អ្នកគេទិតៀនច្រើនត្រូវអប់រំ ឬ សម្លាប់

(ស្វាយរៀង) ៖ មាស សាមឿន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។

សាមឿន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បាន​រៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា របប​ខ្មែរជារបបមួយដែលបានរឹតត្បិតសិទ្ធិសេរីភាពប្រជាជន ជាខ្លាំងទាំងការហូបចុក និងរិះគន់ផ្សេងៗ។ នៅពេញមួយរបបនោះគាត់មិនដែលស្គាល់ពេលសប្បាយ និងហូបអាហារឆ្អែកម្តងណាឡើយ។ គាត់បន្តថា អង្គការឲ្យប្រជាជនធ្វើការគ្មានពេលសម្រាក និងផ្តល់របបអាហារតែបបរពីរវែក្នុងមួយថ្ងៃ។ ក្នុងរបបនោះ សាមឿន ត្រូវបានអង្គការកំណត់ថា ជាជនបញ្ញើឬជាប្រជាជនត្រៀម ព្រោះគាត់ធ្លាប់ធ្វើការងារនៅសាលាឃុំក្នុងរបបមុន។ សាមឿន ត្រូវបានប្រើឲ្យរុករានព្រៃ ជីកប្រឡាយ និងធ្វើស្រែ នៅតំបន់ក្រសាំងជ្រុំ និងស្វាយទន្ទឹម។

បន្ទាប់ពីធ្វើការងាររួចអង្គការតែងតែប្រជុំដើម្បីធ្វើស្វ័យទិតៀនក្នុងមួយសប្តាហ៍បីទៅបួនដង។ ការប្រជុំដើម្បីឲ្យប្រជាជនរាយការណ៍ពីអ្នកខ្ជិល អ្នកឈឺ និងធ្វើការមិនទាន់តាមផែនការ។ សាមឿនបន្តថា អ្នកដែលត្រូវបានទិតៀនច្រើន ត្រូវបានអង្គការអប់រំ និងមានអ្នកខ្លះយកទៅសម្លាប់ចោលតែម្តង។ គាត់រៀបរាប់​បន្តទៀតថា ការប្រជុំស្វ័យទិតៀនធ្វើ​ឡើងនៅពេលយប់ នៅកន្លែងសាលារៀន ឬសហករណ៍រោងបាយ។

នៅសហករណ៍ស្វាយទន្ទឹម សាមឿន ធ្លាប់ត្រូវបានអ្នកធ្វើការជាមួយទិតៀនគាត់ថា ​មិនយកចិត្តទុកដាក់នឹងការងារ ដោយសារតែជាកំហុសលើកទីមួយ ប្រធានកងចល័តបាន ទុកឱកាស​ឲ្យ​គាត់កែខ្លួន និងបានប្រាប់ឲ្យខិតខំធ្វើការ។ ដោយសារខ្លាចអង្គការសម្លាប់ដូចអ្នកផ្សេង​ទៀតក្នុងសហករណ៍ គាត់បានខិតខំធ្វើការតាមអង្គការកំណត់មិនហ៊ានសម្រាកឡើយ។

ប្អូនប្រុសរបស់ សាមឿន ជាទាហានខ្មែរក្រហមបានស្លាប់ នៅពេលធ្វើសង្រ្គាមជាមួយវៀតណាមនៅតំបន់ព្រំដែន។

នៅកន្លែង សាមឿន រស់នៅ គាត់ស្គាល់កន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សច្រើននាក់នៅក្នុងមន្ទីរសន្តិសុខស្វាយទន្ទឹម និងត្រពាំងរំដេញ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយមកខ្មែរក្រហម​បានជម្លៀស សាមឿន និងគ្រួសារពីស្រុកកំណើតទៅ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ របបអាហារនៅទីនោះគ្រួសារសាមឿន ទទួលបានអង្ករមួយកំប៉ុងក្នុងមួយថ្ងៃ។ នៅទីនោះគាត់ត្រូវ​ស្នាក់នៅរួមគ្នាជាមួយអ្នកជម្លៀសដទៃទៀត។ សាមឿនបន្តថា គម្រោងការរបស់ខ្មែរក្រហមនៅពេលនោះគឺចង់សម្លាប់គាត់ និងប្រជាជនស្វាយរៀងទាំងអស់ប៉ុន្តែដោយ​សារមានកងទ័ពរំដោះ បានផ្តួលរលំរបបខ្មែរក្រហមទើប​គាត់នៅមានជីវិតរស់។ គាត់ និងគ្រួសារក៏បានវិលត្រឡប់មករស់នៅ និងប្រកបរបបធ្វើស្រែនៅស្រុកកំណើតឯខេត្តស្វាយរៀងវិញរហូតដល់សព្វថ្ងៃ​។

បច្ចុប្បន្ន សាមឿន ឧស្សាហ៍ហេវហត់អស់កម្លាំង និងមានជំងឺតម្រង់នោម។

សម្ភាសន៍ដោយ  ជុំ ចាន់រាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin