ចម្លើយសារភាព លេខាតំបន់២២ មាស ឈួន ហៅ ឈាន

នៅក្នុងសកម្មភាពក្បត់របស់ ឈាន បានរៀបរាប់ពីផែនការបញ្ជារបស់ សោ ភឹម លេខាភូមិភាគបូព៌ា ក្នុងការរៀបគម្រោងតាមវិធីឈ្លបសម្លាប់ ប៉ុល ពត ជានាយករដ្ឋមន្រ្តី និងនួន ជា ជាប្រធានរដ្ឋសភា ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ឈាន បានឆ្លើយក្នុងចម្លើយសារភាពថាគាត់ និងកម្មាភិបាលដទៃទៀតបានធ្វើសកម្មភាពសម្ងាត់ប្រឆាំងបដិវត្ដន៍តាំងពីមុនរបបខ្មែរក្រហម រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៨ ពេលអង្គការចាប់ខ្លួន។ ខាងក្រោមនេះជាចម្លើយសារភាពចំនួន១៦ទំព័ររបស់ ឈាន៖
មាស ឈួន ហៅ ឈាន[1] ជាលេខាតំបន់២២ ភូមិភាគបូព៌ា មានអាយុ៥២ឆ្នាំ។ ឈាន កើតនៅភូមិក្បាលជ្រូក ឃុំគគីសោម ស្រុករំដួល ខេត្ដស្វាយរៀង។ នៅឆ្នាំ១៩៤៦ ឈាន ជាសេនាជនភូមិក្បាលជ្រូក។ នៅឆ្នាំ១៩៤៨ ឈាន ត្រូវបានឈ្មោះ ទុំ គិមហេង ជាចៅហ្វាយខេត្តស្វាយរៀង នាំឲ្យចូលគណៈបក្សនាងគង្ហឹង របស់ លន់ នល់ ដោយទទួលបានប្រាប់ខែចំនួន១៥០០រៀល។ នៅចុងឆ្នាំ១៩៤៨ ឈាន បានជួបជាមួយឈ្មោះ សូ ដែលជាទាហាន និងជាគិញរបស់ឈ្មោះ ម៉ូវីសរ៉ា ជាទាហានសក្តិ៣ (ជនជាតិបារាំងកាត់វៀតណាម) នៅប្រចាំការតំបន់កំពង់ត្រាច។ នៅឆ្នាំដដែលឈ្មោះ សូ បានឡើងធ្វើជាស្មៀនឃុំ និងឈ្មោះ អ៊ុក ហុក ជាលេខាឃុំគគីសោម នៅស្រុករំដួល ខេត្តស្វាយរៀង។ ក្រោយមក ហុក បានធ្វើជាគណៈទាក់ទងរបស់មជ្ឈិមបក្សវៀតណាម។
នៅឆ្នាំ១៩៥៣ ឈាន ទៅធ្វើការជាកងការពារឲ្យឈ្មោះ ហាយ អ៊ុក លេខាស្រុកចូវថាញ់ នៅប្រទេសវៀតណាម ហើយ អ៊ុក បានណែនាំ ឈាន ឲ្យចូលបក្សកុម្មុយនីស្តឥណ្ឌូចិនដែលមាន៣ប្រទេស(កម្ពុជា វៀតណាម និងឡាវ)។ នៅខែមីថុនា ឆ្នាំដដែល ឈាន ត្រូវបានថ្នាក់លើប្តូរការងារទៅធ្វើជាមួយឈ្មោះ កែវ អាន លេខាខេត្តស្វាយរៀង ហើយបន្ទាប់មកគាត់ត្រូវផ្លាស់ប្តូរឲ្យធ្វើជានីរសាររបស់អាចារ្យ សៀង និង កែវ មាស នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៥៧ ក្នុងទីក្រុងភ្នំពេញ ឈាន ត្រូវបាន កែវ មាស ឲ្យទៅរៀនសូត្រជាមួយអាចារ្យ សៀង។ នៅពេលនោះហើយដែល ឈាន ត្រូវបាន មាស និងអាចារ្យ សៀង អប់រំថាធ្វើជាកម្លាំងបង្កប់សេ-អ៊ី-អា មានជីវិតរស់ស្រួល ប៉ុន្តែកម្លាំងបង្កប់នេះត្រូវតែដើរឲ្យស្របជាមួយអ្នកកាន់អំណាច។ នៅចុងឆ្នាំ១៩៥៧ ឈាន បានជួបជាមួយអាចារ្យ សៀង ម្តងទៀត ហើយពេលនោះអាចារ្យ សៀង ធ្វើជាលេខាភូមិភាគឦសាន។ នៅឆ្នាំដដែល ឈាន ត្រូវបានឈ្មោះ ផន លេខាស្រុកកំពង់រោទិ៍ បញ្ជូលក្នុងកម្លាំងបង្កប់សេ-អ៊ី-អា និងទទួលបន្ទុកអនុវត្តផែនការជាជនបង្កប់ដើម្បីបំផ្លាញបដិវត្តន៍តាមគ្រប់វិធី។ នៅឆ្នាំ១៩៥៩ កែវ អាន ដែលមានទំនាក់ទំនងជាមួយ សៀវ ហេង ត្រូវបានអង្គការដឹងថាក្បត់ ហើយអង្គការបានផ្តាច់ទំនាក់ទំនងជាមួយ កែវ អាន ដូច្នេះ ឈាន ក៏ដាច់ការទាក់ទងជាមួយបដិវត្តន៍ដែរ។
នៅចុងឆ្នាំដដែល ឈាន ត្រូវបានអាចារ្យ សៀង, សាខន និងសូ ជាលេខាតំបន់២៣ (ខេត្តស្វាយរៀង) ភ្ជាប់ខ្សែបដិវត្តន៍ឡើងវិញ។ នៅឆ្នាំ១៩៦១ ឈាន ត្រូវបានតែងតាំងជាអនុលេខា និងសាខន ជាលេខាស្រុករំដួល។ នៅឆ្នាំ១៩៦៦ ឈាន និងសាខន ទៅរៀនជាមួយអាចារ្យ សៀង នៅជំរំផ្អាវ ស្ថិតនៅក្នុងព្រៃត្រពាំងរមាំង ឃុំចាក់ច្រាស់ ស្រុកចូវថាញ់ ក្រោមការឧបត្ថម្ភរបស់ឈ្មោះ ជីវ លេខឃុំចាក់ចា្រស់ដែលជាជនជាតិវៀតណាម។ ខ្លឹមសារនៃវគ្គរៀនសូត្រគឺត្រូវបំផុតរកកម្លាំងសេ-អ៊ី-អា បន្ថែមក្រោមរូបភាពយកបដិវត្តន៍បំផ្លាញបដិវត្តន៍។ បន្ទាប់មក ឈាន ត្រូវអង្គការតែងតាំងជាលេខាស្រុករំដួល, សូ ជាលេខាស្រុកកំពង់រោទិ៍ និងសាខន ជាលេខាតំបន់២៣។ អ្នកទាំងបីមានភារកិច្ចត្រូវទាក់ទងជាប្រចាំជាមួយឈ្មោះ សាវ ប៊ួ ជាស្មៀនខេត្តតាយនិញ ប្រទេសវៀតណាម។ នៅឆ្នាំ១៩៦៩ ថ្នាក់ដឹកនាំភូមិភាគបូព៌ាបានប្រាប់ ឈាន ថាឧត្តមសេនីយ៍ លន់ នល់ ជិតធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម។ ដូច្នេះភូមិភាគបូព៌ា បានប្រាប់ឲ្យ ឈាន ប្រុងប្រៀបត្រៀមកម្លាំង។ ទិសដៅរបស់កម្លាំងក្បត់របស់ ឈាន ជារូបភាពបដិវត្តន៍ប៉ុន្តែមិនមែនជាអ្នកបដិវវត្តន៍ទេជាខ្សែសម្ងាត់បែកចេញពីបក្សកុម្មុយនីស្តកម្ពុជាដោយទៅពឹងផ្អែកវៀតណាមព្រោះវៀតណាមមានកងទ័ពច្រើន និងមានអាវុធសម្បូរបែបក្នុងការផ្តួលរំលំរបបខ្មែរក្រហម។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឈាន ត្រូវបាន សាវបួ និងហាយថាំង លេខាខេត្តតាយនិញណែនាំឲ្យជួយឧបត្ថម្ភស្បៀងអាហារដល់កងទ័ពវៀតណាមនៅព្រំដែន។ នៅឆ្នាំ១៩៧១ ឈាន បានទាក់ទងជាមួយឈ្មោះ ហែម កេតសាណា ជាចៅហ្វាយខេត្តស្វាយរៀងតាមការណែនាំរបស់ សាខន ជាលេខាតំបន់២៣។ នៅខែមិថុនា ឆ្នាំ១៩៧១ ឈាន ត្រូវបានផ្លាស់ប្តូរជាលេខាតំបន់២៣ ហើយ សាខន ត្រូវបានផ្លាស់ប្តូរទៅកាន់ទ័ពនៅភូមិភាគបូព៌ាវិញ។ នៅខែកក្កដា ឆ្នាំ១៩៧២ ឈាន[2] ត្រូវបានដកតំណែងពីលេខាតំបន់២៣ ហើយអង្គការបានចាត់តាំងឈ្មោះ សូ ធ្វើជាលេខាតំបន់២៣ជំនួស។ ក្រោយពីការដកតំណែង ឈាន បានមករស់នៅភូមិទួលក្រូច ឃុំត្រពាំងស្តៅ ស្រុករមាសហែកវិញ។ អំឡុងពេលនេះ ឈាន នៅតែជាកម្លាំងសេ-អ៊ី-អា ដដែលដោយភ្ជាប់ខ្សែក្បត់ជាមួយឈ្មោះ សាមិត ជាលេខាស្រុកមានជ័យថ្មី និងឈ្មោះ ទឺងា ប្រធានបច្ចេកទេសពេទ្យ ខេត្តតៃនិញ ហើយ ទឺងា បានហៅ ឈាន ឲ្យទៅធ្វើការនៅខេត្តតាយនិញវិញ។ នៅខែមិថុនា ឆ្នាំ១៩៧៣ ឈាន ត្រូវឈូក ជាលេខាតំបន់២៤ ប្រាប់ឲ្យឡើងទៅភូមិភាគបូព៌ាដើម្បីជួបជាមួយ “មេក្បត់ខ្ញុំ” (ឈានចង់សំដៅទៅដល់ឈ្មោះ សោ ភឹម ដែលជាលេខាភូមិភាគបូព៌ា)[3]។ នៅខែតុលា ឆ្នាំ១៩៧៣ សោ ភឹម បានឲ្យ ឈាន ទៅធ្វើការក្នុង កងវរសេនាធំ១៥៣ និង១៩២ របស់ភូមិភាគបូព៌ា។ សោ ភឹម បានប្រាប់ ឈាន ឲ្យខិតខំធ្វើការដើម្បីស្តាកិតិ្តយសឡើងវិញសម្រួលដល់ការបង្កប់ខ្លួនដើម្បីផ្តួលរំលំបដិវត្តន៍។ ឈាន ត្រូវបាន សោ ភឹម ណែនាំឲ្យស្គាល់ជាមួយប្រធានកងវរសេនាធំទាំងពីរដែលជាកម្លាំងសេ-អ៊ី-អា បង្កប់ខ្លួននៅក្នុងបដវិត្តន៍។
នៅខែកក្កដា ឆ្នាំ១៩៧៥ សោ ភឹម បានតែងតាំង ឈាន ជាលេខាតំបន់២១ និងជាសមាជិកភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៥ ដដែលនេះ ឈាន និង ចាន់ ចក្រី ប្រធានកងពលទី១ បានទទួលបញ្ជាពី សោ ភឹម ឲ្យធ្វើឃាដបងទីមួយ និងបងទី២ (ត្រង់ចំណុចនេះចម្លើយសារភាពរបស់ ឈាន គឺចង់សំដៅទៅលើ ប៉ុល ពត ជានាយករដ្ឋមន្រ្តី និងនួន ជា ជាប្រធានរដ្ឋសភាក្នុងរបបខ្មែរក្រហម) តាមវិធីឈ្លប, និងឈានទៅគ្រប់គ្រងស្ថានីយវិទ្យុ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៦ សោ ភឹម បានផ្លាស់ប្តូរ ឈាន ឲ្យទៅធ្វើជាលេខាតំបន់២២ ហើយណែនាំ ឈាន ឲ្យស្គាល់ជាមួយឈ្មោះ មុត និង ងិន ដើម្បីសហរៀបចំគម្រោងជាមួយ ចាន់ ចក្រី ឲ្យបានល្អ។ បន្ទាប់មក ឈាន បានជួបជាមួយ ចាន់ ចក្រី និងផន ជាប្រធានកងពលនៅភូមិភាគបូព៌ា នៅខេត្តព្រៃវែង។ ខែកញ្ញា ឆ្នាំ១៩៧៦ ឈាន ត្រូវបាន សោ ភឹម ប្រាប់ថា ឈូក ជាលេខាតំបន់២៤ ត្រូវបានចាប់ខ្លួន។ នៅពេលនោះ ឈាន បានដឹងថា សោ ភឹម បានរាយការណ៍បញ្ហាចាប់ខ្លួននេះ ប្រាប់ ឈ្មោះ ជូន ហាយសូ ជាមជ្ឈិមបក្សវៀតណាម និង ឈ្មោះ បាយ ម៉ាប់ នៅសួង។ ចំណែកវៀតណាមបានប្រាប់ សោ ភឹម ថាឲ្យធ្វើសង្រ្គាមវាយពីខាងក្នុង ប៉ុន្តែនៅពេលនោះ សោ ភឹម បានបដិសេធ និងផ្អាកសកម្មភាពទាក់ទងជាមួយវៀតណាមមួយរយៈដើម្បីឲ្យសភាពការស្ងប់ស្ងាត់កុំឲ្យមេដឹកគណៈមជ្ឈិមចាប់អារម្មណ៍។ សមាសភាពគណៈអចិន្រ្តៃយ៍ចលនាក្បត់បដិវត្តន៍ដែលមាននៅក្នុងចម្លើយសារភាពរបស់ឈាន រួមមាន៖ សោ ភឹម ជាលេខា, កម្មាភិបាលម្នាក់នៅភូមិភាគពាយ័ព្យជាអនុលេខា, ស៊ី ជាសមាជិកអចិន្ត្រៃយ៍ និងកម្មាភិបាលមួយចំនួនទៀត។
នៅខែមេសា ឆ្នាំ១៩៧៧ មានការៀបចំផែនការធ្វើរដ្ឋប្រហារដែលមាន កុយ ធួន កម្លាំងនៅ ក្រសួងពាណិជ្ជកម្ម ក្រុងភ្នំពេញជាអ្នករៀបចំ និងទុំ ខាងសេនាធិការ។ ចំណែកនៅភូមិភាគផ្សេងត្រូវត្រៀមខ្លួនរៀបចំធ្វើកុប្បកម្មរៀងៗខ្លួន។ ក្រោយមកផែនការនេះត្រូវបានដឹងដល់អង្គការ កុយ ធួន, ទុំ និងកម្មាភិបាលខ្មែរក្រហមដទៃទៀតត្រូវអង្គការចាប់ខ្លួន។ នៅខែកក្កដា ឆ្នាំ១៩៧៧ ឈាន, ភួង, ម៉ុន, សុត, ស៊ុន, រិន សយ និងយី ត្រូវបាន សោ ភឹម ហៅទៅប្រជុំនៅមន្ទីរសួង។ ក្នុងការប្រជុំ សោ ភឹម បាននិយាយពីថា វៀតណាមកំពុងអនុវត្តផែនការដោយធ្វើសង្រ្គាមតាមតំបន់ព្រំដែនរហូតដល់ចុងឆ្នាំ១៩៧៧ ហើយកម្លាំងខាងភូមិភាគត្រូវរៀបចំត្រៀមធ្វើសង្រ្គាមនៅផ្នែកខាងកើតទន្លេមេគង្គ។ សោ ភឹម បន្តនិយាយក្នុងអង្គប្រជុំថា ប៉ុន្តែនៅពេលវៀតណាមអុកឡុកតាមព្រំដែនកម្លាំងទ័ពនៅភូមិភាគបូព៌ា ត្រូវខិតខំវាយបកកងទ័ពវៀតណាមវិញដើម្បីកុំឲ្យគណៈមជ្ឈិមបក្សចាប់អារម្មណ៍ចំពោះកម្លាំងក្បត់។
នៅខែតុលា ឆ្នាំ១៩៧៧ ឈាន, សូ, ម៉ុន, ភួង, លីន, សុត និង ស៊ុន ត្រូវបានអង្គការហៅទៅរៀនសូត្ររយៈពេល២០ថ្ងៃ នៅទីក្រុងភ្នំពេញ ហើយពេលត្រឡប់ពីរៀនវិញ ឈាន និងអ្នកទាំង៦ ត្រូវបាន សោ ភឹម ហៅទៅប្រជុំនៅមន្ទីរសួង ជាមួយខាងវៀតណាមចំនួន៤នាក់គឺ ហាយសូ ជាមជ្ឈិមបក្សវៀតណាម, បាហាយ ជាប្រធានគណៈទាក់ទងភូមិភាគវៀតណាម, បាយវៀត ជាប្រធានគណៈទាក់ទងខេត្តតាយនិញ និងអ៊ុក ហ្វុក ជាប្រធានគណៈទាក់ទងមជ្ឈិមបក្សវៀតណាម។ ហាយសូ និយាយពីកងទ័ពវៀតណាមត្រូវវាយចូលប្រទេសកម្ពុជានៅខែមករា ឆ្នាំ១៩៧៨ ហើយហាយសូ បានឲ្យកម្លាំងក្បត់ភូមិភាគបូព៌ាត្រៀមនាំផ្លូវកងទ័ពវៀតណាមចូលប្រទេសកម្ពុជា។
នៅចុងខែធ្នូ ឆ្នាំ១៩៧៧ កងទ័ពវៀតណាមមិនអាចរំកិលទៅមុខ ដោយសារតែមានយោធារបស់គណៈមជ្ឈិមវាយតបត ហើយនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៨ កងទ័ពវៀតណាមទទួលបរាជ័យ។ កម្លាំងក្បត់ភូមិភាគបូព៌ាមួយចំនួនត្រូវបានចាប់ខ្លួន, ស្លាប់, តាមដាន និងរត់គេចខ្លួន។ នៅពេលនោះ ឈាន ទទួលរងគ្រោះថ្នាក់ត្រូវបញ្ជូនទៅសម្រាកពេទ្យ១៧មេសា នៅភ្នំពេញ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧៨។ នៅខែកុម្ភៈ ឆ្នាំ១៩៧៨ សោ ភឹម បានហៅ ឈាន, ភួង, លីន, ម៉ុន, សូ, ស៊ុន, សុត, ឈឿន, គឹម និង ជឿង ទៅប្រជុំនៅមន្ទីរសួង ជាមួយភាគីវៀតឈ្មោះ ហាយសូ, បាបាយ, ទីកាម និងបាយយៀក។ ពេលប្រជុំ សោ ភឹម បានរាយការណ៍ថា កម្លាំងបូព៌ាក្បត់អាចនឹងដួលរលំឆាប់ៗដោយសារផែនការណ៍ក្បត់របស់ខ្លួនបានដឹងដល់គណៈមជ្ឈិម។ ហាយសូ បាននិយាយថា ក្នុងករណីបែកការដល់មជ្ឈិម ដូច្នេះកម្លាំងក្បត់ត្រូវចេញមុខវាយដោយចំហលើកងទ័ពបដិវត្តន៍ដើម្បីការពារខ្លួន។ ចំណែកវៀតណាមនឹងវាយចូលតាមផ្លូវលេខ១៥ ដើម្បីការពារមុខសញ្ញាពីទិសនិរតី។ កងទ័ពវៀតណាមរៀបផែនការវាយចូល នៅខែមេសា ឆ្នាំ១៩៧៨ ហើយពេលកងទ័ពវៀតណាមវាយចូលស្នើឲ្យភូមិភាគបូព៌ាផ្គត់ផ្គង់អង្ករ។ លេខាភូមិភាគបូព៌ាបានឆ្លើយក្នុងកិច្ចប្រជុំថាអង្ករមានមិនខ្វះ។ បន្ទាប់មកវៀតណាមឲ្យភូមិភាភបូព៌ាធ្វើរណ្តៅសម្ងាត់ដើម្បីពួនលាក់ខ្លួន និងបង្កប់ជាគិញចូលទៅរាយការណ៍ឲ្យកងទ័ពវៀតណាម។
នៅខែមីនា ឆ្នាំ១៩៧៨ សោ ភឹម និងកម្មាភិបាលខ្មែរក្រហម៣នាក់ (មិនបញ្ជាក់ឈ្មោះ) មកពីភូមិភាគផ្សេង បានជួបជាមួយវៀតណាមឈ្មោះ ហាយសូ, បាយហាយ និងហាយទី ជាប្រធានក្រសួងសេដ្ឋកិច្ចភូមិភាគ។ ខ្លឹមសារក្នុងការប្រជុំបានរៀបចំគម្រោងវាយរបបខ្មែរក្រហម ដោយកងទ័ពវៀតណាមវាយចូលតាមព្រំដែន ឆ្លងតាមតំបន់២៣ និងតំបន់ ២៤ រួចបន្តវាយទៅផ្តាច់ផ្លូវអង្គការនៅតំបន់អ្នកលឿង។ ចំណែកយោធាតំបន់២២ ត្រូវវាយចូលក្រុងភ្នំពេញ ហើយ ឈាន ត្រូវទទួលបញ្ជាធ្វើឃាតបងទី១ និងបងទី២ និងទៅគ្រប់គ្រងស្ថានីយវិទ្យុ។ នៅខែមេសា និងឧសភា ឆ្នាំ១៩៧៨ កងទ័ពវៀតណាមមិនអាចវាយចូលមកទឹកដីកម្ពុជាបានពោលគឺបានត្រឹមឈរជើងនៅព្រំដែន។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៧៨ កម្លាំងក្បត់ភូមិភាគបូព៌ាដូចជាឈ្មោះ លីន, សុត, ស៊ុន និងម៉ុន ត្រូវបានយោធាគណៈមជ្ឈិមចាប់ខ្លួនបាន។ ដោយសភាពការណ៍ទាល់ច្រក សោ ភឹម ក៏ប្រើនីរសារឈ្មោះ ឃួន ប្រាប់ឲ្យយោធាតំបន់២២ ត្រៀមផ្ទុះអាវុធនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧៨ ឈាន បានជួបជាមួយ សោ ភឹម ហើយ សោ ភឹម បានបញ្ជារឲ្យ ឈាន វាយអង្គការបន្តទៀត។
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៧៨ ឈាន បានទទួលដំណឹងថា សោ ភឹម ត្រូវបានកងទ័ពមជ្ឈិមហ៊ុមព័ទ្ធជាប់ ហើយបន្ទាប់មក សោ ភឹម បានធ្វើអត្តឃាដខ្លួនឯង។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៨ ឈាន និង យោធាក្បត់មួយចំនួនក៏រត់ចូលព្រៃ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៨ ឈាន ត្រូវបានយោធាមជ្ឈិមចាប់ខ្លួនបានបញ្ជូនមកសួរចម្លើយ៕
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារលេខ (D16978) ស្តីពីចម្លើយសារភាពរបស់ មាស ឈួន ហៅ ឈាន ជាលេខាតំបន់២២ ភូមិភាពបូព៌ា។ ក្នុងចម្លើយសារភាព ឈាន បានទម្លាក់កំហុសថាបានទទួលបញ្ជាពីមេក្បត់របស់ខ្លួន (សំដៅដល់លេខាភូមិភាគបូព៌ា) ឲ្យធ្វើឃាតបងធំទី១ និង ទី២ (សំដៅដល់ ប៉ុល ពត ជានាយករដ្ឋមន្រ្តី និងនួន ជា ជាប្រធានរដ្ឋសភា ក្នុងរបបខ្មែរក្រហម) តាមវិធីសាស្រ្តឈ្លប និងក្ដាប់ស្ថានីយវិទ្យុ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ឈាន និងបក្សពួកបានធ្វើសកម្មភាពសម្ងាត់ប្រឆាំងបដិវត្ដន៍តាំងពីមុនរបបខ្មែរក្រហម រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៨ ពេលអង្គការចាប់ខ្លួន។
ចំណាំចម្លើយសារភាពធ្វើឡើងដោយក្នុងរបបខ្មែរក្រហមមិនអាចចាត់ទុកថាត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះធ្វើឡើងដោយការបង្ខិតបង្ខំ និងការធ្វើទារុណកម្ម។
[2] មូលហេតុដោយសារតែ ឈាន មានប្រពន្ធចុង ហើយមជ្ឈិមដឹងក៏ដកតំណែង។ មជ្ឈិមផ្តល់ហេតុផលថា បើទុក ឈាននាំឲ្យមានឥទ្ធិពលមិនល្អដែលបដិវត្តន៍។
[3] ដកស្រង់ពីសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩),សរសេរដោយ ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២០, ភ្នំពេញ, បោះពុម្ភលើកទី២, ទំព័រទី៣៣។ សរសេរថា “ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាម ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់ និងកាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះគឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះពីខេត្តកណ្តាលដែលរួមមានស្រុកខ្សាច់កណ្តាល ល្វាឯម និងមុខកំពូល។ ភូមិភាគនេះចែកចេញជាប្រាំតំបន់ដែលរួមមានតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤”។