ម៉ា យឿន៖ អតីតពេទ្យឆ្មប

ម៉ា យឿន រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅក្នុងឆ្នាំ១៩៧៧ យឿន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលជាបុគ្គលិកពេទ្យឆ្មប​​​​​​​​ ប្រចាំនៅឃុំតាំងក្រួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម៉ា យឿន[1] ភេទស្រី អាយុ៦៥ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ មានស្រុកកំណើតនៅភូមិតាសាល ឃុំតាសាល ស្រុកភ្នំស្រួច ខេតុ្តកំពងស្ពឺ។ បច្ចុប្បន្ន យឿន រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យឿន មានឪពុកឈ្មោះ ម៉ា អ៊រ (ស្លាប់) និងម្ដាយឈ្មោះ ពុធ មុជ (ស្លាប់)។  យឿន មានបងប្អូនស្រីចំនួន៣នាក់។ យឿន ជាកូនពៅក្នុងគ្រួសារ។ យឿន បានផ្លាស់ទីលំនៅមករស់នៅក្នុងភូមិផ្ចឹកជ្រុំ តាំងពីឆ្នាំ១៩៩៨ ដើម្បីប្រកបរបររកស៊ីជាមួយប្ដី។ ចំណែកឯបងៗ២នាក់ទៀតរស់នៅក្នុងខេត្តកំពង់ស្ពឺ។ ប្ដីរបស់ យឿនទី១ ឈ្មោះ នៅ ជឹម ជាអតីតកងទ័ពខ្មែរក្រហម(ស្លាប់) ក្នុងឆ្នាំ១៩៨០ ដោយសារត្រូវគ្រាប់នៅក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ប្ដីទី២ ឈ្មោះ ម៉ក់ តន (ស្លាប់) ដោយសារមានជំងឺនាពេលបច្ចុប្បន្ននេះ។ យឿន មានកូនចំនួន៥នាក់ (ស្រីម្នាក់ និងប្រុស៤នាក់) កូនស្រីជាមួយប្ដីទី១។

