ម៉ាត់ ឡេះ ខ្មែរក្រហមចោទថាជាកម្លាំង សេ-អ៊ី-អា បង្កប់ក្នុងជួរទ័ពបូព៌ា

ម៉ាត់ ឡេះ[1] ភេទប្រុស គឺជាទាហានពលទោ នៅក្នុងអនុកងធំ១៦, រវ៥៤២, វរសេនាធំ១៥៤ នៃកងពលទី៤។ នៅពេលចាប់ខ្លួន ឡេះ មានអាយុ៣០ឆ្នាំ និងមានស្រុកកំណើតនៅ ភូមិអរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅអាយុ១២ឆ្នាំ ឡេះ មកធ្វើជាកម្មករចម្ការកៅស៊ូ នៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ក្រោយពីធ្វើជាកម្មករ៣ឆ្នាំគាត់បានត្រលប់ទៅខេត្តបាត់ដំបងវិញ។
នៅឆ្នាំ១៩៦៦ ឡេះ ត្រូវបានជ្រើសរើសឲ្យធ្វើជាកងការពារ នៅបន្ទាយជើងក្រហមដើម្បីការពារក្រុងបាត់ដំបង។ ឡេះ ធ្វើជាកងការពារបាន៨ខែបានរត់ចេញពីបន្ទាយទៅនៅជាមួយយាយរបស់គាត់ ឈ្មោះ សាម៉រ ដែលជាកម្មករចម្ការកៅស៊ូ នៅស្រុកមេមត់។ នៅឆ្នាំ១៩៦៨ ឡេះ បានស្គាល់ជាមួយឈ្មោះ រស់, សំអឿន, និងយ៉ា ជាយោធាសក្តិ១។ អ្នកទាំង៣បានណែនាំ ឡេះ ឲ្យចូលធ្វើជាភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក សេ-អ៊ី-អា (CIA) និងឲ្យអនុវត្តប្រមូលកម្លាំងកម្មករក្នុងចម្ការកៅស៊ូឲ្យចូលជាកម្លាំង សេ-អ៊ី-អា។ បន្ទាប់មក ឡេះ បានអូសទាញកម្មករចម្ការកៅស៊ូបាន៤នាក់ ឈ្មោះ ម៉ាន់, ចក់, សុក និងហ៊ីម។
នៅឆ្នាំ១៩៧០ ឡេះ ត្រូវបាន សំអឿន និងយ៉ា ណែនាំឲ្យស្គាល់កម្លាំង សេ-អ៊ី-អា ២នាក់ឈ្មោះសុត អតីតមេឃុំដា និងឈ្មោះ ឡេង សន្តិសុខឃុំដា។ ឡេះ កាន់តែងាយស្រួលពង្រឹងកម្លាំងបន្ថែម។ សុក ក៏បានរាយការណ៍កម្លាំង សេ-អ៊ី-អា ធ្លាប់ជាទាហាន២នាក់ ឈ្មោះហ៊, ជិត និងកម្មករម្នាក់ឈ្មោះខា។ នៅឆ្នាំដដែល ឡេះ បានជួប យ៉ា, សំអឿន និងរស់ ហើយទទួលផែនការដើម្បីបង្កប់ខ្លួនក្នុងចលនាបដិវត្តន៍ខ្មែរក្រហមក្នុងនាមជាភា្នក់ងារសម្ងាត់សហរដ្ឋអាមេរិក សេ-អ៊ី-អា (CIA)។[2] ឡេះ ត្រូវបានអប់រំថាត្រូវខិតខំពង្រឹងកម្លាំង សេ-អ៊ី-អា ឲ្យបានច្រើន និងសកម្មដើម្បីធ្វើសកម្មភាពបំផ្លាញបដិវត្តន៍ក្នុងជួរបដិវត្តន៍។ នៅចុងឆ្នាំ១៩៧០ ឡេះ បានចេញពីចម្ការកៅស៊ូមេមត់ មកនៅជាមួយពូឈ្មោះ លី នៅភូមិសាឡង់១។ នៅឆ្នាំ១៩៧១ ឡេះ បានចូលបង្កប់ខ្លួនក្នុងចលនាខ្មែរក្រហមដោយធ្វើជាឈ្លបភូមិស្តួច ឃុំដា ហើយបានភ្ជាប់កម្លាំង សេ-អ៊ី-អា ជាមួយឈ្មោះ ឡេង, រស់ និងម៉ាន់។ នៅឆ្នាំ១៩៧១ ឡេះ និងរស់ បានទទួលផែនការពីឈ្មោះ ឡេង នៅភូមិសាឡង់១ ឲ្យបន្តពង្រឹងកម្លាំងសេ-អ៊ី-អា និងបំផ្លាញការងារបដិវត្តន៍ក្នុងភូមិស្តួច។ ក្រោយមក ឡេះ បានធ្វើឲ្យបាក់កាំភ្លើងអង្គការបដិវត្តន៍មួយដើម។ ខែមេសា ឆ្នាំ១៩៧២ ឡេះ និងរស់ បានផ្លាស់ប្តូរតួនាទីពីឈ្លបភូមិទៅជាឈ្លបឃុំដា។ នៅឆ្នាំដដែលនោះ ក្នុងឃុំដា ឡេះ និងរស់ បានកសាងកម្លាំង សេ-អ៊ី-អា បានចំនួន៤នាក់ឈ្មោះ សាន ជាសមាជិកសន្តិសុខឃុំដា, ថន ជាប្រធានភូមិ, នាង ជាកសិករ និង ហេង ជាប្រធានកងចល័តឃុំ ហើយ ឡេះ បានឲ្យអ្នកទំាង៤ កសាងកម្លាំង សេ-អ៊ី-អា បន្ថែម។
នៅឆ្នាំ១៩៧២ ឡេះ, រស់, ហេង, ថន, សាន និងនាង បានទទួលផែនការពីឈ្មោះ ឡេង ឲ្យ ស៊ើបការណ៍រកកន្លែងស្នាក់នៅរបស់គណៈស្រុក ដើម្បីរាយការណ៍ឲ្យទាហានចុះវាយ។ នៅចុងឆ្នាំ១៩៧២ ឡេះ និងរស់ ទាក់ទងបានកម្លាំង សេ-អ៊ី-អា ម្នាក់ឈ្មោះ ហឿន ជាមេក្រុមក្នុងវរ៣១ របស់តំបន់២១។ នៅដើមឆ្នាំ១៩៧៣ អង្គការបានផ្លាស់ប្តូរ ឡេះ, រស់ និងហឿន ឲ្យមកនៅក្នុងអង្គភាពយោធាស្រុកមេមត់ តំបន់២១។ នៅខែសីហា ឆ្នាំ១៩៧៣ ឡេះ និងរស់ បានស្គាល់ ឈ្មោះ ខាត់ ប្រធានភូមិដាន្តោល ស្រុកមេមត់ដែលជា កម្លាំង សេ-អ៊ី-អា។ នៅខែធ្នូ ឆ្នាំ១៩៧៣ អង្គការបានផ្លាស់ប្តូរ យោធាស្រុកមេមត់ចំនួន១កងធំឲ្យឡើងមកប្រចាំការ នៅយោធាតំបន់២១។ ឡេះ, រស់ និងហឿន បានឡើងមកជាមួយគ្នាហើយក៏ដាច់ខ្សែរយៈជាមួយឈ្មោះ ឡេង។
នៅដើមឆ្នាំ១៩៧៤ អង្គការប្រកាសបញ្ចូលអង្គភាពរបស់ ឡេះ ទៅក្នុងវរសេនាតូច៣១ របស់តំបន់២១។ ចាប់តាំងពីពេលនោះមក ឡេះ ត្រូវបាន ព្រៀង ជាលេខាវរសេនាតូច៧៥ របស់តំបន់២១ អប់រំថាធ្វើជាកងទ័ពមានសក្តិពាក់, ហ៊ឺហា និងមានប្រាក់ខែចាយ (ព្រៀង ចង់មានន័យថាបដិវត្តន៍មិនល្អព្រោះគ្មានប្រាក់ខែ)។ នៅខែកុម្ភៈ ឆ្នាំ១៩៧៤ ឡេះ បានភ្ជាប់កម្លាំង សេ-អ៊ី-អា ជាមួយឈ្មោះ ព្រៀង ហើយព្រៀងបានណែនាំ ឡេះ ឲ្យស្គាល់កម្លាំង សេ-អ៊ី-អា នៅវរសេនាតូច៧៥ ឈ្មោះ សាម៉ន ជាអនុយោធាកងធំ វរសេនា៣១ និងហ៊ាង ជាសមាជិកកងធំ វរសេនា៣១ រីឯ ឡេះ ក៏បានណែនាំព្រៀង ឲ្យស្គាល់ជាមួយឈ្មោះ ហឿន និងរស់ ដែលជាភ្នាក់ងារ សេ-អ៊ី-អា នៅយោធាតំបន់២១។ នៅពាក់កណ្តាលឆ្នាំ១៩៧៤ ឡេះ, សាម៉ន, ហ៊ាង, រស់ និង ហឿន ត្រូវបាន ព្រៀង អប់រំចលនាយុទ្ធជន-យុទ្ធនារី ឲ្យរត់ចេញពីអង្គភាពត្រលប់ទៅផ្ទះវិញ និងឲ្យដកខ្លួនចេញពីខ្សែត្រៀមពេលខ្មាំងកំពុងវាយប្រយុទ្ធ។ នៅចុងឆ្នាំ១៩៧៤ មានយុទ្ធជន៣នាក់ បានរត់គេចពីសមរភូមិត្រលប់ទៅផ្ទះវិញ។ នៅឆ្នាំដដែលនោះ ឡេះ ត្រូវបានព្រៀងណែនាំឲ្យស្គាល់កម្លាំង សេ-អ៊ី-អា ចំនួន៨នាក់ នៅយោធាតំបន់២១រួមមាន៖ ខុម ជាលេខាវរសេនាតូច៥៥, ចាន់នី ជាប្រធានគមនាគមន៍, ហុន ជាលេខាវរសេនាតូច៧៥ , យុតធ្យា ជាអនុនយោបាយវរសេនាតូច៥៩, សាត ជាអនុលេខាកងវរសេនាធំ, សី ជាសមាជិកកងវរសេនាធំ, សារិន ជាមេក្រុមពិសេសនៅវរសេនាតូច៣១ និង ហាន ជាជំនួយការវរសេនាតូច៥៤២ វរសេនាធំ១៥៤ កងពលទី៤ ភូមិភាគបូព៌ា។ នៅខែមករា ឆ្នាំ១៩៧៥ ឡេះ, ខុន, ព្រៀង, ហុន, ចាន់នី និង យុតធ្យា បានចូលរួមប្រជុំទទួលផែនការពីឈ្មោះ សាត និង សី ដើម្បីកម្ទេចឃ្លាំងគ្រាប់តំបន់២១, ចូលសមរភូមិខ្មាំងរួចរត់ចោលខ្សែត្រៀម និងធ្វើយ៉ាងណាឲ្យយុទ្ធជន-យុទ្ធនារី បាក់ស្មារតីប្រយុទ្ធត្រលប់ទៅផ្ទះវិញ។
នៅខែឧសភា ឆ្នាំ១៩៧៥ ឡេះ និងព្រៀង ទៅធ្វើចម្ការ នៅភូមិពពេល ស្រុកទឹកជ្រៅ វរសេនាតូច៣១ តំបន់២១។ នៅខែកក្កដា ឆ្នាំ១៩៧៥ ឡេះ និងព្រៀង បានធ្វើឲ្យងាប់សន្ទូងចំនួន៣ហិកតាដោយមិនបញ្ចូលទឹក។ នៅខែសីហា ឆ្នាំ១៩៧៥ អង្គការបានដកកងវរសេនាតូច៣១ ឲ្យមកនៅក្នុងកងទ័ព ភូមិភាគបូព៌ា។ ពេលនោះ ឡេះ, ហាន និង ខុម នៅក្នុងកងទ័ពភូមិភាគបូព៌ាដដែល និងទាក់ទងខ្សែចាស់ខ្លួនវិញ។ នៅខែសីហា ឆ្នាំ១៩៧៥ ដដែល ឡេះ, ហាន, ខុម និងហុន បានចូលរួមទទួលផែនការពី ព្រៀង ឲ្យបំផ្លាញស្រូវ។ នៅខែតុលា ឆ្នាំ១៩៧៥ ឡេះ និងហាន បានធ្វើឲ្យខូចគ្រាប់ស្រូវពូជចំនួន២បាវ និងសាបពូជស្រូវដោយមិនបញ្ចូលទឹកក្នុងស្រែ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ អង្គការបានផ្លាស់លេខវរសេនាតូច៣១ មក៥៤២ ហើយប្រកាសចូលទៅក្នុងវរសេនាធំ១៥៤ កងពលទី៤ ភូមិភាគបូព៌ា។ នៅខែធ្នូ ឆ្នាំ១៩៧៥ ឡេះ និង ហុង បានជួប ព្រៀង និងសាត នៅភូមិត្រពាំងឆ្លុះ។ ពេលនោះឈ្មោះ សាត់ បានដាក់ផែនការឲ្យ ឡេះ និងហុន បំផ្លាញឃ្លាំងគ្រាប់រំសេវរបស់អង្គការចោល។ ក្រោយពីដាក់ផែនការរួច សាត បានឧទ្ទេសនាមកម្លាំង សេ-អ៊ី-អា ៥នាក់ នៅយោធាតំបន់២១ ដែលមាន ភាក់ ក្តី ជាអនុយោធាវរសេនាតូច៥៥, សំ អុល ជាលេខាកងធំ នៅវរសេនាតូច៥៥, វណ្ណា ជាប្រធានយោធាកងធំ នៅវរសេនាតូច៥៥, សាន ជាលេខាវរសេនាតូច៥៩, ឈឿន ជាអនុវរសេនាតូច៥៩, ណូ ជាអនុយោធាកងធំ នៅវរសេនាតូច៥៩ និង សាវ៉ាន់ ជាប្រធានកងពិសេស។
នៅខែមករា ឆ្នាំ១៩៧៦ ឡេះ ត្រូវបានយោធាភូមិភាគបូព៌ា បញ្ជូនឲ្យទៅរៀនវគ្គនយោបាយ និងបច្ចេកទេសយោធា នៅក្រុងព្រៃវែង រយៈពេល៥ខែ។ ពេលនោះ ឡេះ បានដាច់ខ្សែរយៈជាមួយកម្លាំង សេ-អ៊ី-អា។ នៅខែមិថុនា ឆ្នាំ១៩៧៦ អង្គភាពរបស់ ឡេះ ជួសជុលផ្លូវជាតិលេខ៧ ត្រង់ភូមិបត់តាលា។ ឡេះ បានជួបជាមួយ ព្រៀង ដើម្បីទទួលផែនការឲ្យបំផ្លាញថ្នល់ជាតិដោយធ្វើឲ្យរបើកថ្នល់, ស្រុតថ្នល់ និងបំផ្លាញកៅស៊ូចាក់ថ្នល់ ជាដើម។ នៅខែកក្កដា ឆ្នាំ១៩៧៦ នៅភូមិបត់តាលា ឡេះ បានជួបជាមួយ ផន ជាលេខាកងពលទី៤ និង សារ៉េត ជាលេខាវរសេនាធំ១៥៥ កងពលទី៤ ហើយអ្នកទាំង២បានអប់រំ ឡេះ ថាធ្វើបដិវត្តន៍គ្មានទទួលបានប្រាក់ខែ និងប្រទេសគ្មានទីផ្សារ។ បន្ទាប់មក ឡេះ ត្រូវបាន ព្រៀង ណែនាំគាត់ឲ្យធ្វើតាម ផន ព្រោះ ផន គឺជាកម្លាំង សេ-អ៊ី-អា ដែលអាចជឿទុកចិត្តបាន។ នៅខែសីហា ឆ្នាំ១៩៧៨ ឡេះ បានទទួលបញ្ជាពី ផន ឲ្យបំផ្លាញឡានរូឡូ (ឡានកិនបង្ហាប់ថ្ម និងដី), ធ្វើផ្លូវគ្មានគុណភាព និងដុតបំផ្លាញកៅស៊ូចាក់ថ្នល់ជាដើម។ ឡេះ ត្រូវបាន ផន ណែនាំឲ្យស្គាល់ សារ៉េត ដែលជាកម្លាំង សេ-អ៊ី-អា នៅក្នុងការដ្ឋានធ្វើផ្លូវ។ ក្រោយមក ឡេះ បានធ្វើឲ្យឆេះកៅស៊ូចាក់ថ្នល់អស់២ធុង នៅភូមិស្ទឹង។
នៅខែតុលា ឆ្នាំ១៩៧៦ ឡេះ បានបើកឡានរូឡូបង្ហាប់ដីកិនយុទ្ធជនម្នាក់ឈ្មោះ ភី រុំ បណ្តាលឲ្យស្លាប់។ នៅខែមករា ឆ្នាំ១៩៧៧ ឡេះ និងហាន ធ្វើឲ្យបែកធុងទឹកឡានរូឡូកិនដី។ នៅខែកុម្ភៈ ឆ្នាំ១៩៧៧ ឡេះ បានជួបជាមួយ ខុម នៅវាលស្រែកោងកាង ហើយ ឡេះ បានដាក់ផែនការឲ្យ ខុម បំផ្លាញឧបករណ៍ធ្វើស្រែ និងដុតកម្ទេចឃ្លាំងគ្រាប់កំាភ្លើងរបស់អង្គការ។ នៅខែកុម្ភៈ ឆ្នាំ១៩៧៧ ឡេះ និងហាន បានធ្វើឲ្យឆេះឌីណាម៉ូម៉ាស៊ីនឡានកិនដី នៅភូមិហួច។ នៅខែមីនា ឆ្នាំ១៩៧៧ ក្នុងភូមិឡ ឡេះ បានជួប សារ៉េត ដើម្បីអនុវត្តផែនការដុតកម្ទេចឡធ្បូង នៅភូមិឡ។ នៅខែសីហា ឆ្នាំ១៩៧៧ ឡេះ បានធ្វើឲ្យខូចស្រូវមួយហិកតា ដោយច្រូតហើយមិនយកទុកធ្វើឲ្យស្រូវទទឹកភ្លៀងដុះផ្សិត។ នៅខែកញ្ញា ឆ្នាំ១៩៧៧ អង្គភាពរបស់ ឡេះ បានចុះទៅសមរភូមិស្រុកតាមូង ហើយនៅខែតុលា ឆ្នាំ១៩៧៧ ឡេះ ត្រូវរបួសក្នុងសមរភូមិជាមួយកងទ័ពវៀតណាម។ ឡេះ ត្រូវបានបញ្ជូនទៅសម្រាកនៅពេទ្យព២ ភូមិភាគបូព៌ា រយៈពេល២០ថ្ងៃ ហើយពេទ្យបញ្ជូនទៅពេទ្យព១៧ភ្នំពេញ ។ នៅខែធ្នូ ឆ្នាំ១៩៧៧ ឡេះ ត្រូវបានប្តូរទៅសម្រាកពេទ្យព៤ភ្នំពេញវិញ។
នៅខែមករា ឆ្នាំ១៩៧៨ នៅមន្ទីរពេទ្យ ឡេះ បានស្គាល់ជាមួយ ផន ប្រធានកងពិសេសរបស់វរសេនាធំ កងពលទី៣។ ឡេះ បានអូសទាញ ផន ឲ្យធ្វើជាកម្លាំង សេ-អ៊ី-អា បង្កប់ក្នុងមន្ទីរពេទ្យដោយឲ្យតាមដានពេទ្យខូចសីលធម៌ ហើយប្រកាសប្រាប់អ្នកជំងឺឲ្យមកមើល ដើម្បីបង្កើតការជ្រួលច្របល់នៅក្នុងពេទ្យព៤ ជំរុញឲ្យបរាជ័យបដិវត្តន៍ខ្មែរក្រហម។ នៅខែមករា ឆ្នាំ១៩៧៨ ឡេះ និយាយវាយប្រហារពេទ្យថា បានទុកអ្នកជំងឺត្រូវរបួសដែលបញ្ជូនពីសមរភូមិប្រយុទ្ធជាមួយទាហានវៀតណាមដូចអ្នកជំងឺធ្លាក់ពីលើចុងឈើ (ការនិយាយនេះនាំឲ្យអង្គការសង្ស័យថាគាត់ជាកម្លាំង សេ-អ៊ី-អា)។ នៅថ្ងៃទី២៧ ខែមករាឆ្នាំ១៩៧៨ ឡេះ ត្រូវបានអង្គការចាប់ខ្លួន។
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារលេខ (D02661) ស្តីពីចម្លើយសារភាពរបស់ ម៉ាត់ ឡេះ ជាទាហានពលទោ នៅក្នុងអនុកងធំ១៦, រវ៥៤២, វរសេនាធំ១៥៤ នៃកងពលទី៤។ ចម្លើយសារភាពរបស់ ឡេះ មានចំនួន៤៦សន្លឹក ត្រូវបានសួរដោយឆ្មាំមន្ទីរសន្តិសុខ ទួលស្លែង (ស-២១) ឈ្មោះ សួរ ហុង និង ឈុន និងចុះហត្ថលេខាដោយ ឡេះ ផ្ទាល់។ ចម្លើយសារភាពធ្វើឡើងដោយក្នុងរបបខ្មែរក្រហមមិនអាចចាត់ទុកថាត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះធ្វើឡើងដោយការបង្ខិតបង្ខំ និងការធ្វើទារុណកម្ម។
[2] ឯកសារD427 ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទំព័រទី២៩៩ កថាខណ្ឌទី៩២១ សរសេរថា “នៅពេលចូលខ្លួនដំបូងនៅចំពោះមុខសហចៅក្រមស៊ើបអង្កេត នួន ជា និយាយថា ភ្នាក់ងារសេ-អ៊ី-អា (CIA) អាមេរិក, កា-ហ្សេ-បេ (KGB) សូវៀត, ខ្មែរសេរី ភ្នាក់ងារសម្ងាត់វៀតណាមក៏មាន ហើយភ្នាក់ងារនេះមានបង្កប់ខ្លួននៅក្នុងបក្ស និងចំណោមប្រជាជន សហករណ៍យើងខ្ញុំ ហើយធ្វើឲ្យមាគ៌ាបក្ស «ឆៅ» និង«ខ្មោច» និងបំផ្លាញប្រទេសជាតិឯង បក្ស និងប្រជាជន”។