត បានឮអ្នកភូមិនិយាយតៗថា អតីតទាហាន លន់ នល់ ទាំងអស់ត្រូវបានបញ្ជូនយកទៅវាយសម្លាប់ចោលនៅទួលពោធិ៍ជ្រៃ(បច្ចុប្បន្នស្ថិតក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់)។ អ៊ុត មិនបានដឹងថាទីតាំងទួលពោធិ៍ជ្រៃនៅឯណានោះឡើយ ប៉ុន្តែក្រោយមក អ៊ុត មិនបានឃើញ ម៉ែន អ៊ុន ត្រឡប់មករស់នៅក្នុងភូមិទៀតនោះទេ។ បន្ទាប់ពីសម្រាកកូនបានរយៈពេល១ខែ អង្គការបានប្រើ អ៊ុត ឲ្យទៅកិនស្រូវ និងរែងអង្ករឲ្យស្អាត។ ក្នុងរយៈពេល១ថ្ងៃ អ៊ុត ខំប្រឹងកិនស្រូវ និងរែងអង្ករបានប្រហែល៣ទៅ៤បាវរហូតដល់ទាស់។ រីឯកូនប្រុស អង្គការបានឲ្យ អ៊ុត យកទៅផ្ញើជាមួយយាយចាស់ៗក្នុងសហករណ៍ ដើម្បីឲ្យ យាយ មើលថែ។ យាយចាស់ៗ ត្រូវបានអង្គការប្រើឲ្យមើលកុមារតូចៗ និងក្រងស្បូវ។ សម្រាប់របបអាហារ អ៊ុត បានហូបបបរក្នុងមួយថ្ងៃបីពេល ប៉ុន្តែ អ៊ុត ហូបមិនបានគ្រប់គ្រាន់នោះទេ ព្រោះបបររាវៗសុទ្ធតែទឹក។ រាល់ពេលប្ដីរបស់ អ៊ុត ត្រឡប់មកពីនេសាទត្រីវិញ តែងតែលួចយកត្រីមកផ្ញើ។ នៅពេលយប់ ប្ដី បានលួចអាំងត្រីឲ្យ អ៊ុត ហូបជាមួយបបរ គ្រាន់បានទឹកដោះបំបៅកូនតូច។ ដោយសារការខ្វះខាតរបបអាហារ និងហូបមិនបានគ្រប់គ្រាន់ កូនស្រីរបស់ អ៊ុត បានស្លាប់បាត់បង់ជីវិត។ បន្ទាប់មក អ៊ុត ត្រូវបានអង្គការចាត់ឲ្យទៅធ្វើស្រែ ដោយចល័តទៅកាន់ភូមិស្យា ក្នុងឃុំស្យា ស្រុកកណ្ដៀង។ អង្គការបានសាងសង់រោងខ្ទមតូចៗសម្រាប់ឲ្យស្នាក់នៅក្បែរស្រែ។ ថ្ងៃមួយ អ៊ុត បានចល័តទៅធ្វើស្រែនៅភូមិកំពង់សំបួរ ក្នុងឃុំស្យា ប្រធានកង(មិនចាំឈ្មោះ) បានប្រាប់ថា ប្អូនស្រីទី២ឈ្មោះ ម៉ៅ សំអ៊ុន បានធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ចូនទៅសម្រាកនៅមន្ទីរពេទ្យ។ នៅពេលបានឮថាប្អូនឈឺ អ៊ុត បារម្ភពីប្អូនស្រីណាស់ ប៉ុន្តែមិនហ៊ានសុំមេកងទៅមើលប្អូនទេ។ លុះក្រោយមក អង្គការបានបញ្ចូន ម៉ៅ អ៊ុន ឲ្យត្រឡប់មកស្នាក់នៅជាមួយ អ៊ុត នៅខ្ទមក្នុងភូមិកំពង់សំបួរ។ ប្អូនស្រីរបស់ អ៊ុត បានធ្លាក់ខ្លួនឈឺដោយសារអង្គការបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរហួសកម្លាំង និងមិនមានអាហារហូបគ្រប់គ្រាន់។ មិនយូរប៉ុន្មាន ប្អូនស្រីរបស់ អ៊ុត បានស្លាប់បាត់បង់ជីវិត។ បន្ទាប់មក អង្គការបានសែងសាកសពប្អូនស្រីរបស់ អ៊ុត ទៅបាត់ ហើយ អ៊ុត មិនបានទៅជូនដំណើរប្អូនជាលើកចុងក្រោយនោះទេ អ៊ុត ត្រូវទៅធ្វើការងារតាមធម្មតា។ នៅពេលប្រជាជនឈឺ អង្គការបានចែកថ្នាំអាចម៌ទន្សាយឲ្យលេប លុះត្រាឈឺមិនអាចទៅធ្វើការងារបាន ទើបអង្គការឲ្យទៅសម្រាកនៅមន្ទីរពេទ្យ។ នៅចុងឆ្នាំ១៩៧៥ អង្គការបាននិយាយថា «ពួកគេស្ដាយក្រោយណាស់ដែលបានយកអ្នកចេះដឹង និងអតីតទាហាន លន់ នល់ មួយចំនួនទៅសម្លាប់ចោល បើទុកអ្នកទាំងនោះឲ្យមានជិវិតរស់នៅ នឹងមានគំនិតល្អក្នុងការអភិវឌ្ឍ បង្កើតបច្ចេកវិទ្យា ដើម្បីបង្កបង្កើនផលស្រូវបានដោយងាយស្រួល »។ បន្ទាប់ពីបានឮអង្គការនិយាយ អ៊ុត មានអារម្មណ៍សប្បាយចិត្តណាស់ ហើយគិតថានឹងមិនមានការសម្លាប់បន្តទៀតនោះទេ ប៉ុន្តែអង្គការ នៅតែបន្តស៊ើបអំពីជីវប្រវត្តិរបស់ អ៊ុត និងក្រុមគ្រួសារស្ទើររៀងរាល់ថ្ងៃ។ ក្រោយមក អង្គការបានជ្រើសរើស ប្ដីរបស់ អ៊ុត និងក្រុមកងនេសាទ ឲ្យទៅរៀនសូត្រ ដើម្បីមានជំនាញអភិវឌ្ឍក្នុងភូមិឃុំបន្តទៀត។ លុះព្រឹកឡើង បងស្រីម្នាក់(មិនចាំឈ្មោះ)បានដើរមកប្រាប់អ៊ុត ថា «អ៊ុត អើយប្ដីរបស់ឯងប្រហែលជាស្លាប់ហើយ ព្រោះខ្ញុំបានឮសំឡេងអង្គការបានវាយមនុស្សសម្លាប់ចោល ហើយមួយចំនួនបានស្រែកឲ្យជួយ មួយចំនួនស្ងាត់បាត់មាត់ឈឹង ហើយ ខ្ញុំ បានឃើញអង្គការជញ្ជូនសាកសពដាក់លើទូកអុំទៅបាត់ មិនដឹងយកទៅទម្លាក់នៅទីណាទេ »។ ក្រោយពេលប្ដីត្រូវបានសម្លាប់ អ៊ុត មានអារម្មណ៍អាណិត និងនឹកស្រណោះប្ដីជាពន់ពេក ព្រោះប្ដីជាមនុស្សល្អ មិនគួរត្រូវបានអង្គការវាយសម្លាប់ដោយបែបនេះទេ។ ដោយខ្លាចអង្គការនឹងស្រាវជ្រាវពីជីវប្រវត្តិបន្តទៀត អ៊ុត បានយករូបថតកាលពីកុមារភាព រូបថតជុំក្រុមគ្រួសារ រូបថតឪពុកជាប៉ូលិសហែកកម្ទេចចោលទាំងអស់ ហើយបន្តរស់នៅដោយភាពភ័យខ្លាច។ អ៊ុត រស់នៅក្នុងភូមិកំពង់សំបួរ បានខិតខំធ្វើការងារ, ដក, ស្ទូង និងច្រូតស្រូវ ដោយភាពអត់ធ្មត់ និងតស៊ូព្យាយាមណាស់។ នៅពេលយប់ អង្គការបានឲ្យ អ៊ុត ធាក់រហាត់ទឹកបញ្ចូលទឹកក្នុងស្រូវទាំងមេឃងងឹតឈឹង មិនមានភ្លើងសម្រាប់បំភ្លឺនោះទេ។ ក្រៅពីការធ្វើស្រែ អ៊ុត ត្រូវបានអង្គការប្រើឲ្យរែកទឹកស្រោចដំណាំនៅជុំវិញផ្ទះ។
ដើមឆ្នាំ១៩៧៩ អ៊ុត បានឃើញកងទ័ពវៀតណាមបានចូលមកក្នុងភូមិកំពង់សំបួរ។ ដោយសារមានភាពភ័យខ្លាច អ៊ុត បាននាំកូនប្រុស និងប្អូនស្រីពៅ រត់តាមប្រជាជនចេញពីភូមិកំពង់សំបួរ ឡើងទៅឃុំកណ្ដៀង រហូតដល់ភូមិកំពង់ក្របី ក្នុងឃុំអន្លង់វិល ស្រុកកណ្ដៀង ហើយ អ៊ុត បាននាំកូនប្រុស និងប្អូនស្រីពៅ ចូលស្នាក់នៅក្នុងផ្ទះប្រជាជនដែលទុកចោលនៅក្នុងភូមិកំពង់ក្របី។ បន្ទាប់មក អ៊ុត បានចេញពីភូមិកំពង់ក្របី ដើរត្រឡប់មកភូមិកំណើតនៅភូមិចំការចេកខាងជើងវិញ ដោយប្រកបមុខរបរលក់បន្លែ និងធ្វើនំលក់នៅចំណតរទេះភ្លើងពោធិ៍សាត់។ រឿងរ៉ាងដែល អ៊ុត បានចងចាំ និងមិនអាចបំភ្លេចបានក្នុងសម័យខ្មែរក្រហមគឺ អ៊ុត ត្រូវបានបាត់បង់ប្ដី កូនស្រី និងប្អូនស្រីជាទីស្រឡាញ់។ អ៊ុត មានការលំបាកខ្លាំង ហូបចុកមិនបានគ្រប់គ្រាន់ ហើយ អ៊ុត តែងតែខិតខំធ្វើការងារយ៉ាងពិបាក ស៊ូទ្រាំរាល់ការលំបាកទាំងឡាយ ដើម្បីគេចឲ្យផុតពីការយកទៅវាយសម្លាប់ចោលដូចប្ដីរបស់ខ្លួន។
អត្ថបទដោយ មឿន ស្រីណុច
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ ម៉ៅ អ៊ុត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។