នៅវ័យកុមារ យឿន រស់នៅជួបជុំជាមួយឪពុកម្ដាយនៅក្នុង ភូមិតាសាល។ គ្រួសាររបស់ យឿន តែងតែប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ យឿន មិនដែលបានចូលរៀនសូត្រនោះទេ ដោយសារឪពុកម្ដាយមានជីវភាពខ្វះខាតខ្លាំង។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីដំណែង។ ប្រជាជននៅក្នុងភូមិតាសាល ប្រកបរបររកស៊ីតាមធម្មតាមិនមានអ្វីប្រែប្រួលនោះទេ។ នៅក្នុងឆ្នាំ១៩៧៣ សង្គ្រាមស៊ីវិលរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមបានចាប់ផ្ដើមកើតមានឡើង បានធ្វើប្រជាជនមានការជ្រួលច្របល់ជាខ្លាំងដោយសារការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិក ដែលគាំទ្រដោយ លោក សេនាប្រមុខ លន់ នល់ ។  យន្តហោះអាមេរិកបានមកទម្លាក់គ្រាប់​បែកពាសពេញភូមិធ្វើឲ្យប្រជាជនទាំងអស់មានភាពភ័យខ្លាចជាខ្លាំង ទើបនាំគ្នារត់គេចខ្លួន និងជីកត្រង់សេសម្រាប់លាក់ខ្លួន ហើយប្រជាជនមួយចំនួនទៀតបានរត់ទៅពួនសំងំនៅក្នុងព្រៃ។ យឿន និងគ្រួសារបាននាំគ្នាជីកត្រង់សេនៅតាមព្រៃក្បែរៗផ្ទះ ដើម្បីលាក់ខ្លួន និងប្រមែប្រមូលទ្រព្យសម្បត្តិសំខាន់ៗមួយចំនួនយកទៅតាមខ្លួន។ ក្រោយពេលស្ងប់ស្ងាត់ពីការទម្លាក់គ្រាប់បែក ឪពុកម្ដាយរបស់ យឿន និងប្រជាជនដដៃទៀតបាននាំគ្នាធ្វើដំណើរត្រឡប់មករស់នៅតាមផ្ទះរៀងៗខ្លួនវិញ និងនាំគ្នាប្រកបរបរធ្វើស្រែចម្ការតាមធម្មតា។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះលើទាហានសាធារណរដ្ឋខ្មែរទាំងស្រុង។ នៅក្នុងភូមិតាសាល ចាប់ផ្ដើមមានការបង្កើតជាសហករណ៍ និងប្រមែប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ដាក់រួមគ្នា។ ខ្មែរក្រហមបានលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណ និងប្រើឲ្យប្រជាជនទាំងអស់ធ្វើការងាររួមគ្នា ហូបរួមគ្នា និងស្នាក់នៅតាមផ្ទះរៀងៗខ្លួនដោយមិនមានការរើសអើងវណ្ណៈ ពណ៌សម្បុរចំពោះអ្នកមាន និងអ្នកក្រឡើយ គឺត្រូវធ្វើការងារស្មើៗគ្នាទាំងអស់។ យឿន មានអាយុប្រហែល១៥ឆ្នាំ ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារនៅក្នុងកងចល័ត។ ចំណែកឪពុកម្ដាយរបស់ យឿន ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារនៅក្នុងកងចល័តដូចគ្នា។ ជារៀងរាល់ថ្ងៃ យឿន​ តែងតែជីកប្រឡាយ រែកដី ជាប្រចាំនៅក្នុងភូមិភូមិតាសាល។ ក្នុងមួយថ្ងៃ ខ្មែរក្រហមកំណត់ឲ្យប្រជាជនទាំងអស់ត្រូវធ្វើការងារចំនួន៨ម៉ោង ដោយចូលធ្វើការចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបសម្រាកហូបបបរ ឬបាយជាមួយសម្លម្ជូរព្រលិត ឬម្ជូរត្រកួន ម៉ោង១ ត្រូវចូលធ្វើការងារបន្តរហូតដល់ម៉ោង៥ល្ងាច ទើបបានសម្រាកទៅតាមផ្ទះរៀងៗខ្លួន។ ស្របពេលជាមួយគ្នា  យឿន មានការពិបាកក្នុងការហូបរួមគ្នាណាស់ ពីព្រោះសម្លគ្មានជីវជាតិ និងគ្មានត្រីសាច់គ្រប់គ្រាន់សម្រាប់ស្លឲ្យប្រជាជនហូបនោះទេ។ យឿន ត្រូវបង្ខំចិត្តហូបទោះបីសម្លមិនមានរសជាតិអ្វីក៏ដោយ ព្រោះចង់មានជីវិតរស់នៅបន្ត។ នៅក្នុងមួយកងចល័តមានប្រជាជនប្រហែល១០០នាក់ដែលធ្វើការងាររួមជាមួយ យឿន ប្រជាជនទាំងអស់ត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលខ្មែរក្រហមបានកំណត់ឲ្យ បើមិនមានសម្លៀកបំពាក់ពណ៌ខ្មៅទេ ត្រូវយកទៅជាន់ជាមួយភក់ ឬជ្រលក់ជាមួយដើមផ្ចឹក និងផ្លែម៉ាកក្លឿ ដើម្បីទទួលបានពណ៌ខ្មៅ។

នៅក្នុងឆ្នាំ១៩៧៦ យឿន និងឪពុកម្ដាយធ្វើការងារនៅក្នុងកងចល័តនៅក្នុង ភូមិតាសាល ដដែលមិនមានការផ្លាស់ប្ដូរនោះទេ។ សម្រាប់អាហារហូបចុកកាន់តែខ្វះខាត ពីមួយឆ្នាំទៅមួយឆ្នាំ រហូតឈានដល់ការហូបបបរអង្ករមួយកំប៉ុងហូបគ្នាចំនួន៣០នាក់។ ក្នុងមួយថ្ងៃ យឿន ទទួលបានគ្រាប់អង្ករពីទៅបីគ្រាប់ប៉ុណ្ណោះចូលក្នុងពោះ។

នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជ្រើសរើសក្រុមនារីកងចល័តចំនួន១០នាក់ ឲ្យទៅធ្វើជាពេទ្យឆ្មប ហើយ យឿន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាពេទ្យឆ្មប។ យឿន មិនហ៊ានបដិសេដជាមួយខ្មែរក្រហមនោះទេ ព្រោះខ្លាចខ្មែរក្រហមយកទៅកសាង(សម្លាប់)។ យឿន និងនារីកងចល័តចំនួន៩នាក់ទៀតបាននាំគ្នាធ្វើដំណើរទៅ ឃុំតាំងក្រួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីទទួលបានការបណ្តុះបណ្តាល​វិជ្ជាជីវផ្នែកពេទ្យឆ្មប។ ដំបូងប្រធានពេទ្យឆ្មបម្នាក់ឈ្មោះ រ៉ន ភេទស្រីបានបង្រៀន យឿន ឲ្យចេះពីរបៀប ចាក់ថ្នាំ សម្រាលកូន​ និងរៀនផ្សំថ្នាំបន្តិចបន្តួច ដើម្បីផ្ដល់ជូនស្រ្ដីដែលទើបសម្រាលកូនរួច។ បន្ទាប់មក យឿន រៀនជំនាញពេទ្យឆ្មបបានរយៈពេល៣ខែ បង រ៉ន (ប្រធានពេទ្យឆ្មប)បានចាប់ផ្ដើមឲ្យ យឿន ចូលជួយគ្រូពេទ្យឆ្មបចាស់ដែលមានបទពិសោធន៍សម្រាលកូនជូនប្រជាជន ហើយ យឿន មានតួនាទីជាជំនួយការក្នុងការជួយ ហុចម្ជុល ឬកន្ត្រៃ ឲ្យពេទ្យឆ្មប ។ យឿន បែកចេញពីឪពុកម្ដាយមករហូតមិនដែលបានជួបគ្នានោះទេ។

នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមករំដោះប្រទេសកម្ពុជា។ បន្ទាប់បានឮដំណឹង យឿន បានរត់ចេញពីឃុំតាំងក្រួច ទៅរកឪពុកម្ដាយនៅក្នុងភូមិតាសាល ឃុំតាសាលវិញ។ ក្រោយពេលកងទ័ពវៀតណាមរំដោះប្រទេសបានប្រហែលរយៈពេល៥ខែ យឿន ត្រូវបានម្ដាយឪពុកផ្សំផ្គុំឲ្យរៀបការជាមួយប្ដីឈ្មោះ នៅ ជឹម ។ ក្រោយពេលរៀបការរួច យឿន និងប្ដីនាំគ្នាប្រកបរបរធ្វើស្រែចម្ការនៅក្នុងភូមិតាសាល។ ក្រោយពេលរៀបការបានរយៈពេលមួយឆ្នាំ យឿន សម្រាលបានកូនស្រីម្នាក់ ប៉ុន្តែប្ដីរបស់ យឿន មិនបាននៅមើលថែ យឿន និងកូនទេ ព្រោះប្ដីបានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិជាមួយកងទ័ពវៀតណាម។ រយៈពេល៣ខែក្រោយ យឿន បានទទួលដំណឹងពីអ្នកជិតខាងថា ប្ដីបានស្លាប់បាត់បង់ជីវិតនៅក្នុងសមរភូមិបាត់ទៅហើយ​​​​​​។ នៅក្នុងឆ្នាំ១៩៩៧ យឿន បានរៀបការជាមួយប្ដីទី២ ឈ្មោះ ម៉ក់ តន។ ក្រោយពេលរៀបការបានរយៈពេល១ឆ្នាំ យឿន ជាមួយប្ដីបាននាំគ្នាផ្លាស់ទីលំនៅមករស់នៅក្នុងភូមិផ្ចឹកជ្រុំ ប្រកបរបរធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដោយ ឡំា ស្រីនីត


[1] ឡាំ ស្រីនីត សម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ម៉ា យឿន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin