ប៉ាខ្ញុំជារដ្ឋការចាស់

(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម អង្គការមិនអនុញ្ញាតឱ្យឪពុករបស់ ម៉ាច រស់នៅក្នុងភូមិជាមួយនឹងប្រជាជនដទៃនោះទេ ព្រោះឪពុករបស់គាត់ធ្លាប់ធ្វើជារដ្ឋការ[ទាហាន] នៅក្នុងរបបសង្គមរាស្រ្តនិយម បន្តរហូតមកដល់របប លន់ នល់។ មាស ម៉ាច អាយុ៥៨ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ម៉ាច មានជំងឺលើសឈាម, ទឹកនោមផ្អែម និងបេះដូង។ ជារៀងរាល់ថ្ងៃតែងតែមានអាការធ្វើទុក្ខដូចជា វិលមុខ, ចុកក, ក្អួតចង្អោរ និងញ័រទ្រូង។
នៅឆ្នាំ១៩៧០ ម៉ាច ស្ថិតនៅក្នុងវ័យកុមារ គាត់រស់នៅជាមួយនឹងឪពុកម្ដាយ និងបងប្អូនចំនួន៧នាក់ នៅក្នុងខេត្តមណ្ឌលគិរី ជាប់នឹងជើងភ្នំដោះក្រមុំ ជាបន្ទាយដែលឪពុក និងបងប្រុសរបស់គាត់ធ្វើការ។ នៅពេលមានការទម្លាក់គ្រាប់បែកនៅឃុំដាក់ដាំ គ្រួសាររបស់គាត់បានជម្លៀសតាមរយៈរថយន្តទៅនៅខេត្តក្រចេះ។ ការទម្លាក់គ្រាប់បែកបណ្ដាលឱ្យប្រជាជនរងរបួស និងស្លាប់ ព្រមទាំងខូចខាតផ្ទះសំបែងរបស់ប្រជាជន។
នៅចុងឆ្នាំ១៩៧០ ខេត្តក្រចេះចាប់ផ្ដើមមានចលនាខ្មែរក្រហមចូលវាតទីគ្រប់គ្រងតំបន់។ ក្នុងពេលនោះ ខ្មែរក្រហមចាប់ផ្ដើមបែងចែកឱ្យប្រជាជនធ្វើការងារប្រវាស់ដៃ។ រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស និងបានឱ្យប្រជាជនរស់នៅជាសមូហភាព គឺធ្វើការងាររួម, ហូបរួម និងស្នាក់នៅរួម។ ម៉ាច និងប្អូនស្រីពៅរបស់គាត់ ត្រូវបានខ្មែរក្រហមបំបែកឱ្យទៅរស់នៅក្នុងកងកុមារនៅសហករណ៍មួយក្នុងស្រុកសំបូរ។ ម៉ាច និងប្អូនចេញទៅរស់នៅដាច់ឆ្ងាយពីម្ដាយ និងបងៗដទៃទៀត។
ការរស់នៅដាច់ឆ្ងាយពីគ្រួសាររយៈពេលយូរខែ ធ្វើឱ្យ ម៉ាច នឹកដល់ម្ដាយ គាត់បានសម្រេចចិត្តលួចរត់ចេញពីកងជាមួយប្អូនស្រី ទៅជួបម្ដាយ។ នៅតាមផ្លូវទៅសហករណ៍ដែលម្ដាយរបស់គាត់រស់នៅគឺត្រូវឆ្លងទឹកអូរ។ ម៉ាច បានសម្រេចចិត្តហែលឆ្លងទឹកទៅ ដោយសារពេលនោះគាត់នៅវ័យក្មេង មិនជំនាញហែលទឹកបណ្ដាលឱ្យគាត់លង់ទឹកស្ទើរតែបាត់បង់ជីវិត។ ប្អូនរបស់គាត់ឃើញបែបនោះ បានហៅប្រជាជននៅជិតនោះឱ្យជួយ។
នៅក្នុងកងកុមារ ខ្មែរក្រហមចាត់តាំងឱ្យ ម៉ាច កាប់ និងចិញ្រ្ចាំដើមទន្រ្ទានខេត្តក្នុងមួយថ្ងៃឱ្យបានចំនួន៤បាច់ ពេលព្រឹកចំនួន២បាច់ និងពេលថ្ងៃ២បាច់។ នៅអំឡុងពេលនោះ ម៉ាច មិនមែនធ្វើការងារត្រឹមតែពេលថ្ងៃនោះទេ បន្ទាប់ពីហូបអាហារពេលល្ងាចរួច គាត់ត្រូវទៅធ្វើការងារនៅក្នុងរោងកិនស្រូវ ធ្វើជាអ្នកជាន់អង្ករបន្ថែមទៀតរហូតដល់ម៉ោង១២យប់។ ម៉ាច បាននិយាយថា ក្នុងរយៈពេល១០ថ្ងៃ អង្គការហៅប្រជាជនប្រជុំទិតៀនម្ដង។ នៅក្នុងការប្រជុំនោះ ប្រជាជនគ្រប់រូបមានសិទ្ធិនិយាយអំពីកំហុសឆ្គងរបស់ប្រជាជនដែលធ្វើការជាមួយគ្នា។
ម៉ាច បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហមគាត់មិនដែលស្គាល់រសជាតិបាយនោះទេ ហូបតែបបររាវ។ ក្នុងរយៈពេលនោះ គ្រួសារណាមួយដែលមានសមាជិកធ្លាប់ធ្វើជាទាហាននៅក្នុងរបបចាស់ គ្រួសារនោះនឹងត្រូវរងទុក្ខវេទនា មិនទទួលបានអាហារហូបគ្រប់គ្រាន់ និងរស់នៅដាច់ដោយឡែកពីប្រជាជនដទៃ។ ខ្មែរក្រហម តែងតែធ្វើទុក្ខបុកម្នេញគ្រួសាររបស់ ម៉ាច ជាប់ជានិច្ច។
នៅក្នុងរបបខ្មែរក្រហម ម៉ាច បានឈឺគ្រុនចាញ់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅពេលមានជំងឺ គាត់មិនមានម្ដាយនៅជិតនោះទេ។ ម៉ាច បានចាស់ៗដែលនៅមើលថែកងកុមារផ្ដល់ដំណឹងឱ្យគ្រូពេទ្យ បន្ទាប់មកគ្រូពេទ្យបានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យនៅស្រុកសំបូរ។ ក្រោយពីទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យគាត់បានធូរស្បើយពីជំងឺ ប៉ុន្តែក្រោយមកមិនបានប៉ុន្មានគាត់ក៏ឆ្លងជំងឺមួយមុខទៀតហៅថាជំងឺស៊ីស្តូ មានអាការរាគចេញឈាម និងពោះប៉ោងធំ។ ម៉ាច ជាពីជំងឺស៊ីស្តូដោយសារមានថ្នាំដែលអង្គការផ្ដល់ឱ្យ និងថ្នាំខ្មែរដែលប្រជាជនដែលមានវ័យចំណាស់ម្នាក់ បានផ្សំឱ្យគាត់។ បន្ទាប់ពីជាពីជំងឺ គាត់បានត្រឡប់ទៅធ្វើការងារនៅក្នុងកងវិញ រហូតដល់របបខ្មែរក្រហមដួលរលំ៕
សម្ភាសន៍ដោយ៖ ញ៉ិល ចន្រ្ទា ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

